ជីវប្រវត្តិរបស់ Thomas Hobbes
Thomas
Hobbes កើតនៅថ្ងៃទី ៥ ខែមេសា ឆ្នាំ ១៥៨៨
ក្នុងតំបន់ Westport សព្វថ្ងៃ គឺជាផ្នែកមួយ នៃ ទីក្រុង Malmesbury នៅក្នុងខេត្រ Wiltshire នៃប្រទេសអង់គ្លេស ។ ហើយបានទទួលមរណកាលនៅ
ថ្ងៃទី ៤ ខែធ្នូរ ឆ្នាំ ១៦៧៩ ក្នុងខេត្ត Derbyshire នៃប្រទេសអង់គ្លេស ក្នុងជន្មាយុ ៩១ ឆ្នាំ ។
គាត់ជាទស្សនវិទូ និងជាអ្នកទ្រឹស្តីនយោបាយ ជនជាតិអង់គ្លេស ។ Thomas
Hobbes កើតមកមិនគ្រប់ខែទេ ពីម្តាយដែលមានភាពភ័យខ្លាច
នៅពេលដែលកងនាវាចរ Armada របស់ស្តចអេស្ប៉ាញ ឈ្មោះហ្វីលីបទី ២ ប្រឆាំង
នឹងប្រទេសអង់គ្លេស ដើម្បីទម្លាក់រាជ្យអេលិស្សាបែតទី ១ នៅឆ្នាំ ១៥៨៨ ។ ទោះបីជាសង្រ្គាមនោះ
ត្រូវចាញ់ល្បិចកលរបស់អង់គ្លេសក៏ដោយ ក៏ភាពភ័យខ្លាចនៅជាប់នឹង Thomas Hobbes ជានិច្ច ។ លើសពីនេះទៅទៀត គាត់ធ្លាប់បានឃើញការកាប់សម្លាប់មនុស្ស
នៅប្រទេសអង់គ្លេស ក៏ដូចជានៅប្រទេសបារាំង ដែលគាត់ធ្លាប់រស់នៅ
ហើយគាត់តែងតែគេចវេសរត់ទៅជ្រកការពារខ្លួន ចៀសចេញឲ្យឆ្ងាយពីអ្នកកាន់អំណាច ។
ពេលខ្លះគាត់និយាយកំប្លែងថា «គាត់កើតមក នាំភាពភ័យខ្លាចមកជាមួយ» ៕
ទស្សនៈទូទៅរបស់ Thomas Hobbes
Thomas
Hobbes ចង់ផ្តល់ឲ្យមនុស្សនូវសន្តិភាព ។
សេចក្តីបា្រថ្នាតែមួយគត់របស់គាត់ គឺការចង់បានការធានា ឲ្យមានភាពសុខសាន្ត
និងការរួបរួមគ្នាតែមួយ ។ ប៉ុន្តែមិនមានលទ្ធភាពណាមួយ
ដែលអាចផ្តល់នូវសន្តិភាពនេះបានទេ ដរាបណា នៅមានការប្រឆាំងតទល់គ្នា រវាងនយោបាយ
និងសាសនានោះ ។ នាឆ្នាំ ១៦៥០ ក្នុងប្រទេសអង់គ្លេស
មានបដិវត្តិន៍គហបតីមួយផ្ទុះឡើង គឺជាការរួបរួមគ្នាតស៊ូរបស់ពួកនាយទុន
និងពួកអភិជនថ្មី ក្នុងគោលបំណងប្រឆាំង នឹងរាជានិយមផ្តាច់ការ
គឺប្រឆាំងនឹងទ្រឹស្តីថា «អំណាចរដ្ឋកើតចេញពីអាទិទេព» ។ ដោយឈរលើទស្សនរូបធាតុនិយម ហើយបូកផ្សំ នឹងបទពិសោធន៍ នាសម័យសង្រ្គាមនោះ
បានធ្វើឲ្យ Thomas
Hobbes ក្លាយជាមនុស្សដ៏សំខាន់
នៅក្នុងបដិវត្តិន៍គហបតី ។ ដោយឃើញនូវអំពើហឹង្សា និងទំនាស់ឥតឈប់ឈរ ក្នុងរវាងពួកគហបតី និងអភិជនថ្មី Thomas Hobbes បានប្រឹងប្រែងរកច្រកចេញ
ឲ្យផុតពីការភ័យខ្លាចរបស់គាត់ ដោយដាក់បុគ្គលរបស់ខ្លួន
ឲ្យស្ថិនក្រោមការគាំពារ នៃរបបផ្តាច់ការនិយម ដោយប្រគល់អំណាចទាំងអស់ដល់ព្រះមហាក្សត្រ
ព្រោះមានតែព្រះមហាក្សត្រទេ ដែលធានាបាន ឲ្យមានសន្តិសុខ និងភាពសុខសាន្ត ។ គំនិតនេះ
ឃើញមាននៅក្នុងស្នាដៃទីមួយរបស់គាត់ឈ្មោះ « The
Element of Law » សៀវភៅនេះ បោះពុម្ព នៅក្នុងឆ្នាំ ១៦៥០ ។
ការភ័យខ្លាច ជាកម្លាំងចលករ ជុំរុញឲ្យ Thomas Hobbes ក្លាយទៅជាអ្នករដ្ឋនិយម ដ៏ស្មោះត្រង់ម្នាក់ ។ជំរកសង្រ្គោះជីវិតគាត់ឲ្យមានភាពសុខសាន្ត ត្រូវបានប្តូរ
ជាមួយនឹងតួនាទីបុគ្គលខ្លួនឯងទាំងអស់ ប៉ុន្តែការចុះចាញ់នេះ មិនបានធ្វើឲ្យមូលដ្ឋានគំនិតរបស់គាត់ផ្លាស់ប្តូរទេ
។ Thomas Hobbes ក៏មិនខុសពីអ្នកនិពន្ធដទៃទៀត
របស់សាលាច្បាប់ជាតិ និងសាលាច្បាប់អន្តរជាតិដែរ
គឺគាត់ខិតខំស្រាវជ្រាវរកឃើញមូលដ្ឋានគ្រឹះ របស់អំណាច និងល័ក្ខណ្ឌរបស់វា តាមការវិភាគ
រកមូលហេតុដែលនាំឲ្យមនុស្សសុខចិត្ត សុខកាយ ហើយមកផ្តុំគ្នារួមរស់ជាមួយគ្នា ក្នុងសង្គម
ដោយការធ្វើកិច្ចសន្យាសង្គម (Social Contract) ។ Thomas
Hobbes យល់ឃើញថា «ជំរៅធម្មជាតិរបស់មនុស្ស
គឺអត្តទត្ថភាព អាត្មានិយម មិនមានការចង់រស់នៅ ជាមួយអ្នកដទៃឡើយ ។ កាលណា មនុស្សរត់ទៅរកកន្លែងថ្មី
ដើម្បីរស់នៅក្នុងសង្គម គឺមិនមែនដោយសារ គេចង់បានការរីកចម្រើនលូតលាស់
របស់សង្គមនោះទេ តែគឺដើម្បីផលប្រយោជន៍ផ្ទាស់ខ្លួនតែប៉ុណ្ណោះ» ។ សង្គម កើតឡើងពីការខ្លាច រវាងមនុស្ស
និងមនុស្សមិនមែនដោយសារការស្វាគមន៍ រកគ្នាទៅវិញទៅមកនោះទេ ។ សភាពធម្មជាតិ
ដែលមនុស្សរស់នៅ មុននឹងមកចុះចូលរស់នៅជាមួយគ្នានេះ ជាសភាពមួយប្រកបដោយគ្រោះថ្នាក់
និងការវិនាស ។ បានន័យថា «មនុស្ស ជាឆ្កែចចកសម្រាប់មនុស្សគ្នាឯង» គឺថាមនុស្ស
នៅក្នុងសភាពធម្មជាតិ តែងច្បាំងគ្នា ប្រឆាំងគ្នា ប្រណាំងគ្នា ឈ្លោះគ្នាឯង
ជានិច្ច និងប្រឆាំងអ្នកដទៃ នៅក្នុងក្រុមផ្សេងៗ ទៀតផងដែរ ដោយសារមនុស្ស
មានសិទ្ធិស្មើគ្នា ចំពោះអ្វីដែលមាន ពួកគេ ក៏ដណ្តើមគ្នាយកនូវអ្វីនោះ គេមានគំនិត
បំផ្លិចបំផ្លាញគ្នាទៅវិញទៅមក ។ គេទាំងអស់គ្នារៀងៗខ្លួន ជាប្រភពនៃគ្រោះថ្នាក់
និងការភ័យខ្លាច ។ នៅក្នុងសភាពធម្មជាតិ មានតែសង្រ្គាមជាអចិន្រ្តៃយ៍
មានតែអសន្តិសុខ ដែលមនុស្សខ្សោយ តែងតែជាអ្នករងគ្រោះ របស់អ្នកខ្លាំងជាងខ្លួន
ឬរបស់អ្នកដែលមានល្បិចជាងខ្លួន។ ច្បាប់ធម្មជាតិ ក្នុងគោលការណ៍របស់វា មានលក្ខណៈ
ជាអត្តទត្ថភាព ប៉ុន្តែ នៅក្នុងសភាពធម្មជាតិ បញ្ហារបស់ច្បាប់ធម្មជាតិ
មិនមែនជាកាតព្វកិច្ច ត្រូវគោរព្ធទេ ។ ល្គិកណា គេមិនប្រាកថា
អ្នកដទៃបានបំពេញកិច្ចសន្យា របស់គេហើយ យើងធ្វើតែយើងនោះ
ប្រាកដជាគ្មានបានប្រយោជន៍អ្វីឡើយ ។ ផលប្រយោជន៍តែមួយគត់
គឺត្រូវចេញពីសភាពធម្មជាតិ ដើម្បីមករស់នៅក្នុងសង្គមវិញ ។
Thomas Hobbes បានបង្ហាញ នូវទិដ្ឋភាពអនាធិបតេយ្យ មហន្តរាយសង្គម មុនពេលកកើតរដ្ឋ នៅពេលនោះ មនុស្ស បានធ្វើសង្រ្គាមកាប់ចាក់ ឥតឈប់ឈរ គឺជាសង្គ្រាមទាំងអស់គ្នា ប្រឆាំងទាំងអស់គ្នា ។ ប៉ុន្តែមនុស្ស មានវិចារញ្ញាណ ហើយទទួលស្គាល់ នូវភាពមិនរឹងមាំ ក្នុងការរស់នៅរបស់ពួកគេ ទីបំផុត គេក៏បានរកឃើញ នូវមធ្យោបាយ ដើម្បីរំដោះខ្លួនគេ ឲ្យចេញពីមហន្តរាយរបស់មនុស្ស ហើយមករួបរួមផ្តុំគ្នា ជាចំនួនច្រើនឥតគណនា ដើម្បីបង្កើតសម្ព័ន្ធភាពមួយ សម្រាប់ធានាប្រឆាំង នឹងអសន្តិសុខ ដែលតែងតែយាយី កាលគេរស់នៅក្នុងសភាពធម្មជាតិ ។ ការរួបរួមនេះ បង្កើតបានជារដ្ឋ ដូច្នេះ គឺនៅពេលដែលមនុស្សបោះបង់ចោលការរស់នៅក្នុងសភាពធម្មជាតិ ទើបកើតមានឡើង នូវសង្គមមួយ មានច្បាប់ទម្លាប់ គឺរដ្ឋ ដែលបានបង្កើតឲ្យមានអ្វីជារបស់ខ្ញុំ អ្វីជារបស់អ្នក ហើយបង្ខំឲ្យមានការគោរពកម្មសិទ្ធិអ្នកដទៃ ។
Thomas Hobbes បានពុះពារ ដើម្បីឲ្យការសិក្សា មានលក្ខណៈវិទ្យាសាស្រ្ត ។ មូលដ្ឋាន នៃការសិក្សារបស់ Thomas Hobbes គឺការសិក្សាអំពីធម្មជាតិ និងតណ្ហារបស់មនុស្ស ដែលជាប្រភពនៃកំណើតច្បាប់ និងរដ្ឋ ។ តណ្ហា និងធម្មជាតិរបស់មនុស្ស ស្តែងឡើងក្នុងរូបភាពជាការប្រកួតប្រជែងគ្នា ការមិនទុកចិត្តគ្នា និងមហិច្ឆិតា ។ តណ្ហាទាំងនេះហើយ ដែលធ្វើឲ្យមនុស្ស ជាសត្រូវនឹងគ្នា ។ លោកមើលឃើញមនុស្សប្រខាំគ្នាឯង ដូចសត្វឆ្កែចចក ។ ហេតុនេះហើយ ទើបនៅក្នុងស្ថានភាពបែបធម្មជាតិ បើទីណាមួយ អវត្តមានអំណាច ដែលជាអ្នកឃាត់ឃាំងមនុស្សឲ្យផុតពីតណ្ហានោះ មនុស្សទាំងអស់នឹងស្ថិតនៅក្នុងស្ថានភាពជា «សង្រ្គាមទាំងអស់ ប្រឆាំងទាំងអស់» ។ សង្រ្គាមទាំងអស់ ប្រឆាំងទាំងអស់ នឹងនាំទៅរកក្តីវិនាស ព្រោះវាជាសង្រ្គាមឥតព្រំដែន ហើយមិនអាចបញ្ចប់បានឡើយ ។ មនុស្សទាំងអស់ នៅក្នុងសង្គម បានយល់ព្រមទាំងអស់គ្នា លើដំណោះស្រាយណាមួយ ដោយផ្តល់ជាមតិឯកភាព យកសម្លងភាគច្រើន ឬដោយការចុះកិច្ចសន្យានឹងគ្នា ។ ប្រជាជនទាំងអស់ បានឯកភាពគ្នា ប្រគល់នូវអ្វីដែលជាសទ្ធិរបស់ពួកគេ ពីធម្មជាតិទៅឲ្យព្រះមហាក្សត្រ ដោយទាមទារមកវិញ នូវច្បាប់ដែលជាអ្នកកំណត់ នូវសទ្ធិសេរីភាពរបស់ពួកគេ ។
រដ្ឋ កើតឡើង ដើម្បីធ្វើឲ្យមានសន្តិភាព ដូច្នេះមនុស្សនៅក្នុងរដ្ឋ ត្រូវលះបង់សិទ្ធិឥតព្រំដែន របស់ខ្លួនដែលមានជាប់ ជាមួយនឹងសភាពធម្មជាតិទាំងអស់ ឬមួយផ្នែក ដើម្បីប្តូរយកអ្វីផ្សេងទៀត ។ មនុស្ស សម្រេចបញ្ចប់ភាពអសន្តិសុខ ដែលមាននៅក្នុងសភាពធម្មជាតិ ដោយចុះកិច្ចសន្យាជាមួយគ្នា ពីព្រោះជាមធ្យោបាយតែមួយគត់ ដែលអាចរក្សាសន្តិភាពបាន ប៉ុន្តែរដ្ឋអាចកើតឡើងបាន ទាល់តែមានការរួបរូមគ្នាមួយ មិនមែនមានត្រឹមតែការព្រមព្រៀងគ្នាមួយទេ ។ មនុស្ស ត្រូវឈប់រស់នៅជាបុគ្គលរៀងៗ ខ្លួន ឯករាជ្យដោយឡែក ដោយបង្កើតឲ្យមានឆន្ទៈតែមួយ ។ ដូច្នេះ មនុស្សត្រូវលះបង់ឆន្ទៈ និងសិទ្ធិរបស់គេ ដែលមាននៅក្នុងដៃ ។អំណាចទាំងអស់ ត្រូវប្រគល់ទៅឲ្យរដ្ឋ ដោយព្រមលះបង់ មិនប្រឆាំងមិនប្រែក្រឡាស់សម្តី ចំពោះអ្វីដែលគេបានផ្ទេរទៅឲ្យបុគ្គលម្នាក់ៗ ឬច្រើននាក់ ដែលនឹងត្រូវដឹកនាំគ្រប់គ្រងពួកគេ ។ ការលះបង់នេះ មិនមានការស្តាយក្រោយទេ ។ នោះជាលក្ខខណ្ឌសំខាន់ សម្រាប់បង្កបង្កើតអធិបតេយ្យ ។ Thomas Hobbes យល់ថា «រដ្ឋ គឺសង្គមសិប្បនិមិត្ត» ក្នុងគុណភាពជារបស់មនុស្ស តែមិនមែនជារបស់អាទិទេពឡើយ ។ រដ្ឋ កើតឡើងដោយឈរលើមូលដ្ឋាន នៃការព្រមព្រៀងសង្គម ដែលមានអត្ថិភាព ចាប់ពីស្ថានភាពធម្មជាតិដំបូង របស់មនុស្សម្ល៉ះ គឺចាប់តាំងពីពេលដែលមនុស្សរស់នៅជាមួយគ្នាហើយ គ្មាននរណា ស្តាប់នរណាពិសេស គឺក្នុងស្ថានភាពសង្រ្គាមទាំងអស់ ប្រឆាំងទាំងអស់ ។ លោកយល់ថា «រដ្ឋ ប្រៀបបានទៅនឹងបុគ្គលរួមមួយ ដែលទទួលខុសត្រូវ ស្ថានភាពរបស់ខ្លួន និងត្រូវបានបង្កើតឡើង ដោយមានការឯកភាពគ្នា រវាងមនុស្ស និងមនុស្ស ក្នុងសង្គម ។ បុគ្គលក្នុងរដ្ឋនេះ អាចប្រើប្រាស់កម្លាំង និងមធ្យោបាយនានា ដើម្បីការពារសុវត្ថិភាពសង្គមជារួម»៕
ការបកស្រាយអំពីកិច្ចសន្យា
ចំពោះ Thomas Hobbes កិច្ចសន្យា ដែលមនុស្សព្រមព្រៀងគ្នាចុះនោះ ជាកិច្ចសន្យា រវាងមនុស្ស និងមនុស្សគ្នាឯង មិនមែនជាកិច្ចសន្យាដែលសមាគមន៍ថ្មី ធ្វើជាមួយអ្នក ដែលខ្លួនបានប្រគល់អំណាចទាំងអស់ ឲ្យទៅនោះទេ ។ ដូច្នេះ កិច្ចសន្យាដែល Thomas Hobbes បាននិយាយនេះ ជាកិច្ចសន្យារបស់សមាគមន៍ របស់បុគ្គលទាំងអស់ ដែលធ្វើការសម្រេចរួមរស់ជាមួយគ្នា ដើម្បីឲ្យឆន្ទៈរបស់ពួកគេម្នាក់ៗ ក្លាយជាឆន្ទៈតែមួយ ។ កិច្ចសន្យានេះ ជាកិច្ចសន្យាចំណុះ ពោលគឺបុគ្គលជាសមាជិក របស់សមាគមន៍ ចេះស្តាប់បង្គាប់ មិនរឹងរូស ។ វាជាកិច្ចសន្យាមួយ ដែលបុគ្គលលះបង់សិទ្ធិរបស់ខ្លួនទាំងអស់ ដើម្បីប្តូរយកសន្តិសុខផ្ទាល់ខ្លួន និងការពារទ្រព្យសម្បត្តិរបស់ពួកគេ ។ តាមរយៈនៃកិច្ចសន្យានេះ បុគ្គលទាំងអស់ ត្រូវលះបង់សិទ្ធិរបស់ខ្លួន ដើម្បីអ្នកដែលកាន់អធិបតេយ្យ ទោះបីជាអ្នកនោះ ជាព្រះមហាក្សត្រក្តី ឬជាអ្នកណាមួយក្តី ។ អត្ថន័យ នៃកិច្ចសន្យារបស់ Thomas Hobbes គឺជាការផ្ទេរសិទ្ធិពិតៗ របស់បុគ្គល ឲ្យទៅអ្នកកាន់អធិបតេយ្យ មិនមែនជាការបែងចែកសិទ្ធិទេ ហើយអ្នកកាន់អធិបតេយ្យ ស្ថិតនៅក្រៅកិច្ចសន្យា ។ គេគ្មានបានចុះហត្ថលេខា ជាមួយនរណាទាំងអស់ គេគ្មានបានជាប់នឹងកាតព្វកិច្ចណាមួយឡើយ ។ ចំណុចនេះហើយ ដែលគេអាចនិយាយបានថា Hobbes បានទទួលជោគជ័យក្នុងការបង្កើតអធិបតេយ្យមួយផ្តាច់មុខ ដែលអំណាច មិនអាចចែកបានតាមរយៈកិច្ចសន្យានេះ ។ កិច្ចសន្យានេះ មិនមែនជាការកំណត់ព្រំដែន ទៅលើអំណាចផ្តាច់ការទេ តែវាជាគ្រឹះរបស់អំណាចផ្តាច់ការទៅវិញ ។ កិច្ចនស្យានេះ ប្រែជាមិនបានការអ្វីទាំងអស់ បើវាគ្មានបង្កើត ឲ្យមានអំណាចដែលបង្ខិតបង្ខំមួយទេនោះ ។
សារៈសំខាន់របស់កិច្ចសន្យាសង្គម (Social Contract) នេះ គឺការបង្រួមពហុភាព (ហ្វូងមនុស្ស) ឲ្យមកជាឯកភាពតែមួយ ។ Thomas Hobbes បានឲ្យឈ្មោះរដ្ឋរបស់គាត់ថា «Leviathan» ។ Leviathan គឺជាសត្វចំឡែកមួយ ដែលដកស្រង់ចេញពីគម្ពីរបីប (Bible) ដែលនៅលើខ្លួនរបស់វា មានហ្វូងមនុស្សតូចៗ ជាប់ស្អិត ។សត្វចំឡែកនេះ មានកាន់ដំបង និងដាវនៅក្នុងដៃ ដែលជាតំណាងឲ្យអំណាចទាំងពីរ គឺអំណាចសាសនាចក្រ និងអំណាចអាណាចក្រ ។
រដ្ឋប្រៀបបាននឹងសមាសភាពផ្សំខាងក្រោមនេះគឺ
-អំណាចកំពូលរបស់រដ្ឋ ស្មើនឹងព្រលឹងរបស់រដ្ឋ ។
-ចៅក្រម និងមន្រ្តីផ្លូវការ ស្មើនឹងសន្លាក់តភ្ជាប់ឆ្អឹង ។
-ទីប្រឹក្សា ស្មើនឹងការចងចាំ ។
-ច្បាប់ ស្មើនឹងសតិបញ្ញា និងឆន្ទៈ ។
-ពលរដ្ឋ ស្មើនឹងកម្លាំង ។
-សុវត្ថិភាពរបស់ប្រជាជន ស្មើនឹងពាណិជ្ជកម្មអាជីព ។
-សន្តិភាពពលរដ្ឋ ស្មើនឹងសុខភាព ។
-ការលំបាក ស្មើនឹងជំងឺ ។
-សង្រ្គាមស៊ីវិល ស្មើនឹងសេចក្តីស្លាប់ ។
ទស្សនៈរបស់ Thomas Hobbes ចំពោះរាជានិយម
រដ្ឋ ដែលកើតឡើង ដោយការរលាយបញ្ចូលគ្នានៃបុគ្គល នោះជារដ្ឋ ដែលកាន់កាប់អធិបតេយ្យផ្តាច់ការមួយ ។ អធិបតេយ្យផ្តាច់ការនេះ ស្របគ្នានឹងរាជាធិបតេយ្យផ្តាច់ការ ។ ចំពោះរបបរាជាធិបតេយ្យផ្តាច់ការនេះ ដែល Thomas Hobbes ចូលចិត្តជាងរបបដទៃនោះ ជារបបដែលអាចរក្សាសន្តិភាពបាន ហើយដើម្បីរក្សាសន្តិភាពនេះ បានចាំបាច់ត្រូវឲ្យព្រះមហាក្សត្រ មានអំណាចពេញលេញ ។ ព្រះមហាក្សត្រ មិនស្ថិតនៅក្រោមច្បាប់ណាផេ្សងទៀត ទោះជាច្បាប់ធម្មជាតិក្តី ឬជាច្បាប់សាសនាក្តី ។ ដោយហេតុនេះ ប្រជារាស្រ្ត មិនមានសទ្ធិជំទាស់ និងអំណាចព្រះមហាក្សត្របានទេ ហើយកាលណា គេបានប្រតិបត្តិត្រឹមត្រូវ តាមបញ្ជារបស់ព្រះមហាក្សត្រហើយនោះ គឺគេគ្មានបានប្រព្រឹត្តកំហុសណាមួយឡើយ ។ បើព្រះរាជា មិនអាចការពារសន្តិភាពបាន នោះប្រជារាស្រ្ត នឹងប្រឆាំងចំពោះស្តេច ជាមិនខាន ។ តាមទស្សនៈរបស់ Thomas Hobbes រដ្ឋ និងសង្គមជាធាតុពីរផ្សេងគ្នា គឺរដ្ឋ គ្រប់គ្រងពីលើសង្គម និងបុគ្គល ។ រដ្ឋខ្លាំង គឺជាមធ្យោបាយមួយ ដើម្បីបោសសំអាតភាព មិនគ្រប់គ្រាន់ចេញពីមនុស្ស ។ គាត់យល់ឃើញថា នៅក្នុងច្បាប់ ក៏ដូចជានៅក្នុងរដ្ឋ មិនត្រូវឲ្យមានលក្ខណៈសីលធម៌អ្វីឡើយ ។ឧទាហរណ៍៖ មានតែច្បាប់រដ្ឋប្បវេណីទេ ដែលអាចកំណត់ពីកំហុស ឬគ្មានកំហុស ។ ដូច្នេះ កាតផិតក្បត់ មិនមែនជាកំហុសទេ ពីព្រោះវាជាអំពើរំលោភខាងផ្នែកសីលធម៌តែប៉ុណ្ណោះ ប៉ុន្តែដោយអំណាចហាមឃាត់ មិនឲ្យមានទំនាក់ទំនងបែបនេះ ទើបច្បាប់រដ្ឋប្បវេណី ហាមមិនឲ្យមានដូច្នេះដែរ ។ លោកយល់ថា «អំណាចរដ្ឋ ត្រូវតែផ្តាច់ការ និងមានអធិបតេយ្យភាព ។ អ្វីដែលជាកម្មសិទ្ធិរបស់រដ្ឋ គឺសិទ្ធិបង្កើតច្បាប់ សិទ្ធិត្រួតពិនិត្យច្បាប់ សិទ្ធិទាមទារពន្ធដារ សិទ្ធិតែងតាំងមន្រ្តីរាជការ និងចៅក្រម» ។ ប្រមុខរដ្ឋ ត្រូវកំណត់យកសាសនា ដែលត្រូវដើរតាម និងសាសនាដែលមិនត្រូវដើរតាម គឺត្រូវយកសាសនាណា ជាសាសនារបស់រដ្ឋ ។ Thomas Hobbes ចាត់ទុកព្រះមហាក្សត្រ ជាមេសាសនាផង ជាអាទិទេពផង ។ ព្រះមហាក្សត្រ ជាអ្នកកាន់អំណាចទាំងពីរ ។ អំណាចសាសនា មិនអាចជាគូប្រឆាំង នឹងអំណាចព្រះមហាក្សត្យបានឡើយ ។ ការគោរពព្រះមហាក្សត្រ មិនមែនជាកាតព្វកិច្ចទេ តែជាកាតព្វកិច្ចខាងនយោបាយ ។ សាសនា ជាជំនឿ មិនមែនជាកាតព្វកិច្ចខាងសាសនាទេ តែជាកាតព្វកិច្ចខាងនយោបាយ ។ សាសនា ជាជំនឿ មិនមែនជាវិទ្យាសាស្រ្តទេ ហើយជំនឿ ក៏គ្មានការទាក់ទងនឹងនយោបាយដែរ ។លោកយល់ថា រាជានិយម ជាទំរង់រដ្ឋដែលប្រសើរជាងគេបំផុត ប៉ុន្តែលោកមិនបានទទួលស្គាល់នូវអត្ថិភាពនៃអំណាចឋានសួគ៌របស់ព្រះមហាក្សត្រឡើយ ។ លោកញ្ជាក់បន្ថែមថា «ប្រភពដើមនៃអំណាច របស់ព្រះមហាក្សត្រ គឺកិច្ចសន្យាសង្គម ដែលមហាជនប្រគល់ជូន» ៕
ការវិភាគទៅលើទម្រង់ដឹកនាំ
ក្នុងករណី មិនទាន់មានទម្រង់ដឹកនាំច្បាស់លាស់ លោកចាត់ទុកថា ទម្រង់រដ្ឋណាមួយក៏ដោយ ឲ្យតែអាចមានអត្ថិភាព និងអាចឈរជើងជាប់ នៅក្នុងសង្គមណាមួយនោះបាន គឺសុទ្ធតែជាទម្រង់ដ៏ល្អទាំងអស់ ។ នេះបានន័យថា ឲ្យតែមានការគាំទ្រពីសំណាក់មហាជន ទោះជាមហាជន ជាមនុស្សប្រភេទណាក៏ដោយ ។ ចំពោះទស្សនទាន ស្តីពីអំណាចរបស់ Thomas Hobbes គាត់យល់ថា «ច្បាប់ក្តី រដ្ឋក្តី សុទ្ធតែកើតឡើង ដោយសារកម្លាំង» ។នៅក្នុងសភាពធម្មជាតិ ការខ្លាចជាមូលហេតុ ធ្វើឲ្យបាត់សណ្តាប់ធ្នាប់ តែនៅក្នុងសភាពនយោបាយ គឺពេលដែលមនុស្សមកនៅក្នុងសង្គម ការខ្លាច ជាមូលហេតុ ធ្វើឲ្យមានសណ្តាប់ធ្នាប់ទៅវិញ ។ លក្ខណៈបស់រដ្ឋ គឺត្រូវធ្វើឲ្យគេខ្លាច ហើយក្នុងការកាន់កាប់រដ្ឋ ត្រូវមានកម្លាំងបង្ខំ ឬឧបករណ៍អំណាច ។ បេសកកម្មទាំងពីរ របស់រដ្ឋ គឺបេសកកម្មបង្រ្កាបខាងក្នុង និងបេសកកម្មការពារខាងក្រៅ ។ ហេតុនេះហើយ ត្រូវមានកងទ័ពខ្លាំង និងអចិន្រ្តៃយ៍ ។
រដ្ឋផ្តាច់ការ គឺមិនមែនរដ្ឋ
ដែលអំណាចព្រះមហាក្សត្រ មានលក្ខណៈផ្តាច់ការនោះទេ តែជារដ្ឋដែលមានអំណាចធំជាងគេ
មិនរណប ជាពិសេសជាមួយ នឹងអំណាចសាសនា ។ ក្នុងទំនាក់ទំនងរវាងពលរដ្ឋ
និងពលរដ្ឋអ្នកដឹកនាំត្រូវតែផ្តល់នូវយុត្តិធម៌ ដល់ពួកគេ ឲ្យបានស្មើៗ គ្នា ។
ជាគោលការណ៍រដ្ឋ មិនត្រូវដកហូតនូវអ្វី ដែលជាកម្មសិទ្ធិរបស់ពលរដ្ឋនោះឡើយ ។
កម្មសិទ្ធិឯកជន គឺជាលក្ខខណ្ឌ នៃការរួមរស់ជាមួយគ្នា ។ កម្មសិទ្ធិឯកជន
គឺជាមធ្យោបាយចាំបាច់ សម្រាប់ឈានទៅរកសន្តិភាព ។ តែកម្មសិទ្ធិទាំងនេះ
មិនអាចគេចផុតពីការទន្រ្ទានពីសំណាក់អ្នកដឹកនាំឡើយ ដូចជាករណីបង់ពន្ធជូនរដ្ឋ
គឺប្រជាជនម្នាក់ៗ ត្រូវតែបំពេញដោយខានពុំបាន ។
សេរីភាព ត្រូវបានលោកយល់ថា ជាសិទ្ធិធ្វើអ្វីៗ គ្រប់យ៉ាង ដែលច្បាប់ មិនហាមឃាត់ ។ លោកអះអាងថា «ទីណា ដែលព្រះមហាក្សត្រ មិនបានសរសេរហាមពីអ្វីមួយនោះ ទីនោះពលរដ្ឋ មានសេរីភាពគ្រប់គ្រាន់ អាចធ្វើអ្វីមួយ ឬមិនធ្វើអ្វីមួយបាន អាស្រ័យដោយការប្រុងប្រយ័ត្នរៀងៗ ខ្លួន ។ សេរីភាពអាចលក់ និងទិញបាន ដោយគ្រាន់តែចុះកិច្ចសន្យា រវាងគ្នានឹងគ្នា ៕