ការទូតតាមលក្ខណៈនៃជំនួបសវនាការ


អ្វីទៅ ជាសវនាការ?
សវនាការ គឺជាកិច្ចប្រជុំពិភាក្សា ការងារសំខាន់ៗ ដែលមានលក្ខណៈ ជាផ្លូវការ ជាមួយមនុស្សសំខាន់ៗ ។
កិច្ចគួរធ្វើសម្រាប់សវនាការ
១. មុនពេលសវនាការ
-អ្នកពិធីការត្រូវសួរនាំ និងអញ្ជើញភ្ញៀវ ឲ្យអង្គុយដោយរាបសារ ។ ក្រោយពីអញ្ជើញភ្ញៀវ សម្រួលឥរិយាបទហើយ ត្រូវលើកទឹក ឬភេសជ្ជៈ ជូនភ្ញៀវ ។
-ក្នុងពេលរង់ចាំ ភ្ញៀវត្រូវរក្សាភាពស្ញៀមស្ងាត់ មិនត្រូវដើរចុះឡើង ពេញបន្ទប់នោះឡើយ ។
-ពិធីករ ត្រូវចូលទៅជំរាប ប្រធានជាមុនសិន ដោយបញ្ជាក់ពីឈ្មោះ មុខងារ ឬតំណែង ស្ថាប័ន ចំនួនភ្ញៀវ ។ ល ។
-ទាល់តែប្រធាន អនុញ្ញាត ទើបអាចអញ្ជើញភ្ញៀវ ឲ្យចូលបាន ។
 -ពេលជូនភ្ញៀវ ជួបប្រធាន ពិធីករជូនភ្ញៀវ ត្រឹមមាត់ទ្វារការិយាល័យបានហើយ ។
-បើភ្ញៀវ មកសុំជួប ដោយមិនបានព្រៀងទុក ថ្នាក់ដឹកនាំ គួរពន្យាពេល ១៥ ឬ ២០ នាទីសិន សឹមជួប (ក្នុងករណីយើងទំនេរក៏ដោយ) ។ ប្រសិនបើ ភ្ញៀវសុំជួបភ្លាម យើងជួបភ្លែត បើមិនដូច្នោះទេ ភ្ញៀវខ្លះ អាចវាយតំលៃថា យើងទំនេរ គ្មានការងារធ្វើសោះ ។ 
២. ពេលសវនាការ
-បដិសណ្ឋារកិច្ចភ្ញៀវ ដោយភាពសោមនស្ស ។
-ពេលសវនាការ ត្រូវបិទទូរស័ព្ទ ឬឲ្យលេខា កាន់ជំនួស ។
 -ទោះបីមានការងារចាំបាច់នៅខាងក្រៅក៏ដោយ ក៏មិនត្រូវក្រោកចេញ មុនភ្ញៀវ ដោយមិនបាន សុំទោសនោះទេ ។ គួរចេះ ប្រើពាក្យសមរម្យ និងថ្លៃថ្នូរ ដូចជា៖ “ខ្ញុំ មានការសោកស្តាយណាស់ ដោយមិនបានជួបលោកបានយូរ” ឬ “សូមលោក មេត្តាអធ្យាស្រ័យ, សូមលោកអភ័យទោស.....” ជាដើមផង ។   

ក្រោយពេលសវនាការ
-សម្តែងភាពកក់ក្តៅ និងភាពជឿជាក់ដល់ភ្ញៀវ 
-អាចជូនវត្ថុអនុស្សាវរីយ៍ ចំពោះភ្ញៀវជាតិ និងអន្តរជាតិសំខាន់ៗ   
៤. ការទទួលដិសណ្ឋារកិច្ចភ្ញៀវ
-ភ្ញៀវមានឋានៈតូច៖ ទទួលនៅក្នុងការិយាល័យ ។
-ភ្ញៀវមានឋានៈស្មើ៖ ទទួលនៅត្រឹមទ្វារបន្ទប់ (ម្ចាស់ផ្ទះ ត្រូវហុចដៃទៅភ្ញៀវមុន បើភ្ញៀវសំពះ ត្រូវលើកសំពះស្មើគ្នា ឬក៏ក្រោយភ្លៀវបន្តិច ក៏មិនអីដែរ) ។


-ភ្ញៀវមានឋានៈធំជាង៖ ត្រូវចេញទៅទទួលភ្ញៀវនៅ ក្រៅការិយាល័យ (ត្រឹមមាត់ទ្វារ ឬរបងហើយត្រូវលើកដៃសំពះភ្ញៀវមុន បើភ្ញៀវហុចដៃមក ត្រូវស្វាគមន៍តបវិញ ដោយទន់ភ្លន់ (ប្រើម្រាមដៃទាំងអស់
៥. ការជូនដំណើរភ្ញៀវចេញ
-ភ្ញៀវមានឋានៈតូចជាង៖ ក្រោកឈរ ចាប់ដៃ (ពេលជូនដំណើរ ឲ្យលេខាជូនបានហើយ) ។
-ភ្ញៀវមានឋានៈស្មើ៖ ជូនដល់របង (បើរបងការិយាល័យ គឺដល់មាត់ទ្វារ) ។
-ភ្ញៀវមានឋានៈ៖ ជូនដល់ទ្វាររថយន្តតែម្តង ​​​​​​​​​​​​​​។ 

ពិធីការរៀបចំកន្លែងប្រជុំថ្នាក់ដឹកនាំជាតិ
នៅពេលរៀបចំវេទិការអង្គុយសម្រាប់ពិធីសង្គម ឬពិធីសម្ពោធអ្វីមួយ គេរៀបចំកន្លែងអង្គុយ ទៅតាមពិធីការ ដោយគោរពទៅតាមឋានានុក្រមកិត្តិយស ។ ប្រសិនបើ ពិធីនោះ មានថ្នាក់ដឹកនាំធ្វើជា អធិបតី (គឺក្រោមអធិបតីភាពរបស់ ប្រធានព្រឹទ្ធសភា រដ្ឋសភា ឬនាយករដ្ឋមន្រ្តី) គេរៀបកន្លែងអង្គុយ ខាងមុខ ចំកណ្តាល សម្រាប់ថ្នាក់ដឹកនាំអង្គុយតែម្នាក់ឯង ឬអង្គុយជាមួយលោកជំទាវ (ខាងឆ្វេង) ។

នៅខាងក្រោយថ្នាក់ដឹកនាំ ខាងស្តាំដៃ គឺកន្លែងសម្រាប់អង្គទូត អង្គការអន្តរជាតិ នៅខាងក្រោយ ចំកណ្តាល គឺកន្លែងសម្រាប់សមាជិកព្រឹទ្ធសភា រដ្ឋសភា ឬមន្រ្តីរក្នុងជួររដ្ឋាភិបាល ហើយនៅខាងក្រោយ ឆ្វេងដៃ គឺកន្លែងសម្រាប់អាជ្ញាធរដែនដីអង្គុយ ។