ទស្សនៈរបស់ Montesquieu ( ១៦៨៩-១៧៥៥ នៃគ.ស.​ )

ជីវប្រវត្តិរបស់ Montessquieu (Charles Louis)


លោក​​ Montesquieu  ជាទស្សនវិទូនយោបាយ ជាអ្នកប្រវត្តិវិទូ ជាអ្នកនិពន្ធប្រលោមលោក របស់បារាំងម្នាក់ និងត្រូវបានគេទទួលស្គាល់ថា ជាស្ថាបនិកមួយរូប ខាងសង្គមវិទ្យា និងជាបិតា នៃវិទ្យាសាស្រ្តនយោបាយទៀតផង ។  គាត់កើតនៅថ្ងៃទី១៨ ខែមករា ឆ្នាំ ១៦៨៩ នៃគ.នៅតំបន់ប្រេដ នៃខែត្រជីរុន​​​​​​​​​​​​​​​​  សាធាណរដ្ឋបារាំង  ហើយបានទទួលមរណកាល នៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ១៧៥៥ ក្នុងជន្មាយុ ៦៦ ឆ្នាំ នៅទីក្រុងប៉ារីស ប្រទេសបារាំង  គាត់ក៏ធ្លាប់ជាទីប្រឹក្សាសភា ថែមទាំងជាអ្នកប្រឆាំងនឹងទ្រឹស្តីរបបផ្តាច់ការម្នាក់ផងដែរ  នៅក្នុងឆ្នាំ ១៧២៦ គាត់លះបង់ការងារទាំងអស់ ដើម្បីយកពេលវេលា ធ្វើការសញ្ជឹងគិត និងធ្វើទៅក្រៅប្រទេស មានអ៊ីតាលី  ហុងគ្រី ហូឡង់ដ៏ និងប្រទេសអង់គ្លេសជាដើម 
លក្ខណៈទូទៅនៃស្នាដៃ និងការសិក្សា
គោលការណ៍សំខាន់របស់គាត់ គឺការផ្គត់ផ្គង់ច្បាប់ និងការបែងចែកអំណាចកក្នុងរដ្ឋ  ក្នុងស្នាដៃដ៏ល្បី  របស់ Montesquieu នៅក្នុងគំនិតនោបាយគឺ
ទី ការសិក្សាបញ្ហាកត្តាទូទៅ ដែលកំណត់នៅក្នុងស្នាដៃរបស់គាត់ឈ្មោះ ‍«The Spirit of Law​ (1728-1748)»​ ស្នាដៃនេះត្រូវបានបោះពុម្ពជាលើកទីមួយនៅក្នុងឆ្នាំ ១៧៤៨  លោក Montesquieu បានធ្វើការកត់សម្គាល់ថា ​«មានមនុស្សជាច្រើន ដែលដឹកនាំមនុស្សរួមមាន អាកាសធាតុ សាសនា ច្បាប់ និងគោលការណ៍នៅក្នុងអតីតកាល ដូចជាសីលធម៌ ទំលាប់ ប្រពៃណី លទ្ធផលទាំងអស់នេះ បង្កើតបានជាព្រលឹងទូទៅរបស់ប្រជាជន »
ទី សមិទ្ធិផលដែលលោក Montesquieu ទទួលបានគឺ ទ្រឹស្តីនៃការបែងចែកអំណាច។ ស្ថាបនិកទាំងអស់នៃទ្រឹស្តី បែងចែកអំណាចនោះ គឺអារីស្តូត និងផ្លាតូ បន្ទាប់អាគ្វីនីស និងចន ឡុក  ទ្រឹស្តីនេះ គេបានឃើញជាលើកទីមួយ នៅក្នុងក្រឹត្យច្បាប់ក្នុងប្រទេសអង់គ្លេស ក្នុងដំណាក់កាលនៃការគ្រប់គ្រងដោយក្រូមវែល  លោក Montesquieu​ បានឲ្យគំនិតជាទ្រឹស្តីថា «​អំណាចនយោបាយ តែងតែអនុវត្តន៍ រំលោភលើច្បាប់ ដូច្នេះច្បាប់កំពូលអាចស្ថិតស្ថេរល្អនៅបាន លុះត្រាតែបែងចែកអំណាចនោះ ជានិតិបញ្ញត្តិ និតិប្រតិបត្តិ និងតុលាការ ហើយធ្វើយ៉ាងណា ដើម្បីឲ្យស្ថាប័នអំណាចនិមួយៗ មានសកម្មភាពជាឯករាជ្យ ដាច់ចេញពីគ្នា» 
គាត់ធ្លាប់សិក្សាពីច្បាប់ តែគាត់ហាក់ដូចជាមិនពេញចិត្តទាល់តែសោះ ពីព្រោះគាត់ចង់ស្វែងយល់ ពីគោលការណ៍​ «ស្ពីរីត» របស់វា  ពាក្យថា គោលការណ៍ «ស្ពីរីត» មានន័យថា «ជាកម្លាំងជំរុញ» ឬអាចនិយាយបានថា «ជានិន្នាការ» ដែលនាំឲ្យគេដើរទៅមុខ  បើយើងធ្វើការប្រៀបធៀបនិយមន័យខាងលើ ទៅនឹងចំណងជើងសៀវភៅដ៏ល្បីល្បាញរបស់គាត់នោះ គឺចង់និយាយថា ហេតុដូចម្តេចបានជានៅក្នុងប្រទេសមួយមានច្បាប់ខុសៗគ្នា ? ដូចម្តេចបានជាច្បាប់ខ្លះ មានប្រសិទ្ធិភាព ហើយខ្លះទៀតគ្មាន ?
វណ្ណកម្មដ៏ធំសម្បើមនេះ ចែកចេញជា ៣១ សៀវភៅ ដែលបែងចែកជា ១៥ ទៅ ២០ ជំពូក ក្នុងសៀវភៅនិមួយៗ  គេចាត់ទុកលោកជានយោបាយវិទូ ពីព្រោះខ្លឹមសារសៀវភៅរបស់គាត់ សុទ្ធសឹងធ្វើ​ ការសិក្សាអំពីរបបគ្រប់គ្រងរបស់រដ្ឋ  លោក Montesquieu បានដាក់ចំណងជើងសៀវភៅរបស់គាត់​ ដោយប្រុងប្រយ័ត្ន មិនឲ្យឃើញមានលក្ខណៈនយោបាយទេ 
ទ្រឹស្តីស្តីអំពីច្បាប់
លោក Montesquieu បានឲ្យនិយមន័យចំពោះពាក្យច្បាប់ថា «នៅក្នុងន័យទូលំទូលាយរបស់វា ច្បាប់គឺ ទំនាក់ទំនងចាំបាច់ទាំងឡាយ ដែលចេញមកពីអ្វី និងអ្វីដែលនឹងកើតឡើង  តាមនិយមន័យនេះ ច្បាប់ដូចជាទំនាក់ទំនងចាំបាច់ គឺមានន័យថា ច្បាប់លែងមានន័យទៅតាមទស្សនៈទាន​ ទេវវិជ្ជា ឬតាមប្រពៃណីដូច មុនទៀតហើយ  ការធ្វើឲ្យមានទំនាក់ទំនងមានភាពត្រឹមត្រូវ គឺជាភារៈកិច្ចចាំបាច់របស់ច្បាប់ សម្រាប់ភាវៈទាំងអស់តាំងពីធំដល់តូច នៅក្នុងន័យនេះ ភាវៈទាំងអស់ សុទ្ធតែមានច្បាប់របស់វា អាទិទេពក៏មានច្បាប់ អ្នកមានបញ្ញាខ្ពស់ ជាងមនុស្សក៏មានច្បាប់ សត្វក៏មានច្បាប់ មនុស្សសាមញ្ញក៏មានច្បាប់ »  គាត់បានអះអាងថា     «ច្បាប់ ទំនៀមទំលាប់ ប្រពៃណី និងច្បាប់បញ្ញត្តិនៃគ្រប់ជាតិសាសន៍ទាំងអស់ សុទ្ធតែមានប្រភពកំណើតរបស់ ខ្លួនចេញពីមូលហេតុ  យ៉ាង កាយមូលហេតុ និងសីលមូលហេតុ 
.កាយមូលហេតុ ជាមូលហេតុដែលមានចំណងទាក់ទងទៅនឹងអាកាសធាតុ ទឹកដី ទំហំ ទីតាំង ភូមិសាស្រ្ត និងដង់ស៊ីតេប្រជាជន ​ ធាតុអាកាស មានឥទ្ធិពលទៅលើចរឹតមនុស្ស   ដោយមនុស្ស ជាអ្នកបង្កើតច្បាប់ ដូចនេះ អាកាសធាតុ ក៏មានឥទ្ធិពលទៅលើច្បាប់ដែរ  ច្បាប់ដែលកើតចេញពីចរឹតមនុស្ស តណ្ហាមនុស្ស លក្ខណៈមនុស្ស គឺសុទ្ធតែនាំមកជាមួយនូវឥទ្ធពលនៃអាកាសធាតុ ដូច្នេះ សម្រាប់តំបន់ពីខុសគ្នា ច្បាប់ ក៏មានលក្ខណៈខុសគ្នាដែរ  សង្គមបែបណា បរិយាកាសបែបណា ភូមិសាស្រ្តបែបណា ប្រវត្តិសាស្រ្តបែបណា វប្បធម៌បែបណា មុខជំនាញឯកទេសបែបណា មនុស្សបែបណា នាំឲ្យច្បាប់​ មានលក្ខណៈ បែបនោះដែរ 
លោកបានបញ្ជាក់ថា «ច្បាប់បញ្ញត្តិទាំងឡាយ មានចំណងទាក់ទងយ៉ាងជិតស្និទបំផុត ទៅនឹង​ ការប៉ិនប្រសប់នានា ដែលប្រជាជនខុសៗ​ គ្នា មានពីធម្មជាតិស្រាប់ សម្រាប់ធ្វើជាមធ្យោបាយចិញ្ចឹមជីវិត»  ក្នុងចំណោមកាយមូលហេតុ កត្តាភូមិសាស្រ្ត ក៏ជាមូលហេតុចម្បង នៃកំណកំណើតច្បាប់ និងរដ្ឋ 
.សីលមូលហេតុ ជាមូលហេតុដែលស្តែងឡើង ជាសកម្មភាពយឺតបន្តិច បើធៀបទៅនឹង កាយមូលហេតុ គឺកើតឡើង នៅពេលដែលសង្គមមានការរីកចម្រើន ផ្នែកអរិយធម៌  ទាក់ទងទៅនឹងមូលហេតុ ប្រភេទនេះ មានគោលការណ៍ នៃរបបនយោបាយ ជំនឿ សាសនា សីលធម៌ និងទំនៀមទំលាប់ ប្រពៃណី  សីលមូលហេតុ គឺជាមូលហេតុ នៃស្មារតី ឬព្រលឹងរបស់មនុស្សគ្រប់ៗ​ រូប  មូលហេតុនេះ មានឥទ្ធិពល ទៅលើការបង្កើតច្បាប់ប្រជាជាតិខ្លាំងជាងកាយមូលហេតុ 
ប្រភពច្បាប់ចែកជាពីរ
-ច្បាប់ពិភពរូបវន្ត គឺជាច្បាប់វិទ្យាសាស្រ្ត ច្បាប់ទំនាក់ទំនង និងច្បាប់ពិពណ៌នា ក្នុងពិភពសច្ចៈ ។ ច្បាប់នេះ មិនប្រែប្រួលទេ ហើយថែមទាំងគ្រប់គ្រង លើពិភពរូបធាតុទាំងអស់ទៀតផង ច្បាប់នេះ មានចរឹត ជាច្បាប់ធម្មជាតិ ។
-ច្បាប់ពិភពបញ្ញា គឺជាច្បាប់ដែលកើតចេញ ពីសមត្ថភាព នៃខួរក្បាលរបស់មនុស្ស ។ ច្បាប់នេះ មានបង្កប់នូវតំលៃកាតព្វកិច្ច និងបញ្ញត្តិយ៉ាងច្រើន ដែលមានការប្រែប្រួល ព្រោះភាវៈមានបញ្ញាច្រើន​ មានការភាន់ច្រលំ ដោយសារតែឋិតនៅក្រោមតណ្ហារបស់មនុស្ស ។ គាត់ចែកច្បាប់ពិភពបញ្ញា​ ចែកចេញជា ៣ ទៀត គឺ
.​ច្បាប់សាសនា គឺជាច្បាប់ ដែលប្រកាស ឲ្យប្រើប្រាស់ដោយអាទិពេទ សម្រាប់ក្រើនរំលឹកស្មារតី មនុស្សឲ្យចងចាំ​ នូវករណីយកិច្ចរបស់ខ្លួន ចំពោះព្រះអាទិទេព ។
.ច្បាប់សីលធម៌ គឺជាច្បាប់ ដែលប្រកាសឲ្យប្រើប្រាស់ ដោយទស្សនវិទូ សម្រាប់ក្រើនរំលឹក ស្មារតី មនុស្សឲ្យចងចាំ នូវករណីយកិច្ច របស់ខ្លួនចំពោះខ្លួនឯង ។
.ច្បាប់នយោបាយ និងច្បាប់រដ្ឋប្បវេណី គឺជាច្បាប់ ដែលប្រកាសឲ្យប្រើប្រាស់ ដោយអ្នកតែង ច្បាប់ សម្រាប់ក្រើនរំលឹក ដល់ស្មារតីរបស់មនុស្ស ឲ្យចងចាំនូវករណីយកិច្ចរបស់ខ្លួន ចំពោះអ្នកដទៃ និងសង្គម ។ លោក Montesquieu បានបែងចែកច្បាប់បែបនេះ តាមកម្មវត្ថុរបស់វា  ច្បាប់រដ្ឋប្បវេណី គឺជាច្បាប់ ដែលទាក់ទងទៅនឹងការកកើតរដ្ឋ  ច្បាប់នយោបាយ គឺជាច្បាប់ ដែលទាក់ទងទៅនឹងការរក្សារដ្ឋ  ពិតមែនតែ ច្បាប់ទាំងពីរនេះ មានកម្មវត្ថុខុសគ្នាក្តី ក៏ច្បាប់ទាំងពីរនេះ មិនអាចដាច់ពីគ្នាបានឡើយ  ក្នុងន័យនេះ បានជាគេ ចាត់ទុក Montesquieu ថា ជាអ្នកទ្រឹស្តី នៃរដ្ឋប្រវត្តិសាស្រ្ត  ច្បាប់នយោបាយ និងច្បាប់រដ្ឋប្បវេណី មានទំនាក់ទំនង ជាមួយនឹងច្បាប់ នៃប្រភពរូបវន្ត  ឧត្តមគតិរបស់លោក Montesquieu គឺចង់បានឲ្យ ច្បាប់នយោបាយ និងច្បាប់រដ្ឋប្បវេណី មានលក្ខណៈសុក្រឹត មិនប្រែប្រួល មិនប្រែប្រួល ដូចច្បាប់វិទ្យាសាស្ត្រ ឬច្បាប់នៃប្រភពរូបវន្តដែរ ។ ហើយច្បាប់ទៀតសោត មានរូបរាងប្លែកៗ ទៅតាមលក្ខ័ណ្ឌនយោបាយ និងធាតុអាកាស ។
ទ្រីស្តីស្តីអំពីរបបគ្រប់គ្រងរដ្ឋ
លោក Montesquieu បានធ្វើការបែងចែករបបនយោបាយជា ៣ ប្រភេទគឺ
.របបសាធារណរដ្ឋ គឺជារដ្ឋ របស់ប្រជាជនទាំងមូល ឬមួយផ្នែក ។ លោកបានបែងចែក សាធារណរដ្ឋជាពីរ គឺប្រជាធិបតេយ្យ និងអភិជនាធិបតេយ្យ ។​ ប្រសិនបើសាធារណរដ្ឋ ជារដ្ឋរបស់ប្រជាជនទាំងមូល ផ្គុំគ្នាជាអង្គធំមួយនោះ ជាប្រជាធិបតេយ្យ ។ ប្រសិនបើសាធារណរដ្ឋ ជារដ្ឋរបស់ ប្រជាជនមួយភាគតូចនោះ ជាអភិជនាធិបតេយ្យ ។
.របបរាជាធិបតេយ្យ ជារដ្ឋរបស់មនុស្សម្នាក់ ដែលស្ថិតនៅ ក្រោមច្បាប់ ដែលមិនប្រែប្រួល និងដែលច្បាប់នោះ បម្រើគោលបំណង តែមនុស្សម្នាក់ខាងលើ ។
.របបផ្តាច់ការធិបតេយ្យ ជារបបមនុស្សម្នាក់ ដែលនៅលើច្បាប់ ។ 
របបនិមួយៗ​ សុទ្ធតែមានគោលការណ៍ របស់វាផ្ទាស់ ។ គោលការណ៍នេះ ជាកម្លាំងជម្រុញ របស់រដ្ឋ ។ លក្ខណៈរបស់រដ្ឋ សំដៅទៅលើរចនាសម្ព័ន្ធ ខាងក្នុងរបស់រដ្ឋ សំដៅការរៀបចំរបស់រដ្ឋ ដោយសាររដ្ឋ និមួយៗ​ មានលក្ខណៈផ្សេងៗ ពីគ្នា បានជារដ្ឋមានឈ្មោះខុសៗ គ្នា ។ លក្ខណៈទាក់ទងទៅនឹងនិយមន័យរបស់រដ្ឋ  ហើយបើគ្មានលក្ខណៈនេះទេ គេក៏ពុំអាចសំគាល់បានថា​ ណាមួយជាសាធារណរដ្ឋ ណាមួយជារាជាធិបតេយ្យ និងណាមួយជារបបផ្តាច់ការធិបតេយ្យឡើយ ។ លក្ខណៈដែលទាក់ទងទៅនឹងលក្ខន្តិកៈ របស់រដ្ឋ គឺជាទស្សនទាន របស់រដ្ឋ ។ នៅក្នុងសាធារដ្ឋ ទោះជាប្រជាធិបតេយ្យក្តី ឬជាអភិជនាធិបតេយ្យក្តី គោលការណ៍របស់វា គឺគុណធម៌ ការស្រលាញ់មាតុប្រទេស ស្រលាញ់សមភាព ស្រលាញ់ច្បាប់ ការលះបង់ផលប្រយោជន៍ ខ្លួនឯង  ដើម្បីផលប្រយោជន៍ សាធារណៈ  នៅក្នុងរបបរាជាធិបតេយ្យ គោលការណ៍របស់វា គឺកិត្តិយស ពោលគឺការចេះគោរពគ្នា ទៅតាមឋានៈក្នុងសង្គម ការស្គាល់នាទីខ្ពស់ទាប នៅក្នុងរបបផ្តាច់ការធិបតេយ្យ គោលការណ៍របស់វា គឺការភ័យខ្លាច ការគោរពដោយគ្មានការតវ៉ា ចំពោះអ្នកដឹកនាំ ។
ការរលាយបែកបាក់របបទាំងបី
របបគ្រប់គ្រងបែកបាក់របបទាំង ៣ ប្រភេទនេះ អាចរលំរលាយ ប្រែក្លាយជាលក្ខណៈដើមរបស់វា ធ្លាក់ចុះទៅ ក្នុងរបបមួយគួរឲ្យខ្លាច  ដែលមានការរំលោភបំពាន ពីអ្នកដឹកនាំ ធ្វើអ្វីតាមអំណាចចិត្ត ។​ លោក Montesquieu បានសរសេរថា «ការរលំរលាយ នៃរដ្ឋនិមួយៗ ចាប់ផ្អើមសឹងតែទាំងអស់ ពីការរលំរលាយ គោលការណ៍ របស់វា »  ការរលំរលាយសាធារណរដ្ឋ អាចបណ្តាលមកពីការបាត់បង់សិទ្ធិ  សេរីភាព យុត្តិធម៌ (គុណធម៌ដែលជាគោលការណ៍របស់សាធារណរដ្ឋ  គ្រោះថ្នាក់របស់របបអភិជនាធិបតេយ្យ កើតមាននៅពេលណា ដែលគោលការណ៍គុណធម៌ ប្រែក្លាយជាទៅជាវិសមភាព គ្មានគុណធម៌ អំពើពុករលួយ ពោលគឺនៅពេលដែលគេអនុគ្រោះឲ្យមានមហិច្ឆិតា របស់បុគ្គលធ្វើតាមទំនើងចិត្ត ដោយមិនរវល់ ដល់ផលប្រយោជន៍សាធារណៈ  ចំពោះការរលំរលាយរបបរាជាធិបតេយ្យ កើតមាននៅពេលដែលការគោរព កិត្តិយស ត្រូវជំនួសដោយស័ក្តិយស ដោយមាសប្រាក់ និងសំណូក  ចំណែកការលាយ របស់របបផ្តាច់ការធិបតេយ្យ វារលំរលាយគ្មានឈប់ឈរ ពីព្រោះរបបនេះវា ខូចដោយសារលក្ខណៈសាហាវព្រៃផ្សៃរបស់វារួចទៅហើយ     
ទ្រឹស្តីស្តីអំពីអាកាសធាតុ
លោក Montesquieu ពិនិត្យឃើញថា អាកាសធាតុមានឥទ្ធិពល ទៅលើចរិតមនុស្ស ហើយដោយសារមនុស្ស ជាអ្នកបង្កើតច្បាប់ ដូច្នេះ ធាតុអាកាស ក៏មានឥទ្ធិពល ទៅលើច្បាប់ដែរ 
.ឥទ្ធិពលអាកាសធាតុទៅលើចរិតមនុស្ស
ខ្យល់ត្រជាក់ ធ្វើឲ្យមានកម្លាំង ខ្យល់ក្តៅ បន្ថយកម្លាំង  លោក Montesquieu សរសេរថា « គេមានកម្លាំងកាយ កម្លាំងចិត្ត នៅក្នុងអាកាសធាតុត្រជាក់ គេមានការទុកចិត្តលើខ្លួនឯងជាង គេមានសេចក្តីក្លាហានជាង គេមានចំណង់ សងសឹកតិចជាងគេ មានភាពស្មោះត្រង់ជាង» 
.ឥទ្ធិពលអាកាសធាតុទៅលើច្បាប់
ច្បាប់ដែលសម្តែងចេញ ពីចរិតមនុស្ស តណ្ហារបស់មនុស្ស លក្ខណៈរបស់មនុស្ស ក៏មានជាប់ស្នាម ធាតុអាកាស នៅជាមួយដែរ  ធាតុអាកាស ក៏មានឥទ្ធិពលទៅលើដី និងទៅលើជីវិតសេដ្ឋកិច្ច ហើយច្បាប់ ក៏មិនដូចគ្នាទេ សម្រាប់ប្រជាជនជាកសិករ ប្រជាជនជាអ្នកប្រមាញ់ និងប្រជាជនជាអ្នកនេសាទ  លោក Montesquieu បានសរសេរថា «ច្បាប់ ត្រូវមានទំនាក់ទំនង ជាមួយនឹងរូបសាស្រ្តរបស់ប្រទេស ធាតុអាកាសត្រជាក់ ក្តៅ ទំហំ របៀបរស់នៅ របស់ប្រជាកសិករ ជាអ្នកប្រមាញ់ ជាអ្នកគង្វាល កម្រិត សេរីភាព ជំនឿរបស់អ្នកស្រុក ធនធានរបស់គេ ទំនៀមរបស់គេ»  ដូច្នេះ ពាក្យអាកាសធាតុនេះ លោក Montesquieu ពិនិត្យមិនត្រឹមតែលក្ខណៈ អាកាសធាតុភូមិសាស្រ្តប៉ុណ្ណោះទេ គឺថែមទាំងលក្ខណៈសេដ្ឋកិច្ច ប្រវត្តិសាស្រ្ត វប្បធម៌ និយាយរួម គ្រប់លក្ខណៈសង្គមសាស្រ្តទាំងអស់  ហេតុនេះហើយ បានជាគេចាត់ទុកលោក Montesquieu​ ជាស្ថាបនិកសង្គមវិជ្ជាពិតៗ​ 
ការវិភាគស្តីអំពីអំណាច
ក្នុងចំណោមរបបគ្រប់គ្រងទាំង  លោក Montesquieu យល់ឃើញថា «របបដែលប្រសើរល្អ ជាងគេ បើមិនគិតទៅដល់លក្ខណៈស្ថានភាពអ្វីទេនោះ គឺរបបប្រជាធិបតេយ្យ ពីព្រោះ គោលការណ៍របស់វា គឺគុណធម៌  គុណធម៌ គឺជាគោលការណ៍ ប្រជាធិបតេយ្យ វាខ្ពស់ជាងកិត្តិយស ដែលជាគោលការណ៍ របស់រាជាធិបតេយ្យ ហើយវារឹតតែខ្ពសើជាង សេចក្តីភ័យខ្លាច ដែលជាគោលការណ៍ របស់របបផ្តាច់ការធិបតេយ្យទៅទៀត  តាមការជាក់ស្តែង គិតទៅដល់លក្ខណៈផ្សេងៗ នោះ គឺរាជាធិបតេយ្យ ជារបបប្រសើរជាងគេ ពីព្រោះរបបរាជាធិបតេយ្យ ជារបបដែលត្រូវតាមរដ្ឋ ដែលមានទំហំធំ»  គំនិតនេះ លោក Montesquieu លើកយកគំនិត ដែលគេដឹងលឺសុះសាយ តាំងពីបុរាណកាល ដែលយល់ថា «ប្រជាធិបតេយ្យ ត្រូវតែសម្រាប់រដ្ឋ ដែលមានទំហំតូច»  ម្យ៉ាងទៀត របបរាជាធិបតេយ្យ ជារបបដែលមាន សម្បទានជាងគេ ក្នុងការធានាសេរីភាព  តែរបបរាជាធិបតេយ្យ ក៏អាចធ្លាក់ទៅ ក្នុងរបបផ្តាច់ការធិបតេយ្យដែរ  គឺជាផ្តាច់ការធិបតយ្យតែម្នាក់  របបរាជាធិបតេយ្យ បានក្លាយទៅជារបបផ្តាច់កាធិបតេយ្យ កាលណា ភាពឯករាជ្យ និងឯកសិទ្ធិ របស់ប្រជាជន របស់អង្គការនានា និងរបស់ប្រជាជាតិ មិនត្រូវបានគេគោរពនោះ  ដើម្បីធានាឲ្យមានការគោរពនេះ លោក Montesquieu បានគ្រោងទុក នូវយន្តការពីរទៀត សម្រាប់បំពេញបន្ថែម នៅក្នុងការរៀបចំអំណាច ដែលគេអាចឲ្យឈ្មោះថា « ទ្រឹស្តី នៃការបែងចែក អំណាចបញ្ឈរ និងទ្រឹស្តី នៃការបែងចែកអំណាចផ្តេក» 
)ទ្រឹស្តីនៃការបែងចែកអំណាចបញ្ឈរ
ទ្រឹស្តីនេះ មានន័យថា ត្រូវឲ្យមានការទទួលស្គាល់ អង្គកណ្តាលផ្សេងៗ  ដែលស្ថិតនៅចន្លោះ រវាងស្តេច និងប្រជារាស្រ្ត ក្នុងនោះមានវណ្ណៈទាំង  ដែលមាននៅក្នុងរបបចាស់ គឺវណ្ណៈអភិជន សហធម្មិក និងវណ្ណៈផ្សេងៗ ទៀត  វណ្ណៈទាំងឡាយ ដែលនៅចន្លោះរវាងស្តេច និងប្រជារាស្ត្រ សម្រាប់ធ្វើជាកម្លាំង ទប់អំណាចរបស់ស្តេច ប៉ុន្តែទ្រឹស្តី នៃការបែងចែកអំណាចបញ្ឈរនេះ មានន័យពេញលេញបាន លុះត្រាតែមាន ទ្រឹស្តី នៃការបែងចែកអំណាចផ្តេក​ មកបង្ក្រប់បន្ថែមដែរ 
)ទ្រឹស្តីនៃការបែងចែកអំណាចផ្តេក
ដើម្បីមានស្ថេរភាព នៅក្នុងសាធារណរដ្ឋ ក៏ដូចជានៅក្នុងរាជានិយម ចាំបាច់ត្រូវតែមាន ការបែងចែកអំណាចរដ្ឋ ព្រោះថា ការបែងចែកអំណាចរដ្ឋ អាចធ្វើឲ្យមានសមាជិក នៃសង្គម ទទួលបាន នូវសេរីភាព សុវត្ថិភាព យុត្តិធម៌ ពិសេស គឺស្ថេរភាពសង្គមតែម្តង  លោក Montesquieu បានបែងចែកអំណាច ដូចខាងក្រោមនេះ
.អំណាចនិតិបញ្ញត្តិ ជាអំណាចធ្វើច្បាប់ កែច្បាប់ និងលុបច្បាប់  អំណាចនិតិបញ្ញត្តិ ត្រូវប្រគល់ ទៅឲ្យសភាពីរជាន់ ជាអ្នកកានើកាប់ គឺសភាអភិជន (សភាជាន់ខ្ពស់និងសភាប្រជារាស្ត្រ (សភាជាន់ទាប ក្រៅពីបង្កើត ឬលុបច្បាប់ អំណាចនេះ នៅមានតូនាទី ជាអ្នកតាមដាន ត្រួតពិនិត្យ ការប្រតិបត្តិ របស់ព្រះរាជា និងមានតួនាទី ជាអ្នកកាត់ក្តី វិនិច្ឆ័យទៅលើសកម្មភាព ប្រតិបត្តិ ក្នុងសង្គមទាំងមូល 
.អំណាចនិតិប្រតិបត្តិ ជាអំណាចប្រតិបត្តិ តាមឆន្ទៈ​ របស់អំណាចនិតិបញ្ញត្តិ សម្រាប់រៀបចំ ដឹកនាំសង្គម ទាំងផ្ទៃក្នុងប្រទេស ទាំងលើឆាកអន្តរជាតិ ថែមទាំងជាអំណាច ដែលមានសិទ្ធិប្រកាសសង្គ្រាម និងសន្តិភាព  អំណាចនេះ មានបង្កប់នូវចរិត ជាអំណាចនៃច្បាប់អន្តជាតិផងដែរ  អំណាចនេះ ត្រូវប្រគល់ ទៅឲ្យព្រះមហាក្សត្រ ជាអ្នកកាន់កាប់  អំណាចនេះ ក្រៅពីការប្រតិបត្តិ គឺនៅមានសិទ្ធិ ជំទាស់ចំពោះ អំណាចនិតិបញ្ញត្តិផងដែរ តាមនិតិវិធី នៃការប្រើសិទ្ធិ របស់ស្តេច 
.អំណាចតុលាការ ជាអំណាចវិនិច្ឆ័យ ដែលត្រូវបានគេប្រើប្រាស់ នៅក្នុងក្របខ័ណ្ឌ នៃច្បាប់រដ្ឋប្បវេណី  អំណាចនេះ​ ត្រូវប្រគល់ឲ្យទៅសភាខេត្ត សភាក្រុងនិមួយៗ ដែលកាន់កាប់ អំណាចតុលាការ 
គោលការណ៍ នៃការបែងចែកអំណាចនេះ គឺធ្វើឡើង ក្នុងគោលបំណង ទប់ស្កាត់មិនឲ្យអំណាច ដែលស្ថិតនៅក្នុងដៃ បុគ្គលណាម្នាក់ នោះអាចនាំទៅរកសេចក្តីវិនាស  ដល់ប្រទេសជាតិបាន និងដើម្បីឲ្យទ្រឹស្តី នៃការបែងចែកអំណាចនេះ  លុះទៅតាមរូបភាព ជារចនាសម្ព័ន្ធ និងដើម្បីរក្សា នូវតុល្យភាព នៃអំណាចទាំង  របស់រដ្ឋ  មួយទៀត គោលដៅ នៃការបែងចែកអំណាចនេះ គឺធ្វើឡើង ដើម្បីប្រឆាំង នឹងរបបរាជានិយមផ្តាច់ការ ហើយសម្របសម្រួល ទំនាស់រវាង របបមូលធននិយម និងពួកវណ្ណៈអភិជន និងជាការគ្រោងទុកជាមុន ដើម្បីការពារគ្រោះថ្នាក់ ជៀសវាងការដណ្តើមយកអំណាចផ្តាច់មុខ ព្រោះលោកយល់ថា «សារជាតិរបស់មនុស្ស បើកាលណា បានអំណាចនៅក្នុងដៃ របស់ខ្លួនហើយ មនុស្សនោះ នឹងតស៊ូ ដើម្បីរក្សាអំណាចនោះ លុះដល់តំណក់ឈាមចុងក្រោយ»  ដូច្នេះ ធ្វើយ៉ាងណា ឲ្យអំណាច ទប់ទល់នឹង អំណាច ពីព្រោះមនុស្សទាំងអស់ ដែលមានអំណាច តែងតែមានការប្រើប្រាស់នូវអំណាចទាំងនោះជ្រុលហួស