និយមន័យពាក្យថា «ប្រជាធិបតេយ្យ»
ពាក្យថា «ប្រជាធិបតេយ្យ» ភាសាអង់គ្លេសថា «Democracy» ភាសាក្រិចមាន ២ ពាក្យថា «Demos» មានន័យថា «ប្រជាជន» និងពាក្យថា «Kratos» មានន័យថា «អំណាច» កាលបើរួមពាក្យទាំងពីរនេះចូលគ្នាមានន័យថា «អំណាចរបស់ប្រជាជន» ឬថា «ប្រជាជនជាម្ចាស់នៃអំណាច» ។
ចំណែកភាសាខ្មែរ ដែលមានមូលដ្ឋាន មកពីភាសាបាលី និងភាសាសំស្រ្កឹតវិញថា «ប្រជាធិបតេយ្យ» ញែកចេញជា ២ ពាក្យ គឺ «បជា» ឬ «ប្រជា» មានន័យថា « ពួកសត្វ» ឬ «ប្រជាជន» និងមួយពាក្យទៀតថា «អធិបតេយ្យ» មានន័យថា «ភាពជាធំ» ឬ«អំណាច» រួមទាំងពីរពាក្យនេះ ចូលគ្នា ទៅជា «ប្រជាធិបតេយ្យ» មានន័យថា «ប្រជាជនជាធំ» ឬ «ប្រជាជនជាម្ចាស់ នៃអំណាច» ។ ចំណែកនៅក្នុងវចនានុក្រម របស់សម្តេចព្រះសង្ឃរាជ
ជួន ណាត ដែលបោះពុម្ភផ្សាយ ដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យថា «ប្រជាធិបតេយ្យ» មានន័យថា «ភាពនៃប្រទេស ដែលមានប្រជារាស្រ្ត ជាអធិបតី គឺប្រទេស ឬរដ្ឋបាល ដែលមានប្រជាជនជាធំ ក្នុងការជ្រើសរើសតំណាង របស់ខ្លួន ឲ្យជាអ្នកសម្រេច កិច្ចការក្នុងប្រទេស » ។
ពិតណាស់ សមដូចលោករូស្ស៊ីអូ (Rousseau) ជាទស្សនៈ វិទូបារាំង នាសតវត្សទី ៨ បានពោលថា «គោលការណ៍ របស់ប្រជាធិបតេយ្យ
គឺប្រជាជនទាំងមូល ជាម្ចាស់ នៃអធិបតេយ្យ ហើយប្រជារាស្រ្តខ្លួនឯង
ជាអ្នកប្រើប្រាស់អធិបតេយ្យនោះ» ។ ក្នុងន័យនេះ ប្រធានាធិបតីទី ១៦ របស់សហរដ្ឋអាមេរិក គឺលោក Abraham
Lincoln បានពោលថា «រដ្ឋាភិបាល (អំណាច) ជារបស់ប្រជាជន ដោយប្រជាជន
និងដើម្បីប្រជាជន» ។
ដូច្នេះបញ្ជាក់ឲ្យឃើញថា រដ្ឋាភិបាល ដែលមានអំណាច បានក្លាយជាមេដឹកនាំ និងបានភាពជាធំ
គឺប្រជាជន ជាអ្នកប្រគល់អំណាចឲ្យ ដើម្បីដឹកនាំរដ្ឋ ឬប្រទេសជំនួសពួកខ្លួន (Representative) ដោយខ្លួនមិនចាំបាច់មកអង្គុយក្នុងសភាមិនចាំបាច់សម្រេច នូវរាល់កិច្ចការនានា រវាងរដ្ឋមួយ ទៅរដ្ឋមួយផ្សេងទៀត (Foreign Affairs) ដូចជា ការចុះសន្ធិសញ្ញានានា (Treaties) ការប្រកាសង្រ្គាម ការចរចារ (Negotiation) ឬការស្វែងរកសន្តិភាព ដោយផ្ទាល់ឡើយ ព្រោះគេមានប្រមុខរដ្ឋរបស់ពួកគេ ដែលគេជ្រើសរើសរួចហើយ ដោយសម្លេងភាគច្រើន ឲ្យចេញមុខជំនួស ។ មេដឹកនាំ ឬរដ្ឋាភិបាលនោះ ជាអ្នកធានា ឬនាំមកនូវសមភាព តុល្យភាព សុវត្ថិភាព ស្ថេរភាព ភាតរភាព សិទ្ធិសេរីភាព ទាំងផ្នែកសេដ្ឋកិច្ច ទាំងផ្នែកនយោបាយ និងដឹកនាំរដ្ឋទៅកាន់ភាពរុងរឿង ដោយទទួលបាននូវកិត្យានុភាព និងទទួលស្គាល់លើឆាកអន្តរជាតិឲ្យដល់ម្ចាស់អំណាច គឺពលរដ្ឋ ដែលមានវត្តមាននៅក្នុងសង្គម ឬនៅក្នុងរដ្ឋនោះៗ ។ ដូច្នេះអំណាចនេះ គឺជារបស់ប្រជាជន ដោយប្រជាជន និងដើម្បីប្រជាជន ។
ប្រជាធិបតេយ្យមាន២ប្រភេទគឺ
១-ប្រជាធិបតេយ្យដោយត្រង់ (Directive Democracy) មានន័យថា ប្រជាជនដែលរស់នៅក្ នុងសង្គម ឬរដ្ឋនោះៗ
មានសិទ្ធិសេរីភាពស្មើៗ គ្នា ក្នុងការរស់នៅ ក្នុងការប្រកបមុខរបរ មិនថាផ្នែកសេដ្ឋកិច្ច មិនថាផ្នែកនយោបាយ គឺគ្រប់គ្នារួមគ្នា ជាកម្លាំងមួយ ជួយអភិវឌ្ឍន៍សង្គម ឬរដ្ឋ ថែមទាំងជួយដោះស្រាយរាល់បញ្ហា ដែលពួកខ្លួនត្រូវប្រឈមមុខ ទៀតផង ។ ប្រជាធិបតេយ្យបែបនេះ ច្រើនឃើញមាននៅ ក្នុងសម័យក្រិចបុរាណ ។ សព្វថ្ងៃ ប្រជាធិបតេយ្យដោយត្រង់ (Directive
Democracy) នេះ មិនឃើញមានវត្តមាន នៅលើប្រទេសនានាឡើយ តែក៏ឃើញមានប្រើនៅ ក្នុងសង្គមតូចៗ ដូចជា សមាគមន៍ សហគមន៍ ឬអង្គការនានាផងដែរ ។
២-ប្រជាធិបតេយ្យដោយតំណាង (Representative Democracy) មានន័យថា
គឺពលរដ្ឋជ្រើសរើសតំណាង របស់ខ្លួនដែលខ្លួនយល់ឃើញថា មានសមត្ថភាពដើម្បីដឹកនាំរដ្ឋដោយសន្លឹកឆ្នោត
។ ប្រជាធិបតេយ្យបែបនេះ គឺឲ្យតំលៃខ្លាំងណាស់ទៅលើបុគ្គល ដែលមានសុឆន្ទៈ មានសុទិដ្ឋិនិយម មានទស្សនៈវិស័យល្អ មានសមត្ថភាព
ថែមទាំងឲ្យតំលៃទៅលើសិទ្ធិសេរីភាព កម្មសិទ្ធិឯកជនផងដែរ ។
ចំនុចសំគាល់របស់វា ក៏គឺនៅត្រង់
-ពហុបក្ស (Multi-parties)
-ការបោះឆ្នោត
-ការកំណត់អាណត្តិ
-គោរពសម្លេងភាគច្រើន
-ការបែងចែកអំណាច
-មួយនាក់មួយសន្លឹក
-មិនបន្លំសន្លឹកឆ្នោត
-ជ្រើសរើសម្នាក់ក្នុងចំណោមគណបក្សដែលឈ្នះឆ្នោត
-គាំទ្រឲ្យមានទីផ្សារសេរី ។
ពហុបក្ស មានន័យថា
គណបក្សមានចាប់ពីពីរគណៈបក្សឡើងទៅ ហើយគណបក្សទាំងអស់មានការប្រកួតប្រជែងគ្នានៅក្នុងរង្វង់ច្បាប់ ។
ការបោះឆ្នោត មានន័យថា សង្គម ឬរដ្ឋាភិបាលនោះ
មានការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត
ក្រុង ឃុំ សង្កាត់ ទាំងអស់។ កាលណាមានការបោះឆ្នោតទូលំទូលាយអញ្ចឹង នេះហើយជាលក្ខណៈនៃប្រជាធិបតេយ្យ ឬក៏ប្រើពាក្យមួយថា Democratization ភាសាខ្មែរថា ប្រជាធិបតេយ្យភាវូបនីយកម្ម ។
ការកំណត់អាណត្តិ មានន័យថា បីឆ្នាំ បួនឆ្នាំ
ឬ ប្រាំឆ្នាំ ។ល។ មានការបោះឆ្នោតសារជាថ្មី ។
គោរពសម្លេងភាគច្រើន មានន័យថា រាល់កិច្ចការនយោបាយ កិច្ចការធំរបស់ជាតិត្រូវបានសម្រេចដោយមតិភាគច្រើន
គឺចង់និយាយថា ៥០+១ ។
មានការបែងចែកអំណាច មានន័យថា មានការបែងចែកអំណាចដាច់ពីគ្នា រវាងអំណាចនីតិបញ្ញតិ្ត
អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ ។
មួយនាក់មួយសន្លឹក មានន័យថា ប្រជាពលរដ្ឋមួយនាក់
មានសទ្ធិជ្រើសរើសអ្នកតំណាង ឬបោះឆ្នោតឲ្យបេក្ខជន ឬបេក្ខនារីទាំងនោះ បានតែមួយសម្លង
ឬមួយសន្លឹកប៉ុណ្ណោះ ។
មិនបន្លំសន្លឹកឆ្នោត មានន័យថា ការគណនាសម្លេងឆ្នោត ត្រូវសុក្រឹតភាព ដោយជៀសវាងជាខាច់ខាតនូវការបំភាន់
ក្លែងបន្លំ និងត្រូវតែគេចឲ្យផុតនូវរាល់អគតិ គឺការរាប់សម្លងឆ្នោត មានភាពទៀងត្រង់
មិនលំអៀង ។
ជ្រើសរើសម្នាក់ក្នុងចំណោមគណបក្សដែលឈ្នះឆ្នោត មានន័យថា សមាជិកក្នុងបក្ស
ដែលឈ្នះឆ្នោតទាំងអស់ ត្រូវជ្រើសរើសម្នាក់ ដែលមានសុឆន្ទៈ មនោគតិ ឧត្តមគតិ
មានវិចារណញ្ញាណ មានទស្សនវិស័យល្អ គិតបានល្អ ជាវាគ្មិន
មានវោហារស័ព្ទ ប្រសប់ជានិយាយ ថែមទាំងជាបុគ្គលដែលខ្មីឃ្មាត ឧស្សាហ៍
និងសកម្មក្នុងកិច្ចការបក្ស និងសាធារណប្រយោជន៍ទៀតផង ពោលគឺជាបុគ្គលដែល «គិតយ៉ាងណា និយាយយ៉ាងណា ធ្វើយ៉ាងនោះ » ឲ្យធ្វើឯកភាពជានាយករដ្ឋមន្រ្តី ។
គាំទ្រឲ្យមានទីផ្សារសេរី មានន័យថា ជាទីផ្សារសម្រាប់សាធារណជន
ដើម្បីលក់-ទិញ-ដូរ គឺជាទីផ្សារដែលមានការបើកចំហរ ។ល។ ទីផ្សារនេះ
គឺឲ្យតំលៃទៅលើបុគ្គល ឬមូលធនបុគ្គលទាំងក្នុង និងក្រៅស្រុក ។
ចំណុចទាំងនេះហើយ គឺជាចំណុចសម្គាល់ថា (រដ្ឋមួយ សង្គមមួយ ឬក៏រដ្ឋាភិបាលមួយកំពុងតែដើរតាមផ្លូវ) ប្រជាធិបតេយ្យពិត ។