ដើមកំណើតនៃពាក្យ “ខ្មែរក្រហម”
ពាក្យថា “ខ្មែរក្រហម” ត្រូវបានប្រើជាដំបូងដោយសម្តេច
នរោត្តម សីហនុ។ នៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ៥០
សម្តេច នរោត្តម សីហនុ ដែលជាប្រមុខដឹកនាំចលនាសង្គមរាស្រ្តនិយម
បានធ្វើការបែងចែកខ្មែរជាបីពណ៌ ដោយយោងទៅតាមនិន្នាការនយោបាយរបស់ពួកគេ
គឺ “ខ្មែរ ស” សំដៅលើខ្មែរអ្នករាជានិយម “ខ្មែរខៀវ” ជាខ្មែរអ្នកសាធារណរដ្ឋនិយម
និង “ខ្មែរក្រហម” គឺក្រុមខ្មែរកុម្មុយនិស្តនិយម។
ក៏ប៉ុន្តែ ពីដំបូង ពាក្យថា “ខ្មែរក្រហម” នេះ
ត្រូវបានប្រើដោយសំដៅលើក្រុមឆ្វេងនិយម នៅក្នុងចលនាសង្គមរាស្រ្តនិយមរបស់ព្រះអង្គផ្ទាល់។
គួររំឭកថា
នៅពេលនោះ ក្រុមខ្មែរកុម្មុយនិស្តនៅមិនទាន់ជាកម្លាំងនយោបាយសំខាន់ប៉ុន្មានទេ។ ខ្មែរកុម្មុយនិស្តមួយចំនួន ដូចជា ខៀវ សំផន ហ៊ូ នឹម និង ហ៊ូ យន់ ជាដើម នៅធ្វើនយោបាយក្នុងចលនាសង្គមរាស្រ្តនិយម ហើយខ្លះថែមទាំងធ្លាប់ត្រូវបានតែងតាំងឲ្យកាន់តំណែងនៅក្នុងរដ្ឋាភិបាលទៀតផង។
យោងតាមឯកសាររបស់ក្រសួងការបរទេសបារាំង នៅរវាងឆ្នាំ១៩៦០ និងឆ្នាំ១៩៦២ ពាក្យ “ខ្មែរក្រហម” ត្រូវបានគេប្រើម្តងម្កាល ជំនួសពាក្យ “ខ្មែរវៀតមិញ” ដែលគេធ្លាប់ប្រើសំដៅលើក្រុមខ្មែរកុម្មុយនិស្ត បែកចេញពីបក្សកុម្មុយនិស្តឥណ្ឌូចិន។
យោងតាមលោក Raoul JENNAR ក្នុងសៀវភៅ
ដែលមានចំណងជើងថា “Les Clés du Cambodge” គឺនៅថ្ងៃទី១៨
វិច្ឆិកា ឆ្នាំ១៩៦៦ ទើបឈ្មោះ “ខ្មែរក្រហម” ត្រូវបានសម្តេច
នរោត្តម សីហនុ ប្រើដោយសំដៅច្បាស់មែនទែនលើចលនាកុម្មុយនិស្តខ្មែរជាទូទៅ
ទាំងនៅក្នុង និងក្រៅសង្គមរាស្រ្តនិយម។
ខ្មែរក្រហម និងបក្សកុម្មុយនិស្តកម្ពុជា
ការណ៍ដែលសម្តេច
នរោត្តម សីហនុ លាបពណ៌ក្រហមដល់ចលនាកុម្មុយនិស្តខ្មែរបែបនេះ
ព្រោះពណ៌ក្រហម គឺជាពណ៌តំណាងទង់បដិវត្តន៍កុម្មុយនិស្ត។
ម្យ៉ាងទៀត សម្រាប់ប្រជាជនកម្ពុជា ពណ៌ក្រហម គឺជាពណ៌តំណាងអំពីការបង្ហូរឈាម។
ក៏ប៉ុន្តែ មេដឹកនាំខ្មែរកុម្មុយនិស្ត មិនដែលទទួលយកឈ្មោះជាខ្មែរក្រហមនេះទេ។
ជាទូទៅ ពួកខ្មែរក្រហមមិនចូលចិត្តប្រើពាក្យថា “ខ្មែរ” នេះផងទេ។ ពួកគេច្រើនតែប្រើពាក្យថា “កម្ពុជា” ជំនួសវិញ។
មេដឹកនាំកម្ពុជាប្រជាធិបតេយ្យមិនទទួលស្គាល់ខ្លួនឯងថាជា “ខ្មែរក្រហម” តាមឈ្មោះ
ដែលសម្តេច នរោត្តម សីហនុ បានដាក់ឲ្យក៏ពិតមែន ប៉ុន្តែ ពួកគេតែងតែបានអះអាងដោយចំហថា បដិវត្តន៍របស់ពួកគេ គឺជាបដិវត្តន៍ “ក្រហមឆ្អិនឆ្អៅ”។
ក្រហម
គឺជាពណ៌នៃទង់ជាតិរបស់កម្ពុជាប្រជាធិបតេយ្យ។ ហើយនៅក្នុងភ្លេងជាតិរបស់របបនេះ
ក៏មានលើកឡើងជាច្រើនសាដែរអំពីពណ
ក្រហម ដែលជាពណ៌តំណាងបដិវត្តន៍ និងតំណាងឈាមដែលហូរក្នុងការធ្វើបដិវត្តន៍នេះ។
យោងតាមលោក Ben Kiernan ក្នុងសៀវភៅដែលមានចំណងជើងថា “Le Génocide au Cambodge” ប៉ុល ពត បានលើកឡើងអំពីការបង្កើតរដ្ឋាភិបាលមួយ ដែលមានលក្ខណៈ “ក្រហមសុទ្ធសាធ” បន្ទាប់ពីសម្តេច
នរោត្តម សីហនុ លាលែងពីតំណែងជាប្រមុខរដ្ឋ នៅខែមេសា
ឆ្នាំ១៩៧៦។
យោងតាមឯកសាររបស់សារព័ត៌មាន BBC នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៧៨ វិទ្យុរបស់រដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យបានផ្សាយអំពីការប្តេជ្ញាចិត្តក្នុងការបន្តបដិវត្តន៍របស់ខ្លួន ហើយថានឹងរក្សាបដិវត្តន៍នោះ “ឲ្យនៅក្រហមជានិច្ច ដោយមិនឲ្យអ្នកណាមកប្តូរពណ៌នេះបានទេ”។
សរុបសេចក្តីមក មេដឹកនាំកម្ពុជាប្រជាធិបតេយ្យបដិសេធឈ្មោះជា “ខ្មែរក្រហម” តែបានប្រកាសជាចំហទទួលស្គាល់ថាបដិវត្តន៍របស់ពួកគេជា “បដិវត្តន៍ក្រហម” ហើយថែមទាំងប្តេជ្ញាយ៉ាងដាច់អហង្ការរក្សាពណ៌បដិវត្តន៍របស់ពួកគេឲ្យនៅក្រហមជានិច្ចនិរន្តន៍ទៀតផង។
នយោបាយរបស់ខ្មែរក្រហម
យោងតាមលោក Raoul Jennar នៅចន្លោះពីថ្ងៃទី២០
ដល់ថ្ងៃទី២៥ ឧសភា ឆ្នាំ១៩៧៥ ប៉ុល ពត និង នួន ជា បានប្រកាសឲ្យដឹងនូវគោលនយោបាយសំខាន់ៗចំនួន៨ចំណុច នៃរបបគ្រប់គ្រងថ្មីនេះ។ គោលនយោបាយទាំងនោះរួមមាន៖
១-ជម្លៀសប្រជាជនចេញពីទីក្រុង ហើយប្រជាជនត្រូវបែងចែកជាពីរប្រភេទ គឺប្រជាជនដែលរស់នៅក្នុងតំបន់រំដោះមុនថ្ងៃ១៧
មេសា ដែលគេឲ្យឈ្មោះថា “ប្រជាជនចាស់” និងប្រជាជនដែលទើបតែជម្លៀសចេញពីទីក្រុង
ក្រោយថ្ងៃ១៧ មេសា
ដែលគេឲ្យឈ្មោះថា “ប្រជាជនថ្មី” ឬ “ពួក១៧
មេសា”។
២-លុបបំបាត់ចោលទាំងស្រុងនូវសេដ្ឋកិច្ចទីផ្សារសេរី។
៣-លុបបំបាត់ចោលនូវការចាយលុយ។
៤-ព្រះសង្ឃទាំងអស់ត្រូវចាប់ផ្សឹក
ហើយបញ្ជូនឲ្យទៅធ្វើស្រែ។
៥-សម្លាប់ចោលទាំងអស់រាល់មន្រ្តីដែលធ្វើការឲ្យរបបលន់
នល់។
៦-បង្កើតជាសហករណ៍នៅទូទាំងប្រទេស។
៧-បណ្តេញជនជាតិវៀតណាមឲ្យអស់ពីប្រទេសកម្ពុជា។
៨-ដាក់ពង្រាយកងទ័ពនៅតាមព្រំដែន
ជាពិសេស ព្រំដែនវៀតណាម។
មនោគមន៍វិជ្ជាខ្មែរក្រហម
ពួកខ្មែរក្រហមមានមហិច្ឆតា ចង់ឲ្យបដិវត្តន៍របស់ពួកគេមានលក្ខណៈពិសេសខុសពីគេ
ហើយអស្ចារ្យជាងគេ ដោយមិនយកគំរូតាមបដិវត្តន៍របស់ប្រទេសណាមួយ។
ក៏ប៉ុន្តែ ទោះជាយ៉ាងនេះក៏ដោយ គេអាចសង្កេតឃើញយ៉ាងច្បាស់ថា
បដិវត្តន៍របស់ខ្មែរក្រហម មានលក្ខណៈស្រដៀងគ្នាច្រើននឹងបដិវត្តន៍របស់ម៉ៅ
សេទុងនៅប្រទេសចិន ក្នុងទសវត្សរ៍ឆ្នាំ៦០។
ទីមួយ
ពួកខ្មែរក្រហមប្រកាន់យកនូវទស្សនៈ “សមភាពនិយម” (ជាភាសាបារាំងថា égalitarisme) ពោលគឺ ប្រជាជនមានឋានៈស្មើគ្នាទាំងអស់ គ្មានអ្នកក្រ គ្មានអ្នកមាន គ្មានអ្នកជិះជាន់គេ និងអ្នកដែលត្រូវគេជិះជាន់។ អ្នកជំនួញ
មន្រ្តីរាជការ និងប្រជាជនដែលនៅទីក្រុង
ត្រូវបានជម្លៀសដោយបង្ខំឲ្យទៅនៅជនបទ ដើម្បីប្រកបការងារស្មើភាពគ្នា
គឺការបង្ករបង្កើនផល ជាលក្ខណៈសមូហភាព។ ចំណែកផលដែលទទួលបានវិញ
ក៏ត្រូវបែងចែកដោយស្មើភាពដែរ ពោលគឺ ម្នាក់ៗទទួលបាននូវរបបចំណីអាហារ
និងវត្ថុប្រើប្រាស់ស្មើៗគ្នា។ កម្មសិទ្ធិឯកជនត្រូវបានលុបបំបាត់ចោល។
ដូចគ្នាដែរចំពោះរូបិយប័ណ្ណ ព្រោះពួកខ្មែរក្រហមយល់ថា
ការចាយលុយគឺជាកត្តាដែលនាំឲ្យមានការកេងប្រវ័ញ្ច មានអ្នកក្រ និងអ្នកមាន។ សូម្បីតែការប្រើភាសាហៅគ្នាក៏បង្ហាញពីភាពស្មើគ្នាដែរ។
ជាទូទៅ គេហៅគ្នាថា “មិត្ត” ឬ “សមមិត្ត”។
ក៏ប៉ុន្តែ ជារឿងដែលគួរឲ្យហួសចិត្តបំផុតនោះ គឺគេសង្កេតឃើញថា
ក្រោមរបបសមភាពនិយមនេះ ប្រជាជនកម្ពុជាត្រូវបានបែងចែកជាពីរឋានៈខុសគ្នាស្រឡះ
គឺ “ប្រជាជនចាស់” សំដៅលើអ្នកដែលរស់ក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម
តាំងពីមុនឆ្នាំ១៩៧៥ និង “ប្រជាជនថ្មី” ឬ “ពួក១៧មេសា” សំដៅលើប្រជាជនដែលត្រូវបានជម្លៀសចេញពីទីក្រុង
ក្រោយថ្ងៃ១៧ មេសា ១៩៧៥។
ទីពីរ ពួកខ្មែរក្រហមមានគំនិតបែបស្រមើស្រមៃចង់ឲ្យសង្គមខ្មែរក្លាយជាសង្គមស្អាតស្អំឥតខ្ចោះ គ្មានអយុត្តិធម៌ ជាសង្គមប្រកបដោយភាពរុងរឿង ឯករាជ្យម្ចាស់ការ។ គឺជាគំនិតស្រមើស្រមៃចង់បានហួសពីការពិត ហួសពីសមត្ថភាព
ដែលអាចធ្វើទៅបាន (ជាភាសាបារាំងថា “utopisme”)។
ក្រៅពីមនោគមន៍វិជ្ជាកុម្មុយនិស្តបែបម៉ៅនិយម គេសង្កេតឃើញថា ពួកខ្មែរក្រហមក៏មានទស្សនៈបែបជាតិនិយមជ្រុលផងដែរ។ ពួកមេដឹកនាំខ្មែរក្រហមយល់ថា ជនជាតិខ្មែរដើមជាជនជាតិខ្លាំងពូកែ ស្អាតស្អំ គ្មានការកេងប្រវ័ញ្ច និងការជិះជាន់គ្នា។ ការលាយឡំជាតិសាសន៍ជាមួយជនជាតិផ្សេងទៀត ដូចជា ចាម ចិន វៀតណាមជាដើម បានធ្វើឲ្យជាតិខ្មែរធ្លាក់ចុះទន់ខ្សោយ។ ហេតុដូចនេះហើយ បានជាក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហមជនបរទេសត្រូវទទួលរងនូវការធ្វើទុក្ខបុកម្និញយ៉ាងខ្លាំង។ ភាសា វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់
របស់បរទេសត្រូវបានហាមឃាត់ដាច់ខាត។ សូម្បីតែអ្នកណាត្រូវរៀបការជាមួយអ្នកណាក៏អង្គការជាអ្នកសម្រេចឲ្យដែរ។ គ្មានអ្នកណាម្នាក់មានសិទ្ធិជ្រើសរើសគូស្រករដោយចិត្តឯងបានទេ ។
សរុបសេចក្តីមក ខ្មែរក្រហមប្រកាន់យកនូវមនោគមន៍វិជ្ជាកុម្មុយនិស្តម៉ៅនិយមផង និងបែបជាតិនិយមជ្រុលផង៕