បើតាមអង្គការ OCDE ក្នុងរយៈពេល ៤ឆ្នាំទៀត សេដ្ឋកិច្ចចិននឹងកើនឡើងហួសអាមេរិក |
អង្គការសហប្រតិបត្តិការនិងអភិវឌ្ឍសេដ្ឋកិច្ច
ដែលហៅកាត់ជាភាសាបារាំងថា OCDE បានចេញផ្សាយរបាយការណ៍មួយ កាលពីថ្ងៃសុក្រម្សិលមិញ
បង្ហាញថា ចិននឹងដណ្តើមកន្លែងជាមហាអំណាចសេដ្ឋកិច្ចពិភពលោកពីអាមេរិក
នៅឆ្នាំ២០១៦។ ហើយបន្ទាប់មកទៀត
សូម្បីតែតំណែងជាមហាអំណាចសេដ្ឋកិច្ចទី២
ក៏នឹងត្រូវឥណ្ឌាដណ្តើមយកពីអាមេរិកដែរ។
អង្គការ OCDE ដែលមានទីស្នាក់ការនៅទីក្រុងប៉ារីស
គឺជាអង្គការសេដ្ឋកិច្ចអន្តរជាតិ
ដែលមានសមាជិក ៣៤ប្រទេស ភាគច្រើនជាប្រទេសមានសេដ្ឋកិច្ចជឿនលឿន
ប្រកាន់លទ្ធិប្រជាធិបតេយ្យ និងអនុវត្តនយោបាយសេដ្ឋកិច្ចទីផ្សារសេរី។
របាយការណ៍ ដែល OCDE ចេញផ្សាយ កាលពីថ្ងៃសុក្រម្សិលមិញនេះ
គឺស្តីពីកំណើនសេដ្ឋកិច្ចពិភពលោក ចាប់ពីពេលបច្ចុប្បន្ន រហូតដល់ឆ្នាំ២០៦០។ OCDE
បានព្យាករថា
នៅក្នុងចន្លោះពេលនេះ
កំណើនសេដ្ឋកិច្ចពិភពលោកនឹងមានអត្រា ៣% ក្នុងមួយឆ្នាំ
គិតជាមធ្យម ក៏ប៉ុន្តែ
អត្រាកំណើននេះនឹងមានកម្រិតខុសគ្នាខ្លាំង
រវាងប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន
និងប្រទេសដែលទើបនឹងមានសេដ្ឋកិច្ចរីកលូតលាស់ថ្មី។
របាយការណ៍របស់ OCDE បានសន្និដ្ឋានជារួមថា
ពិភពលោកនឹងអាចចេញផុតពីវិបត្តិសេដ្ឋកិច្ចបច្ចុប្បន្ន
ក៏ប៉ុន្តែ លំនឹងនៃមហាអំណាចសេដ្ឋកិច្ចពិភពលោកនឹងត្រូវប្រែប្រួលយ៉ាងខ្លាំងបំផុត
នៅក្នុងរយៈពេល
៥០ឆ្នាំខាងមុខទៀតនេះ។ តំណែងជាមហាអំណាចសេដ្ឋកិច្ចពិភពលោករបស់អាមេរិក
នឹងត្រូវចិនដណ្តើមយកបាន នៅឆ្នាំ២០១៦ ពោលគឺ ក្នុងរយៈពេលតែ ៤ឆ្នាំទៀតប៉ុណ្ណោះ។
ឥណ្ឌាវិញនឹងឡើងហួសជប៉ុន
ក្លាយជាមហាអំណាចសេដ្ឋកិច្ចទី៣ នៅក្នុងរយៈពេល
១ឆ្នាំ ឬ២ឆ្នាំខាងមុខ
ហើយតំណែងជាមហាអំណាចសេដ្ឋកិច្ចទី២របស់អាមេរិក
ក៏នឹងត្រូវឥណ្ឌាយកបានដែរ
នៅឆ្នាំ២០៦០។
និយាយជារួម នៅក្នុងរយៈពេល ៥០ឆ្នាំទៀត
មហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរនឹងមកពីតំបន់អាស៊ី
គឺចិន និងឥណ្ឌា។ មហាអំណាចសេដ្ឋកិច្ចចាស់ៗ ដូចជា ជប៉ុន និងប្រទេសនៅអឺរ៉ុប
ជាដើម ក៏នឹងត្រូវផ្ទេរតំណែងទៅឲ្យប្រទេសដែលទើបនឹងមានសេដ្ឋកិច្ចរីកលូតលាស់ថ្មីៗដែរ
ដូចជា ឥណ្ឌូណេស៊ី និងប្រេស៊ីល
ជាដើម ដែលមានប្រជាជនច្រើន ហើយក្មេងៗ។
ក៏ប៉ុន្តែ របាយការណ៍របស់ OCDE ក៏បានបញ្ជាក់ផងដែរថា
សេដ្ឋកិច្ចរបស់ប្រទេសមហាសេដ្ឋកិច្ចថ្មីថ្មោងទាំងនេះនឹងកើនឡើងហួសប្រទេសអ្នកមានបច្ចុប្បន្ននេះក៏ពិតមែន
បើគិតជាផលិតផលក្នុងស្រុកសរុប
ក៏ប៉ុន្តែ បើនិយាយពីប្រាក់ចំណូលមធ្យមរបស់ប្រជាជនម្នាក់ៗវិញ
គឺនៅតែមានកម្រិតទាបជាងដដែល
នៅឆ្នាំ២០៦០ គ្រាន់តែមិនសូវមានគម្លាតខ្លាំង
ដូចជាពេលបច្ចុប្បន្ន។
កម្រិតជីវភាពប្រជាជន ដែលកើនឡើងខ្លាំងគួរឲ្យកត់សម្គាល់ជាងគេ គឺនៅចិន
និងឥណ្ឌា ដែលប្រាក់ចំណូលមធ្យមប្រចាំឆ្នាំរបស់ប្រជាជន
នៅឆ្នាំ២០៦០ នឹងកើនឡើង ១១ដង ធៀបនឹងឆ្នាំ២០១១៕