ជីវប្រវត្តិសង្ខេបរបស់ផ្លាតូ
ផ្លាតូ កើតក្នុងឆ្នាំ ៤២៧
មុន គ.ស. គឺជាទស្សនវិទូក្រិចបុរាណ ដែលបានរួមចំណែកបង្កើតនូវមូលដ្ឋានសម្រាប់ទស្សនវិជ្ជាលោកខាងលិចជាមួយគ្រូរបស់គាត់ សូក្រាត និងសិស្សរបស់គាត់ អារីស្តូត ។ ផ្លាតូ ក៏ជាគណិតវិទូ
អ្នកនិពន្ធនៃទស្សនវិជ្ជាបែបសន្ទនា
និងជាអ្នកបង្កើតសាលាទស្សនវិជ្ជាជាន់ខ្ពស់អាកាដឺមី (Academi) នៅក្រុង
អាតែនដែលជាវិទ្យាស្ថានគរុវិជ្ជាជាន់ខ្ពស់ដំបូងបង្អស់នៅលោកខាងលិច ។
ផ្លាតូគឺជាសិស្សរបស់សូក្រាត និងបានទទួលឥទ្ធិពលយ៉ាងខ្លាំងពីការត្រិះរិះរបស់សូក្រាត
។ មរណៈភាពរបស់គាត់ក្នុងឆ្នាំ ៣៤៧ មុន គ.ស ៕
លក្ខណៈទូទៅរបស់ផ្លាតូ
ផ្លាតូ
ក៏ជាអ្នកនយោបាយម្នាក់ដែរ ក្នុងចំណោមអ្នកនយោបាយទាំងឡាយ។ចំណង់ចំណូលចិត្តរបស់គាត់
គឺផ្តោតទៅលើរដ្ឋនយោបាយ និងច្បាប់ ។ ធាតុទាំងនេះ
ជាកត្តាជុំរុញឲ្យគាត់ចាប់អារម្មណ៍ទៅលើប្រជាជន
ចង់ឲ្យប្រជាជនមានភាពប្រសើរសំបូរសប្បាយ និងសុភមង្គល ព្រមទាំងធ្វើឲ្យសង្គមទាំងមូល
ស្ថិតក្នុងស្ថេរភាពទាំងផ្នែកសេដ្ឋកិច្ចទាំងផ្នែកនយោបាយ ។ ល ។ ផ្លាតូ
ព្យាយាមដោះស្រាយរាល់បញ្ហាទាំងឡាយ ដែលគេតែងតែជួបប្រទះក្នុងរដ្ឋក្នុងសង្គម
ក៏ដូចជាក្នុងជីវភាពរស់នៅផងដែរ ដោយប្រើវីធីមួយ គឺបង្កើតរដ្ឋគំរូ
ដែលមានមេដឹកនាំប្រកបដោយគំនិតស្នេហាជាតិ មានសុភវិនិច្ឆ័យ ។ រដ្ឋគំរូនោះ
លោកផ្លាតូ បានធ្វើការប្រៀបធៀបរវាងទំរង់គ្រប់គ្រងនយោបាយ
ដែលមានលក្ខណៈមិនគ្រប់គ្រាន់ជាច្រើន ដូចជាទំរង់សក្តិភូមិ (Timocracy) គណាធិបតេយ្យ (Oligarchy) និងប្រជាធិបតេយ្យ (Democracy) ទំរង់ទាំង ៣ នេះ
គាត់ឲ្យឈ្មោះថាជាទំរង់អាក្រក់ គ្មានសេ្ថរភាពហើយទីបំផុតក្លាយទៅជាទុជនាធិបតេយ្យ(Tyranny) ។
អត្ថន័យរដ្ឋគំរូរបស់លោកផ្លាតូ
បានបង្ហាញឲ្យឃើញនូវភាពយុត្តិធម៌ ក្នុងការដឹកនាំដោយជ្រើសរើសយកអ្នកទស្សនវីទូដ៏វៃឆ្លាត
ពីព្រោះចំណេះដឹងពិតប្រាកដ និងចិត្តសាងកុសលចំពោះអ្នកដទៃ
មានតែនៅក្នុងជំពូកមនុស្សប្រភេទនេះទេ ដែលបានធ្វើសម្បទាន ។
តួរអង្គដែលតំណាងឲ្យរដ្ឋគំរូរបស់លោកផ្លាតូ គឺអ្នកធ្វើការក្នុង Polis (ក្រុងក្រិចបុរាណ) ។
នៅក្នុងគំនិតនយោបាយផ្ទាល់របស់ផ្លាតូ ពាក្យសង្គម និងរដ្ឋ
គឺរលាយចូលគ្នាក្នុងបូរី ។ផ្លាតូមានជំនឿថា «គ្រប់បុគ្គលទាំងអស់
ពុំមានចំណេះដឹងពិតប្រាដកទេ ហេតុដូច្នេះហើយ
បានជាពួកគេយកចិត្តទុកដាក់គោរពតាមបុគ្គលតែមួយអ្នកក្តី ឬរដ្ឋ » ។
វណ្ណៈខ្ពស់បំផុត
ដែលកំពុងកាន់អំណាច ពុំត្រូវអនុញ្ញាតឲ្យមាននូវករណីលើកលែង ឬករណីចាំបាច់ឡើយ
គឺត្រូវធ្វីការបូជាជីវិតដើម្បីរដ្ឋដើម្បីវឌ្ឍនភាពរបស់រដ្ឋ ។ ពលរដ្ឋទាំងអស់
ត្រូវផ្សារសាច់ឈាមរលាយចូលទៅក្នុងរដ្ឋហើយរដ្ឋ ក៏កើតឡើងដោយសារតែពលរដ្ឋដែរ ។
ដូច្នេះពុំអាចអ្នកណាម្នាក់ ក្នុងរដ្ឋាភិបាលមានសុភមង្គលតែឯកឯងបានទេ
ហើយអ្នកដទៃទៀតរស់លើគំនរទុក្ខ និងស្ទឹងទឹកភ្នែក បានន័យថា ពលរដ្ឋទាំងអស់
ក្នុងប្រទេសត្រូវតែមានសុភមង្គលដូចៗ គ្នា ។ នៅក្នុងទ្រឹស្តីនយោបាយរបស់លោកផ្លាតូ
គឺបង្ហាញឲ្យឃើញនូវគំនិតផ្តាច់ការទាំងឡាយ ដែលពុំអាចធ្វើការបិទបាំង
នៃជំរៅអត្ថន័យរបស់វា ហើយមិនមានការពិបាកយល់ទេ ព្រោះវាជាមូលដ្ឋានសុខមាលភាពរបស់រដ្ឋ៕
ទស្សនវិជ្ជារបស់ផ្លាតូ
តាមទស្សនៈរបស់ផ្លាតូថា «ពិភពលោក កើតឡើងដោយធាតុ ២ យ៉ាង គឺពិភពទស្សនៈ
និងរូបធាតុ ។ ពិភពទស្សនៈ មិនសំដៅទៅលើរចនាសម្ព័ន្ធគំនិតនោះទេ ប៉ុន្តែជាពិភពសច្ចៈដែលសម្តែងបង្ហាញនូវភាពជាក់ស្តែង
។ ចំណែករូបធាតុនិយមនៅក្នុងដំណើរវិវត្តន៍របស់ខ្លួន គ្មានភាពសច្ចៈទេ» ។ ផ្លាតូបានបង្ហាញថា «គ្មានរូបធាតុណាមួយ
មិនប្រែប្រួលបាត់បង់នូវស្ថានភាពរបស់វាទេ គឺមានតែការប្រែប្រួលប៉ុណ្ណោះ
ដែលមិនប្រែប្រួល» ។ បានន័យថា
គឺមានតែពិភពទស្សនៈទេ ដែលមានភាពសច្ចៈ និងមិនប្រែប្រួល ចំណែកឯរូបធាតុវិញ
មានលក្ខណៈស្រពិចស្រពិលមិនមានភាពសច្ចៈ គឺវាមិនឆ្លើយតបទៅ
នឹងសភាពលក្ខណៈខាងក្រៅខ្លួនរបស់វា គ្រប់ពេលវេលានោះទេ
ផ្លាតូបានរិះរកទស្សនៈរបស់មេដឹកនាំដ៏ល្បីល្បាញជាងគេ
ដែលមាននៅក្នុងស្នាដៃរបស់គាត់ស្តីអំពី «ពលកម្ម និងពេលវេលា» ដែលត្រូវបានគេទទួលស្គាល់
និងចាត់ទុកថាជាទេវកថា ឬជាសតវត្សមាសដ៏ល្អ
អាចយកធ្វើជាគំរូបានហើយជាស្នាដៃដែលប្រកាន់ភ្ជាប់នូវរបបនយោបាយល្អប្រសើរ ។
នៅអតីតកាល ប្រវត្តិសាស្រ្ត
ធ្វើដំណើរលើផ្លូវដែលមិនត្រូវដើរចេញពីសតវត្សមាសទៅកាន់សតវត្សដែក
គឺថារចនាសម្ព័ន្ធរបស់រដ្ឋគំរូ មានតែនៅក្នុងសតវត្សមាសទេ ។តើរដ្ឋគំរូរបស់ផ្លាតូ
មានសញ្ញាណយ៉ាងដូចម្តេច? បើតាមទស្សនៈរបស់ផ្លាតូ
ដែលបាននិយាយនៅក្នុងស្នាដៃរដ្ឋសញ្ញាណដ៏សំខាន់របស់រដ្ឋជាគំរូ គឺភាពយុត្តិធម៌ ។
ភាពយុត្តិធម៌បើតាមទស្សនៈរបស់ផ្លាតូគឺស្ថិតនៅត្រង់ថាពលរដ្ឋម្នាក់
ត្រូវតែមានការងារធ្វើ ហើយអាស្រ័យទៅតាមឧបនិស្ស័យរបស់គេ
ដូច្នេះភាពយុត្តិធម៌របស់រដ្ឋគឺពលរដ្ឋត្រូវមានការងារធ្វើ ហើយធ្វើសកម្មភាពស្របទៅតាមសមត្ថភាព និងអត្ថិភាពរបស់ខ្លួនផ្ទាល់ ។
លោកផ្លាតូបានធ្វើការបែងចែកយ៉ាងច្បាស់នូវឋានានុក្រមស្រទាប់របស់មនុស្ស
ក្នុងសង្គមថា ពួកទស្សនៈវិទូ ដែលដឹកនាំប្រទេស ជាវណ្ណៈជាន់ខ្ពស់ អ្នកយាម
និងទាហានមន្រ្តីរាជការ ជាវណ្ណៈកណ្ណាល) អ្នកសិប្បករ និងកសិករ ជាវណ្ណៈក្រោម។ មិនតែប៉ុណ្ណោះ ប្លាតូបានពិនិត្យយ៉ាងហ្មត់ចត់ លើបញ្ហាការសិក្សា
និងការអប់រំ ។
ផ្លាតូបានធ្វើការបែងចែកដូច្នេះ «អាស្រ័យលើឧបនិស្ស័យរបស់មនុស្ស គឺភាពវៃឆ្លាត
ភាពម៉ឺងម៉ាត់ និងការទទួលខុសត្រូវក្នុងភាពជាអ្នកដឹកនាំ» ។ សម្រាប់លោកផ្លាតូ
រចនាសម្ព័ន្ធល្អ គឺនៅកន្លែងណាដែលពលរដ្ឋម្នាក់ៗ
ធ្វើការដើម្បីប្រយោជន៍របស់ខ្លួននៅក្នុងទិសដៅអភិវឌ្ឍន៍សង្គម ។
រដ្ឋនិងសង្គមពលរដ្ឋរបស់ផ្លាតូ គឺមានលក្ខណៈតែមួយ។ តាមការពិនិត្យវណ្ណៈទាំងឡាយ
ដូចជាមេដឹកនាំ (ក្សត្រ) កងទ័ព (អាមាត្យ) ឈ្មួញ សិប្បករ និងម្ចាស់ដី
លោកផ្លាតូ បានបង្ហាញថា «វណ្ណៈដែលមានតួរនាទីសំខាន់ជាងគេក្នុងរដ្ឋ
គឺមេដឹកនាំ ក្សត្រ) និងកងទ័ព (អាមាត្យ)។ រីឯឈ្មួញកសិករ
និងដែលមានជីវិតផ្សារភ្ជាប់នឹងផលិតផលសម្ភារៈនោះ
ពួកគេមិនអាចជៀសផុតពីការអាស្រ័យនូវរដ្ឋនោះទេ ទីបំផុតពួកវណ្ណៈទាំងពីរនេះប្រឹងប្រែងសន្សំទ្រព្យសម្បត្តិ
ដែលជាហេតុនាំឲ្យកើតមានឡើងនូវអ្នកមានពេកនិងអ្នកក្រពេក» ។ ដើម្បីរក្សាស្ថានភាពនេះ
ផ្លាតូទាមទារឲ្យមានការបង្កើត ប្រព័ន្ធអប់រំពិសេសមួយសម្រាប់ក្រុមអ្នកដឹកនាំ
និងអ្នកការពារ ។ នៅក្នុងមូលនៃប្រព័ន្ធអប់រំនេះ
ត្រូវមានសិល្បៈតូរ្យតន្រ្តី និងអត្តពលកម្មចូលរួមផងដែរ។
តូរ្យតន្រ្តីពង្រឹងដួងប្រលឹងអប់រំឲ្យស្រលាញ់ជាតិមាតុភូមិ
ចំណែកឯអត្តពលកម្មពង្រឹងរាង្គកាយឲ្យរឹងមាំរៀបចំពលរដ្ឋដើម្បីរដ្ឋរបស់ខ្លួន ។
តាមទស្សនៈរបស់ផ្លាតូ
ការសិក្សាវិទ្យាសាស្រ្តជាការស្វែងរកពិភពសច្ចភាពហើយមិនភូតភរ
ដូចជាលក្ខណៈរូបធាតុទេ ។ បន្ទាប់ពីបានបញ្ចប់នូវមុខវីជ្ជាទាំងអស់នេះ
យុវវ័យមានការចេះដឹងនិងប្រកបដោយសីលធម៌នោះ អាចរៀបចំខ្លួនដើម្បីដើរតួរជាមេដឹកនាំ
។ ពេលនេះគេសិក្សាវិភាគអំពីសិល្បៈ និងដឹកនាំជជែកពិភាក្សា
បន្ទាប់មកសិក្សាទស្សនវិជ្ជា ដែលជាប្រភពដើមនៃរាល់ប្រព័ន្ធចំណេះដឹង ។
នៅចុងកម្មវិធីសិក្សាពួកគេត្រូវតែងតាំងឱ្យមានមុខងារជាបុគ្គលិករដ្ឋ ប៉ុន្តែមិនទាន់មានមុខងារដឹកនាំរដ្ឋទេ
លុះត្រាតែមានវ័យចាប់ពី ៥០ ឆ្នាំឡើងទៅ ស្គាល់នូវទិសដៅនៃជីវិតច្បាស់លាស់ ។
ចេះធ្វើការអង្កេតពិនិត្យទទួលយកនូវទស្សនៈដែលជឿនលឿន
និងមានការសម្របសម្រួលទទួលយកបទពិសោធន៍ជាច្រើនអំពីរដ្ឋ ។
គេនៅពេលនោះគេមានលក្ខណសម្បត្តិពេញលេញ ក្លាយជាមេដឹកនាំរដ្ឋពិតប្រាកដ ។
បើតាមទស្សនៈរបស់ផ្លាតូ ទិសដៅរបស់រដ្ឋដែលផ្លាតូ គិតថាជារដ្ឋគំរូ
គឺត្រូវជួយផ្គត់ផ្គង់អតិបរមាដល់ដល់កង្វះខាតក្នុងជីវិតប្រជាពលរដ្ឋ ទាំងសម្ភារៈ
ទាំងស្មារតី ។ ស្ថានភាពនៃជីវិតនេះហើយ ដែលគេបានគិតទទួលយកនៅក្នុងសម័យបុរេក្រិច និងរូម
។ ដូច្នេះរដ្ឋគំរូរបស់ផ្លាតូត្រូវតែអាស្រ័យនឹងការបែងចែកជាក្រុម
ដែលប្រកបដោយគុណធម៌ទាំងឡាយ បួនយ៉ាងគឺ
-ចំណេះដឹងជ្រៅជ្រះ
-សេចក្តីក្លាហាន
-វិចារណញ្ញាណ
-យុត្តិធម៌ ។
ចំណេះដឹងជ្រៅជ្រះ
ក្នុងនាមជាអ្នកបំពេញតួនាទី ជាអ្នកដឹកនាំរដ្ឋ ។ សេចក្តីក្លាហាន ជាគុណសម្បត្តិរបស់ទាហានមានតួនាទី
ជាអ្នកការពារ ។ ទីបី និងទីបួន គឺវិចារណញ្ញាណ
និងយុត្តិធម៌ជាគុណធម៌ដែលមានគ្រប់ពលរដ្ឋទាំងអស់នៅក្នុងរដ្ឋគំរូ។
ទន្ទឹមនឹងនេះ
គួរតែធ្វើការកត់សំគាល់ផងដែរ នៅក្នុងសំណេរស្នាដៃរដ្ឋគំរូរបស់ផ្លាតូ
គេសង្កេតឃើញមានការផ្សព្វផ្សាយនូវទេវកថាបុរេក្រិច ស្តីអំពីមនុស្សប្រាំជំនាន់
ដែលបានផ្លាស់ប្តូរដែលស្ថិតនៅក្នុងកំណាព្យរបស់កវី Gesioda ថា «ពលកម្ម
និងពេលវេលា» ។ ទីមួយ ឬសតវត្សមាស
គឺជាជំនាន់មនុស្សដែលទទួលបាននូវអ្វីជាគំរូ ។នៅក្នុងជំនាន់នោះ
គេមានគុណធម៌គ្រប់បែបយ៉ាងទាំងអស់ ហើយឋិតក្រោមការដឹកនាំរបបរាជានិយម។
ជំនាន់ក្រោយមក បានចប់ផ្តើមឃ្លាតចេញ ពីតំណាក់កាលសតវត្សមាស ។ កើតឡើង នូវតំណាក់កាល
ដែលបានកាត់ផ្តាច់នូវគុណធម៌ទាំអស់ ។ គឺនៅក្នុងទេវកថានេះ ត្រូវនឹងស្នាដៃរបស់ផ្លាតូ
ដែលនិយាយអំពីរបបនយោបាយ និងរចនាសម្ព័ន្ធដឹកនាំ ដែលរបបរាជានិយម
និងអភិជនាធិបតេយ្យ បានកាត់បង់នូវស្ថានសួគ៌របស់ខ្លួន
រីឯរចនាសម្ព័ន្ធនយោបាយសង្គមបួនទៀត កំណត់ភាពទន់ខ្សោយរបស់ប្រជាពលរដ្ឋ ក្នុងការប្រឹងប្រែងដើម្បីគុណធម៌ និងសីលធម៌នៅក្នុងជីវិត
។ ទស្សនៈរបស់ផ្លាតូ មានគោលការណ៍ នៅក្នុងអតីតកាល ដែលអ្នកទស្សនវិទូ
មើលឃើញគំរូនយោបាយរបស់ខ្លួន ៕
ការបែងចែករបបអ្នកដឹកនាំរបស់ផ្លាតូ
ផ្លាតូបានបែងចែកនូវទ្រង់ទ្រាយដឹកនាំដូចតទៅ៖
-រាជាធិបតេយ្យ((Monarchy)
-អភិជនាធិបតេយ្យ((Aristocracy)
-សក្តិភូមិ (Timocracy)
-គណាធិបតេយ្យ((Oligrachy )
-ប្រជាធិបតេយ្យ( (Democracy )
-ទុជនាធិបតេយ្យ( (Tyranny )
ផ្លាតូ បានបែងចែកដូច្នេះ
ភាពត្រឹមត្រូវជាគូ នឹងវិចារណញ្ញាណ បន្ទាប់មកគុណធម៌ និងភាពខ្វះខាត
(អគុណធម៌)បន្ទាប់មកសុភមង្គល និងអពមង្គល ។ ផ្លាតូ
បានចាត់ទុករបបរាជាធិបតេយ្យ និងអភិជនាធិបតេយ្យជារបបនយោបាយដឹកនាំល្អប្រសើរជាងគេ
ដែលមានយុត្តិធម៌ ជាកន្លែងដែលមានមេដឹកនាំទាំងអស់
ព្រួយបារម្ភអំពីភាពរុងរឿងរបស់រដ្ឋ ដែលជាលក្ខណៈត្រឹមត្រូវ និងជាគំរូ ៕
ទ្រង់ទ្រាយរចនាសម្ព័ន្ធដឹកនាំ
៤ ទៀត គឺសក្តិភូមិ (Timocracy) គណាធិបតេយ្យ (Oligrachy) ប្រជាធិបតេយ្យ (Democracy) និងទុជនាធិបតេយ្យ (Tyranny) បានឃ្លាតចាកពីរដ្ឋគំរូ
។ និយាយឲ្យខ្លីទៅ ទ្រង់ទ្រាយដឹកនាំរដ្ឋទាំង ៤ ខាងលើ
គឺជាការដឹកនាំមួយដែលមេដឹកនាំមានការស្រលាញ់អំណាចហួស ។ របបអភិជនាធិបតេយ្យ (Aristocracy) គឺជាការដឹកនាំមួយដ៏ល្អប្រសើរ
មានទំនុកទុកចិត្តពីប្រជាជន ។ អំណាចរបស់រដ្ឋនៅក្នុងដៃអ្នកដែលប្រសើរជាង
ដែលបានផ្តល់ឲ្យដោយសុទ្ធចិត្តពីប្រជាជន ។ អំណាចរបស់រដ្ឋ ដឹកនាំប្រកបទៅដោយគុណធម៌
និងវ័យឆ្លាត ។ នៅលើគោលការណ៍ និងទ្រង់ទ្រាយនៃរចនាសម្ព័ន្ធដឹកនាំបែបនេះ
គឺមានសមភាពតាំងពីកំនើតម្លេះ ។ផ្លាតូបានអះអាងថា «សមភាពពីកំនើត
បង្ខំឲ្យមានច្បាប់សមភាពសម្រាប់ទាំងអស់គ្នា
ដែលបានសរសេរទុកនៅក្នុងច្បាប់និងជាកាតព្វកិច្ចសម្រាប់ទាំងអស់គ្នា
ធ្វើសកម្មភាពចំពោះគ្នាទៅវិញទៅមក ក្នុងលក្ខណ្ឌដ៏ប្រកបមួយ
គឺពោរពេញទៅដោយកម្លាំងកិត្យានុភាព វីរភាព និងវិចរណញ្ញាណ» ។
ប៉ុន្តែទស្សនៈ របស់ផ្លាតូ ចំពោះតួនាទីរបស់មេដឹកនាំរដ្ឋគំរូ
គឺចំពោះអ្នកណាមួយ ដែលស្ម័គ្រចិត្ត មិនចង់ធ្វើជាអ្នកដឹកនាំទាល់តែសោះ
តែចង់ធ្វើការកែកំហុសរបស់អ្នកដទៃ ។ អ្នកដែលមិនមែនជាអ្នកដឹកនាំគំរូ
គឺសំដៅទៅលើអ្នកណាដែលស្រលាញ់ខ្លួនឯងស្រលាញ់លុយ និងស្រលាញ់បុណ្យសក្តិ ។
ពីព្រោះអ្នកដឹកនាំណាមួយដែលមានលក្ខណៈដឹកនាំល្អសុទ្ធសាធនោះ
មិនមែនធ្វើសកម្មភាពដើម្បីតែខ្លួនឯងនោះទេ
គឺដើម្បីភាពសំបូរសប្បាយរុងរឿងជូនអ្នកដែលនៅក្រោមបង្គាប់របស់ខ្លួន ។ ផ្លាតូ បានបង្ហាញថាបើនៅក្នុងរដ្ឋសុទ្ធតែមនុស្សល្អនោះលទ្ធភាពក្នុងការកាន់អំណាចនឹងមានច្រើន
។ ប៉ុន្តែមេដឹកនាំពិតបា្រកដ ត្រូវមានគុណសម្បត្តិល្អ
សម្រាប់ខ្លួនឯងផងនិងសម្រាប់អ្នកនៅក្រោមបញ្ជាផង ។ ហេតុដូច្នេះ
អ្នកដែលដឹកនាំល្អបំផុត
មានលក្ខណៈវិសេសវិសាលឆ្លាតវៃជាងគេមានសមត្ថភាពខ្ពស់ជាងគេមានវង្សត្រកូលប្រកបទៅដោយគុណធម៌
ហើយលើសពីនេះទៅទៀត គឺត្រូវគិតគូរដល់អ្នកដទៃនិងរដ្ឋ ។ មានន័យថាការងាររួម
គឺជាការងាររបស់ខ្លួនផ្ទាល់ជ័យជំនះទៅលើការងាររួមក៏ជាជ័យជំនះរបស់ខ្លួនឯងដែរ ។
ត្រូវតែជ្រើសរើសមេដឹកនាំដែលមានគុណសម្បត្តិដូច្នេះ ។
ព្រោះទិសដៅនៅក្នុងជីវិតគឺដើម្បីវឌ្ឍនភាពរដ្ឋ ។ គុណសម្បត្តិដ៏សំខាន់
សម្រាប់មេដឹកនាំតាមទស្សនៈរបស់ផ្លាតូ គឺសីលធម៌
ភាពនឹងហ្ន៎ និងមិនឆេវឆាវ ។ ផ្លាតូ បានចង្អុលបង្ហាញគុណសម្បត្តិមេដឹកនាំ
ដើម្បីអាចបង្កឱកាសឲ្យអ្នកធ្វើការជុំវិញបណ្តុំទៅដោយមនុស្សស្ម័គ្រចិត្ត
ធ្វើការដោយសុទ្ធចិត្ត ហើយសុទ្ធតែជាមនុស្ស មានគុណសម្បត្តិល្អប្រពៃហើយក៏ជាសម្ព័ន្ធមិត្តដ៏ល្អប្រសើរ
របស់ប្រជាពលរដ្ឋផងដែរ ។ ទាំងអស់នេះ ត្រូវដឹកនាំដោយវិចារណញ្ញាណ ។ភាពឆ្លាតវៃ
គឺជាផ្លូវចង្អុលបង្ហាញគំនិតដ៏ល្អប្រសើរ ។ អពមង្គល នឹងកើតឡើងមិនចេះចប់
ទាំងចំពោះរដ្ឋទាំងចំពោះពលរដ្ឋ ក្នុងខណៈណា ដែលអ្នកដឹកនាំមិនមែនជាទស្សនៈវិទូ
ពីព្រោះទស្សនៈវិទូនេះហើយ គឺជាផលវិជ្ជមាននៃសច្ចធម៌
និងអត្ថិភាពហើយក្រៅអំពីទស្សនៈវិទូនេះ
គឺមិនដែលនាំមកនូវសមិទ្ធិផលអ្វីដ៏គាប់ប្រសើរធំធេងទេសម្រាប់បច្ចេកបុគ្គល (ខ្លួនឯង)
ក៏ដូចជាសម្រាប់រដ្ឋ ឬពលរដ្ឋ ។ លក្ខណៈធម្មជាតិរបស់ទស្សនៈវិទូ គឺជាលទ្ធភាពល្អលើកកម្ពស់គំរូទស្សនៈ
និងភាពក្លាហាន ។ លក្ខណៈធម្មជាតិរបស់ទស្សនៈវិទូ ជាបងប្អូន
នឹងការលើកកម្ពស់នូវភាពរុងរឿង ។ មានតែនៅក្នុងរដ្ឋប្រកបដោយយុត្តិធម៌ទេ
ដែលជាកន្លែងអភិជន នឹងដឹកនាំពោរពេញទៅដោយភាពសម្បូរសប្បាយ
ប៉ុន្តែមិនមែនសម្បូរមាសបា្រក់ទេ គឺសម្បូរសប្បាយដោយសុភមង្គលប្រកបដោយសីលធម៌និងវិចារណញ្ញាណ
នៅក្នុងជីវិត ។ ច្បាប់ បង្ខំឲ្យកំណត់ទិស
មិនមែនដើម្បីភាពសម្បូរសប្បាយតែម្នាក់ឯងទេ គឺដើម្បីរដ្ឋទាំងមូល ។
នៅក្នុងរដ្ឋបច្ចុប្បន្ន ត្រូវតែមាននូវភាពយុត្តិធម៌ ព្រោះអំណាចរបស់រាជា អ្នកដឹកនាំ តាមទស្សនៈរបស់ផ្លាតូ គឺឆ្លើយតបទៅនឹងគុណធម៌ពេញលេញ
។ បើសិនជាមេដឹកនាំមួយចំនួននោះ គឺជាអភិជនពិត ប៉ុន្តែការដឹកនាំរបស់ពួកនោះ
ពុំសូវគ្រប់លក្ខណៈគុណធម៌ ដែលចង់បានទេ នោះឯង គឺជាមូលហេតុឲ្យកើតការស្រលាញ់អំណាចហួស
ដូច្នេះ ការដឹកនាំបែបនោះ គឺជាបែបសក្តិភូមិ៕
លក្ខណៈរបបសក្តិភូមិ
((Timocracy)
សម្រាប់របបសក្តិភូមិ គឺមានលក្ខណៈ
ជាគូប្រកួតប្រជែង និងការប្រឹងប្រែងដើម្បីអំណាច នៅក្នុងរចនាសម្ព័ន្ធរដ្ឋបែបនេះ
គេមិនចង់ដាក់មនុស្សវ័យឆ្លាត នៅក្នុងតួនាទីទេ គឺគេមិនឲ្យតំលៃ
ចំពោះមនុស្សមានគុណធម៌ និងភក្តីទេ ប៉ុន្តែឲ្យតំលៃចំពោះមនុស្ស
ដែលមានលក្ខណៈធម្មជាតិកាចសាហាវ មានកំណើតមកសម្រាប់ធ្វើសឹកសង្រ្គាម
មានការអប់រំឲ្យធ្វើអំពើហឹង្សា ហើយមិនមែនឈរលើគោលការណ៍ ជឿជាក់លើខ្លួនឯងនោះទេ ។
មនុស្សនៅក្នុងសក្តិភូមិមានលក្ខណៈកាចសាហាវ និងមានការចេះដឹងទាប ប៉ុន្តែគេស្តាប់មេដឹកនាំអំណាច
ដោយឥតលក្ខ័ន្ត ។ ទ្រង់ទ្រាយដឹកនាំនេះ (សក្តិភូមិ) មានលក្ខណៈ ប្រហាក់ប្រហែល
នឹងលក្ខណៈអភិជន ។ តើទ្រង់ទ្រាយដឹកនាំទាំងពីរនេះ មានលក្ខណៈខុសគ្នាយ៉ាងណា? ដូចម្តេច ដែលហៅថាសក្តិភូមិ ? ដើម្បីដោះស្រាយបញ្ហាឲ្យបានទូលំទូលាយត្រូវយល់ថា
ហេតុដូចម្តេចត្រូវបាត់បង់រចនាសម្ព័ន្ធរដ្ឋគំរូ? មូលហេតុនៃការបាត់បង់រចនាសម្ព័ន្ធគំរូផ្លាតូ គិតថា មកពីមិនអាចថែរក្សា និងបន្តនូវគុណសម្បត្តិ នៃសីលធម៌ដ៏ខ្ពង់ខ្ពស់ពីជំនាន់មួយទៅជំនាន់មួយ
ហេតុដូច្នេះហើយ បានជាកើតឡើងលើលោកនេះ នូវសីលធម៌មួយ ដែលមានគុណធម៌តិចជាង
ហើយមនុស្សដែលមានសីលធម៌ច្រើន
ក៏កាន់តែតិចមនុស្សដែលមានសីលធម៌តិចជាងមុនកាន់តែកើនឡើង
ពួកគេមានទិសដៅប្រឹងប្រែងដើម្បីក្លាយជាអ្នកមាន ។ ក្នុងលក្ខណៈនេះហើយ
ដែលធ្វើឲ្យខូចបង់នូវរចនាសម្ព័ន្ធរបបអភិជន ។ តែទោះជាយ៉ាងណាក៏ដោយ ក៏ផ្លាតូ ពុំបានអះអាងថា ទ្រព្យសម្បត្តិជាប្រភពនៃសភាវៈអាក្រក់នោះទេ
។ សម្រាប់ផ្លាតូ ការប្រឹងបែ្រងដើម្បីទ្រព្យសម្បត្តិ
គឺជាការសន្សំសម្ភារៈដែលនៅក្នុងទស្សនៈវិជ្ជារបស់លោកបានកំណត់ថា
ជាកាយវិការមួយនាំឲ្យទស្សនៈសច្ចធម៌ ប្រែក្លាយជាស្រអាប់ស្រពិចស្រពិល ។ ក្រៅពីនេះ គឺភាពមាន និងក្ររបស់ប្រជាពលរដ្ឋនាំឲ្យមានការខូចខាតនូវទំនាក់ទំនងនយោបាយធម្មតានៅក្នុងសង្គម
។ នៅលើគោលការណ៍នេះ បើនិយាយពីរដ្ឋគំរូផ្លាតូ បានគិតថា «ទ្រព្យសម្បត្តិប្រពន្ធនិងកូនរបស់ពីរក្រុមដ៏សំខាន់
គឺអ្នកដឹកនាំ និងអ្នកការពារ ត្រូវតែស្ថិតនៅជាកម្មសិទ្ធិរួម»។នៅក្នុងខណៈណាដែលធ្វើឲ្យខូចនូវលក្ខណៈគោលការណ៍នេះ
ទោះរចនាសម្ព័ន្ធអភិជនក៏ដោយ
វានឹងបាត់បង់នូវស្ថានភាពពិតរបស់ខ្លួនហើយទន្ទឹមនឹងនេះរចនាសម្ព័ន្ធរដ្ឋគំរូក៏បាត់បង់ដែរ
។ ការប្រឹងប្រែងដើម្បីទទួលបាននូវស្ថានភាពពត៌មានអំពីសំភារៈឬរូបធាតុនេះ
ដែលធ្វើឲ្យមនុស្សកាន់តែការងឿងឆ្ងល់ថា ហេតុអ្វីបានជាស្ថានភាពពិតរបស់រូបធាតុ
មិនស៊ីគ្នានិងពិភពគំនិត ។ ទន្ទឹមនឹងនេះ ពលរដ្ឋដែលមានលក្ខណៈវិសេសជាងគេពេលនេះ
ជាជោគជ័យមួយមិនគ្រប់គ្រាន់ទេគេប្រឹងប្រែងថែមទៀត ដើម្បីពង្រឹង
និងពង្រីកតួនាទីរបស់គេ នៅក្នុងសង្គម ។ ក្នុងខណៈនេះ គឺមានតែទ្រព្យសម្បត្តិទេ
ដែលគេត្រូវការ ហេតុដូច្នេះហើយ នៅក្នុងសង្គម
នឹងនាំឲ្យមានការលើកកម្ពស់ទ្រព្យសម្បត្តិពីលើសីលធម៌ ។ ដូច្នេះហើយ ផ្លាតូ បានបង្ហាញថា «សេចក្តីស្រេកឃ្លានអំណាច
នៅក្នុងរបបសក្តិភូមិ ធ្វើឲ្យខូចខាតប្រព័ន្ធគ្រប់គ្រងអំណាចដោយខ្លួនឯងផ្ទាល់តែម្តង» ៕
លក្ខណៈរបបគណាធិបតេយ្យ (Oligarchy)
បន្ទាប់ពីរបបសក្តិភូមិ ផ្លាតូ បានហៅរបបថ្មីមួយទៀត
គឺរបបគណាធិបតេយ្យ (Oligarchy) ដែលកើតចេញអំពីសក្តិភូមិ (Timocracy) នៅក្នុងលទ្ធផលនៃការដឹកនាំនៅក្នុងសង្គម ។
នៅក្នុងរបបគណាធិបតេយ្យ (Oligarchy) ចូលរួមក្នុងការដឹកនាំប្រទេសមានតែពួកអ្នកមានទ្រព្យសម្បតិ្តខ្ពង់ខ្ពស់
រីឯពួកក្រីក្របានកាត់ផ្តាច់ស្រលះ ។ បើសិនជានៅក្នុងរបបសក្តិភូមិ (Timocracy) សារៈសំខាន់មានតែកេរ្តិ៍ឈ្មោះនោះ
នៅក្នុងរបបគណាធិបតេយ្យ (Oligarchy) ទិសដៅសំខាន់គឺទ្រព្យសម្បត្តិបើសិនជាប្រៀបធៀបរបបគណាធិបតេយ្យ
(Oligarchy) ទៅនឹងរបបសក្តិភូមិ (Tomocracy) គឺទី
១ អាក្រក់ជាងទី ២ ទៅទៀត ។
ការប្រមូលសន្សំមាសរបស់មនុស្សបានធ្វើឲ្យខូចខាតដល់ប្រព័ន្ធសក្តិភូមិ (Timocracy) ជាបឋម
ពួកគេបានបោះបង់នូវប្រព័ន្ធដែលគេកំពុងប្រើប្រាស់ហើយដើម្បីបំពេញនូវទិសដៅនេះ
គេត្រូវបង្កើតច្បាប់ ដែលគិតគូរតិចតួចណាស់ជាមួយនឹងមនុស្ស ។នៅពេលណាដែលពួកគេឲ្យតំលៃមធ្យោបាយគាបសង្កត់កាន់តែខ្លាំងឡើងនោះ
គេនឹងឲ្យគុណធម៌កាន់តែតិចដែរ ។ ផ្លាតូ បានបង្ហាញថា
ដោយនៅក្នុងរដ្ឋ គេឲ្យតំលៃទៅលើភាពមានស្តុកស្តម្ភទ្រព្យសម្បត្តិ មានន័យថា
គេនឹងមានការចុះថយចំពោះតំលៃទៅលើគុណធម៌ដែរ ។ ការឲ្យតំលៃទៅលើទ្រព្យសម្បត្តិកាន់តែកើនឡើង ការលើកកម្ពស់អ្នកមាន នាំឲ្យមានការតែងតាំងពួកនេះ នៅក្នុងម៉ាស៊ីនដឹកនាំនៅពេលនោះ
អ្នកក្រពុំមានលទ្ធភាពចូលកាន់តំណែងបានឡើយ ។ ដូច្នេះ ផ្លាតូ បានបង្ហាញថា ការកំណត់ស្ថានភាពទ្រព្យសម្បត្តិ
បានក្លាយជាច្បាប់ និងឋានានុក្រម នៃរបបគណាធិបតេយ្យ (Oligarchy) ។ យ៉ាងណាមិញ នៅពេលណា របបគណាធិបតេយ្យ (Oligarchy) កាន់តែរឹងមាំនោះ
ការឲ្យតំលៃទៅលើទ្រព្យសម្បត្តិ ក៏កាន់តែ ខ្លាំងដែរ ។
ដូច្នេះយើងឃើញយ៉ាងច្បាស់ថារបបនេះ
អាចថែរក្សាគង់វង្សបានមានតែប្រើមធ្យាបាយហឹង្សាទេ ។ ផ្លាតូ បានបង្ហាញថារបបគណាធិបតេយ្យ (Oligarchy) នឹងត្រូវបែកបាក់ជារដ្ឋពីរ
គឺរដ្ឋសម្រាប់អ្នកមាន និងរដ្ឋសម្រាប់អ្នកក្រ ។ រដ្ឋទាំងពីរប្រឈមមុខនឹងគ្នាជានិរន្តន៍
។ ឧក្រិដ្ឋកម្ម នឹងកើតមានឡើងជាញឹកញាប់ នៅក្នុងរបបនេះ ដោយសារតែគំនិតឆ្កួតលីលា ។
ភាពកំណាញ់ និងភាពកេងចំណេញ បានក្លាយជា គុណសម្បត្តិមួយ សម្រាប់មនុស្ស
ហើយប្រសិនបើមនុស្សប្រភេទនេះ មានទីតាំងរបស់ខ្លួន ក្នុងរបបសក្តិភូមិ សេចក្តីស្នេហា នឹងយសស័ក្តិ
នឹងក្លាយជាសេចក្តីស្នេហាមាសប្រាក់ ៕
លក្ខណៈរបបប្រជាធិបតេយ្យ (Democracy)
បន្តទៅនេះ ជារចនាសម្ព័ន្ធ
ឬរបបនយោបាយ ដឹកនាំរដ្ឋតាមទស្សនៈរបស់ផ្លាតូថា របបប្រជាធិបតេយ្យ ជារបបកើតចេញអំពីប្រព័ន្ធគណាធិបតេយ្យ
។ លទ្ធិប្រជាធិបតេយ្យ បានកើតឡើងនៅពេលណា
ដែលអ្នកក្របានទទួលជ័យជំនះ នៅពេលនោះ
ពួកសត្រូវរបស់គេមួយចំនួនត្រូវបានសម្លាប់ហើយមួយចំនួនទៀត ត្រូវបានបណ្តេញចេញ
រីឯអ្នកដែលនៅសល់បានបន្តការរស់នៅក្នុងគោលការណ៍សមភាព ក្នុងឋានៈជាពលរដ្ឋ ។
នៅក្នុងរដ្ឋដែលមានសិទ្ធិសេរីភាពពេលលេញឥតលាក់លៀម និងមានសទ្ធិធ្វើអ្វីដែលខ្លួនចង់ធ្វើមិនចាំបាច់ត្រូវឱនលំទោនចំពោះអ្នកណានោះទេ
បើខ្លួនមិនចង់ធ្ធើ (ព្រោះជាសទ្ធិរបស់ខ្លួន) ។ ដូច្នេះ
មើលទៅហាក់ដូចជា របបនយោបាយមួយនេះ ល្អប្រសើរបំផុតជាងគេ ។ ប៉ុន្តែ នៅក្នុងរបបនេះ
ពុំមានអ្នកណាមួយមានទួនាទីត្រូវតែដឹកនាំនោះទេ ។ នៅក្នុងរបបប្រជាធិបតេយ្យ
មនុស្សមានអំណាច កេរ្តិ៍ឈ្មោះ យសស័ក្តិ គឺអាស្រ័យពួកមហាជនមើលឃើញ ជ្រើសរើសយក
។ យ៉ាងណាមិញ នៅក្នុងរបបប្រជាធិបតេយ្យ ក៏មិនមែនអាស្រ័យទៅលើបុគ្គលណា
ដែលចូលរួមក្នុងសកម្មភាពដឹកនាំរដ្ឋ ។ ដូច្នេះ តាមទស្សនៈរបស់ផ្លាតូ នៅក្នុងរបបប្រជាធិបតេយ្យ
នឹងកើតឡើងនូវភាពអួតអាង ការឲ្យមាន សេរីភាពហួសហេតុ ការមិនមានទំទួលខុសត្រូវ
ចំពោះពាក្យសម្តី និងភាពឥតខ្មាសទាំងនេះ គឺជាវីរភាពរបស់គេ ។
នៅក្នុងរដ្ឋប្រជាធិបតេយ្យ អ្នកឭសូរតែពាក្យសរសើរ ដោយឥតព្រំដែនតែអំពីសទ្ធិសេរីភាពប៉ុណ្ណោះ ។ នៅពេលដែលអ្នកមិនស្តាប់បង្គាប់ បះបោរឡើង
ធម្មតាពេលនោះ ឪពុកតែងតែមានទំលាប់គំរាមគំហែងកូន របស់ខ្លួនបើសិនជាគ្រូវិញ
គឺតែងតែប្រតិកម្មចំពោះកូនសិស្សរបស់ខ្លួន ។ នៅក្នុងជួរប្រជាជន
នៃរបបប្រជាធិបតេយ្យ និងកើតឡើងនូវភាពមិនសុខ
មានអារម្មណ៍ហាក់ដូចជាចង្អៀតចង្អល់រហូតដូចជាមានអ្វីមករារាំងគេជាប់ជានិច្ច ទីបំផុតពួកគេលែងគិតអំពីច្បាប់សំខាន់
គេចង់បានមិនត្រូវឲ្យមានអំណាចណាមួយ មកគ្របសង្កត់លើគេឡើយ។ ក្នុងលក្ខណៈនេះហើយ
ដែលនាំឲ្យកើតមាននូវរបបផ្តាច់ការ ។ដូច្នេះ ចេញអំពីសេរីភាព
នឹងកើតឡើង នូវរបបទាសភាពដ៏ព្រៃផ្សៃ និងកាចសាហាវបំផុត ៕
លក្ខណៈរបបទុជនាធិបតេយ្យ (Tyranny)
ទុជនាធិបតេយ្យ គឺជារបបផ្តាច់ការ
ដែលមានទ្រង់ទ្រាយរចនាសម្ព័ន្ធរឹងមាំ ហើយក៏ជារបបកាចសាហាវ ។ ពេលដែលពួកមហាជន
ឱនលំទោនស្តាប់បង្គប់តាមនៅពេលនោះ មេដឹកនាំ
នឹងក្លាយជាមេដឹកនាំផ្តាច់ការហើយមេដឹកនាំ
ចាប់អារម្មណ៍ទៅនឹងសេចក្តីសម្រេចចិត្តរបស់តុលាការ ដែមានលក្ខណៈអយុត្តិធម៌កាត់ផ្តាច់ពីមនុស្ស
ដោយប្រើមធ្យោបាយដាក់ទណ្ឌកម្មយ៉ាងកាចសហាវ នៅពេលនេះ គេបានឈរនៅលើផ្លូវ
នៃមេដឹកនាំរដ្ឋដែលមិនមែនជាតំណាងរបស់ប្រជាជនទេ គឺជាមេដឹកនាំផ្តាច់ការ ។
កម្មវិធីមួយរបស់មេដឹកនាំផ្តាច់ការ គឺការទាក់អារម្មណ៍ របស់ប្រជាជន
ដើម្បីធ្វើសង្រ្គាមដើម្បីឲ្យប្រជាជនមានអារម្មណ៍ត្រូវគ្នា ជាមួយមេដឹកនាំជានិច្ច
។ ដើម្បី ការពារអំណាច មេដឹកនាំផ្តាច់ការ ត្រូវការតាមដានសកម្មភាពអ្នកណា ដែលក្លាហាន
មានទឹកចិត្ត ទូលំទូលាយប្រកបដោយវិចារណញ្ញាណ និងប្រាជ្ញាឈ្លាសវៃ ។
ភាពរឹងមាំរបស់អំណាចផ្តាច់ការ គឺធ្វើយ៉ាងណាដើម្បីបោលសំអាតពួកនេះចេញ
ពីជួររដ្ឋាភិបាល ។ មធ្យោបាយ របស់មេដឹកនាំផ្តាច់ការ នៅពេលដែលគេធ្វើអំពើកាចសាហាវ ទៅលើប្រជាជន កាន់តែខ្លាំងនោះ
គេកាន់តែត្រូវការអ្នកការពារខ្លួនរបស់គេកាន់តែច្រើនថែមទៀត ។
ដូច្នេះ ប្រជាជនដែលមានសេរីភាព ត្រូវធ្លាក់ចូលទៅក្នុងស្ថានភាព នូវអំណាចផ្តាច់ការសេរី
របស់ពួកគេត្រូវបាត់បង់ទៅក្នុងរបបផ្តាច់ការ សេរីភាព
ត្រូវបានប្រែក្លាយទៅជា ទាសភាពយ៉ាងធ្ងន់ធ្ងរ និងជូរចត់ជាទីបំផុត
ក្នុងភាពជាទាសករ។បើនិយាយពីគុណសម្បត្តិរបស់មេដឹកនាំផ្តាច់ការខ្សោយបំផុត ផ្លាតូ បានបង្ហាញថា
ទោះបីគេមានទំនាក់ទំនង ជាមួយអ្នកណាក៏ដោយ ក៏គេតែងតែចង់ទាមទារឲ្យអ្នកនោះ
ក្លាយជាទាសកររបស់គេ ។ មេដឹកនាំផ្តាច់ការប្រៀបដូចជាអំណាចគ្មានច្បាប់
របស់មនុស្សម្នាក់ សម្រាប់ប្រជាជនទាំងអស់ នៅក្នុងសង្គម ហើយផលប្រយោជន៍របស់ពួកគេ
បានកំណត់ខ្ពស់ជាងផលប្រយោជន៍ របស់ប្រជាពលរដ្ឋទាំងអស់ ។ ផ្លាតូ បានបង្ហាញទៀតថា «របបផ្តាច់ការ
គឺជារបប កាចសាហាវជាទីបំផុតពីព្រោះ៖
ផ្លាតូ(ខាងឆ្វង) និងអារីស្តូត(ខាងស្តាំ) |
ទី១ ប្រជាពលរដ្ឋ
នៅក្នុងរបបនេះ មិនមែនចាប់ផ្តើមគោរពឱនលំទោន ចំពោះ មនោគមន៍វិជ្ជានោះទេ
ចំពោះមនុស្សម្នាក់។
ទី២ ចំណុចសំខាន់ សម្រាប់រដ្ឋ
ត្រូវអាស្រ័យ នឹងមនោគមន៍វិជ្ជា របស់ខ្លួន ។ ផលប្រយោជន៍រដ្ឋ ត្រូវតែមានតំលៃ ខ្ពស់ជាងផលប្រយោជន៍ របស់បុគ្គល
ឬផលប្រយោជន៍ ពលរដ្ឋក្នុងសង្គម ។ មេអំណាចផ្តាច់ការ និងផលប្រយោជន៍ឯកជន
របស់ខ្លួនតែងតែត្រូវបានកំណត់ថា ជាផលប្រយោជន៍ របស់ប្រជាជនទូទៅ ហើយគោលបំណង របស់រដ្ឋបានត្រូវគេយកមកប្រើជាគោលបំណង របស់ប្រជាជន» ៕