ជីវប្រវត្តិរបស់ស៊ីសេរ៉ូ


ជីវប្រវត្តិរបស់ស៊ីសេរ៉ូ



ស៊ីសេរ៉ូ​ គឺជាទស្សនៈទូ​ ជារដ្ឋបុរស​ ជាអ្នកច្បាប់​ ជាអ្នកទ្រឹស្តីនយោបាយ​ ទីក្រុងរ៉ូមម្នាក់ និងជាអ្នកធម្មនុញ្ញនិយម (គោរពច្បាប់) ផងដែរ (Constitutionalist)  ​​គាត់កើតនៅថ្ងៃទី​ ខែមករា​​ ១០៦ មុនគ្រឹះសករាជ ក្នុងទីក្រុងរ៉ូម​ ប្រទេសអ៊ីតាលី​  ហើយបានទទួលមរណកាល នៅថ្ងៃទី​ ៧​ ខែធ្នូរ ៤៣ មុនគ្រឹះសករាជ ក្នុងជន្មាយុ ៦៣ ឆ្នាំ ​​នៅទីក្រុងរ៉ូម​ ប្រទេសអ៊ីតាលី

លក្ខណៈទូទៅរបស់ស៊ីសេរ៉ូ

លោកបានបន្តទ្រឹស្តីរបស់លោក ផ្លាតូ​​ និង អារីស្តូត ស្តីអំពីរដ្ឋ​ នយោបាយ​ ទំរង់គ្រប់គ្រង​ និងស្តីអំពីសង្គមស៊ីវិល​  ដោយបានធ្វើឲ្យទ្រឹស្តីរដ្ឋ របស់ផ្លាតូ និងអារីស្តូត​ ឲ្យកាន់តែស៊ីជម្រៅឡើង​ ស៊ីសេរ៉ូន​ បានបង្ហាញថា​ «រដ្ឋមិនមែនគ្រាន់តែបានសម្តែង នូវផលប្រយោជន៍រួម របស់សមាជិក​ដែលមានសេរីភាពរ បស់ខ្លួនប៉ុណ្ណោះទេ​ ថែមទាំងកើតឡើង ដោយកិច្ចព្រមព្រៀង ទៅតាមផ្លូវច្បាប់ផងដែរ»  បើសិនច្បាប់ធម្មជាតិ របស់ផ្លាតូ​ និងអារីស្តូត ជាច្បាប់សច្ចៈ និងរចនាសម្ព័ន្ធរដ្ឋ​ មិនអាចកាត់ផ្តាច់ធម្មជាតិបានទេ ពេលនោះ​ស៊ីសេរ៉ូ បានបញ្ជាក់ថា​ «ច្បាប់ធម្មជាតិ​ កើតតាំងពីនៅក្នុងសភាពធម្មជាតិម៉្លេះ​ ពេលដែលច្បាប់រដ្ឋ ពុំទាន់សរសេរ​តាក់តែង ពោលគឺតាំងពីរដ្ឋ​ ពុំទាន់បានចាប់បដិសន្ធិមកម៉្លេះ​»  នៅក្នុងស្នាដៃរបស់ខ្លួន «ការពិភាក្សាអំពីរដ្ឋ​ និងអំពីច្បាប់» ស៊ីសេរ៉ូ​និយាយអំពីរដ្ឋ​ដែលមានលក្ខណៈជាធម្មជាតិ របស់ខ្លួន គឺយុត្តិធម៌​ និងច្បាប់​ ដូចបាននិយាយខាងលើនេះ​ អាចឲ្យយើងកំណត់បានថា​ ស៊ីសេរ៉ូ​ មានគោលជំហររបស់ខ្លួន ឈរលើទស្សនៈ នីតិរដ្ឋ​ គឺរដ្ឋ បែបនេះហើយ​ ដែលក្នុងនោះ តួនាទីសំខាន់​ មិនមែនអគ្គមគ្គុទេ្ទសក៍ទេ គឺច្បាប់​ ប៉ុន្តែច្បាប់នោះ​ មិនបង្កផលវិបាក ឲ្យពលរដ្ឋ​ និងជាឆន្ទៈរួម​ របស់ពលរដ្ឋ​  ក្នុងនាមជាអ្នកនយោបាយប្រចាំចក្រភពរ៉ូម​ និងជាអ្នកទទួលឥទ្ធិពលទស្សននយោបាយពីខាងក្រៅ លោកបានប្រឹងប្រែងធ្វើយ៉ាងណា​ ដើម្បីឲ្យវប្បធម៌នយោបាយទាំងពីរនេះ អាចបង្រួមចូលគ្នា និងឈានទៅដល់ការបង្កើតទស្សននយោបាយ​ និងច្បាប់ថ្មីមួយ សម្រាប់សង្គមរបស់ខ្លួន​

លោកយល់ថា​ «រដ្ឋ​ កើតចេញអំពីធម្មជាតិ»  លោកបានអះអាងថា​ «សង្គមស៊ីវិល កើតឡើង មិនមែនការបង្កើត​ ឬតាមការកំណត់របស់មនុស្សឡើយ​  តែជាសង្គម ដែលកើតចេញពីធម្មជាតិ ហើយមនុស្ស ត្រូវបានកំណត់ ដោយសភាវគតិ ដែលជាឆន្ទៈរួមមួយ គឺការចង់រួមរស់ជាមួយគ្នា  ធម្មជាតិ​កំណើតរដ្ឋ ចេញអំពីគ្រួសារ​  គ្រួសារ​ជាកោសិកាសង្គម ហើយចេញអំពីសង្គម ហើសង្គមបានជារដ្ឋ​  រដ្ឋ​ គឺមិនមែនត្រឹមតែជាបណ្តុំនៃប្រភេទមនុស្សគ្រប់ជំពូកទាំងអស់​ ដែលត្រូវបានចងសម្ព័ន្ធគ្នា​ ដោយការឯកភាពលើបញ្ហាច្បាប់​ និងផលប្រយោជន៍រួម​  លោកទទូច​ចង់ឲ្យអំណាចរដ្ឋ ត្រូវបានប្រគល់ទៅឲ្យពួកប្រភេទមនុស្សដែលមានប្រាជ្ញា​ គឺជាមនុស្សដែលមានការប៉ិនប្រសប់​ ក្នុងការធ្វើឲ្យស្មារតី របស់ពួកគេ​ខិតជិតឆន្ទៈរដ្ឋគំរូរបស់អារីស្តូត​ ។​ គោលបំណងសំខាន់បំផុតរបស់រដ្ឋ គឺ​ការពារទ្រព្យសម្បត្តិពលរដ្ឋទាំងអស់​

ច្បាប់ធម្មជាតិនេះ​​​ មិនអាចធ្វើការផ្លាស់ប្តូរ​ ដោយសម្លងសន្លឹកឆ្នោតរបស់ប្រជាជនបានឡើយ​​ លោកយល់ថា «ច្បាប់ជាសន្ទស្សន៍ដំបូងបង្អស់របស់រដ្ឋ​​»  សម្រាប់លោក រដ្ឋស្តែងឡើង មិនត្រឹមតែជាការប្រាស្រ័យទាក់ទងបែបសីលធម៌ របស់ពលរដ្ឋសេរីប៉ុណ្ណោះទេ​ ថែមទាំងជាសង្គម​ ដែលប្រកបដោយច្បាប់ទៀតផង​ ។​លោកទទួលស្គាសល់ថា​ «មនុស្សទាំងអស់​ ស្មើៗ គ្នា ចេញពីធម្មជាតិ​ ។ហើយគេម្នាក់ៗ​ សុទ្ធតែ​អាចធ្វើខ្លួនឲ្យក្លាយទៅជាអ្នកចេះដឹងបាន ​​​ប្រសិនបើពួកគេ ឆ្លងកាត់ការអប់រំ​» ។​ ចំពោះវិសមភាព នៅក្នុងសង្គមវិញ លោកយល់ថា​ «នេះ មិនមែនកើតចេញពីកំណើតនោះទេ តែជាវិសមភាព​​ ដែលកើតឡើង ដោយកម្លាំងទំនាក់ទំនង ក្នុងសង្គម​» ។​ លោកបានប្រកាសថា​ «កម្មសិទិ្ធ​ឯកជន ​​មិនដែលកើតចេញពីធម្មជាតិឡើយ​ ការពិត វាអាចកើតចេញពីការមានបាន​តៗ គ្នា មក​តាំងពីយូរលង់ណាស់មកហើយ​ ឬកើតមកពីការទទួលជ័យជំនះ ក្នុងសង្គ្រាម​ ឬក៏បានមកពីច្បាប់​ និងការឯកភាពគ្នា ក្នុងសង្គម»  ចំពោះបញ្ហាទាសករ លោកបានបដិសេធចោលនូវទស្សនៈថា​​ ទាសករ គឺជាឧបករណ៍ ចេះនិយាយ  លោកបានបញ្ជាក់ច្បាស់ថា «នៅក្នុងទំនាក់ទំនង រវាងមនុស្ស និងមនុស្ស គឺពុំមានអ្វីខុសគ្នានោះឡើយ​ ។​ មនុស្សទាំងអស់ដូចៗ គ្នា​ ស្មើៗ គ្នា​ ហើយមនុស្សទាំងអស់ គឺ​ជាពលរដ្ឋផែនដីទាំងមូលតែម្តង​​»

ទម្រង់គ្រប់គ្រងរដ្ឋតាមទស្សនៈរបស់ស៊ីសេរ៉ូ

ស៊ីសេរ៉ូ​ បានកំណត់នូវទំរង់គ្រប់គ្រងរដ្ឋ ​​ ប្រការ ដូចនេះ​ អំណាចស្តេច (រាជាធិបតេយ្យ) អំណាចអភិជន (អភិជនាធិបតេយ្យ) និងអំណាចប្រជាជន (ប្រជាធិបតេយ្យ) ស៊ីសេរ៉ូ​​ បានបង្ហាញថា​ «ស្តេច​ មានប្រជាប្រិយភាព​ ។​ អភិជន មានគតិវិញ្ញូ​  ប្រជាជនមានសេរីភាព»  ក៏ប៉ុន្តែ លោកស៊ីសេរ៉ូ​ មានទំនោរទៅរកប្រព័ន្ធដឹកនាំរួមមួយ ដែលបានច្របាច់បញ្ចូលគ្នា​ នូវរាល់គុណសម្បត្តិល្អៗ នៅក្នុងរបបរាជាធិបតេយ្យ​ អភិជនាធិបតេយ្យ​ និងប្រជាធិបតេយ្យ​​ ​​ប្រព័ន្ធដឹកនាំរួម ស៊ីសេរ៉ូ​ បានគិតថា​ ជាប្រព័ន្ធមួយប្រកបដោយវិចារណញ្ញាណ ឬមួយក៏ដោយសារទ្រង់ទ្រាយនេះ​ បានទទួលនូវគុណសម្បត្តិល្អៗ ពីគ្រប់ទម្រង់នៃការគ្រប់គ្រងរដ្ឋទាំង ​​(គឺរាជាធិបតេយ្យ អភិជនាធិបតេយ្យ​ និងប្រជាធិបតេយ្យ​) ក្នុងចំណោមទម្រង់ទាំងបីនេះ​ ទម្រង់រដ្ឋ​ ដែលល្អជាងគេ គឺរាជាធិបតេយ្យ ប៉ុន្តែបើនិយាយពីទម្រង់គ្រប់គ្រងរដ្ឋ ដែលមានលក្ខណៈ​សុក្រឹតវិញ លោកយល់ថា​ មានតែទម្រង់រដ្ឋ​ដែលបានមកពីការបង្រួមចូលគ្នា នៃរាជាធិបតេយ្យ​ អភិជនាធិបតេយ្យ​ និងប្រជាធិបតេយ្យទេ​នោះ គឺជារបបសាធារណរដ្ឋ​ បែបអភិជនាធិបតេយ្យ អាស្រ័យសភានិយម ស្របគ្នាទៅនឹងការពិចារណា​ អំពីទម្រង់រដ្ឋដែលប្រសើរបំផុតនោះ​ លោកបានបញ្ជាក់ថា លោកមិនពេញចិត្ត ចំពោះការប្រើប្រាស់អំណាចរដ្ឋ​ ក្នុងរូបភាពជាកម្លាំងផ្តាច់មុខ លោកបាន​ប្រឆាំងចំពោះរបបយោធានិយមផ្តាច់ការ ប្រឆាំងចំពោះរបបដែលក្រសោបយក​អំណាចឲ្យមូលនៅក្នុងដៃ របស់បុគ្គលតែឯកអង្គ  លោកយល់ថា «រដ្ឋបុរស​ ឬអ្នកដឹកនាំរដ្ឋ​ គួរតែជាមនុស្ស​ដែលប្រកបដោយភាពឆ្លាតវៃ​ មានគតិវិញ្ញូ​ មានយុត្តិធម៌​ មានពាក្យសម្តីគួរឲ្យកក់ក្តៅ​ ហើយក៏ជាបុគ្គលដែលធ្លាប់ឆ្លងកាត់​ នូវការសិក្សា អំពីបញ្ញាច្បាប់​ និងរដ្ឋផងដែរ» ​​ លោកបញ្ជាក់យ៉ាងច្បាស់ថា «បើខ្វះចំណេះដឹង ទាំងនេះ​ នោះក៏គ្មានបុគ្គលណាម្នាក់ អាចស្វែ​ង​រកយុត្តិធម៌ឃើញដែរ» ។​ តែលោក ក៏ឲ្យតំលៃទៅបុគ្គលដឹកនាំដែលបានប្រើប្រាស់អំណាចផ្តាច់ការ ក្នុងការរៀបចំសណ្តាប់ធ្នាប់សង្គមផងដែរ​ បុគ្គលផ្តាច់ការ នេះ​មានតំលៃនៅពេលដែលគេប្រើប្រាស់អំណាច​ ដើម្បីបម្រើផលប្រយោជន៍រួម ក្នុងនាមជា​អ្នក​ជួយសង្រ្គោះសាធារណរដ្ឋ​ តែមិនមែនដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួននោះឡើយ​

តាមទស្សនៈរបស់លោក​ ច្បាប់​ និងយុត្តិធម៌​​​​ គឺមាននៅក្នុងធម្មជាតិ បានន័យថា ចេញពីធម្មជាតិ​ អ្វីទាំងអស់ ហាក់ដូចជាត្រូវបានរៀបចំឲ្យមានសណ្តាប់ធ្នាប់រួចជាស្រេច លោកមើលឃើញយុត្តិធម៌ ត្រង់ចំណុចថាមិនត្រូវបង្កផលអាក្រក់ដល់អ្នកដទៃ​ និងមិនបំពានលើកម្មសិទ្ធិអ្នកដទៃ​ ។លក្ខណៈជាទូទៅ​ និងជាទិសដៅ នៃគំនិតនយោបាយបុរេក្រិច និងរ៉ូម​ដូចជា ផ្លាតូ​ អារីស្តូត និងស៊ីសេរ៉ូន​ បានបន្សល់ទុក នូវគោលការណ៍ ទ្រឹស្តីនយោបាយអំពីរដ្ឋ​ និតិរដ្ឋ​​​​​ សង្គមស៊ីវិល របបនយោបាយ ទម្រង់គ្រប់គ្រងរដ្ឋ​ និងទម្រង់គ្រប់គ្រងផែនដី​ ទស្សនៈ ដែលបានលើកឡើងខាងលើនេះ ត្រូវបានបញ្ជាក់បន្ថែម និងធ្វើឲ្យកាន់តែស៊ីជម្រៅថែមទៀត ​​នៅក្នុងគំនិតនយោបាយរបស់ទស្សនវិទូ​ជាបន្តបន្ទាប់ក្រោយៗ ទៀត