លំនាំដើម
មុនដំបូងខ្ញុំគិតថាសរសេរអំពី “វិធីសរសេរតែងនិពន្ធ” ដោយសង្ខេបប៉ុណ្ណោះ ប៉ុន្តែពេលក្រោយមក អស់លោកជាអ្នកផ្ដួចផ្ដើមគំនិត លោកមានសំណូមពរ សូមឲ្យបន្ថែមសេចក្ដីណែនាំមួយចំនួនទាក់ទងទៅនឹងវេយ្យាករណ៍ផង នោះទើបខ្ញុំក៏ពិចារណាទៅឃើញថា ប្រសិនបើមិនចេះ ឬចេះវេយ្យាករណ៍ស្ទើរៗ សើៗ ញ្រលៗ នោះ ការសរសេរតែងនិពន្ធ ប្រាកដជាមានចំណុចខ្វះខាតច្រើនមិនខាន ។ ដូច្នេះខ្ញុំក៏យល់ស្រប ហើយសម្រេចបញ្ចូលចំណុចសំខាន់ៗ
មួយចំនួននៃចំណេះខាងវេយ្យាករណ៍ខ្មែរ នៅភាគខាងដើមនៃសៀវភៅនេះ ។ ធ្វើដូច្នេះ ដោយចង់រំលឹកអ្នកចង់ចេះសរសេរតែងនិពន្ធទាំងឡាយ មិនឲ្យមើលស្រាលចំណេះខាងវេយ្យាករណ៍ ប្រសិនបើគេចង់សរសេរឲ្យបានល្អ ។ លុះកាលណាអ្នកអាន ឬអ្នកសិក្សាចាប់បាននូវផ្នែកសំខាន់ៗនៃវេយ្យាករណ៍ ធ្វើឲ្យគេទទួលបាននូវពន្លឺ និងគោលការណ៍នៃការតែងនិពន្ធហើយនោះ ទើបខ្ញុំជួយឲ្យអស់លោកទៅជួបនឹងចំណេះដឹងជាសារវន្តទាក់ទងដល់ការសរសេរតែងនិពន្ធ ។ ដើម្បីកុំឲ្យសៀវភៅនេះក្រាស់ពេក ហើយដោយយល់ឃើញថា វេយ្យាករណ៍ខ្មែរនេះ មានរៀមច្បងមួយចំនួនបានសរសេរលម្អិតហើយនោះ ដូច្នេះខ្ញុំគ្រាន់តែសូមជួយរំលឹកតែត្រង់ផ្នែកសំខាន់ខ្លះ ដែលអ្នកសរសេរតែងនិពន្ធត្រូវដឹងដោយខានពុំបាន ។ ឯនៅភាគទី II នេះទៀតសោត ក៏ខ្ញុំពុំបានធ្វើឲ្យមានការលម្អិតពិស្ដារជ្រៅជ្រះប៉ុន្មានទេ ។ សំខាន់គឺគ្រាន់តែលើកមកបង្ហាញត្រួសៗនូវចំណុចចាំបាច់ខ្លះ ដើម្បីផ្ដល់ជូនអ្នកអាន អ្នកសិក្សានូវសញ្ញាណស្តីពីរបៀបសរសេរតែងនិពន្ធ ។ របៀប និងវិធីសរសេរមានច្រើនណាស់... ។ អស់លោកត្រូវខំព្យាយាមអានសៀវភៅគ្រប់ប្រភេទឲ្យបានច្រើនទាំងបុរាណ ទាំងទំនើប ទាំងកំណាព្យកម្រងកែវ និងអត្ថបទសម្រាយធម្មតា...
។ អរគុណដែលបានចាប់អារម្មណ៍ចំពោះមុខវិជ្ជានេះ ។ សូមជូនពរការខិតខំសិក្សាទទួលបានលទ្ធផលល្អ ។
មៀច ប៉ុណ្ណ
ផ្នែកទី ១
អំពីអក្សរ ឬអក្ខរៈ
អក្សរ តាមពាក្យសំស្រ្កឹត មានន័យថា ទន់ភ្លន់ អាចបត់បែនបាន អាចយកទៅច្នៃបាន តាមការផ្សំជាមួយស្រៈ តាមការប្រកបជាមួយនឹងព្យញ្ជនៈមួយទៀត ឬតាមការផ្សំជាមួយជើងអក្សរណាមួយ ។
អក្សរ ឬអក្ខរៈ អាចហៅបានម្យ៉ាងទៀតថា “វណ្ណៈ” មានចែកជាបីក្រុមគឺ ៖
១-ព្យញ្ជនៈ មាន ៣៣ តួ ។
២-ស្រៈពេញតួ ១២ តួ ។
៣-ស្រៈនិស្ស័យពីមុនមាន ២១ តែត្រូវបន្ថែម ៧ ទៀតបានទៅជា ២៨ តួ បើគិតទាំងសំឡេង ។ តែបើគិតតែរូបមាន ២៧ តួ ព្រោះស្រៈ (អ) មាននៅគ្រប់ព្យញ្ជនៈទាំងឃោសៈទាំងអឃោសៈ ។
១-ព្យញ្ជនៈ
ព្យញ្ជនៈទាំង ៣៣ តួ ត្រូវរាប់តាមលំដាប់ពីដើមដល់ចប់៖
កខគឃង ចឆជឈញ ដឋឌឍណ តថទធន បផពភម យរលវ សហឡអ
២-ជើងព្យញ្ជនៈ
ព្យញ្ជនៈប្រៀបបាននឹងមនុស្សដែរ គឺមានសក់ (៊)
មានតួខ្លួន (ក) មានជើង (្ក) ។ រូបនៃជើងព្យញ្ជនៈមានទ្រង់ទ្រាយដូចគ្នានឹងតួអង្គព្យញ្ជនៈដែរ ប៉ុន្តែគ្រាន់តែតូចជាងតួ និងពុំមាន"សក់"ទេ ។ ខាងក្រោមនេះ គឺជើងព្យញ្ជនៈ
(Consonnes souscrites) ។
្ក ្ខ ្គ ្ឃ ្ង , ្ច ្ឆ ្ជ ្ឈ ្ញ , ្ដ ្ឋ ្ឌ ្ឍ ្ណ , ្ត ្ថ ្ទ ្ធ ្ន , ្ប ្ផ ្ព ្ភ ្ម , ្យ ្រ ្ល ្វ ្ស ្ហ ្ឡ ្អ
របៀបសរសេរ ជើងព្យញ្ជនៈ ភ្ជាប់ជាមួយតួព្យញ្ជនៈ ដូចខាងក្រោម ៖
ក្ខខ្ខគ្គឃ្ឃង្ង ច្ចឆ្ឆជ្ជឈ្ឈញ្ញ ដ្តឋ្ឋឌ្ឌឍ្ឍណ្ណ ត្តថ្ថទ្ទធ្ធន្ន ប្បផ្ផព្ពភ្ភម្ម យ្យរ្រល្លវ្វ ស្សហ្ហឡ្ឡអ្អ
៣-ស្រៈពេញតួ
អ្នកប្រាជ្ញជំនាន់មុនចែងថា ស្រៈពេញតួមាន ១៥ តួ ដោយរាប់យក អ អា មកបញ្ចូលផង ។ ប៉ុន្តែអ្នកប្រាជ្ញបច្ចុប្បន្នលោកដកយក “អ” និង “អា” នេះចេញពីប្រព័ន្ធស្រៈពេញតួ ព្រោះលោកយល់ថា “អ” គឺជាព្យញ្ជនៈ ដែលត្រូបរាប់បញ្ចូលទៅក្នុងក្រុមព្យញ្ជនៈ ទាំង៣៣
តួនោះវិញ ។ ឯ “អា” គឺតួព្យញ្ជនៈបំបែក យកតួ “ អ” មកផ្សំជាមួយស្រៈ “ ា ” ដូច្នេះស្រៈពេញតួបច្ចុប្បន្ននេះ មានតែ ១៣តួទេ គឺ ឥ ឦ
ឧ ឩ ឪ ឫ ឬ ឭ ឮ ឯ ឰ ឱ ឳ ។ ចំពោះអស់លោកអ្នកប្រាជ្ញខ្លះទៀតយល់ថា ក្នុងចំណោមស្រៈពេញតួទាំង១៣នេះ ស្រៈ ឩ គេមិនសូវប្រើទេ ដូច្នេះ
គួររាប់យកត្រឹមតែ ១២ តួវិញ ព្រោះសព្វថ្ងៃគេប្រើស្រៈពេញតួ ឩ នេះតែពាក្យ “ព្រះឩរូ” មួយម៉ាត់គត់ ដែលមាននៅក្នុងពាក្យ “ រាជស័ព្ទ ” មានន័យថា “ ភ្លៅស្ដេច ” ។
៤-ស្រៈនិស្ស័យ
គឺតួអក្សរ ដែលជាទីពឹងពាក់អាស្រ័យនៃព្យញ្ជនៈ ។ បើសរសេរតែរូបវាដាច់តែឯងនោះ នឹងពុំមានន័យប្រាកដប្រជាថាយ៉ាងណាៗនោះឡើយ ។ ដូចជាស្រៈ ា
ស្រៈ ៅ មានតែរូប និងសំឡេងផ្សំ តែពុំមានសារៈអ្វីទេ ។ ស្រៈនិស្ស័យមាន ២១ តួ
តាមការកំណត់របស់ក្បួនពីមុននោះគឺ ្
ា ិ ី ឹ ឺ ុ ូ ួ ើ ឿ ៀ េ ែ ៃ ោ ៅ ុំ ំ ាំ ះ ។ ប៉ុន្តែអស់លោកអ្នកអក្សរសាស្រ្តក្រោយមកសន្មតថា មានតែ២០តួវិញ ព្រោះថា ស្រៈ(អ) មានតែសំឡេងតែគ្មានរូប មិនគួរនឹងរាប់បញ្ចូលទេ ។ ស្រៈ(អ)
នេះមានបង្កប់នៅគ្រប់ព្យញ្ជនៈទាំងអស់ ទោះជាឃោសៈក្តី អឃោសៈក្តី ប៉ុន្តែប្រសិនបើគេយកទៅផ្សំជាមួយនឹងព្យញ្ជនៈសំឡេងឃោសៈ គេអានតាមសំឡេងព្យញ្ជនៈ ឃោសៈ គឺសំឡេង(អ៊)
ឧទាហរណ៍ ងា ងិ ងី ញោ ញៅ ទុំ ទាំ ទះ....
។ បើផ្សំជាមួយនឹងព្យញ្ជនៈអឃោសៈ វាមានសំឡេង (អ) ដូចជា កា កី កោ ចូ ចើ ចេ ចែ ចៃ ចោ... ។ ចំពោះស្រៈ ួ ឿ និង ៀ ទោះគេយកទៅផ្សំនឹងព្យញ្ជនៈ ឃោសៈក្តី អឃោសៈក្តី វានៅតែមានសូរសំឡេង “អួ” (អឿ-អៀ)
ដូចគ្នា នេះវាជាករណីលើកលែងសម្រាប់ស្រៈនិស្ស័យរបស់ខ្មែរយើង ។ រីឯស្រៈ៤ទៀតដូចជា ស្រៈ ុះ ិះ ោះ វិញនោះ កាលពីមុនលោកមិនយកមករាប់បញ្ចូលក្នុងស្រៈនិស្ស័យទេ ។ ប៉ុន្តែនៅពេលក្រោយមក ដោយបានពិនិត្យឃើញថា មានពាក្យជាច្រើន ដែលត្រូវការប្រើស្រៈទាំងនេះ នៅក្នុងពាក្យខ្មែរជាចាំបាច់នោះ ទើបលោកអ្នកប្រាជ្ញជាន់ក្រោយ ក៏បានសម្រេចបញ្ចូលបន្ថែមស្រៈទាំង៤នេះ ហើយស្រៈនិស្ស័យក៏បានកើនដល់ (២១-១)+៤ = ២៤ ហើយបើបន្ថែមស្រៈ ឹះ ,ស្រៈ ើះ,
ស្រៈែះ ពីលើស្រៈនិស្ស័យដែលធ្លាប់ឃើញមាននៅក្នុងវចនានុក្រមសម្ដេច ជួន ណាត
ក្ដី ក្នុងអត្ថបទនានាក្ដីទៀតនោះ ស្រៈនិស្ស័យអាចកើនឡើងដល់ ២៦ ឬ ២៧ [1]
។
៥-ការប្រើប្រាស់ជើងអក្សរ
ដោយហេតុថា មានករណីដោយឡែកខ្លះ ដែលពាក់ព័ន្ធទៅនឹងជើងអក្សរព្យញ្ជនៈខ្មែរយើងនោះ ខ្ញុំសូមអនុញ្ញាតជម្រាបថា ៖
ក/ ជើង “ត្ត” និងជើង “ដ្ដ” មានរូបរាងដូចគ្នាអាចច្រឡំ ព្រោះការប្រើប្រាស់កន្លងមក ហាក់ដូចជាច្របូកច្របល់បន្តិច ដូចជាពាក្យ
ស្ដូកស្ដឹង, ផ្តិល(ទឹក), ផ្ដាច់ផ្តិល ។ ប៉ុន្តែអ្នកប្រាជ្ញបានកំណត់ប្រើជើង(ត្ត)
នៅផ្ញើពីក្រោមអក្សរ (ន) វាមានសំឡេងជាជើង(ត្ត)ទាំងអស់ដូចជា ប៉ុន្តែ, កន្តែរ៉ែ, កន្តាំង,
អន្តរាយ, បន្តិចបន្តួច
។ល។ លើកលែងតែពាក្យ ៤ ម៉ាត់ចេញ ដែលជើង (្ត) យកទៅផ្ញើនឹង (ន) ទៅជាមានសំឡេង“ដ”នោះគឺ សន្តោស, សន្តាន,
ចិន្តា, អន្តរធាន
។ ប៉ុន្តែបើជើង (្ត) នៅផ្ញើនៅពីក្រោមតួព្យញ្ជនៈ (ណ) វិញនោះ វាមានសំឡេងជា “ដ” វិញ ដូចជា សណ្តែក,
សណ្ដាន់, កណ្ដៀវ, កណ្ដុរ,
កណ្ដាល, អណ្តូង, អណ្តើក[2] ។ល។
ខ/ ចំពោះជើង “ញ” បើកាលណាត្រូវយកជើង (ញ) ទៅផ្ញើនឹងព្យញ្ជនៈ (ញ) នោះ អក្សរ(ញ)ខាងលើត្រូវកំបុតជើង (ខ្នែង ្ញ)
។ រីឯជើង(ញ)ដែលយកទៅផ្ញើនឹងតួ (ញ) នោះ មានសិទ្ធិអាចរក្សាជើង (
ខ្នែង ញ្ញ) នេះបាន
។ ឧទាហរណ៍ បញ្ញើក្អែក, បញ្ញត្តិ, អនុញ្ញាត, កញ្ញា,
សញ្ញា ។
គ/ ជើង ឡ មិនដែលប្រើទេ
ឃ/ ជើង (្ព) និងជើង (្វ) អាចប្រើចូលគ្នាបាន ដោយយកជើង (្វ) ទៅផ្ញើពីក្រោមព្យញ្ជនៈ (ព) ដូចជា និញ្វន ។
សូមគូសបញ្ជាក់ថា
បុព្វបុរសយើងផ្លាស់ប្តូរ (ពៈ) ជា
(វៈ) គឺប្រើជាមួយគ្នាជំនួសគ្នាបាន ប៉ុន្តែគេមិនអាចយកជើង (ព) ទៅផ្ញើនឹងតួ (វ) ឡើយ ។
៦-អំពីវគ្គ
១-វគ្គ (ក) កខគឃង
២-វគ្គ (ច) ចឆជឈញ
៣-វគ្គ (ដ) ដឋឌឍណ
៤-វគ្គ (ត) តថទធន
៥-វគ្គ (ប) បផពភម
ឯតួអក្សរទាំង៨តួដែលសល់ពីវគ្គទាំង៥ខាងដើមនោះ លោកហៅថា សេសវគ្គ បានដល់ ៖
យ រ ល វ ស ហ ឡ អ ។
៧-សំឡេងព្យញ្ជនៈ
ព្យញ្ជនៈ ៣៣ តួនេះ ចែកចេញសំឡេងជាពីរប្រភេទគឺ អឃោសៈ
បានដល់ព្យញ្ជនៈដែលមានសំឡេងតូចស្រួយ មិនលាន់ឮគឹកកង មានដូចជា កខ ចឆ ដឋណ តថ បផ សហឡអ (១៥ តួ ) ។
ឃោសៈ ៖ ពួកព្យញ្ជនៈដែលមានសំឡេងធំគ្រលរ គឹកកង ដូចជា គឃង ជឈញ ឌឍ ទធន ពភម យរលវ (១៨ តួ)។ ព្យញ្ជនៈសំឡេងឃោសៈ ប្រទាញស្រៈនិស្ស័យ ឲ្យឮសូរគ្រលរគឹកកងដូចវាដែរ ។
៨-ព្យញ្ជនៈប្តូរសំឡេង
ដើម្បីមានពាក្យប្រើប្រាស់គ្រប់គ្រាន់
ទៅតាមពាក្យទាំងប៉ុន្មានក្នុងភាសាខ្មែរយើង បុព្វបុរសយើងបានកែច្នៃ បំប្លែងសំឡេងព្យញ្ជនៈខ្លះៗពីឃោសៈទៅជាសំឡេងអឃោសៈ ដោយយកសញ្ញាមូសិកទន្ត “ ៉
” មកដាក់សម្លាប់ពីលើ ,ឧ. ង៉, ញ៉, ប៉, ម៉, យ៉, រ៉, វ៉ (៧ តួ) ។ រីឯសញ្ញាត្រីសព្ទ (៊)
នេះ លោកយកទៅដាក់ពីលើព្យញ្ជនៈអឃោសៈមួយចំនួនបំប្លែងសំឡេង ឲ្យទៅជាឃោសៈវិញ ដូចជា ៖
ប៊, ស៊, ហ៊, អ៊, ( ៤ តួ ) ។
កំណត់សម្គាល់
អក្សរដែលដាក់សញ្ញាត្រីសព្ទ (៊)
ហើយបើកាលណាមកជួបប្រទះនឹងស្រៈ ិ ី ឹ ឺ ើនោះគេផ្លាស់ត្រីស័ព្ទចេញហើយដាក់ (ុ)
ជំនួសវិញចៀសវាងការទើសទែងដូចជាពាក្យ ស៊ី ហ៊ឺហា ។ ឯពាក្យសម្លាប់ដោយធ្មេញកណ្ដុរ ក៏យក(ុ) មកជំនួសមូសិកទន្តដែរ ដូចពាក្យ ប៉ិន ប៉ិច[3] ។
ករណីពិសេស ក្នុងការសរសេរពាក្យ “ ប៊ិច ” ឈ្មោះ
“ ប៊ិម ” គេមិនអាចអនុវត្តក្បួនខាងដើមនោះបានឡើយ ព្រោះបើយកស្រៈ “ ុ ” មកប្រើតាមក្បួនខាងលើ វាអាចច្រឡំនឹងពាក្យ “ ប៉ិច ” (ប៉ិចពន្លក)
ឬទឹក “ ប៉ិម
” ហៀបនិងហូរចូលទូក ។
៩-ព្យញ្ជនៈផ្ញើជើង
ផ្ញើជើង គឺជាវិធីយកជើងព្យញ្ជនៈមួយ ទៅផ្សំជាមួយនឹងព្យញ្ជនៈមួយទៀត ដើម្បីបង្កើតបានជាសំឡេងផ្សំពីរបញ្ចូលគ្នា ឲ្យលាន់ឮក្នុងព្យាង្គតែមួយ ។ នៅក្នុងភាសាខ្មែរយើង
សម្បូរពាក្យដែលផ្សំសំឡេងពីររួមបញ្ចូលមកតែមួយព្យាង្គ សម្រាប់អាននិយាយចេញមកភ្ជាប់គ្នាដូចជាសំឡេងភ្លោះ ។
ឧទាហរណ៍
ក+្ប = ក្ប មានក្នុងពាក្យ
“ ក្បាល ”
ខ+្ស = ខ្ស មានក្នុងពាក្យ “
ខ្សត់ ”
● របៀបយកជើងទៅផ្ញើ (ផ្សំ) ជាមួយព្យញ្ជនៈ “គោល” គឺព្យញ្ជនៈមានឋានៈជាម្ចាស់មានរបៀបប្លែកគ្នា ៖
ក-យកជើងផ្សំដាក់ពីក្រោមតួព្យញ្ជនៈគោល ៖ ខ្លី, ឆ្មា ។
ខ-យកជើងផ្សំដាក់ពីឆ្វេងតួព្យញ្ជនៈ ៖ ស្រែ ។
គ-យកជើងផ្សំដាក់ពីក្រោមនិងខាងស្តាំ ៖ សង្ឃ, អភិវឌ្ឍ,
សប្បាយ, រក្សា ។
១០-ព្យញ្ជនៈបន្ថែម
ដើម្បីអាចសម្របតម្រូវជាមួយសំណូរម្យ៉ាងតាមបែបសូរសៀងជាភាសាបរទេស ដែលយើងតែងតែខ្ចីយកមកប្រើខ្លះៗ មានភាសាបារាំង អង់គ្លេស.... គេយកតួព្យញ្ជនៈមកផ្សំជាមួយជើងព្យញ្ជនៈ ដូចជាពាក្យ guitare= ហ្គីតារ,
frein ហ្រ្វាំង, café =កាហ្វេ,
George Cœdès= ហ្ស៊ក សេដែស[4]
។ល។
១១-សិថិល និង ធនិត
ក/ សិថិល គឺព្យញ្ជនៈដែលមានសំឡេងស្រាលប្រមូលផ្តុំចេញសំឡេងដាច់តែមួយ ពុំមានខ្យល់ផ្សំពីព្យញ្ជនៈណាផ្សេង ៖ ក គ ច ជ ដ ឌ ត ទ ប ព ។
ខ/ ធនិត រាល់ព្យញ្ជនៈដែលមានគួបផ្សំដោយសំឡេង “ ហ ” មានដូចជា ខ< ក+ហ; ឆ< ច+ហ; ឋ< ដ+ហ; ថ< ត+ហ; ផ< ប+ហ; ឃ < គ+ហ; ឈ < ជ+ហ៊ ; ឍ < ឌ+ហ៊; ធ < ទ+ហ៊; ភ < ព+ហ៊ ។
១២-ព្យញ្ជនៈគូ
នៅក្នុងតួព្យញ្ជនៈទាំង ៣៣ តួ ក្នុងវគ្គនីមួយៗ តែងតែមានព្យញ្ជនៈជាគូនឹងគ្នា ដែលមួយមានសំឡេង អឃោសៈ ហើយមួយទៀតមានសំឡេងឃោសៈ គឺ ៖
ក/ ផ្នែកអឃោសៈ ៖ ក គូនឹង
ខ; ច គូនឹង ឆ; ដ
គូនឹង ឋ;
ត គូនឹង ថ ។
ខ/ ផ្នែកឃោសៈ ៖ គ គូនឹង
ឃ; ជ គូនឹង ឈ; ទ គូនឹង ធ; ព គូនិង ភ
។
ចំពោះព្យញ្ជនៈសេសគូ នៅចុងវគ្គទាំង ៥ មាន ង, ញ, ណ, ន, ម និងព្យញ្ជនៈសេសវគ្គទាំង៨តួ មាន ៖ យ រ ល
វ ស ហ ឡ អ នោះពុំមានគូទេ ។
ផ្នែកទី ២
វណ្ណយុត្តិ (Signe Diacritique)
វណ្ណយុត្តិ គឺជាសញ្ញាទាំងឡាយដែលបង្កើតឡើង ដើម្បីកែប្រែ ផ្តួលសំឡេងព្យញ្ជនៈ ឬពាក្យពេចន៍ខ្លះ ឲ្យសមស្របទៅតាមតម្រូវការប្រើប្រាស់ ក្នុងភាសារបស់យើង ។ មិនតែប៉ុណ្ណោះ សញ្ញាទាំងនេះ ក៏អាចជួយបំប្លែងសំឡេងនៃពាក្យខ្លះ ដែលមានប្រភពមកពីភាសាបាលី ឬសំស្ក្រឹតផងដែរ ។
វណ្ណយុត្តិទាំងឡាយចែកចេញជាពីរពួកគឺ ៖
ក/ វណ្ណយុត្តិដែលបន្ថែមលើព្យញ្ជនៈ ដើម្បីលម្អៀងស័ព្ទឲ្យខ្លីឲ្យមានសូរផ្សេង ឲ្យប្លែកពីសំឡេងដើម
(Signes diacritiques) ។
ខ/
វណ្ណយុត្តិ ដែលប្រើជាមួយនឹងពាក្យ ក្នុងឃ្លាប្រកប ដើម្បីកាត់ឃ្លាជាប្រយោគជាសង្កាត់ ដើម្បីសម្គាល់ន័យសេចក្តីផ្សេងៗ ។ វណ្ណយុត្តិពួកនេះហៅថា “ ខណ្ឌសញ្ញា ”( Signe de ponctuation ) ។
១-មូសិកទន្ត ឬធ្មេញកណ្តុរ “ ៉ ”
ជាសញ្ញាប្រើសម្រាប់សម្លាប់, បំបែរសំឡេងព្យញ្ជនៈ ៧ តួ ដែលមានសំឡេងឃោសៈ ឲ្យទៅជាអឃោសៈ គឺ ង,
ញ, ប, ម, យ, រ, វ,
ឲ្យទៅជាសំឡេងអឃោសៈវិញ ង៉,
ញ៉, ប៉, ម៉, យ៉, រ៉, វ៉, ។ ប្លែកតែតួ “ ប ” មួយ ដែលមានសំឡេងអឃោសៈស្រាប់ ប៉ុន្តែគ្រាន់តែលម្អៀងសូរពី ប ទៅ ប៉ ប៉ុណ្ណោះ ។ អក្សរប្តូរសំឡេងទាំងនេះ ត្រូវបានប្រើក្នុងពាក្យ ង៉ក់ង, ញ៉ែងញ៉ង, ប៉ប៉ាច់ប៉ប៉ោច, ម៉ែឪ, យ៉ាប់យ៉ឺន, រឿងរ៉ាវ, វ៉ូងវ៉ាង ។
● ចំណាំ ៖ កាលណាពាក្យទាំងនេះទៅប្រទះនឹងស្រៈ ិ ី ឹ ឺ ើ ឧទាហរណ៍ ៖ ផ្ទះប៉ិត យាប់យ៉ឺន, ល្បែងចាប៉ឹក...
។ គេត្រូវយកសញ្ញា (ុ) មកជំនួសធ្មេញកណ្តុរ
ដែលដាក់ពីលើ ដើម្បីកុំឲ្យវណ្ណយុត្តិនេះ ទើសទែងគ្នាជាមួយស្រៈខាងលើ ។ ឧទាហរណ៍ ស៊ី ប៉ើង
រឹងប៉ឹង ។
២-ត្រីស័ព្ទ ( ៊)[5]
ជាសញ្ញាសម្រាប់ដាក់លើព្យញ្ជនៈ ៤ តួ ជាអឃោសៈ ប,
ស, ហ, អ,
ឲ្យទៅជាឃោសៈវិញ ៖ ប៊, ស៊,
ហ៊, អ៊, ។ ព្យញ្ជនៈប្តូរសំឡេងទាំងនេះ ត្រូវបានយកទៅប្រើក្នុងពាក្យ សាប៊ូ, សម្លស៊ុប,
ហ៊ាន, ទ្រអ៊ូ... ។ កាលណាសញ្ញាត្រីស័ព្ទនេះជួបប្រទះនឹងស្រៈ ិ ី ឹ ឺ ើ ក៏ត្រូវប្រែប្រួលរូបមកជា (ុ) ដូចករណីខាងលើដែរ ឧទាហរណ៍ ស៊ីបាយ,
លេងហ៊ី... លើកលែងតែពាក្យ ប៊ិច,
អ៊ីចុះអ៊ីចឹង... ។
៣ រស្សសញ្ញា ឬបន្តក់ (់)
សម្រាប់ប្រើដាក់ថែមលើតួប្រកបនៃពាក្យ ដែលកើតឡើងពីស្រៈ “ អ ”
និងស្រៈ “ អា
” ហើយកាត់ស័ព្ទវែងឲ្យទៅជាខ្លី ដែលត្រូវអានលឿនរហ័ស។ ឧទាហរណ៍ ៖ កាត = ស័ព្ទវែង, កាត់ = ស័ព្ទខ្លី, ចប = ស័ព្ទវែង,
ចប់ = ស័ព្ទខ្លី ។
● កំណត់សម្គាល់
ក/ ចំពោះតួព្យញ្ជនៈប្រកបនឹងអក្សរ “ ម ” ត្រង់សំឡេងប្រកបលំដាប់ទី២នោះ មិនបាច់ប្រើសញ្ញា “រស្សៈ” ឬបន្តក់ទេ ឧទាហរណ៍ ៖
ចាម់ ។ ក្នុងករណីនេះ គេប្រើនិគ្គហិត( ៓)
ឬស្រៈ “ ាំ” “ ចាំ ” ជំនួសវិញ ។
ខ/ រីឯតួព្យញ្ជនៈប្រកបនឹងអក្សរ “ យ ” ត្រង់សំឡេងប្រកបលំដាប់ទី២នោះ ក៏មិនបាច់ប្រើ “ រស្សសញ្ញា ”
ឬបន្តក់ដែរ, ដូចជាពាក្យ “ ចាយ់ ” ក្នុងករណីនេះគេយកស្រៈ “ ៃ ”
មកជំនួសវិញ ព្រោះមានសំឡេងដូចគ្នា ។
គ/ ចំពោះពាក្យទាំងឡាយណា ដែលក្លាយមកពីភាសាបាលីឬសំស្រ្កឹត មិនត្រូវប្រើសញ្ញា
(់) នេះឡើយ ដូចជាពាក្យ បទ,
សព, ភព, កុសល,
ផល កិច្ចកល ធនធាន រសជាតិ លាមក ... ពាក្យទាំងនេះមានសំឡេងខ្លីស្រេចហើយ តាមទម្លាប់អានបែបបាលីនិងសំស្រ្កឹត ។
៤-សំយោគសញ្ញា
(័)
ក/ គេប្រើវណ្ណយុត្តិនេះសម្រាប់លម្អៀងស័ព្ទរបស់ពាក្យក្លាយមកពីភាសាបាលី ឬសំស្រ្កឹត ដូចជា ៖ ភយ > ភ័យ, ជយ > ជ័យ, នយ
> ន័យ, អាស្រយ > អាស្រ័យ[6], អាលយ > អាល័យ ។
ខ/ សញ្ញានេះក៏ប្រើលើពាក្យខ្មែរខ្លះ ដែលមានសំឡេងស្ទើរស្រៈ “ អ ” និង ស្រៈ
“ អា ” ដើម្បីឲ្យមានសូរសំឡេងមួយត្រូវចំនឹងសំឡេងពិតនៃពាក្យនោះ គឺ ញ័រ,
ជ័រ, ទំព័រ... ។
គ/ សម្រាប់ប្រើសម្រួលសំឡេងក្លាយពីពាក្យបរទេសខ្លះៗ ដូចជា ដុកទ័រ, ប៉ាស្ទ័រ, អាំងហ្សេនីញ័រ, កុំព្យូទ័រ, ត្រាក់ទ័រ [7]។
៥-របាទ (៌)
វណ្ណយុត្តិនេះ ជាតំណាងអក្សរ “ រ ”
ដែលគេកាត់យកក្បាលខាងលើរបស់វា មករក្សាទុកធ្វើជាសញ្ញារបាទ (៌) ។ គេប្រើវណ្ណយុត្តិនេះ សម្រាប់ដាក់លើពាក្យដែលក្លាយមកពីភាសាសំស្រ្កឹត ដើម្បីសម្រួលសំឡេងអានតាមបែបសំឡេងខ្មែរ ។ គេកត់សម្គាល់ថា ពាក្យបាលីណា ដែលសរសេរតម្រួតនោះ កាលណាយើងសរសេរជាពាក្យសំស្រ្កឹតក្លាយខ្មែរ គេត្រូវដាក់ (៌) របាទនេះជំនួសវិញ ។
៦-អស្តា (៏)
វណ្ណយុត្តិនេះ គឺមានទ្រង់ទាយជាលេខ ៨ ប៉ុន្តែបង្រួញឲ្យតូច ដើម្បីងាយយកមកដាក់លើព្យញ្ជនៈ “ ក ” និង “
ដ ” ដែលជានិបាតស័ព្ទ ។ ឧទាហរណ៍ ៖
ខ្ញុំក៏ទៅ, អ្នកក៏ទៅ, ទោះបីយ៉ាងណាក៏ដោយ ...។ ក្រៅពីនេះគេប្រើលេខអស្តា សម្រាប់ដាក់លើពាក្យឧទានស័ព្ទខ្លះ ជាពាក្យភ្ញាក់ ស្ងើច
រំភើប... ឱហ្ន៏ នុ៎ះហ្ន៏ ។
៧-ទណ្ឌឃាត ឬបដិសេធ
(៍)
វណ្ណយុត្តិនេះ មានរូបសណ្ឋានដូចសក់លេខ “ ៩ ” ។ គេប្រើទណ្ឌឃាត ដើម្បីដាក់លើអក្សរព្យញ្ជនៈណា ដែលគេមិនអាន ប៉ុន្តែគេត្រូវតែរក្សាទុកព្យញ្ជនៈនោះជាចាំបាច់ ក្នុងន័យរក្សាអក្ខរាវិរុទ្ធរបស់ពាក្យ និងជាគ្រឿងសម្គាល់ជាតិស័ព្ទរបស់ពាក្យ ។ ឧទាហរណ៍
៖ ទូរទស្សន៍, ប្រយោជន៍, គមនាគមន៍, ព្រឹត្តិការណ៍, ពាក្យពេចន៍, វេយ្យាករណ៍, ត្រ័យរតន៍
។ គេច្រើនប្រើទណ្ឌឃាតលើពាក្យក្លាយពីបាលីនិងសំស្រ្កឹត ។ សញ្ញានេះ ក៏យកមកប្រើចំពោះពាក្យខ្ចីពីបរទេសខ្លះ សម្រាប់រក្សាលំនាំអក្ខរាវិរុទ្ធដើមរបស់ពាក្យទាំងនោះ ដូចជា ស៊ីម៉ងត៍, អេដស៍, អាល់ប៊ែរត៍...។
៨-វិសជ៌នី (ះ) ឬរះមុខ
គេប្រើសញ្ញានេះ សម្រាប់ប្រកបជំនួសខ្យល់
“ ហ ” ជាពាក្យកាត់កំបុតខ្លី ហើយអានដោយបើកចំហមាត់ដូចជា តិះ, រិះ, ចុះ, ចង្កើះ (ចង្កឹះ)
ឈ្មោះ, ទះ, ដោះដូរ, លោតផ្លោះ ។ល។ វាមានសូរសំឡេងស្រដៀងនឹងពាក្យដែលប្រកបនឹងព្យញ្ជនៈ “ ស ” ដែរ ។
៩-យុគលពិន្ទុ(ៈ)
ឬហៅថា “ ចុចពីរ ”
ក៏បាន [8]
គេប្រើវណ្ណយុត្តិនេះសម្រាប់ ៖ ដាក់នៅចុងពាក្យមានកំណើតពីបាលី ឬសំស្រ្កឹត ដែលមានសូរ “ អាក់ ”
ឬ “ អ៊ាក់ ” ដូចជា លោភៈ, មោហៈ, ទោសៈ...
● ចំណាំ ៖ បើពាក្យទាំងនេះនៅខាងដើមគេ ដូចជា ពលកម្ម,
វណ្ណកម្ម សច្ចភាព, ខេមរភាសា
នោះគេមិនចាំបាច់ដាក់យុគលពិន្ទុទេ ព្រោះពាក្យទាំងនេះជាសមាសនាម ។
● លើកលែងតែពាក្យ ៖ គណៈ ដែលទោះបីវានៅដើមគេ ឬកណ្តាលគេក្តី ក៏ត្រូវតែប្រើយុគលពិន្ទុជាដរាប ឧទាហរណ៍
គណៈប្រតិភូ, គណៈកម្មការ, គណៈសង្ឃ,
គណៈរដ្ឋមន្រ្តី, គណៈប្រធានរដ្ឋ... ព្រោះថាក្នុងពាក្យទាំងនេះ
“គណៈ” មិនចូលក្នុងសមាសនាមតាមក្បួនខ្នាតវេយ្យាករណ៍បាលី ។
● លើកលែងតែពាក្យ ៖ គណបក្ស, គណនា, គណនេយ្យ...
ដែលគេមិនត្រូវប្រើយុគលពិន្ទុទេ ។
● រីឯពាក្យ ៖ កាលៈទេសៈ គេត្រូវប្រើយុគលពិន្ទុកទាំងពីរម៉ាត់តែម្តង ។ ក៏ប៉ុន្តែ បើគេសរសេរពាក្យនេះ “ បញ្រ្ចាស ” មកវិញ “
ទេសកាល ” នោះ គេមិនត្រូវប្រើយុគលពិន្ទុឡើយ ។
● ក្នុងសម័យនេះ គេយកយុគលពិន្ទុមក ប្រើក្លាយក្នុងឃ្លាប្រយោគខ្លះដែរ សម្រាប់រាប់រាយឈ្មោះអ្វីៗ ដូចពាក្យថា ទង់ជាតិបារាំងមាន ៣ ពណ៌គឺ ៖ ស, ខៀវ, ក្រហម ។ ប៉ុន្តែជាទូទៅ អ្នកនិពន្ធទាំងឡាយតែងតែប្រើ “ទ្វិពិន្ទុលេខ” ក្នុងករណីរៀបរាប់, ឧទ្ទេស បង្ហាញ...
ព្រោះការប្រើសញ្ញាខណ្ឌបែបនេះត្រឹមត្រូវ និងសមហេតុសមផលជាង ។ យើងនឹងបានឃើញព្រមទាំងអធិប្បាយពន្យល់ អំពីខណ្ឌសញ្ញានេះនៅទំព័រខាងមុខ ។
១០-រជ្ជុសញ្ញា ឬសហសញ្ញា (-) “Trait d’union”
ជាសញ្ញាបន្ទាត់ផ្ដេកខ្លីសម្រាប់ប្រើប្រាស់បានច្រើនយ៉ាងនៅក្នុងការសរសេរអត្ថបទ ឬតែងនិពន្ធជាដើម ។
ក/សម្រាប់បំបែកព្យាង្គនៃពាក្យមួយ កុំឲ្យអានច្រឡំជាប្រកប នាំឲ្យខុសពាក្យដូចជា ទូក-ង, កុក-ស, សម្បុរ-ស,ខ្សែ-ក...។
ខ/សម្រាប់តភ្ជាប់ពាក្យមួយ ដែលសរសេរមិនទាន់ចប់នៅចុងទំព័រ ហើយត្រូវត្រឡប់មកសរសេរនៅដើមបន្ទាត់វិញ ។
គ/ សម្រាប់ភ្ជាប់ពាក្យមួយដែលដាច់គ្នា ដើម្បីតម្រូវចាប់ចុងចួនក្នុងកំណាព្យ ។
ឃ/ សម្រាប់បញ្ជាក់អំពីការផ្លាស់ប្តូរឃ្លាសន្ទនានៃតួពីរ ឬច្រើននាក់ ។
ង/ សម្រាប់សម្គាល់នូវការរៀបរាប់ ជាលំដាប់លំដោយ អំពីគំនិត ឬចំណុចប្លែកៗ ។
១១-កាកបាទ ឬជើងក្អែក (+)
គឺជាបន្ទាត់ខ្លីពីរ មួយផ្តេកមួយទៀតបញ្ឈរ គូសកាត់ខ្វែងគ្នាចំពាក់កណ្តាល ។ គេប្រើវណ្ណយុត្តិនេះ សម្រាប់ដាក់លើពាក្យឧទានស័ព្ទខ្លីៗមួយចំនួន ដែលមានសូរសៀងបង្អូស ឬត្អូញថ្ងូរ ដូចជាពាក្យ ចា៎ះ ! បា៎ទ ! ណា៎ ! ហ្ន៎, នុ៎ះ, ណ៎ះ, អូ៎, អ្ហា៎... ។ ខាងផ្នែកនព្វន្ត គេប្រើសញ្ញាជើងក្អែកជាសញ្ញាបូក, ឧទាហរណ៍ ៖ ១៥+៣៨ ។
១២-លេខទោ (ៗ)
សញ្ញានេះគេប្រើសម្រាប់
ក/- ផ្ទួនពាក្យដែលតម្រូវឲ្យថា ឬអានពីរដង,
ខ/- សម្រាប់បញ្ជាក់អំពីចំនួនច្រើន ឬ ពហុវចនៈ ។
● ចំណាំ ៖ មិនមែនកំណត់ថា គ្រប់តែពាក្យដែលត្រូវថាឬអានពីរដងនោះ ត្រូវតែដាក់លេខទោទាំងអស់នោះ ទេ ។ ពាក្យបាលីខ្លះដែលយកមកប្រើក្នុងភាសាខ្មែរ ដូចជា នានា ធម្មសង្វេគ
គេត្រូវសរសេរពាក្យ “នានា” នេះត្រួតគ្នាពីរដង ដោយគោរពទៅតាមវិធានបាលី ។ ដូចជាពាក្យថា ឯហិមម...?
។ បើប្រើជាមួយគុណនាម និយាយអំពីពណ៌នោះ ពាក្យស្ទួនដោយប្រើលេខទោ ចង់បញ្ជាក់អំពីប្រភេទពណ៌ ដោយឡែកៗរបស់វត្ថុ ។
ចំពោះពាក្យខ្មែរខ្លះ ដែលមានសំឡេងដដែលៗពីរដងដូចជាបបរ កករ ត្រូវតែសរសេរពីរដងជាន់គ្នាដូច្នេះជាដរាប ។ ហាមដាច់ខាត មិនឲ្យសរសេរ បរៗ, ករៗ, បែបនេះឡើយ ។
● លេខទោប្រើក្នុងករណីបញ្ជាក់ និងប្រៀបធៀប ។
● លេខទោប្រើជាមួយពាក្យមួយព្យាង្គ ។
● លេខទោប្រើជាមួយពាក្យពីរម៉ាត់ ។
● លេខទោប្រើជំនួសពាក្យបីម៉ាត់ឬច្រើនព្យាង្គ ។
● ចំណាំ ៖ លេខទោមិនអាចប្រើផ្ទួនបាននៅខាងចុងពាក្យពិពណ៌នា អំពីរូបរាងមនុសឬសត្វ ដូចជា កូនគោនេះធាត់ទ្រលុកលុក មុខឡើងកំប្លង់ប្លង់ដូចវង់ចន្រ្ទា ។ ស្គមកំព្រឹងព្រឹង ។
● មិនត្រូវប្រើលេខទោនេះក្នុងករណីប្រើពាក្យដដែលច្រើនដង
ផ្នែកទី៣
ខណ្ឌសញ្ញា (Signes de ponctuation)
ខណ្ឌសញ្ញា គឺជាសញ្ញាមានរូបភាពប្លែកៗ សម្រាប់ប្រើក្នុងការសរសេរអត្ថបទផ្សេងៗ ដើម្បីសម្គាល់លក្ខណៈ ទម្រង់បែបបទ ដែលជាលំនាំឲ្យងាយយល់ ឲ្យអានបានត្រឹមត្រូវ ។
១-ក្បៀស ( , ) ឬកណ្ដកសញ្ញា (La virgule)[9]
សញ្ញានេះ ប្រើសម្រាប់ញែកពាក្យក្នុងប្រយោគឲ្យដាច់ពីគ្នា ទោះពាក្យរៀបរាប់នោះ ជានាមក្តី ជាគុណនាមក្តី ជាកិរិយាស័ព្ទក្តី ។
គួរកត់សម្គាល់ថា ការប្រើក្បៀសក្នុងការសរសេររបស់ខ្មែរយើង ក៏ប្រហាក់ប្រហែលនឹងការប្រើក្បៀសរបស់លោកខាងលិចដែរ ។
ក/ ការប្រើក្បៀសក្នុងការពិពណ៌នា រៀបរាប់ជំពូកនាម
ខ/ ការពិពណ៌នារៀបរាប់អសាធារណនាម
គ/ ការពិពណ៌នារៀបរាប់គុណនាម
ឃ/ ការពិពណ៌នារៀបរាប់កិរិយាស័ព្ទ
● កំណត់សម្គាល់ នៅក្នុងឃ្លាប្រយោគបរទេសដូចជា ភាសាបារាំង អង់គ្លេស អេស្ប៉ាញ៉ុលជាដើមនោះ ប្រយោគល្បះណាដែលខ្មែរយើងត្រូវប្រើដកឃ្លា គេប្រើក្បៀសទាំងអស់ ។ នេះអាចជាទម្លាប់ភាសាគេ ឬក៏ធ្វើទៅតាមការតម្រូវចាំបាច់ នៃក្បួនវេយ្យាករណ៍ របស់គេ ។
អត្ថបទខ្មែរយើងពីបុរាណ ដែលចារនៅលើក្រាំងក្ដី សាស្ត្រាស្លឹករឹតក្ដី នៅក្នុងឃ្លាប្រយោគទាំងអស់នោះ ពុំដែលមានប្រើក្បៀសទាល់តែសោះ ។ យើងកត់សម្គាល់ឃើញថា ចាប់តាំងពីប្រទេសយើង ឋិតក្រោមរបបអាណានិគមបារាំងមក ប្រហែលដោយសារបានទទួលឥទ្ធិពល ពីរបៀបរបបសរសេរបែបបារាំង យើងក៏ចាប់ផ្ដើមប្រើក្បៀសជារៀងរហូតមក ។ ប៉ុន្តែទោះជាយ៉ាងនេះក្ដី យើងសង្កេតឃើញមានទំនោរពីរគឺ ៖
ក/-ប្រភេទជនដែលបានរៀនសូត្រចេះដឹងជ្រៅជ្រះភាសាបារាំង ច្រើនសរសេរប្រើក្បៀស ។
ខ/-ប្រភេទជនដែលចេះតែភាសាខ្មែរ ក៏ទទួលយកទម្លាប់មត៌កពីបុព្វបុរសជាន់ដើម ហើយសរសេរឥតប្រើក្បៀសទេ ។
និយាយរួមមក ការប្រើដកឃ្លា ជំនួសក្បៀស ឬប្រើដកឃ្លាផង និងប្រើក្បៀសផង គឺមិនមានអ្វីប្លែកគ្នាខ្លាំងពេកនោះទេ ។ ប៉ុន្តែការប្រើក្បៀស វាមានចរិតច្បាស់លាស់ប្រាកដប្រជាជាង[10] ។
២-ទ្វិពន្ទុលេខ ឬ ចំណុចពីរគូស (៖)
សញ្ញាដែលមានគំនូសផ្តេកនៅខណ្ឌចន្លោះសូន្យពីរ លើមួយក្រោមមួយនេះ គេប្រើសម្រាប់ ៖
ក/ ដាក់នៅចុងបញ្ចប់នៃប្រយោគ ក្នុងន័យកត់ត្រាសម្តីរបស់បុគ្គលណាមួយ ដែលគេស្រង់យកមកដាក់ក្នុងសញ្ញាអញ្ញប្រកាស(“ ”) គេកត់សម្គាល់ឃើញថា សញ្ញាបែបនេះ ច្រើនតែប្រើក្នុងទម្រង់រចនាបថប្រយោគពណ៌នាក្នុងរឿងព្រេង, រឿងនិទាន, ការនិយាយប្រាប់គ្នាពីហេតុការណ៍អតីតកាល ។ល។
ខ⁄ សម្រាប់ដាក់នៅចុងប្រយោគណា ដែលត្រូវបន្តទៅដល់ការរៀបរាប់ ដោយចាត់ជាពួក, ជាផ្នែក ។
សម្គាល់ ៖ មិនត្រូវច្រឡំយុគលពិន្ទុ (ៈ) ជាមួយនិងទ្វិពិន្ទុលេខ (៖) ទេ ។ យុគលពិន្ទុ គ្រាន់តែចុចចំណុចពីរលើក្រោមប៉ុណ្ណោះ, រីឯទ្វិពិន្ទុលេខ គឺមានសូន្យលើ ( ° ) សូនក្រោម (°) ហើយមានរជ្ជុសញ្ញាខណ្ឌចំកណ្តាល គឺយ៉ាងនេះ (៖) ។ សព្វថ្ងៃនេះ យើងឃើញគេប្រើយុគលពិន្ទុតាមបែបអឺរ៉ុប ជំនួសទ្វិពិន្ទុលេខ ដោយមកពីទម្រង់ពុម្ពអក្សរលីម៉ុន (font Limon) ពុំមានសញ្ញាទ្វិពិន្ទុលេខ ក៏តាំងតែយកយុគលពិន្ទុមកប្រើជំនួសឲ្យតែបានៗ សិន រង់ចាំអ្នកបច្ចេកទេសរកឃើញសញ្ញាទ្វិពិន្ទុលេខ
នោះនឹងយកមកប្រើឲ្យបានត្រឹមត្រូវតាមវិធានវេយ្យាករណ៍។
ប៉ុន្តែគេអាចប្រើយុគលពិន្ទុបាន នៅក្នុងទម្រង់លិខិតខ្លះៗដូចជា កម្មវត្ថុ[11] ៖ ស្នើសុំអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុនយោងៈ លិខិតលេខ... ចុះថ្ងៃទី....
កំណត់សម្គាល់អំពីការប្រើ ឬមិនប្រើយុគលពិន្ទុនៅពីមុខពាក្យ “ថា” ៖
ក/ មិនប្រើយុគលពិន្ទុ ចំពោះតែពាក្យ “ថា[12]” ណាដែលជានិបាតស័ព្ទ ដែលអាចប្រៀបនឹងភាសាបារាំងថា “Que” បានដល់ពាក្យដែលត្រូវកត់ត្រាសម្តីមិនផ្ទាល់របស់តួអង្គ មាននិយាយក្នុង“ Style indirect ” របស់ភាសាបារាំង ដូចជាពាក្យ ៖ ពោលថា, និយាយថា, ទំនាយទាយថា, តិះដៀលថា, ជេរថា, ប្រាប់ថា... ពាក្យទាំងនេះ គេមិនត្រូវប្រើដាក់យុគលពិន្ទុ (ៈ) ពីមុខទេ ។
ខ/ ត្រូវប្រើយុគលពិន្ទុ គេប្រើសញ្ញាយុគលពិន្ទុ (ៈ[13]) ក្នុងករណីកត់ត្រាពាក្យសម្តីផ្ទាល់របស់អ្នកនិពន្ធ ត្រូវគ្នានឹងទម្រង់របស់ភាសាបារាំងថា (Style direct) ។
៣-បុច្ឆនសញ្ញា (?) (Point
d'interrogation)
ជាសញ្ញាប្រើសម្រាប់ដាក់ពីខាងក្រោយពាក្យ, ឃ្លា, ល្បះ ចោទសួរជានិច្ច ។ នៅក្នុងពាក្យ, ល្បះ, ឃ្លា, ប្រយោគដែលចោទសួរ គេតែងប្រើជាចាំបាច់នូវពាក្យ ឬរូបមន្តផ្សេងមានជាអាទិ៍៖ តើ, ព្រោះអ្វី, ហេតុអ្វី, ដូចម្តេច, (ក៏, ឬ, បានជា...) យ៉ាងម៉េចក៏..., អ្វីទៅ, ស្អីគេ, អង្កាល់, កាលណា, ... ។ល។ ពាក្យសម្រាប់សួរអាចនៅដើមឃ្លា ឬ នៅចុងឃ្លាក៏បាន ។ ជួនកាលគេមិនចាំបាច់ ប្រើពាក្យសួរ គេគ្រាន់តែដាក់បុច្ឆនសញ្ញាទៅក៏បានដែរ ។
-ល្បះ, ឃ្លា, ពាក្យសំណួរខ្លីៗ ៖ ឃ្លានអ្វី? ម៉េចក៏យំ? ទៅសាលា? ដើរ? ជិះកង់ ?
-គប្បីកត់សម្គាល់ថា សំណួរដដែលគ្រាន់តែផ្លាស់ប្តូរដាក់ពាក្យណាមុន ពាក្យណាក្រោយ ក៏ឲ្យន័យ ឬ រំលេចន័យខុសគ្នាដែរ ។
ក្រៅពីនេះ រាល់សំណួរដែលសុទ្ធតែមានបុច្ឆនសញ្ញានៅចុងល្បះដូចគ្នានេះ អាចមានន័យខុសប្លែកគ្នា ទៅតាមសំឡេងលើកដាក់ថ្នាក់ថ្នម គំហកកំហែង
អង្វរករលន់តួ ។
មានបុច្ឆនសញ្ញមួយបែបទៀត ដែលច្រើនឃើញប្រើនៅក្នុងរូបគំនូរកំប្លែង (Caricature) ។
៤-ឧទានសញ្ញា
(!) (Point d'exclamation)
សញ្ញាបង្គោលបញ្ឈរដែលមានចំណុច (!) មួយនៅពីក្រោមនេះ គេប្រើសម្រាប់ដាក់នៅពីក្រោយ ពាក្យ ឃ្លា ល្បះ
ភ្ញាក់ផ្អើលតក់ស្លុត ស្ងើច ភ័យ អាសន្ន ខ្លាច បញ្ជាដាច់ខាត បែបន់ អធិដ្ឋាន សម្រែកជយឃោស គំរាមកំហែង ។ ជួនកាលគេក៏ប្រើឧទានសញ្ញាជាមួយនឹងឃ្លា កំហឹង បន្ទោស ឬ ជេរផងដែរ ។
៥-អញ្ញប្រកាស[14] ( “...” )
គឺជាសញ្ញាឃ្នាបម្យ៉ាង ដែលនៅខាងដើមមានរាងកោងខ្វឹកកួចពីរឡើងទៅលើ ឯខាងចុងជាសញ្ញាខ្វឹកពីររាងកោង កួចទម្លាក់ចុះក្រោម ។ គេប្រើសញ្ញានេះសម្រាប់៖
ក/ គាប ឬកត់ត្រាដកស្រង់សេចក្តីសំខាន់របស់ជនណាម្នាក់ ទុកជាសេចក្តីពិសេសដោយឡែក ជាការរំលេច ឬបញ្ជាក់ឲ្យប្លែកពីន័យរបស់បរិបទ ។
ខ/ ដកស្រង់គំនិត, សម្តីរបស់តួអង្គណាមួយក្នុងរឿង ។
គ/ ដកស្រង់តួអង្គណាមួយ ដែលមានកិត្តិស័ព្ទល្បីល្បាញ
ឃ/ ដកស្រង់សេចក្តីឬអត្ថន័យមានលក្ខណៈលេចធ្លោ ។
៦-អព្ភន្តរសញ្ញា[15] (‘...’)
សញ្ញានេះ ខុសប្លែកពីអញ្ញប្រកាស ដោយប្រើតែខ្វឹកសញ្ញាមួយនៅខាងដើម និងក្បៀសសញ្ញាមួយនៅខាងចុង ។ របៀបប្រើនសអព្ភន្តរសញ្ញាខុសគ្នាបន្តិច ពីសញ្ញាអញ្ញប្រកាស ដោយប្រើអព្ភន្តរសញ្ញាជាឃ្នាបពាក្យឋិតនៅក្នុងរង្វង់ផែនពាក្យ ដែលដាក់ឃ្នាបដោយសញ្ញាអញ្ញប្រកាស ។
សូមអនុញ្ញាតជម្រាបថា៖ នៅក្នុងសៀវភៅឯកសារជាទូទៅ គេកម្រឃើញអ្នកនិពន្ធប្រើសញ្ញានេះណាស់ ។ ជួនកាលគេប្រើអព្ភន្តរសញ្ញា ឬអញ្ញប្រកាស ក្នុងគោលដៅតែមួយដូចគ្នា ។ នៅក្នុងសៀវភៅវេយ្យាករណ៍របស់លោក ពូវ អ៊ុម
លោកចាត់ទុកអព្ភន្តរសញ្ញាថា ជាសញ្ញាអញ្ញប្រកាស ( សៀវភៅវេយ្យាករណ៍ ពូវ អ៊ុម ទំព័រ ៨ ) ចំណែកនៅក្នុងវចនានុក្រមសម្តេចជួនណាត ទំព័រ ១៦៥៦-៥៧ វិញ ក៏បង្ហាញអព្ភន្តរសញ្ញា “ ....” មានរូបសណ្ឋានយ៉ាងនេះដែរ ។ លោកបានពន្យល់ពាក្យអព្ភន្តរសញ្ញាយ៉ាងនេះថា ៖ ពាក្យសន្មតហៅវណ្ណយុត្តិ ដែលពួកវេយ្យាករណ៍បណ្ឌិតក្នុងប្រទេសអឺរ៉ុប បង្កើតឡើងសម្រាប់ប្រើរាំងពាក្យ ឬសេចក្តីមានរូបសណ្ឋានពីរបែបគឺ (“...”) ឬ («...»)[16] ។
ដូច្នេះ ដោយយល់ឃើញថា កិច្ចការសរសេរតែងនិពន្ធនាពេលបច្ចុប្បន្ននេះ មានសភាពល្អិតល្អន់ស៊ីជម្រៅ និងហ្មត់ចត់ យើងគួរតែបញ្ចូលអព្ភន្តរសញ្ញា ដែលមានរូបសណ្ឋានបែបនេះ (
‘... ’ ) មកប្រើបន្ថែមទៀត ដោយបំបែកចេញពីអញ្ញប្រកាស ( “...” ) ។
៧-មច្ឆណ្ឌសញ្ញា ឬ ពងត្រី (...) (point de Suspension)
ជួនកាលគេហៅថា (ចំណុចរាយ) ផងក៏មាន ។ សញ្ញាដែលមានចំណុចបីបន្តបន្ទាប់ជាប់គ្នានេះ សម្រាប់សម្គាល់ប្រយោគណាមួយ ដែលនៅមានសេចក្តីបន្តទៀត ប៉ុន្តែអ្នកសរសេរបានផ្អាកបញ្ឈប់លែងពណ៌នា ដោយដាក់សញ្ញាពងត្រីនេះ ប្រាប់ជាដំណឹង ។ របៀបប្រើពងត្រីមានបែបផែនប្លែកៗដូចតទៅ ៖
ក/
ជាសញ្ញាកាត់ពាក្យសម្តីគូសន្ទនាម្នាក់ ដែលកំពុងនិយាយឲ្យដាច់កណ្តាលឃ្លា ។
ខ/
ជាសញ្ញាសម្រាប់ផ្អាកពាក្យសម្តី មិនចង់និយាយបន្តដោយទុកឲ្យគូសន្ទនាយល់ ឬ ក៏បង្កប់ទុកនូវពាក្យគំរាមកំហែង ពាក្យបណ្តាសា...
។
គ/
ផ្អាកសេចក្តីត្រឹមប៉ុណ្ណឹងសិន ឬស្លេះទុក ដោយមិនចង់ឲ្យសេចក្តីមានន័យដូចគ្នានេះ វែងអន្លាយពេក ។
ឃ/
សម្រាប់ប្រាប់អំពីពាក្យឃ្លា ដែលបាត់រលុបមានសេចក្តីមិនច្បាស់ ដកយកចេញពីសិលាចារឹកជាដើម ។
៨-វង់ក្រចក ឬនខសញ្ញា ( )
បានជាគេឲ្យឈ្មោះដូច្នេះ ព្រោះវាមានសណ្ឋានរាងកោងដូចវង់ក្រចកយើងពិតៗ ។ គេប្រើសញ្ញាវង់ក្រចកសម្រាប់ ៖
ក/ គាបពាក្យ ឬសេចក្ដី
ដែលគេចង់ពន្យល់ន័យ ។
ខ/ គាបពាក្យដែលសរសេរជាអក្សរកាត់ ។
៩-វង់តង្កៀប [.....]
នៅក្នុងភាសាខ្មែរគេមិនស្រូវប្រើសញ្ញាវង់តង្កៀបនេះទេព្រោះយើងមានវណ្ណយុត្តិ និងខណ្ឌសញ្ញាយ៉ាងច្រើន សមស្របនឹងប្រើក្នុងអត្ថបទជាភាសាខ្មែរគ្រប់គ្រាន់អស់ហើយ ។ ប៉ុន្តែនៅក្នុងការគណនាលេខផ្នែកពីជគណិត(Algèbre) យើងយកមកប្រើតាមពួកអឺរ៉ុប ។
១០-រ៉ាត់ ឬឃ្នាប ( ឬ { ....} ) (Accolade)
សញ្ញានេះ ខ្មែរខ្លះហៅថា ពុកមាត់មេអំបៅ ។
ក/ នៅក្នុងមុខវិជ្ជាពីជគណិត របៀបប្រើឃ្នាប ឬរ៉ាត់មានន័យដូចគ្នា នឹងការប្រើតង្កៀប ឬវង់ក្រចកដែរ ។ គេតែងតែប្រើរ៉ាត់មួយសម្រាប់បើក ( { ) និងរ៉ាត់មួយទៀតសម្រាប់បិទ ( } ) គឺបែបនេះ {.....} ។
ខ/ រ៉ាត់បើក និងរ៉ាត់បិទនេះ ប្រើសម្រាប់គាបពាក្យពីរ ឬច្រើនជាការសម្គាល់ថា ពាក្យទាំងនោះមានមុខងាររួមដូចគ្នា មិនបាច់សរសេរដដែលច្រើនដងនាំខាតពេល ។
១១-បេយ្យាលៈ ឬ លៈ
(។ល។)
គេមិនសូវអានថា បេយ្យាលៈទេ ព្រោះវែងពេក គេអានកាត់យកតែខាងចុងត្រង់សូរថា ឡាក់, ឡៈ សរសេរថា ៖ (។ល។) ត្រូវនឹងពាក្យបារាំងថា (et cetera) សរសេរអក្សរកាត់ថា (etc.)
។ គេប្រើសម្រាប់បំព្រួញសេចក្តីឯណានីមួយ ឬការរៀបរាប់ដែលវែងឲ្យនៅខ្លី ដោយគិតថា អ្នកអានក៏ដឹងថា នៅមានពាក្យ និងសេចក្តីអ្វីខ្លះទៀត ។
១២- ខណ្ឌ ឬ ខណ្ឌសញ្ញា
(។)
គេប្រើសញ្ញាខណ្ឌនេះ សម្រាប់រាំងខាំងប្រយោគ ឬសង្កាត់នៃសេចក្តីនីមួយៗ ឲ្យដាច់ស្រឡះពីគ្នា ។ កាលណាប្រយោគមួយចាប់សេចក្តីហើយ គេត្រូវដាក់សញ្ញា (។) នេះ មុននឹងបន្តទៅប្រយោគមួយទៀត ។ ខណ្ឌសញ្ញា ធ្វើឲ្យគេងាយយល់ អាចញែកសេចក្តីពីប្រយោគមួយទៅប្រយោគមួយ មិនឲ្យច្រឡំន័យ នាំច្របូកប្របល់ ។ ហើយនៅចន្លោះ ខណ្ឌសញ្ញា ការដកឃ្លា ក៏ជួយសម្រួលឲ្យអ្នកអានងាយយល់ ងាយចាប់សេចក្តីបាន ។ មានតែការប៉ិនប្រសប់របស់អ្នកសរសេរតែងនិពន្ធទេ ដែលអាចយល់ដឹងដល់ការចាំបាច់នៃការដកឃ្លា ការដាក់ខណ្ឌសញ្ញាឲ្យបានត្រឹមត្រូវទេ ទើបធ្វើឲ្យអត្ថបទមានតម្លៃ មានន័យគួរជាទីចាប់អារម្មណ៍ ។
ប៉ុន្តែកាលណាគេត្រូវប្តូរគំនិតចូលទៅវគ្គ ឬកថាខណ្ឌថ្មីនោះ គេត្រូវដាក់សញ្ញាខណ្ឌទៅចុងបញ្ចប់ប្រយោគ រួចហើយត្រូវចាប់សរសេរដោយចុះទៅបន្ទាត់ថ្មី ជាមួយនឹងការចោលលំហបន្តិចដែលគេតែងនិយមហៅថា ខណ្ឌ ចុះបន្ទាត់ឬចោលបន្ទាត់ និងចាប់ដើមបន្ទាត់ (នេះជាការប្រាប់ដំណឹងរបស់អ្នកហៅសរសេរតាមសូត្រ )
១៣- ខណ្ឌចប់ ( ៕ )
ជាសញ្ញាសម្រាប់ដាក់បញ្ចប់អត្ថបទ ឬរឿងមួយតែត្រឹមនេះពុំមានតសេចក្តី ឬរឿងរ៉ាវទៅមុខទៀតឡើយ ។
១៤- អាទិសង្កេត
( . )
គឺជាចំណុចមួយដែលដាក់ពីមុខអក្សរ ដែលគេសរសេរកាត់ដូចជា ស.រ.អា.
(សហរដ្ឋអាមេរិក), អ.ស.ប. (អង្គការសហរប្រជាជាតិ) គ.ជ.ប. (គណៈកម្មការជាតិរៀបចំការបោះឆ្នោត) ជួនកាលគេប្រើអាទិសង្កេត ដើម្បីដាក់ពីមុខលេខរៀង មាតិកាដែលរៀបរាប់ចំណងជើងរង (Sous-titre)
ដូចជា ៖
១. មង្គលការ អបមង្គល
២. ស្វាស្អប់ចេក ក្អែកស្អប់ពងមាន់
៣. ចង់រត់ចេញពីសង្គម...
ជួនកាលក្នុងករណីដូចខាងលើនេះ គេប្រើរជ្ជុសញ្ញា (-) ខ្លះ ៗ ដែរ
។
១៥- កុក្កុដនេត្រ ឬ ភ្នែកមាន់ (៙)
បុព្វកវីនិពន្ធខ្មែរធ្លាប់ប្រើសញ្ញានេះ សម្រាប់ចាប់ផ្តើមសរសេរអត្ថបទ ឬសេចក្តីរឿងអ្វីមួយ ដើម្បីកំណត់ទុកជាចំណុចចាប់ផ្តើម ។ តែពេលបច្ចុប្បន្ននេះ អ្នកនិពន្ធ កវីលែងប្រើសញ្ញានេះហើយ ។ ជាពិសេសនៅពេលចាប់ផ្តើមសរសេរកំណាព្យ នោះកវីបុរាណយើងច្រើនប្រើសញ្ញា (៙) ដូច្នេះ ។ បច្ចុប្បន្ននេះ មានកវីសម័យទំនើបខ្លះក៏ផ្តើមប្រើសញ្ញាផ្នែកមាន់ ដែលមានក្បៀសពីរនេះ នៅពេលចាប់ផ្តើមបើកបទកំណាព្យ ។
១៦-ខណ្ឌបរិយោសាន ឬ គោមូត្រ (។៚)
គឺជាសញ្ញាយកតាមរូបសណ្ឋានដាននោមគោ ដែលនោមផងដើរផង បណ្តាលឲ្យមានរាងក្ងិក្ងក់បែបនេះ ហើយខ្មែរបុរាណក៏សន្មតយកមកធ្វើជាសញ្ញាខណ្ឌបញ្ចប់ ដែលហៅតាមពាក្យបាលីថា “គោមូត្រ” គឺនោមគោដូច្នេះទៅ ។ ចាស់បុរាណលោកប្រើខណ្ឌបរិយោសាន ឬ បរិយាន ឬគោមូត្រនេះ សម្រាប់បញ្ជាក់សេចក្តីនិយាយពីរឿងរ៉ាវអ្វីមួយឬអត្ថបទ បទបាទបាលីគាថាណាមួយ ។ សព្វថ្ងៃនេះ អ្នកនិពន្ធមួយចំនួន បានប្រើសញ្ញាពីរគឺ៖ ឬមួយ ៕ ឬមួយ ។៚ ។ ការប្រើគោមូត្រនេះ គឺចង់រក្សាសម្បត្តិវប្បធម៌ពីបុរាណឲ្យនៅគង់វង្ស ។យើងឃើញអ្នកកាសែតមួយចំនួន មានប្រើសញ្ញាគោមូត្រផងដែរ ៕៚
១៧-អំពីលេខខ្មែរ
តាំងពីយូរមកហើយ ខ្មែរយើងប្រើលេខ ព្រមជាមួយនឹងការបង្កើតតួអក្សរ សម្រាប់ចារឹក និងកត់ត្រាហេតុការណ៍ផ្សេងៗ ។ លេខមានសារៈសំខាន់ ជាពិសេសក្នុងការកត់ត្រាចំនួនលុយកាក់
គោក្របី ស្រែភ្លឺ
ខ្ញុំកំដរ... ។ កត់ត្រា
អាយុ (ចំនួនឆ្នាំ) ដែលខ្លួនរស់នៅកត់ត្រាចំនួនប្រាក់ ដែលគេមកខ្ចីបុល... ។
នៅពេលបច្ចុប្បន្ន លេខត្រូវបានប្រើប្រាស់សម្រាប់គណនាលុយកាក់ថវិកាចំណូលចំណាយ ។ ពិសេសស្ថាប័នហិរញ្ញវត្ថុ, ស្ថាប័នសេដ្ឋកិច្ច, ធនាគារ, ពាណិជ្ជកម្ម
ត្រូវការប្រើប្រាស់តួលេខជាចម្បងបំផុត ។ ព្រោះតែ “លេខ” មានតួនាទីសំខាន់នៅក្នុងសង្គមនេះហើយ ទើបមានពាក្យស្លោកមួយឃ្លាចែងថា៖“សម្តីជាឯក លេខជាទោ អក្សរជាត្រី ” តាំងពីសម័យដើមមកទល់ពេលនេះ ទម្រង់បែបផែនលេខដែលខ្មែរយើងប្រើប្រាស់មាន៖
ក/ លេខទំនើបដែលខ្មែរយើងប្រើសព្វថ្ងៃគឺ ៖
0, ១, ២, ៣, ៤, ៥, ៦, ៧, ៨, ៩ ។
ខ/ លេខអារ៉ាប់ ៖
0, 1, 2, 3, 4, 5, 6, 7, 8, 9 ។
ស្ទើរតែនៅលើសកលលោក គេប្រើលេខនេះ ទុកដូចជាលេខអន្តរជាតិទៅហើយ ។
គ/ លេខខ្មែរបុរាណ
លេខប្រភេទនេះ មានតែពួក “ ហោរា ” (Astrologue) ប៉ុណ្ណោះ ដែលប្រើក្នុងការទស្សន៍ទាយ ជោគតារាសីឲ្យមនុស្សទូទៅ និងទស្សន៍ទាយមើលសុខទុក្ខ, ព្រឹត្តិការណ៍, ទឹកភ្លៀង ឬកេណ្ឌធារាសាស្រ្តផលាផលប្រចាំឆ្នាំ សម្រាប់ចុះផ្សាយក្នុងមហាសង្រ្កាន្ត ។ គេរាប់លេខនេះថា ៖ ឯក,
ទោ, ត្រី, ចត្វា,
បញ្ច, ឆ, ស័ប្ត,
អដ្ឋ, នព, សំរិទ្ធិ ។
សូមបង្ហាញជូននូវរូបសញ្ញានៃលេខខ្មែរបុរាណដូចខាងក្រោម ៖
៰, ៱, ៲, ៳, ៴, ៵, ៶, ៷, ៸, ៹ ។
ឃ/លេខរ៉ូម៉ាំង (Chiffre romain)
លេខរ៉ូម៉ាំង ច្រើនសរសេរ ៖
ក- នៅលើមុខនាឡិកាប៉ោលព្យួរជញ្ជាំង
ខ- សម្រាប់កត់ត្រា ភាគ, ជំពូក, ផ្នែក, នៃអត្ថបទ ឯកសារសៀវភៅផ្សេងៗ ។ខាងក្រោមនេះ
គឺរូបសញ្ញាតួនៃលេខរ៉ូម៉ាំង I, II, III, IV, V, VI,
VII, VIII, IX, X [17]។
នៅកម្ពុជាយើង គេប្រើទាំងអស់ លេខទាំងប៉ុន្មានដែលបានបង្ហាញជូនខាងលើ ។ លើកលែងតែអស់លោក“ហោរា” ទេ ដែលប្រើលេខខ្មែរបុរាណ ក្នុងការគណនាទស្សន៍ទាយ តាមលេខអត្តៈទស្សន៍ទាយ ជោគជតារាសី ។
១៨-ការចុះកាលបរិច្ឆេទ
ការចុះកាលបរិច្ឆេទមានតួនាទីសំខាន់ជាចម្បង ព្រោះតាមរយៈកាលបរិច្ឆេទ គេអាចដឹងអំពីកាលវេលា ដែលព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនានាបានកើតឡើង ។ ឧ. កាលបរិច្ឆេទនៃការឡើងសោយរាជ្យនៃស្តេចអង្គណាមួយ,
កាលបរិច្ឆេទនៃការកសាងប្រាសាទ...
កាលបរិច្ឆេទនៃជ័យជម្នះរបស់ជាតិយើង ទៅលើគូសត្រូវ កាលបរិច្ឆេទនៃការចាកចោលក្រុងអង្គរ... កាលបរិច្ឆេទនៃការផ្លាស់ប្តូររាជធានី ។ល។ នៅក្នុងគ្រួសារមួយ ការសាងសង់ផ្ទះថ្មី ក៏មានចារឹកកាលបរិច្ឆេទទុកជាសម្គាល់ សម្រាប់ឲ្យសមាជិកគ្រួសារជំនាន់ក្រោយៗបានដឹង។ នៅតាមចេតិយ ម៉ុងបញ្ចុះសព ក៏គ្រួសារនីមួយៗ តែងតែសរសេរឈ្មោះ បុគ្គលជាសាច់ញាតិដែលស្លាប់ ។
- ការចុះកាលបរិច្ឆេទតាមបែបបុរាណ
ចាប់ពីរវាងសតវត្សទី១៦
រហូតមកទល់ដើមសម័យភ្នំពេញបុព្វបុរសយើងប្រើរបៀបម្យ៉ាង សម្រាប់ធ្វើជារូបមន្តនៃការចុះកាលបរិច្ឆេទ ។ គោលសំខាន់នៃរូបមន្តនោះ គឺលោកដាក់សញ្ញាខណ្ឌ (។) ទុកជាគោលសម្រាប់ធ្វើស្នូលកណ្តាល ។ យើងឃើញការចុះកាលបរិច្ឆេទរបៀបនេះ នៅលើចេតិយ នៅលើសំណង់ផ្សេងៗ ខាងពុទ្ធសាសនា ជាពិសេស
យើងឃើញនៅគ្រប់តែសន្លឹកខាងដើមបំផុត ឬសន្លឹកចុងបញ្ចប់នៃសាស្រ្តាសឹ្លករឹត ។ ឧទាហរណ៍៖
ថ្ងៃអង្គារ ១១ កើត ពិសាខ ព.ស.
២៥៤៩ គ.ស. ២០០៥ នោះគេសរសេរបែបនេះវិញ ៖
ព.ស. ២៥៤៩
៣ ᧫ ៦ ឆ្នាំមមែ ____________
គ.ស. ២០០៥
នេះគឺជារបៀបចុះកាលបរិច្ឆេទបែបសង្ខេបខ្លី ។ ខ្ញុំគ្រាន់តែសូមជម្រាបថា ដើម្បីចេះចុះកាលបរិច្ឆេទរបៀបបុរាណនេះ គេត្រូវចេះចាំថ្ងៃទាំង ៧ ឲ្យស្ទាត់ គឺ
អាទិត្យ (លេខ១) ច័ន្ទ
(លេខ២) អង្គារ (លេខ៣)
ពុធ (លេខ៤) ប្រហស្បតិ៍
(លេខ៥) សុក្រ (លេខ៦)
សៅរ៍ (លេខ៧) ។ រួចហើយត្រូវចេះ រាប់ខែចន្ទគតិឲ្យស្ទាត់ ដោយដាក់លេខឲ្យខែនីមួយៗផងគឺ៖ មិគសិរ
(លេខ១) បុស្ស (លេខ២)
មាឃ (លេខ៣) ផល្គុន
(លេខ៤) ចេត្រ (លេខ៥)
ពិសាខ (លេខ៦) ជេស្ឋ
(លេខ៧) អាសាឍ (លេខ៨)
ស្រាពណ៍ (លេខ៩) ភទ្របទ
(លេខ១០) អស្សុជ (លេខ១១)
កត្តិក (លេខ១២) ។
ការគិត ខ្នើត
រនោច គឺលោកកំណត់ឲ្យដាក់ខ្នើតនៅខាងលើសញ្ញាខណ្ឌ, ឲ្យដាក់រនោចនៅខាងក្រោមសញ្ញាខណ្ឌ ។ ឧទាហរណ៍ ៖ ថ្ងៃសៅរ៍ ៣ រោច ខែ អាសាឍ គ.ស. ២០០១ ព.ស. ២៥៤៨ ត្រូវសរសេរដូចខាងក្រោម ៖
ព.ស. ២៥៤៨
៧᧳៨ ឆ្នាំឆ្លូវ ____________
គ.ស. ២០០៤
១៩-អំពីទម្រង់ផ្សេងៗ នៃអក្សរខ្មែរ ( Les différents types de
caractères Khmers )
អក្សរខ្មែរ មានទ្រង់ទ្រាយច្រើនបែប, មានដូចជា ៖
ក/ អក្សរជ្រៀង (Ecriture penchée) ៖
អក្សរជ្រៀង គឺជាអក្សរដៃ (manuscrit) មានជំហររាងទ្រេតទៅមុខ ។
ខ/ អក្សរត្រង់ (Eeriture droite)
គឺជាទម្រង់អក្សរ ដែលគេសរសេរ ឲ្យមានជំហរត្រង់ ទៅលើតាមទំនងបន្ទាត់បញ្ឈរ (vertical) ។
ប៉ុន្តែ គេកម្រឃើញទម្រង់អក្សរ សរសេរទ្រេតទៅខាងឆ្វេងណាស់ (ទ្រេតទៅក្រោយ) ។
គ/ អក្សរមូល[18]
អក្សរមូល គឺជាប្រភេទអក្សរ ដែលមានទម្រង់មូល ។ គេច្រើនសរសេរអក្សរមូល នៅក្នុងសៀវភៅធម៌ ជាភាសាបាលី ឬ សំស្រ្កឹត
។ ម្យ៉ាងទៀត ការសរសេរមន្តអាគមគាថា លើកន្សែងយ័ន្តលើអាវតេជះ សាក់លើខ្លួនប្រាណ, ក៏គេនិយមប្រើអក្សរមូលដែរ ។ នៅទូទាំងស្រុកសៀម(ថៃ) កាលណាគេសរសេរបាលីគាថា
មន្តអាគម គឺគេសរសេរអក្សរមូលខ្មែរទាំងអស់ ។ គេនិយមយល់ថា កាលណាគេសរសេរអក្សរ (សៀម) នៅលើយ័ន្ត
មន្តអាគមគាថា នោះមិនពូកែសក្តិសិទ្ធិ
ដូចសរសេរអក្សរមូលខ្មែរទេ ។
ករណីលើកលែង
ប៉ុន្តែដោយឡែក ហើយនេះជាករណីពិសេស ដែលជាទម្លាប់របស់ខ្មែរយើងស្រាប់ផង នៅលើស្លាក (Enseigne) យីហោផ្ទះជំនួញ ស្លាករបស់មន្ទីរក្រសួងនានា ឈ្មោះចំណងជើងសៀវភៅឈ្មោះអ្នកនិពន្ធ... នោះគេច្រើនតែសរសេរអក្សរមូលផងដែរ ។ ឧទាហរណ៍ ៖
រោងចក្រម៉ុងហួត, ក្រសួងឧស្សាហកម្ម រ៉ែ និង
ថាមពល, វចនានុក្រមបារាំង-ខ្មែរ ដោយលោក តិប យក់, ថាវ-គន្ធ សម ថាំង... ។ល។
ឃ/ អក្សរខម[19]
អក្សរខមនេះ មានទម្រង់ទ្រង់ទ្រាយមូល ប្រហាក់ប្រហែលនឹងអក្សរមូលដែរ ប៉ុន្តែមានចំណុចប្លែកគ្នាខ្លះៗ ដូចជា៖
-អក្សរ “ក” មានពីរជាន់ ជើងបីបែបនេះ “ក” ។
-គ្រប់តួអក្សរ ច្រើនតែមានងៀងជ្រុងបន្តិច នៅត្រង់ចុងមុម ។
-អក្សរ “ឞ ” មានបន្ទាត់ វះពោះភ្ជាប់ពីម្ខាងដល់ម្ខាង “ម”[20]
។
-ស្រៈ “ ែ ” មានទម្រង់បែបនេះ “ែ”[21]
គេប្រើសរសេរអក្សរ ខម ប្រហាក់ប្រហែលគ្នានឹងអក្សរមូលដែរ តែមិនសរសេរក្នុងយ័ន្ត គាថាទេ ។ គេច្រើនសសេរចុះចំណងជើងសៀវភៅ , ចំណងជើងអត្ថបទ , ឈ្មោះជំពូក,
វគ្គ, ផ្នែកនៃសៀវភៅមួយ ។ ដោយចង់ថែរក្សាទម្រង់អក្សរ
បន្សល់ទុកមកដោយបុព្វបុរសខ្មែរ គេចម្លងគំរូអក្សរខមនេះ ពីសិលាចារឹក ក្រោយអង្គរខ្លះ ពីសាស្រ្តាស្លឹករឹតខ្លះ រក្សាទុកជាកេរមត៌កខាងអក្សរសាស្រ្ត កុំឲ្យបាត់បង់ ។
២០-ការប្រើឈ្មោះខែតាមបែបបារាំង
តាំងពីប្រទេសយើងឋិតនៅក្រោមរដ្ឋការអាណាព្យាបាលបារាំងមក ក្រៅពីប្រើកាលបរិច្ឆេទតាមបែបចន្ទគតិ ខ្មែរយើងប្រើកាលបរិច្ឆេទបែបសុរិយគតិតាមបារាំង ព្រោះរដ្ឋការរបស់បារាំងនិងខ្មែរយើង មានការប្រាស្រ័យទាក់ទងគ្នាជាប្រចាំ ។ ម្យ៉ាងទៀតឥទ្ធិពលបារាំង ទាំងនយោបាយ
និងវប្បធម៌ តែងតែគ្របសង្កត់មកលើយើងជានិច្ច ។ សូមជម្រាបបញ្ជាក់ថា បារាំងពុំមានប្រើឈ្មោះឆ្នាំ ជូត,
ឆ្លូវ, ខាល, ថោះ,
រោង.... ដូចយើងទេ គឺគេប្រើឆ្នាំតាមគ្រិស្តសករាជ ។
ឧទាហរណ៍៖
គ្រិស្តសករាជ ២០០៧ ។ ក្រៅពីប្រើឆ្នាំតាមគ្រិស្តសករាជ បារាំងប្រើខែសុរិយគតិដូចជា Janvier (ហ្សង់វីយេ), Février (ហ្វេវ្រីយេ), Mars (ម៉ាស់), Avril (អាវ្រីល), Mai (ម៉េ), Juin (យូវ៉ាំង), Juillet (ស៊ូយ៉េត), Août (អ៊ូត), Septembre (សេបតមប្រិ៍), Octobre (អុកតូប្រិ៍), Novembre (ណូវ៉មប្រិ៍) និង Décembre (ដេសមប្រិ៍)
។
ក្រោយមក ក្នុងរវាងបណ្តាឆ្នាំ ទសវត្សទី៦០ គណៈកម្មការវប្បធម៌ជាតិ
បានបង្កើតឈ្មោះ ខែសុរិយគតិទាំង១២ ជាភាសាបាលីជំនួសខែសុរិយគតិបារាំង
ដូចខាងក្រោមនេះ ៖
១- Janvier = យ៉ាំងវីយេ = មករា ២-
Février = ហ្វេវ្រីយេ = កុម្ភៈ ៣- Mars = ម៉ារ្ស = មីនា
៤-Avril =អាវ្រីល= មេសា ៥-
Mai = ម៉េ = ឧសភា៦- Juin = យូវ៉ាំង = មិថុនា ៧- Juillet = ស៊ូយេត= កក្កដា ៨- Août = អ៊ូត
= សីហា ៩- Septembre =សេបតមប្រិ៍=កញ្ញា ១០- Octobre = ឧកតូប្រិ៍=តុលា ១១- Novembre=ណូវ៉មប្រិ៍=វិច្ឆិកា ១២- Décembre= ដេសមប្រិ៍ =ធ្នូ ។
នេះជាដំណាក់កាលនៃការវិវត្តន៍របស់ភាសា និងអក្សរសាស្រ្តខ្មែរយើង ក្នុងជំហានថ្មីមួយទៀត ។ ប៉ុន្តែ សូមជម្រាបថា ឈ្មោះខែថ្មីរបស់ខ្មែរយើង ដែលយកមកជំនួសខែសុរិយគតិបារាំង(ឬសកល)
នេះពុំអាចយកទៅប្រើប្រាស់ក្នុងផ្នែកហោរាសាស្រ្តសម្រាប់ទស្សន៍ទាយ ជោគជតារាសី
គ្រោះកាច គ្រោះជា... បាននោះឡើយ ។ ហោរាខ្មែរនៅតែប្រើខែខាងចន្ទគតិ សម្រាប់គន់គូរដដែលដូចជា
-មិគសិរ=
លេខ ១ -ជេស្ឋ = លេខ ៧
-បុស្ស
= លេខ ២ -អាសាឍ = លេខ
៨
-មាឃ=
លេខ ៣ -ស្រាពណ៍= លេខ ៩
-ផល្គុន
= លេខ ៤ -ភទ្របទ = លេខ ១០
-ចេត្រ
= លេខ ៥ -អស្សុជ = លេខ ១១
-ពិសាខ
= លេខ ៦ -កក្តិក = លេខ ១២
ពាក្យអញ្ញត្រស័ព្ទ
(Les mots exceptionnels)
គឺជាពាក្យមានលក្ខណៈពិសេស ខុសប្លែកពីពាក្យឯទៀតៗដោយ អក្ខរាវិរុទ្ធមិនចំណុះនិងសូរសំឡេង។
ឧទាហរណ៍
-អ្នក= អានថា =“នាក់” សរសេរជា អ + ្ន + ក=អនក=អ្នក=នាក់ ។
-អញ=អានថា =“អាញ់” សរសេរជា =អញ ។
-(ខាង)លិច(ទិស) អានថា=“ឡិច” សរសេរជា =លិច ទិសដែលព្រះអាទិត្យលិច ។
-មាតា=អានថា =“មាដា” សរសេរជា =មាតា= ត> ដ; បាលីមាតា(មា+តា) អានជាសំឡេងខ្មែរ=ម៉ែ ។
-មណ្ឌប. ន. អានថា មាន់ដប់ = វិមាន, រោង ។
-ភ្នំព្រះសុមេរុ = អានថា “ព្រះសុម៉ែ” ភ្នំខ្ពស់ជាងគេក្នុងលោក ។
-ខេត្ត = អានថា “ខែត” មកពីបាលី ខេត្ត=ស្រែ ។
-វិសេស= អានថា “វិសែស” មកពីបាលី វិសេស= ភាពប្លែក ។
-សេពគប់= អានថា “សែបគប់” ទាក់ទងរាប់រក; បាលីក្លាយខ្មែរ ។
-តេមិយៈ= អាថា “ឌីម៉ែ ឬ ព្រះឌីម៉ែ” រឿងទី ១ ក្នុងទសជាតក; ... ។
-តេជោ= អានថា “ដែជោ” មកពីបាលី “តេជ”= អំណាច ។
-បណ្ឌិត=ហៅក្លាយជា “អន្ទិត” មកពីពាក្យបាលី=ជនអ្នកមានប្រាជ្ញា ។
-បេតី= អានថា “ប៉ែតី”, ក្លាយមកពី
“បីតិ” ។
-ចេតិយ= អានថា “ចែដី” មកពីពាក្យបាលី=ទីដែលគេគោរពបូជា ។
-ចេស្តា= អានថា “ចែស្តា” មកពីសំស្រ្កឹត=សង្វាតប្រឹងប្រែង ។
-ចេតនា= អានថា “ចែតាណា” មកពីបាលី= ផ្តួចគិត, ផ្តោតចិត្ត ។
-ព្រះធរណី= អានថា “ព្រះធរនី” មកពីបាលី,សំស្រ្កឹត= ផែនដី[22] ។
-ប្រពៃណី= អានថា “ប្រពៃនី[23]” មកពីបាលី= ទំនៀម, ពូជពង្ស ។
-អនុលោម= អានថា “អនុឡោម” មកពីបាលី= បណ្តោយតាម, យល់តាម ។
ខ្ញុំស្រង់ពាក្យ “អញ្ញត្រស័ព្ទ” ខ្លះៗប៉ុណ្ណេះ យកបង្ហាញជូនអស់លោក គ្រាន់បានជាគំរូប៉ុណ្ណោះ ។ នៅមានពាក្យប្រភេទនេះច្រើនទៀត ។ សូមអស់លោកជួយស្រាវជ្រាវបន្ថែម តាមការគួរ ។
សង្កេត ៖ ក្នុងចំណោមអញ្ញត្រស័ព្ទទាំងអស់នេះ យើងសង្កេត
ឃើញមានលក្ខណៈពិសេស ៥ យ៉ាងគឺ ៖
១-ពាក្យទាំងនេះ ច្រើនតែក្លាយមកពីពាក្យបាលី និងសំស្ក្រឹត ។
២-យកសំឡេង “ ដ ” មកជំនួស សំឡេង
“ ត ” ; ឧ. បីដា ‹ បិតា ។
៣-យកស្រៈ “ ែ ” មកជំនួសស្រៈ “ េ ” ឧ.
ចែដី ‹ ចេតិយ ។
៤-យកព្យញ្ជនៈសំឡេង “ អ៊ ” មកជំនួសព្យញ្ជនៈសំឡេង “
អ ” ; ឧ. ព្រះធរនី ‹ ព្រះធរណី, ប្រពៃនី ‹ ប្រពៃណី ។
៥-យក្យព្យញ្ជនៈសំឡេង “ អ ” មកជំនួសព្យញ្ជនៈសំឡេង “
អ៊ ” ឧ.ទិសខាងឡិច ...។ បាតុភូតអញ្ញត្រស័ព្ទ គឺជា “សោភ័ណភាសា” ដែលទាំងអ្នកអក្សរសាស្រ្ត
ទាំងមហាជនព្រមព្រៀងគ្នាប្រឌិតឡើង សម្រាប់សម្រួលការនិយាយស្តី ឲ្យស្រួលមាត់ ។ រីឯការសរសេរវិញ
ត្រូវតែគោរពអក្ខរាវិរុទ្ធដោយអនុលោមទៅតាមជាតិសព្ទ(Etymologie)
របស់ពាក្យ ។
២១- អក្សរកាត់
នៅក្នុងការសរសេរអត្ថបទផ្សេងៗ ជួនកាលគេសរសេរពាក្យនៅក្នុងឃ្លាណាមួយដោយប្រើពាក្យពេញលេញទាំងស្រុងតែម្ដង ។ ឧ. អង្គការសុខភាពពិភពលោក (O.M.S.) ។
ជួនកាលក្នុងកាលៈទេសៈខ្លះទៀត ដោយគេចង់ចំណេញពេល ចំណេញក្រដាស គេតែងតែរិះរកវិធីបំព្រួញសង្ខេបពាក្យពេញលេញនោះឲ្យខ្លី ប៉ុន្តែនៅតែរក្សាបានអត្ថន័យខ្លឹមសារវាទាំងស្រុងដដែល ។
ឧ. អង្គការសហប្រជាជាតិ រួមមកនៅត្រឹម អ. ស. ប.
សហរដ្ឋអាមេរិក ស.
រ. អា.
គណកម្មាធិការជាតិភាសាខ្មែរ
គ. ជ. ភ. ខ.
សេចក្ដីជូនដំណឹង ស.
ជ. ណ.
វិធី៖ គេជ្រើសយកព្យញ្ជានៈក្នុងពាក្យណាមួយធ្វើជាគោល ។ ពាក្យគោលនៅក្នុងឃ្លាណាមួយនោះ ត្រូវបានកំណត់ជ្រើសរើសយកមកដាក់តម្រៀបជាបន្តបន្ទាប់រហូតដល់អស់ពាក្យគោល ដូចមានបញ្ជាក់ជូននៅក្នុងឧទាហរណ៍ខាងលើស្រាប់ ។
២២- ឋានៈរបស់ពាក្យ
ក/ ចំពោះព្រះសង្ឃ និងព្រះរាជា
ដើម្បីរាប់កំណត់ចំនួន ព្រះរាជានោះ គេប្រើពាក្យភ្ជាប់ថា “អង្គ” ៖
ឧ. ព្រះមហាក្សត្រា ក្សត្រី យាងចូលប្រថាប់ក្នុងរាជរោងមាន ១៧ អង្គ ។
ដើម្បីកំណត់ចំនួនព្រះសង្ឃ
គេប្រើពាក្យភ្ជាប់ថា “អង្គ” ៖
ឧ.ក្នុងពិធីចម្រើនព្រះបរិត្តបុណ្យទក្ខិណានុប្បទាននេះ គេនិមន្តព្រះសង្ឃ ១០ “អង្គ”
។
បញ្ជាក់ ៖ ពាក្យសង្ឃស័ព្ទ និងរាជស័ព្ទ មួយចំនួន គឺជាន់គ្នាតែមួយប្រើពាក្យដូចគ្នា ដូចករណីខាងលើជាភស្តុតាងស្រាប់ ។ ព្រះរាជាឈឺ និងព្រះសង្ឃឈឺ គេអាចហៅថា “ អាពាធ ” ដូចគ្នាបាន តែចំពោះព្រះរាជា មានពាក្យម្យ៉ាងទៀតថា “ ប្រឈួន ”
។
ខ្មែរយើងប្រើពាក្យពិសេសៗ សម្រាប់តម្រូវនឹងឋានៈមនុស្សក្នុងសង្គម ។ ដូច្នេះ ព្រះសង្ឃ និងព្រះរាជា ជាជនមានឋានៈខ្ពស់ក្នុងសង្គម ដែលគេអាចសន្មតថា ជា “ ឧត្តមភេទ”
ដូច្នេះត្រូវតែមានពាក្យខ្ពង់ខ្ពស់យកមកប្រើ ឲ្យត្រូវទៅតាមឋានៈនាទី ក្នុងសង្គមដូចជម្រាបខាងលើ ។
ខ/ ចំពោះមនុស្សដែលមានឋានន្តរសក្តិខ្ពង់ខ្ពស់
ដើម្បីកំណត់ចំនួនមនុស្សមានយសសក្តិខ្ពង់ខ្ពស់វិញ គេប្រើពាក្យ “រូប” ៖
ឧ. នៅក្នុងពិធីសម្ពោធការដ្ឋាន នៅខេត្តកំពង់ចាម មានអស់លោករដ្ឋមន្រ្តី តំណាងរាស្រ្ត ចូលរួមប្រមាណ ៣០ រូប
។
គ/ ចំពោះមនុស្សសាមញ្ញធម្មតា
ក្នុងការរាប់កំណត់ចំនួនមនុស្សសាមញ្ញធម្មតា គេភ្ជាប់ពាក្យ “នាក់” ៖
ឧ. នៅក្នុងពិធីបុណ្យ
សុំទឹកភ្លៀងនៅទីទួលអ្នកតាដើមពោធិ៍ មានមនុស្សប្រុសស្រី ក្មេងចាស់ចំនួនប្រមាណជាង៥០០ នាក់
ចូលរួម ។
ឃ/ ចំពោះសត្វទូទៅ
ក្នុងការគិតគន់គណនាចំនួនសត្វទូទៅ គេតែងប្រើពាក្យ “ក្បាល” ៖
ឧ. គេពិឃាតគោ និងជ្រូកអស់ចំនួន ៤ ក្បាល ។
-តែដោយឡែក, បើចំពោះសៀវភៅវិញ ក៏គេហៅថា “ក្បាល” សៀវភៅ ១០ ក្បាល
(ដែរ) ។
ង/ ចំពោះវត្ថុផ្សេងៗ
-ផ្ទះ គេប្រើពាក្យ “ ខ្នង ” យកមកភ្ជាប់ពីក្រោយ ឧ. ផ្ទះ ៣ ខ្នង ។
-អិដ្ឋ គេប្រើពាក្យ “ ដុំ ” យកមកភ្ជាប់ពីក្រោយ ឧ. អិដ្ឋ ២០០
ដុំ ។
-ក្បឿង គេប្រើពាក្យ “ សន្លឹក ” យកមកភ្ជាប់ពីក្រោយ ឧ.ក្បឿង
៥០០០ សន្លឹក
។
-សង្កសី គេប្រើពាក្យ “ សន្លឹក ” យកមកភ្ចាប់ពីក្រោយ ឧ. ស័ង្កសី ៧០ សន្លឹក ។
-ក្តារ គេប្រើពាក្យ “ សន្លឹក ” យកមកភ្ជាប់ពីក្រោយ ឧ. ក្តារ ១៨០ សន្លឹក ។
-ក្រដាស គេប្រើពាក្យ “ សន្លឹក ” យកមកភ្ជាប់ពីក្រោយ ឧ. ក្រដាស
១០០០ សន្លឹក ។
-គ្រឿងឈើធ្វើសំណង់ គេប្រើពាក្យ “ ផ្លាន ” យកមកភ្ជាប់ពីក្រោយ រនូត,
រត, ប្រម៉េ, ផ្ទោង ៤០
ផ្លាន ។
-រថយន្ត, កប៉ាល់,ទូក គេប្រើពាក្យ “ គ្រឿង ”
យកមកភ្ជាប់ពីក្រោយ ឧ. រថយន្ត ៣ គ្រឿង ។ ឧ. កប៉ាល់ ២ គ្រឿង ។ ឧ. ទូក ៥ គ្រឿង ។
ច/ ចំពោះរុក្ខជាតិ
ដំណាំដើមឈើធំៗ គេប្រើពាក្យ “ ដើម
” យកមកភ្ជាប់ពីក្រោយ ៖
ឧ. ខ្នុរ ៣០ ដើម ដូង ៥០ ដើម ។
ឆ/ ចំពោះសត្វទូទៅ
ដើម្បីរាប់កំណត់ចំនួនសត្វសម្រាប់ទឹម, គេតែងយកពាក្យ “ នឹម” មកភ្ជាប់ពីក្រោយ ។
ជ/ ចំពោះដំណាំវារ, ទ្រើងតូចតាច
ដើម្បីគណនាចំនួនដំណាំប្រភេទនេះ គេប្រើពាក្យ “គុម្ព”មកភ្ជាប់ពីក្រោយ ៖
ឧ. កសិករគំរូនៅភូមិសំរោង បានដាំដំណាំបន្លែជាច្រើន សម្រាប់លក់ និងសម្រាប់បរិភោគក្នុងគ្រួសារដូចជា ៖
-ត្រឡាច ២០ គុម្ព
។
-ស្ពៃខ្មៅ ១០០ គុម្ព ។
-ខាត់ណា ៥០ គុម្ព ។
ឈ/ ចំពោះដំណាំយកស្លឹក, ផ្លែ, ជាវល្លិ៍
ក្នុងការគណនារាប់ដំណាំប្រភេទនេះ គេប្រើពាក្យ “ជន្លង់”ពីខាងក្រោយ ៖
ឧ. ពូឡាយ ហាក់ ដែលមានចម្ការប្រភេទដីក្រហម, គាត់ដាំម្រេច៥០០ ជន្លង់
ដីមួយងារនៅខាងក្រោយផ្ទះ, គាត់ដាំ ម្លូក្រហម ២០ ជន្លង់
។
ញ/ ចំពោះសម្លៀកបំពាក់
ឬវត្ថុផ្សេងៗទៀត
បើរាប់ខោមួយ អាវមួយ ឬសំពត់មួយ អាវមួយ, គេថា “ប្រដាប់” ៖
-គឺខោអាវ, សំពត់អាវ ១ ប្រដាប់ ។
-ឬខោអាវ ១ កុំប្លេ ។
-បើរាប់ ឬគណនាសំពត់ គេប្រើពាក្យ
“ក្បិន” គឺ សំពត់ ១ ក្បិន ។
-បើរាប់កំណត់ទំហំល្មម កាត់ខោអាវបានគេថា“អាវ” ឧ. កំណាត់ ១ អាវ ។
-បើរាប់គណនាស្បែកជើង, គេប្រើពាក្យ “សម្រាប់” ឧ.
ស្បែកជើង ១ សម្រាប់
។
-បើរាប់គណនាសង្រែក, គេប្រើពាក្យ “សម្រាប់” ឧ. សង្រែក
១ សម្រាប់ ។
-បើរាប់គណនាចង្កឹះ, គេប្រើពាក្យ “គូ”
ឧ. ចង្កឹះ ១ គូ ។
-បើរាប់ ឬគណនាខ្សែវិញ គេភ្ជាប់ពាក្យ “កន្ទុយ” ពីខាងក្រោយ ឧ. ខ្សែគោ ១ កន្ទុយ
។
-បើរាប់ ឬគណនាចានវិញ គេភ្ជាប់ពាក្យ “ស្រាក់
ឬឡូ” ពីខាងក្រោយ ៖
ឧ. ចាន ១ ស្រាក់ ឬ ចាន ១ ឡូ ។
ដ/ ចំពោះផ្លែឈើ
បើរាប់ ឬគណនាផ្លែឈើ, គេភ្ជាប់ពាក្យ ជាច្រើនប្រភេទដូចខាងក្រោម ៖
-បើផ្លែឈើ ៤ គេថា ផ្លែឈើ “១ ដំប” ។
-បើផ្លែឈើ ៤០ គេថា ផ្លែឈើ “១ ផ្លូន” ។
-បើផ្លែឈើ ៤០០ គេថា ផ្លែឈើ “១ ស្លឹក”
។
របៀបរាប់សំណាប ដែលដកចងជាកណ្តាប់បម្រុងយកទៅស្ទូង ក៏គេគិតជា “ដំប”, “ផ្លូន”, “ស្លឹក”,
ដូចផ្លែឈើដែរ ។
-បើរាប់ផ្លែស្លា គេគិតជា “ដៃ” ក្នុង ១
ដៃមាន ១០ ផ្លែ (ស្លា)
។
-បើរាប់ម្លូ គេគិតជា “ស្នើ” ក្នុង១ស្នើ មាន ១០ សន្លឹក (ម្លូ)
ឬគេគិតជា “ត្របក” ក្នុង ១
ត្របកមាន ២០ សន្លឹក (ម្លូ) ។
-បើរាប់ដូង គេគិតជា “ធ្លាយ” គឺចង្កោមផ្លែដូងដែលចេញពី ទងមួយ ។
-បើរាប់ស្លា គេគិតជា “ស្មែង” គឺចង្កោមផ្លែស្លាដែលចេញពីទងមួយ ៖
ឧ. ដូង ១ ធ្លាយ, ស្លា ១ ស្មែង ។
-បើរាប់សម្លៀកបំពាក់ ដែលគេវេច គេហៅថា ១ ឬ ២ បង្វេច ។
-បើរាប់សម្លៀកបំពាក់ ដែលគេវេចល្មមស្ពាយបាន គេហៅថា ១ ឬ ២ សម្ពាយ ។
-បើរបស់អ្វីដែលគេយកមកឆ្វាយបានគេហៅថាខ្សែមួយចង្វាយ ។
-បើរបស់អ្វីដែលគេយកមកយួរបាន គេហៅថា មួយយួរ ។
ឋ/ ការវាស់ពេលវេលាតាមបែបបុរាណ
កាលដើមឡើយ ខ្មែរយើងពុំទាន់មានវិធី ឬឧបករណ៍សម្រាប់វាស់ពេល (លម្អិតខ្លី) ដូចគ្រាបច្ចុប្បន្នឡើយ ។ ហេតុនេះ
ចាស់បុរាណ លោកកំណត់ពេលវែងខ្លីតាមរយៈការបង្កើតពាក្យផ្សេងៗ ហើយពាក្យខ្លះ នៅតែប្រើរហូតមកទល់សព្វថ្ងៃ មានដូចជា ៖
• យាម៖ ក្នុង ២៤ ម៉ោង លោកចែកជា ៦ ឬ ៨ យាម
ក្នុងមួយយាមៗ មានប្រមាណពី ៣ ម៉ោង ទៅ ៤ ម៉ោង ។ គេគិតរាប់យាម១ ចាប់ពីថ្ងៃរះ គិតជាយាម៣ ឬយាម ៤ នៅពេលថ្ងៃលិច ។ ក្នុង ១ យប់ គិតជា ៤
យាម គឺពីព្រលប់គិតជាយាម ៤... ដល់ភ្លឺ គិតជាយាម ៨ ។
• ខួប៖ ការគិតអាយុក្មេង គេរាប់ពីខែ ដែលវាកើត រហូតមួយជុំ ដល់ថ្ងៃដដែលនេះវិញ គេហៅថាមួយខួបគឺត្រូវជា ១២ ខែ ។ ឧ. បើក្មេងកើតនៅ ថ្ងៃ ២ កើត ខែមាឃ.....
លុះដល់វិលមួយជុំខួបមកដល់ថ្ងៃ ២ កើត ខែ មាឃ នេះ
គេសន្មតថា ក្មេងនេះ អាយុបាន ១ ខួបហើយ ។ ការរាប់ឆ្នាំកំណើត ខ្មែរយើងមិនគិតតាមពុទ្ធសករាជឬគ្រិស្តសករាជទេ គឺកំណត់តាមឆ្នាំទាំង ១២ គឺ ឆ្នាំជូត, ឆ្លូវ,
ខាល, ថោះ, រោង,
ម្សាញ់, មមី, មមែ,
វក, រកា, ច, កុរ ។ ក្នុង ១ ជុំ ខួបមាន
១២ ឆ្នាំ ... ។
• មួយសន្ទុះ៖ គឺជារយៈពេលជាកំណត់មួយ អាចស្មានបានប្រហែលជា ១ ម៉ោង ។ ឧ. ដើរបានមួយសន្ទុះ ក៏ចូលដល់ព្រៃធំមួយ.... ។
• មួយបោក៖ គឺជារយៈពេលជាកំណត់មួយ ប្រមាណជាកន្លះម៉ោង ។ ឧ. ដេកបានមួយបោក ភ្ញាក់ឡើងភ្លឺល្មម ។
• មួយបារី៖ គឺជារយៈពេលប្រមាណ ១៥ នាទី ។ ឧ. ច្រកថ្នាំចំនួនពេល ១ បារី អ្នកជំងឺក៏ដឹងខ្លួនវិញ ។
• មួយសាបស្លា៖ រយៈពេលប្រហែល ២០ នាទី ។ ឧ. ចម្ងាយផ្លូវពីភូមិ ធ្លកទ្រេតទៅ ឈើទាលជ្រំ គេត្រូវដើរ តែ១ សាបស្លា ប៉ុណ្ណោះ
នឹងបានទៅដល់ហើយ ។
• ចំណាំ៖ ពេល ១ បារី គឺរយៈពេល ដែលគេជក់ថ្នាំអស់ ១ បារី ឯពេល ១ សាបស្លា
គឺរយៈពេលដែលអ្នកស៊ីស្លា កំណត់ថាស្លាសាបអស់រសជាតិ ត្រូវខ្ជាក់ចោលកាកស្លាហើយ ។
• មួយស្រឡេត៖ គឺរយៈពេលខ្លី ប្រមាណ ៥ ទៅ ១០ នាទី ។ ឧ. ធ្មេចមួយស្រឡេតទៅ ក៏យល់សប្តិឃើញដំរីដេញ... ។
• មួយភ្លែត៖ ស្មើនឹងរយៈពេល ៥ នាទី ។ ឧ. កុំតាមម៉ែអី ម៉ែទៅតែមួយភ្លែតនឹងវិលមកវិញហើយ ។
ឯកសារពិគ្រោះ
១- មូលវិជ្ជា ខេមរភាសា ។
២- វេយ្យាករណ៍ ធន់
ហ៊ិន ។
៣- ភាសាខ្មែរថ្នាក់ទី ១០ ក្រសួងអប់រំ ។
៤- វេយ្យាករណ៍ខ្មែរពិស្តារ ពូវ - អ៊ុម ។
៥- មូលភាពនៃការបង្កើតពាក្យ កេងវ៉ាន់សាក់ ។
៦- វេយ្យាករណ៍ខ្មែរ ឃឹន សុខ ។
៧- វេយ្យាករណ៍ខ្មែរ ក្រសួងអប់រំ ។
៨- វេយ្យាករណ៍ ទម្រង់និយមនៃភាសាខ្មែរទំនើប ព្រុំ ម៉ល់ ។
៩- ការតែងនិពន្ធ ជួរ គារី ។
១០- និពន្ធសេចក្តីខ្មែរ វិជ្ជានិពន្ធ
គិត ហ៊ាង ។
១១- ផ្កាស្រពោន នូ ហាច ។
១២- កុលាបប៉ៃលិន ញ៉ុក ថែម ។
១៣- វេស្សន្តរជាតក ព្រះអង្គដួង ។
១៤- រឿងរតនាវង្ស ។
១៥- អក្សរសិល្ប៍ខ្មែរ លី ធាមតេង ។
១៦- ជិនវង្ស អរិយគាមុនី ហ៊ីង ។
១៧- កាកី ព្រះអង្គដួង ។
១៨- វេស្សន្តរជាតក ។
[1]
ទស្សនៈលោកសាស្ត្រាចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ មានស្រៈ ៥ ទៀត ពោលគឺ ាះ (ឧ. ច៎ាះ,
អាះ) ីះ (ឧ. យីះ !) ឺះ (ឧ.
អឺះ, អ៊ឺះ, វ៉ឺះ,
បឺះ ៗ ! ទឺះ ៗ !) ៀះ (ឧ.
វៀះវៀន) និង េះ (ឧ.
ចេះ) ។
-> ចំពោះស្រៈ
ួ ឿ និង ៀ ជាមួយនឹងព្យញ្ជនៈអឃោសៈនិងឃោសៈ ខ្មែរយើងបញ្ចេញសំឡេងដូចគ្នាមែន តែជនជាតិខ្មែរនៅខេត្តចន្ទបុរី (សព្វថ្ងៃនៅប្រទេសសៀម) និងនៅតំបន់ភ្នំក្រវាញ កាលណាថា កួរ និង គួរ, កឿ និង គឿ,
ហើយនិង កៀ និង គៀ នៅតែបញ្ចេញសំឡេងមិនដូចគ្នាទេ ពីព្រោះជាមួយនឹងព្យញ្ជនៈអឃោសៈ បញ្ចេញសំឡេងស្រាល
(ឬហៅ សំឡេងតូច) ហើយជាមួយព្យញ្ជនៈឃោសៈ បញ្ចេញសំឡេងធ្ងន់
(ឬសំឡេងធំ) ។
[2] ទស្សនៈលោកសាស្ត្រាចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ ពាក្យ សន្តោស,
សន្តាន, ចិន្តា និង អន្តរធាន ត្រូវសរសេរនឹង ន្ត ដើម្បីរក្សាជាតិសព្ទ
ព្រោះជាពាក្យមកពីសំស្ក្រឹត-បាលី ។ ពីដើម ខ្មែរយើងធ្លាប់មានជើង “ដ” មានរូបសណ្ឋានដូចខ្លួនអក្សរ ដ តែបាត់សក់ សម្រាប់តែពាក្យសំស្ក្រឹត-បាលី ។ ជើងនេះ ខ្ញុំបាទប្រទះឃើញក្នុងសិលាចារឹកនគរវត្តសម័យក្រោយអង្គរ ឧទាហរណ៍ ក្នុងសិលាចារឹកលេខ ១ និង ៣ (សូមមើល សិលាចារឹកនគរវត្ត និង បទានុក្រម រៀបរៀងដោយមហាពិទូរក្រសេម ភ្នំពេញ ពុទ្ធសាសនបណ្ឌិត្យ បោះពុម្ពលើកទី ២ គ.ស. ១៩៥៨ ព.ស. ២៥០១ ទំព័រទី ១២៦, ១៤០, ១៤១) និងក្នុងទស្សនាវដ្តី កម្ពុជសុរិយា លេខដំបូង ៗ លោកបានសរសេរពាក្យ « ទស្សនាវដ្តី »
នឹងជើង ដ ពុំមែនជាជើង ត ទេ ។[3] ទស្សនៈលោកសាស្ត្រាចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ សរសេរ
ត្រីស័ព្ទ ខ្ញុំបាទយល់ស្របជាមួយលោក តែក្នុងវចនានុក្រមខ្មែរ សរសេរថា ត្រីសព្ទ វិញ ។ តែត្រង់មេពាក្យ សព្ទ សរសេរថា សព្ទ ឬ ស័ព្ទ ។ ខ្ញុំបាទមិនដឹងជាអក្ខរាវិរុទ្ធណាត្រូវជាង ។
[4] ទស្សនៈលោកសាស្ត្រាចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ ស្រៈ
œ ក្នុងភាសាបារាំងសែស
ច្រើនអានថា េ មិនមែនជា ឺ
។ ក្នុង វចនានុក្រមខ្មែរ របស់ពុទ្ធសាសនបណ្ឌិត្យ លោកបានសរសេរឈ្មោះនេះថា ហ្ស៊ក សេដែស ។
[5] ទស្សនៈលោកសាស្ត្រាចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ សរសេរ
ត្រីស័ព្ទ ខ្ញុំបាទយល់ស្របជាមួយលោក តែក្នុងវចនានុក្រមខ្មែរ សរសេរថា ត្រីសព្ទ វិញ ។ តែត្រង់មេពាក្យ សព្ទ សរសេរថា សព្ទ ឬ ស័ព្ទ ។ ខ្ញុំបាទមិនដឹងជាអក្ខរាវិរុទ្ធណាត្រូវជាង ។
[6] ទស្សនៈលោកសាស្ត្រាចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ “អាសយ” ជាពាក្យបាលី ក្លាយជា “អាស័យ”
តាមអក្ខរាវិរុទ្ធខ្មែរ ។ រីឯ “អាស្រ័យ” វិញ ជាពាក្យក្លាយមកពីសំស្ក្រឹត “អាឝ្រយ” (និងតួ ឝ ដែលខ្មែរយើងហៅថា ស-គ) ។
[7] ទស្សនៈលោកសាស្ត្រាចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ ័រ ក្នុងភាសាខ្មែរមាត្រដ្ឋាន
(ភាសាខ្មែរស្តង់ដារ)
មានតែជាមួយនឹងព្យញ្ជនៈឃោសៈ ដូចលោកបានសរសេរ
។ តែខ្ញុំបាទឃើញថា សព្វថ្ងៃនេះ (តាមពិត គឺតាំងពីទសវត្សរ៍ឆ្នាំ ១៩៦០) គេច្រើនសរសេរនឹងព្យញ្ជនៈអឃោសៈវិញ
។ ឧ. ប័រ (ខ្លាញ់ទឹកដោះគោ) ទោះជាក្នុងវចនានុក្រមខ្មែរ លោកថា ត្រូវសរសេរ
ប៊័រ ; បៀរម៉ាកអានឆ័រ ; សារព័ត៌មានកំបូដស័រ
។ ខ្ញុំបាទគិតថា គួរតែរំឭកកូនខ្មែរឲ្យសរសេរ ប៊័រ អានឈ័រ និងកំបូដស៊័រ វិញ ព្រោះថា ក្នុងគ្រាមភាសាខ្មែរមួយចំនួន ឧទាហរណ៍នៅស្រុករវៀងក្នុងខេត្តព្រះវិហារ ឬនៅខេត្តសុរិន្ទ ខ្ញុំបាទបានឮបងប្អូនខ្មែរ មិនច្រឡំ ័រ និង
៊័រ ឡើយ ។ ឧទាហរណ៍ គេថា « អ័រ-ក »
(អារ់ក គឺ អារ-ក) ហើយពាក្យថា អ័រ គេបញ្ចេញសម្លេងខ្លី (អារ់) ខុសពី
“អារ” (ឧ. ប្រពន្ធអារ) មានសូរសម្លេងវែង ។ ពាក្យទាំងនេះ ឮ “រ”
ប្រកបយ៉ាងច្បាស់ ។ « ធ្វើការ
» គេនិយាយថា « ធ្វើការ
» (ឮទាំងស្រៈអាវែង និង រ
ប្រកប) ខុសពី « មេឆ្កែក័រ (ការ់) កូន » (គឺ
មេឆ្កែការកូន) ហើយខុសពី « ម៉ែមានគ័ភ៌ » (ឮថា គ័រ) គឺថា “ការ” “ក័រ”
និង “គ័រ” មានសំឡេងខុសគ្នានៅក្នុងខេត្តទាំងនោះ ។
[8] ទស្សនៈលោកសាស្ត្រាចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ យុគលពិន្ទុ
មានប្រើក្នុងពាក្យខ្មែរមួយចំនួនតូច ដូចជា រយៈ ហេៈ ឬ ហែៈ (សូរលាន់មាត់) អ៊ីថាៈ វូមវៈ ! អ្ហាៈ ! និងពាក្យមួយមកពីចិន ៖ ប៉ិកួៈ
(ដំឡូងរលួស) (នេះគឺជាអក្ខរាវិរុទ្ធរបស់វចនានុក្រមខ្មែរ តែខ្ញុំបាទឃើញថា គេច្រើនសរសេរ ប៉ិគក់ វិញ ក្នុងសៀវភៅធ្វើម្ហូប) ។ ក្នុងវចនានុក្រមខ្មែរ លោកហៅយុគលពិន្ទុថា ជាវណ្ណយុត្តិ
តែក្នុងវិស័យភាសាសាស្ត្រ ខ្ញុំបាទយល់ថា អាចទុកថា នៅក្នុងចំណោមស្រៈ ឬ ស្រៈនិង ក ប្រកប វិញ ។
[9] ទស្សនៈលោកសាស្ត្រាចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ គួរសរសេរ កណ្កកសញ្ញា វិញ ទោះជាអានថា កណ្តក់ ក៏ដោយ ព្រោះ
កណ្តក ជាពាក្យបាលី មានន័យថា បន្លា ។
[10] ទស្សនៈលោកសាស្ត្រាចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ រឿងក្បៀសជារឿងសំខាន់បំផុត បើនិយាយពីរឿងតួលេខ ដែលគួរតែយកមកពិភាក្សា ដោយហេតុតែ ពីមុន ខ្មែរយើងបានទទួលឥទ្ធិពលពីបារាំងសែសយ៉ាងខ្លាំងក្លា ។ « ពីរកន្លះ » យើងសរសេរថា ២,៥ តាមទម្លាប់បារាំង
(ប្រើក្បៀស) ។ តែសព្វថ្ងៃ ឥទ្ធិពលបរទេសមកពីអាមេរិកាំងវិញ ហើយពួកអាគាំងសរសេរថា ២.៥ (ប្រើចំណុច) ។ សព្វថ្ងៃ ឃើញថា មានពួកក្មេង ៗ និយមសរសេរដូចអាមេរិកាំងដែរ ។ « បីពាន់ » អាមេរិកាំង (ឬពួកអង់ក្លូសាក់សុងជាទូទៅ) សរសេរជាលេខថា ៣,០០០ (សៀមក៏សរសេរដូច្នេះដែរ ៖ ๓,๐๐๐) ឯបារាំងវិញ សរសេរថា ៣ ០០០ (ដាក់ចន្លោះភ្ជាប់ក្រោយពីខ្ទង់ពាន់) ឬ ៣០០០ ឬ ៣.០០០ ក៏បាន ។ ខ្មែរធ្លាប់ធ្វើតាមបារាំងយូរមកហើយ ជាងមួយសតវត្ស តែត្រូវសម្រេចចិត្ត យករបៀបណា របស់អាមេរិកាំង ឬ របស់បារាំង ?
[11] ទស្សនៈលោកសាស្ត្រាចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ តាមយោបល់ខ្ញុំបាទ ទោះជាមានគេនិយមសរសេរ “កម្មវត្ថុៈ” “យោងៈ” ។ល។
នេះគួរមិនទុកថា ត្រឹមត្រូវ ទេ ព្រោះធ្វើឲ្យច្រឡំតួនាទីរបស់យុគលពិន្ទុនិងទ្វិពិន្ទុលេខ
។ គួរសរសេរ “កម្មវត្ថុ” ៖ “យោង”
៖ វិញ ព្រោះសព្វថ្ងៃ យើងមានយូនីកូដខ្មែរ ។
[12] ទស្សនៈលោកសាស្ត្រាចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ តាមយោបល់ខ្ញុំបាទ កូនសិស្សខ្មែរ ដែលរៀនក្បួនខ្នាតអក្ខរាក្រមនិងវេយ្យាករណ៍ខ្មែរ មិនអាចយល់កថាខណ្ឌខាងលើ ព្រោះពួកគេមានភាសាខ្មែរជាភាសាកំណើត ហើយមិនចេះភាសាបារាំង ព្រោះហេតុថា
ភាសាបារាំង ពុំសូវមានអ្នកណារៀនសព្វថ្ងៃនេះ ។ មានតែមនុស្សដែលបានទទួលការអប់រំនៅសម័យអាណាព្យាបាល ឬ សង្គមនិយម ដែលអាចយល់បាន ។ ហើយបើសិនជាត្រូវការខណ្ឌសញ្ញា គួរប្រើទ្វិពិន្ទុលេខ (ចំណុចពីរគូស ៖) ជំនួសយុគលពិន្ទុ (ៈ) វិញ ។
[13] ទស្សនៈលោកសាស្ត្រាចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ ខ្ញុំគិតថា គួរប្រើ (៖) វិញ ព្រោះមានចុចពីរក្នុងពាក្យថា អ៊ីថាៈហើយ អាចនាំឲ្យមានការយល់ច្រឡំ
។ ឧ. « ឯងថា មិនឲ្យគ្នាទៅអ៊ីថាៈ បានជាគ្នាមិនទៅ ! » ។[14]
ទស្សនៈលោកសាស្ត្រាចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ លោក នួន ប៊ុត ហៅសញ្ញានេះថា វិឡារសញ្ញា, អញ្ញប្រកាស
ឬ កោណសញ្ញា ហើយសរសេរថា « » មានឈ្មោះដូចគ្នា ។
[15] ទស្សនៈលោកសាស្ត្រាចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ លោក នួន ប៊ុត
ហៅសញ្ញានេះថា
អន្តរសញ្ញា ។[16] ទស្សនៈលោកសាស្ត្រាចារ្យ មីស្ហែល
ឫទ្ធី អង់តែល្ម ៖ ប្រការនេះជាការពិបាកនិងស្មុគស្មាញបន្តិចដូចលោកបានយកមកពិភាក្សា ព្រោះខ្ញុំឃើញថា អ្នកប្រាជ្ញខ្មែរទាំងឡាយ មិនប្រើឈ្មោះដូចគ្នាទេ ។ ឧទាហរណ៍ លោក នួន ប៊ុត ហៅ “ ” និង « » ថា
វិឡារសញ្ញា ហើយថា ហៅថា អញ្ញប្រកាស ក៏បាន ។ រួចលោកថា « នឹងហៅថា កោណសញ្ញា ដើម្បីឲ្យស្រួលចំណាំកុំឲ្យច្រឡំគ្នាបាន » ។ ភាសាបារាំង គេហៅសញ្ញា
« » នេះថា វិឡារសញ្ញាបារាំងសែស និង “ ” ថា វិឡារសញ្ញាអង់គ្លេស អាចប្រើទាំងពីរបាន តែវិឡារសញ្ញាអង់គ្លេសទុកជាសញ្ញារង គឺមានតួនាទីខុសគ្នាបន្តិច ។ ឧ. « អ្នកកាន់បេឡា បាននិយាយមកកាន់ខ្ញុំថា ៖ “សូមមើល ‘ប៉ាស់ស្ព័រ’ របស់លោកបន្តិច ។” ខ្ញុំក៏ហុចលិខិតឆ្លងដែនរបស់ខ្ញុំឲ្យគាត់ » ។ សញ្ញា « » នេះ ពួកអង់គ្លេសនិងអាមេរិកាំងមិនដែលប្រើឡើយ ប្រើតែ “ ” ប៉ុណ្ណោះ ។ សូមអ្នកប្រាជ្ញខ្មែរនៅពុទ្ធសាសនបណ្ឌិត្យ មេត្តាដាក់ឈ្មោះខុសគ្នាឲ្យខណ្ឌសញ្ញាទាំង ៣ យ៉ាងនេះ ពោលគឺ
« », “ ” និង ‘ ’ កុំឲ្យកូនខ្មែរច្រឡំ ។
[17] ទស្សនៈលោកសាស្ត្រាចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ លេខរ៉ូម៉ាំងមានតួច្រើនទៀត ព្រោះមិនអនុវត្តតាមរបាប់ទសភាគ ហើយលេខរ៉ូម៉ាំងពុំមានលេខសូន្យ ។ តួលេខដទៃទៀត គឺ ៖ L
(៥០) C (១០០) D (៥០០) M (១០០០) ។
[18] ទស្សនៈលោកសាស្ត្រាចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ កាលខ្ញុំបាទបានរៀនអក្សរខ្មែរ ខ្ញុំបាទក៏ឮគ្រូ ៗ របស់ខ្ញុំបាទហៅអក្សរបែបនេះថា អក្សរមូល (ហើយខ្ញុំបាទកត់សម្គាល់ថា សព្វថ្ងៃនេះ ក្មេង ៗ ជាច្រើនមិនស្គាលឈ្មោះនេះ ហៅថា
អក្សរឆ្លាក់វិញ) ។ តែតាមការស្រាវជ្រាវរបស់ខ្ញុំបាទ ហៅអក្សរបែបនេះថា អក្សរមូល ក៏ជាការច្រឡំដែរ ។ ទោះបីជាតួអក្សរមានរាងមូលមែនក៏ដោយ តាមពិតគឺជាអក្សរខម ។ ក ខ គ ឃ ង នេះ គឺជាអក្សរខម មិនមែនជាអក្សរមូលទេ ។ នៅស្រុកសៀម គេប្រើអក្សរបែបនេះក្នុងសាស្ត្រាស្លឹករឹត និងក្រាំង (សព្វថ្ងៃនេះ មានមនុស្សតិចណាស់ ដែលចេះអាន ព្រោះស្តេចសៀមនៅចុងសតវត្សទី ១៩ ដើម
ស.វ. ទី ២០ ចង់ផ្សព្វផ្សាយតែអក្សរសៀម ដោយយកលេសថា ជាអក្សរពិបាករៀន
និងពិបាកប្រើក្នុងការបោះពុម្ពសៀវភៅ តែតាមទស្សនៈខ្ញុំបាទ គឺមកពីទស្សនៈជាតិនិយម ដែលបានលេចឡើងនៅសម័យនោះ) ។ ដូចលោកមានប្រសាសន៍ ក្នុងសម័យបច្ចុប្បន្ន សៀមនៅតែប្រើអក្សរបែបនេះសម្រាប់សរសេរគាថាលើយ័ន្ត្រ ឬ សាក់លើខ្លួនមនុស្ស ព្រោះជាតួអក្សរស័ក្តិសិទ្ធិ ។ រីឯអក្សរសៀមវិញ គ្រាន់តែជាអក្សរសម្រាប់ផែនដី កិច្ចការរាជការនិងរដ្ឋបាលប៉ុណ្ណោះ ទោះបីជាព្រះត្រៃបិដកជាភាសាបាលី គេសរសេរជាអក្សរសៀមវិញ ។ ពីដើម សៀមមិនដែលសរសេរគាថាបាលី ឬ ពុទ្ធវចនាជាភាសាបាលី ជាអក្សរសៀមឡើយ ។ សៀមហៅអក្សរបែបនេះថា អក្សរខម ព្រោះខម
គឺជាជនជាតិខ្មែរ ។ សៀមហៅខ្មែរសម័យអង្គរថា ខម ៗ ។[19] ទស្សនៈលោកសាស្ត្រាចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ ក ខ គ ឃ ង នេះ គឺជាអក្សរមូល មិនមែនជាអក្សរខមទេ ។ ខ្ញុំបានមើលគម្ពីរសៀមជាភាសាសៀមនិងបាលី តែសរសេរជាអក្សរខម (អក្សរខ្មែរ) (រហូតដល់ចុង ស.វ. ទី ១៩ សៀមសរសេរសៀវភៅទេសន៍ភាសាសៀមជាអក្សរខម) ។ ក្នុងសាស្ត្រាទាំងនេះ ខ្ញុំបាទមិនដែលឃើញសៀមសរសេរ ក មានរូបសណ្ឋានជា ក ឬ ង ជា ង ឡើយ ។
គេសរសេរដូចតទៅជានិច្ច ៖ ក និង ង ។ ខ្ញុំបាទបានសាកសួរនិស្សិតជាតិដាណឺម៉ាកម្នាក់ សព្វថ្ងៃ កំពុងធ្វើសរណាស្រាវជ្រាវស្តីពីរឿង ព្រះមាល័យ របស់សៀម ជាភាសាសៀម តែសរសេរជាអក្សរខ្មែរ ។ គាត់បានប្រាប់ខ្ញុំថា គាត់បានអានក្រាំងនិងសាស្ត្រាស្លឹករឹតច្រើនច្បាប់ ច្រើនខ្សែ មកពីប្រទេសសៀម បានប្រទះឃើញ តួ ក តែម្តងគត់ ក្នុងឃ្លាចុងបញ្ចប់រឿងមួយ (សរសេរជាភាសាសៀម) ។ ចំណែកឯរបៀបសរសេរតួ ក ខ គ ឃ ង ខ្ញុំបាទបានប្រទះឃើញជាញឹកញាប់បំផុតក្នុងសាស្ត្រាស្លឹករឹត វាន និងសៀវភៅសរសេរដែលពួកបារាំងបាននាំមកប្រើនៅប្រទេសកម្ពុជានៅចុងសតវត្សទី ១៩ ។ ដែលអ្នកប្រាជ្ញសព្វថ្ងៃ ច្រឡំអក្សរមូលនិងអក្សរខម ខ្ញុំបាទគិតថា មានមូលហេតុ ២ ។ ទី ១ នៅប្រទេសកម្ពុជា អក្សរខមមានប្រជាប្រិយភាពខ្លាំងនៅ ស.វ. ទី ២០ ហើយគេបានយកអក្សរនេះសម្រាប់យីហោ ស្លាក ។ល។
ទី ២ ដល់ពេលយកបែបអក្សរនេះ ធ្វើជាសំណអក្សរពុម្ព គេបានធ្វើឲ្យតួអក្សរបែបនេះ មានរាងថ្លោស និងមូលទៀត ។ ឯអក្សរមូលវិញ គេមិនបានធ្វើឲ្យសំណពុម្ពមានរាងថ្លោស ។ ម្យ៉ាងទៀត គេបានធ្វើឲ្យមានរូបជ្រុងបន្តិច ។
ដែលខ្ញុំបានរៀបរាប់នេះ ប្រហែលជាការយល់ខុសពីខ្ញុំបាទ តែខ្ញុំបាទបានប្រមូលឯកសារជាភស្តុតាង ដែលខ្ញុំបានស្កេន និងសូមជូនក្នុងឯកសារមួយទៀត ។[20] ទស្សនៈលោកសាស្ត្រាចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖
ឞ តួនេះ ពុំមែនជាព្យញ្ជនៈ ម
(ម) ទេ គឺជាតួព្យញ្ជនៈ ឞ (ហៅ សប) ជាព្យញ្ជនៈសម្រាប់តែភាសាសំស្ក្រឹត ពុំមានក្នុងភាសាបាលីនិងខ្មែរទេ ។ ភាសាសំស្ក្រឹតមានព្យញ្ជនៈ “ស” បីតួ (បញ្ចេញសម្លេងខុសគ្នា) គឺ ឝ (ហៅ សក) ឞ (ហៅ សប) និង ស (អាចហៅ សល) បាន ។ រីឯភាសាបាលី មានតែតួ ស ប៉ុណ្ណោះ ។ ខ្មែរធ្លាប់ប្រើ ឝ និង ឞ តាំងពីសម័យមុនអង្គររហូតដល់សម័យក្រោយអង្គរ ។ ឧ. សូមមើល សិលាចារឹកនគរវត្ត និង បទានុក្រម រៀបរៀងដោយមហាពិទូរក្រសេម ភ្នំពេញ ពុទ្ធសាសនបណ្ឌិត្យ បោះពុម្ពលើកទី ២ គ.ស. ១៩៥៨ ព.ស. ២៥០១ ។
[21] ទស្សនៈលោកសាស្ត្រាចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ នៅក្នុងសៀវភៅបោះពុម្ពផ្សាយនៅស្រុកខ្មែររហូតដល់សម័យសង្គមរាស្ត្រនិយម ស្រៈ ែ នេះ ក៏មានរូបសណ្ឋានដូចនេះ ែ ផងដែរ ។
[22] ទស្សនៈលោកសាស្ត្រាចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖
នៅភាគកណ្តាលនៃប្រទេសកម្ពុជា គេបញ្ចេញសម្លេងថា ព្រះធរនី តែនៅសុរិន្ទ គេបញ្ចេញសម្លេងថា ព្រះធរណី មិនបញ្ចេញសម្លេងថា ព្រះធរនី (ហើយចំពោះខ្មែរសុរិន្ទ សម្លេងនេះមិនមែនជាឥទ្ធិពលសៀម ព្រោះសៀមមិនអាចបញ្ចេញខ្យល់ ី (អី) ដូចខ្មែរទេ ។
[23] ទស្សនៈលោកសាស្ត្រាចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ ក្នុងចម្រៀងមួយចំនួន ខ្ញុំបាទបានឮគេថា ប្រពៃណី តាមអក្ខរាវិរុទ្ធ
ទោះជាខ្មែរភាគច្រើនថា ប្រពៃនី ដូចលោកមានប្រសាសន៍ ។
(ដកស្រង់ពីវចនានុក្រមរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត )