ជីវប្រវត្តិរបស់ Jonh Locke
លោក John Locke ជាទស្សនវិទូ និងជាអ្នកទ្រឹស្តីនយោបាយ ជនជាតិអង់គ្លេស ។ គាត់កើតនៅថ្ងៃទី ២៩ ខែសីហា ១៦៣២ នៃគ.ស. នៅក្នុងភូមិ Wrington ក្រុង Somerset ខាងត្បូងឈៀងខាងលិច នៃប្រទេសអង់គ្លេស ។ ហើយបានទទួលមរណកាលនៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ ១៧០៤ នៃគ.ស. ក្នុងជន្មាយុ ៧២ ឆ្នាំ ក្នុងក្រុង Essex ភាគខាងកើត នៃប្រទេសអង់គ្លេស ។ គាត់ក៏ជាស្ថាបនិកទ្រឹស្តីសេរីនិយម (Liberalism) ម្នាក់ដែរ ។
ទស្សនៈវិជ្ជារបស់ John Locke
ទស្សននយោបាយរបស់លោក John Locke ដែលធ្វើឲ្យលោកមានកិត្យានុភាពល្បីល្បាញ ក្លាយជាអ្នកនយោបាយវិទ្យា គឺស្នាដៃ «អភិប្រាយពីរនៃការដឹកនាំរដ្ឋ (Two Treatises of Government)» ដែលបានបោះពុម្ពផ្សាយលើកទីមួយ នៅក្នុងឆ្នាំ ១៦៩០ ។ នៅក្នុងស្នាដៃលោក John Locke បានបង្ហាញយ៉ាងច្បាស់ នូវការកំណត់មូលន័យ នៃសេរីនិយម ដូចជា «បុគ្គលភាព» «សង្គម» «រដ្ឋ» ហើយបានដាក់ «បុគ្គលភាព» ឲ្យខ្ពស់ជាង «សង្គម» និង «រដ្ឋ» ។ ពោលគឺបានបកស្រាយ អំពីបញ្ហារបស់មនុស្ស តាមសភាពធម្មជាតិ ការកកើតសង្គម និងការកកើតរដ្ឋ ។ «អ្វីដែលមាននៅក្នុងគំនិត គឺអ្វីដែលធ្លាប់មានក្នុងពិសោធន៍» នេះជាការអះអាងរបស់ John Locke ។ យោងតាមទស្សនៈបស់លោក John Locke ថា «មនុស្សមានសិទ្ធិរស់ សេរីភាព កម្មសិទ្ធិ» នេះជាលក្ខណៈ ពិសេសរបស់មនុស្ស ដែលមានមកតាំងពីកំណើត ។ លោក John Locke មានការចាប់អារម្មណ៍ ទៅលើបញ្ហាកម្មសិទ្ធិជាឯកជន ចាត់ទុកជាច្បាប់ធម្មជាតិរបស់មនុស្ស ហើយការសន្សំទ្រព្យសម្បត្តិ អាចផ្តល់លទ្ធភាពឲ្យមនុស្សផ្តត់ផ្គង់ចិញ្ចឹមខ្លួនឯង និងគ្រួសារ នូវអ្វីដែលខ្លួនចាំបាច់ ។ ប៉ុន្តែនៅពេលដែលមនុស្ស មាននូវអ្វីជាចាំបាច់ហើយនោះ គេនឹងយកចិត្តទុកដាក់ ថែមទាំងធ្វើឲ្យរីកចម្រើននូវទ្រព្យសម្បត្តិរបស់គេបន្ថែមទៀត ។ តែទោះជាយ៉ាងណាក៏ដោយ ក៏លោក John Locke មិនធ្ងន់ តែកម្មសិទ្ធិជារបស់ឯកជនតែម្យ៉ាងនោះទេ ថែមទាំងរិះរកមធ្យោបាយ ដើម្បីរក្សាកម្មសិទ្ធិ ដែលជាធាតុចាប់ផ្តើម របស់សង្គមសេរីនិយម ។
លោក John Locke យល់ថា «រដ្ឋ ត្រូវមានស្ថានភាពជាអ្នកនាំមុខសង្គម» ។ រដ្ឋ ជាយន្តការ មានលទ្ធភាព និងប្រសិទ្ធិភាព ការពារយុត្តិធម៌ ។ ចំណែកការរស់នៅក្នុងធម្មជាតិ មានលក្ខណៈខុសពីរដ្ឋ ។ លោក John Locke បានសរសេរថា «ដោយឈរលើវិចារណញ្ញាណ មនុស្សបានសន្មតគ្នា ដើម្បីអនុវត្តន៍ច្បាប់ ដោយឆ្ពោះទៅរកគោលការណ៍ នៃកិច្ចព្រមព្រៀងគ្នា ដោយរួមជាសង្គម (Social Contract) ហើយបង្កើតបានជារដ្ឋ» ។ John Locke គឺជាអ្នកបង្កើតទ្រឹស្តីបែងចែកអំណាច ដែលជាមូលដ្ឋាននៃនីតិរដ្ឋ ។ និយាយជារួម ទេពកោសល្យដែលបានបង្ហាញក្នុងស្នាដៃរបស់លោក មានឥទ្ធិពលយ៉ាងខ្លាំង ទៅលើវិទ្យាសាស្រ្តនយោបាយ និងទស្សនៈវិជ្ជានយោបាយ ក្នុងសតវត្សទី ២០ និងទី ២១ ។ជីវិតរបស់លោក បានឆ្លងកាត់ព្រឹត្តិការណ៍ជាច្រើន ចំពេលដែលប្រទេសអង់គ្លេស មានបដិវត្តន៍ប្រឆាំង នឹងវិទ្យាសាស្រ្ត ។ ដោយឈរលើទ្រឹស្តីច្បាប់ធម្មជាតិ John Locke បានសិក្សាពីស្ថានភាពរបស់មនុស្សក្នុងតំណាក់កាលដំបូង គឺចាប់ពីពេលដែលរដ្ឋមិនទាន់ចាប់បដិសន្ធិ ។ ចំណុចថ្មីមួយ ដែល John Locke រកឃើញគឺកម្មសិទ្ធិឯកជនដែលកើតមានមុនការកកើតសង្គមឬកកើតនៃអំណាចនយោបាយ ។ កម្មសិទ្ធិឯកជន កើតមាននៅក្នុងសភាពធម្មជាតិ ។ កម្មសិទ្ធិឯកជន ជាសារធាតុ មិនអាចញែកចេញពីមនុស្សបានទេ ព្រោះកម្មសិទ្ធិជាសមិទ្ធិផល នៃការងាររបស់មនុស្ស ។ តាមរយៈ បទពិសោធន៍ទ្រឹស្តីធម្មជាតិ ហើយនឹងតាមរយៈ ការបកស្រាយស្តីពីការគ្រប់គ្រងរដ្ឋ John Locke បានពន្យល់ថា «ដំបូងមនុស្ស ត្រូវការចំណីអាហារ ផ្លែឈើ បរិភោគចំអែតក្រពះ» ។ គាត់ថា «ដោយសារតែកម្លាំងពលកម្មរបស់គេ មនុស្សត្រូវបេះផ្លែឈើឲ្យបានច្រើន ដាំដើមឈើហូបផ្លែ ឲ្យបានច្រើននេសាទ ឲ្យបានច្រើន ឬផលិតគ្រឿងឧបភោគបរិភោគឲ្យបានច្រើន ដើម្បីទុកសម្រាប់ពេលក្រក្សត់» ។ ដូច្នេះ ចេញពីផលិតផលដែលគេខំផលិតសម្រាប់ទុកបរិភោគនេះឯង ដែលទាំងនេះជាប្រភព ឬជាហតុនាំឲ្យកើតមានកម្មសិទ្ធិ ។ កម្មសិទ្ធិពីធម្មជាតិ របស់មនុស្សដែល John Locke លើកមកបង្ហាញផងដែរ គឺសិទ្ធិ និងសេរីភាព ។ គាត់យល់ថា «មនុស្ស មានវិចារណញ្ញាណដែលបង្ខំឲ្យគេមានការងារ ឬករណីយកិច្ចជាច្រើន ហើយកិច្ចមុនដំបូងគេបង្អស់នោះ គឺការរក្សាអាត្មាខ្លួនឯងជាមុនសិន ។ បើការរក្សាខ្លួនឯងជាករណីយកិច្ចនោះក៏បញ្ជាក់ឲ្យឃើញថា មនុស្សម្នាក់ៗ មានសិទ្ធិលើខ្លួនឯផ្ទាល់គេ គឺជាកម្មសិទ្ធិរបស់ខ្លួនគេផ្ទាល់ ។ ពីធម្មជាតិ គេមានខ្លួនគេជាប់ជាមួយនឹងកម្លាំងការងារ ដូច្នេះអ្វី ដែលកើតចេញពីកម្លាំងរបស់គេ ក៏ជាកម្មសិទ្ធិរបស់ខ្លួនគេដែរ» ។
លក្ខណៈជាកម្មសិទ្ធិមាន ៣ ប្រការ
១-ការយកមកធ្វើជារបស់ខ្លួន វាត្រឹមត្រូវតាមធម្មជាតិ ព្រោះគេជាម្ចាស់លើខ្លួនឯង ជាម្ចាស់លើរូបកាយខ្លួន ហើយអ្វីដែលកើតចេញពីរូបកាយ របស់ខ្លួន ក៏ជាមរតករបស់ខ្លួនដែរ ។
២-ការចេញពីសភាពធម្មជាតិ មិនមែនជាការចាំបាច់ដាច់ខាតនោះទេ តែការចូលមករស់ នៅក្នុងសភាពជាសង្គម វាមានការធានាមួយខ្ពស់ជាង ។ សង្គមមួយ ដែលមិនមានគោលដៅ សម្រាប់ការថែរក្សាកម្មសិទ្ធិ ក៏មិនអាចមានឈ្មោះថាសង្គមនោះទេ ។ សារៈសំខាន់របស់សង្គម គឺការពារកម្មសិទ្ធិ ។
៣-មានតែកិច្ចព្រមព្រៀង ដោយស្ម័គ្រចិត្ត រវាងបុគ្គលជាម្ចាស់កម្មសិទ្ធិ ពោលគឺកិច្ចព្រមព្រៀងសំដៅធានាដល់កម្មសិទ្ធិ ដែលបង្កើតបានជាសង្គមនយោបាយនោះ ។
លក្ខណៈធម្មជាតិរបស់មនុស្ស
John Locke បានបកស្រាយស្ថានភាពធម្មជាតិ របស់មនុស្ស ជាស្ថានភាពដែលមានសេរីភាពគ្រប់គ្រាន់ ក្នុងការទំនាក់ទំនង រវាងបុគ្គល និងបុគ្គល ។ ស្ថានភាពធម្មជាតិ ជាស្ថានភាព ដែលពោរពេញទៅដោយសមភាពទាំងអំណាច ទាំងសិទ្ធិ សុទ្ធតែស្មើៗ គ្នា គ្រប់បុគ្គលទាំងអស់ ដោយមិនមានបុគ្គលណាម្នាក់ មានសិទ្ធិអំណាចច្រើនជាងអ្នកដទៃនោះទេ ហើយមានសិទ្ធិសេរីភាព មិនអាចមិនអាចកាត់ផ្តាច់ពីបុគ្គលឡើយ ក្នុងស្ថានភាពធម្មជាតិ ។ សភាពធម្មជាតិ ជាកន្លែងដំបូង ដែលបានផ្តល់សិទ្ធិ ឲ្យមនុស្ស ។ ស្ថានភាពធម្មជាតិ មានសភាពសន្តិភាព និងជាសភាពដែលមនុស្សមានសុឆន្ទៈ ចង់ជួយគ្នាទៅវិញទៅមក ជាសភាពដែលមានវិចារណញ្ញាណ អាចយល់ដឹងពីច្បាប់ធម្មជាតិបាន និងជាសភាពដែលមនុស្សចេះសម្របសម្រួល នូវអាកប្បកិរិយារបស់ខ្លួន ទៅនឹងច្បាប់ធម្មជាតិ ។ តាមតែសភាពធម្មជាតិ ក៏ជាសភាពដែលខ្វះខាត ព្រោះមិនមានការកំណត់ច្បាប់ និងប្រកាសឲ្យប្រើប្រាស់ច្បាប់សម្រាប់អ្នកទាំងអស់គ្នាឡើយ ។ ក្នុងសភាពធម្មជាតិ ខ្វះនូវអំណាចតុលាការ សម្រាប់ទប់ស្កាត់ មិនឲ្យមានការសងសឹកគ្នា ការជែជកគ្នា យកចាញ់ឈ្នះ តាមលក្ខណៈជាក់ស្តែងឡើង ដូចរូបភាពជាកូនក្តីផង ជាមេធាវីផង ជាចៅក្រមផងនោះឡើយ ។ ប្រព័ន្ធរស់នៅក្នុងសភាពធម្មជាតិ មិនអាចឋិតនៅបាន ដូច្នេះ កម្មសិទ្ធិរបស់មនុស្ស មិនអាចរក្សាទុកល្អបានទេ បើគ្មានសង្គម ក៏គ្មានរដ្ឋដែរ ។ ដូច្នេះ សង្គមជាអ្នកថែរក្សា ជាអ្នកជួយសម្រួលស្ថានភាព ដល់កម្មសិទ្ធិទាំងនោះ ។ ធម្មជាតិនេះ មានសារៈសំខាន់ណាស់ ពីព្រោះសេរីភាពជាសម្បត្តិ ដ៏ពិសិដ្ឋរបស់មនុស្ស កើតចេញពីធម្មជាតិហ្នឹងឯង ។ John Locke យល់ថា «តាមធម្មជាតិមនុស្ស កើតមកនាំមកជាមួយ នូវគំនិតចង់បានកម្មសិទ្ធិឯកជន ។កម្មសិទ្ធិឯកជន ចាក់ឫសយ៉ាងជ្រៅ ក្នុងសភាពធម្មជាតិ ។ ការដែលមនុស្ស ចង់បានកម្មសិទ្ធិនោះ គឺមិនមានអ្វីប្រឆាំង នឹងសង្គមដែរ ។ តែផ្ទុយទៅវិញ កម្មសិទ្ធិឯកជននេះ បានជួយរុញច្រានសង្គម ឲ្យមានសំទុះទៅមុខ ជាមួយនឹងវឌ្ឍនភាពយ៉ាងឆាប់រហ័ស» ។
មូលហេតុដែលនាំឲ្យមនុស្សត្រូវការកិច្ចព្រមព្រៀងគ្នាជាសង្គម
ទី១-មនុស្ស ចូលមករួមគ្នាជាសង្គម មូលហេតុ គឺព្យាយាមរកសន្តិភាព សុវត្ថិភាព និងការថែរក្សាសម្បត្តិ កម្មសិទ្ធិរបស់ខ្លួន ឲ្យគង់វង្ស ។ ដូច្នេះដើម្បីទទួលបាន នូវសុវត្ថិភាព ចាំបាច់ត្រូវការច្បាប់ និងតុលាការ ក្នុងសង្គមនោះ ។ ក្នុងសភាពធម្មជាតិ បើមានការរំលោភបំពានណាមួយកើតឡើង ក៏ពុំទាន់មានការដាក់ទណ្ឌកម្មឲ្យសមស្របទៅនឹងឆន្ទៈរបស់ជនរងគ្រោះដែរ ។ ដូច្នេះ ការដាក់ទណ្ឌកម្ម គឺធ្វើឡើងតាមគំនិតផ្តួចផ្តើម នៃជនរងគ្រោះនិងប្រជារាស្រ្តទូទៅ ។ ការស្វែងរកយុត្តិធម៌ ក្នុងសភាពធម្មជាតិ នៅមានលក្ខណៈជាការស្វែងរកសម្រាប់បុគ្គលម្នាក់ៗ ដែលជាអ្នករងគ្រោះនោះ ឬទង្វើនោះ ធ្វើតាមកំហឹងផ្ទល់ខ្លួនតែប៉ុណ្ណោះ ។ យ៉ាងនេះ គេឲ្យឈ្មោះថា
«យុត្តិធម៌ឯកជន» ។ ក្នុងករណីជនរងគ្រោះ មិនមានសមត្ថភាព និងលទ្ធភាពស្វែងរកយុត្តិធម៌នោះ ពួកគេត្រូវឋិននៅក្នុងជនរងគ្រោះ អយុត្តិធម៌ ។ John Locke មើលឃើញថា «ក្នុងសភាពបែបធម្មជាតិ មនុស្សទាំងឡាយមិនត្រូវបានការពារដោយច្បាប់ ពីសំណាក់ការរំលោភបំពានឡើយ ព្រោះមនុស្ស ពុំទាន់បានបង្កើតអង្គការ រៀបចំសណ្តាប់ធ្នាប់សង្គម និងការដាក់ទណ្ឌកម្ម ទៅលើបទល្មើសនៅឡើយ ។ ដោយចង់បញ្ចប់នូវជម្លោះពីម្នាក់ទៅម្នាក់ និងទទួលបាននូវយុត្តិធម៌នោះ ទើបមនុស្សទាំងឡាយ យល់ព្រមគ្នានឹងគ្នា បង្កើយឲ្យមានជាអង្គការសង្គមមួយដែលអាចការពារជីវិតបុគ្គល និងសិទ្ធិសេរីភាព គ្រប់យ៉ាងរបស់ពួកគេ ។
«យុត្តិធម៌ឯកជន» ។ ក្នុងករណីជនរងគ្រោះ មិនមានសមត្ថភាព និងលទ្ធភាពស្វែងរកយុត្តិធម៌នោះ ពួកគេត្រូវឋិននៅក្នុងជនរងគ្រោះ អយុត្តិធម៌ ។ John Locke មើលឃើញថា «ក្នុងសភាពបែបធម្មជាតិ មនុស្សទាំងឡាយមិនត្រូវបានការពារដោយច្បាប់ ពីសំណាក់ការរំលោភបំពានឡើយ ព្រោះមនុស្ស ពុំទាន់បានបង្កើតអង្គការ រៀបចំសណ្តាប់ធ្នាប់សង្គម និងការដាក់ទណ្ឌកម្ម ទៅលើបទល្មើសនៅឡើយ ។ ដោយចង់បញ្ចប់នូវជម្លោះពីម្នាក់ទៅម្នាក់ និងទទួលបាននូវយុត្តិធម៌នោះ ទើបមនុស្សទាំងឡាយ យល់ព្រមគ្នានឹងគ្នា បង្កើយឲ្យមានជាអង្គការសង្គមមួយដែលអាចការពារជីវិតបុគ្គល និងសិទ្ធិសេរីភាព គ្រប់យ៉ាងរបស់ពួកគេ ។
ទី២-ហេតុផល ដែលតំរូវឲ្យមនុស្សរួបរួមគ្នា ជាសង្គមតូចៗ ឬធំៗ គឺជួយកាត់បន្ថយនូវបន្ទុកនៃការលំបាក។ ដូចនេះ ចាំបាច់បង្កើតវត្ថុដែលតំណាងឲ្យសម្ភារៈពោល គឺពាកើព័ន្ធនឹងការប្រើប្រាស់រូបិយប័ណ្ណនេះ ក្នុងគោលបំណងរក្សានូវកម្មសិទ្ធិផ្ទាល់ខ្លួន ។ នេះជាកត្តាចម្បង ដែលបង្ហាញឲ្យឃើញថា មនុស្សកំពុងតែដកខ្លួនបន្តិចម្តងៗឲ្យឃ្លាតឆ្ងាយពីជីវភាពបែបធម្មជាតិ ។ ចរន្តនេះ បានធ្វើឲ្យមនុស្ស ក្នុងសង្គមមានភាពខុសប្លែកពីគ្នាកាន់តែខ្លាំង។ដូច្នេះ រដ្ឋគឺជាទីកន្លែងបង្អែក ជាកន្លែងដែលមានសុវត្ថិភាព មានសណ្តាប់ធ្នាប់ មានច្បាប់ហើយក៏ជាក្តីសង្ឃឹមរបស់គេនាពេលអនាគតដែរ ។
ទី៣-មនុស្ស បានទទួលផលប្រយោជន៍ ពេលគេចាកចេញពីសភាពធម្មជាតិ គឺដោយសារគេមានបញ្ហាសន្តិសុខ បញ្ហាចាញ់ប្រៀប ហើយគេទាំងអស់គ្នា តែងគិតថា គេនឹងបានស្រួលជាងនេះ ប្រសិនបើមានច្បាប់ជា ធរមានមានចៅក្រមសម្រាប់បកស្រាយច្បាប់ និងអនុវត្តន៍ច្បាប់នោះផង ។
ទី៤-ដើម្បីបញ្ចប់សង្រ្គាម មិនចេះឈប់ឈររវាងមនុស្ស និងមនុស្ស ជាបុគ្គលជាក្រុម និងដើម្បីការពារជីវិតបុគ្គលនោះឯង ។
ទី៥-មនុស្ស ចាកចេញពីសភាពធម្មជាតិ មករស់នៅក្នុងសភាពបែបថ្មី ក្នុងរដ្ឋនេះ សុទ្ធតែមានមូលហេតុបានន័យថា បើគ្មានភ្លើង ក៏គ្មានផ្សែងដែរព្រោះកាលណាកម្មសិទ្ធិរបស់ពួកគេ កាន់តែសម្បូរ ក៏ធ្វើឲ្យពួកគេកាន់តែមានវិសមភាពធំធេងជាងមុន ។ សុវត្ថិភាពរបស់ពួកគេ ក៏កាន់តែត្រូវបានទទួលការគំរាមគំហែង ។ ច្បាប់ដែលបានអនុម័តនៅក្នុងរដ្ឋ ចាំបាច់ត្រូវតែការពារសុវត្ថិភាពសង្គម និងរដ្ឋខ្លួនឯងតែម្តង ។ តាមទស្សនៈបស់លោក John Locke រដ្ឋមានតួនាទីសំខាន់ គឺដាក់ទណ្ឌកម្មដល់អ្នករំលោភច្បាប់ ក្រៅពីនេះរដ្ឋមានតួនាទីផង ដែរក្នុងការធានាឲ្យមាននូវសិទ្ធិសេរីភាព សមភាព និងសុវត្ថិភាពរបស់ពលរដ្ឋ ។ រដ្ឋ គឺជាអង្គការរបស់អ្នកមានសិទ្ធិដែលចង់បានមធ្យោបាយ ដ៏មានប្រសិទ្ធិភាព ដើម្បីថែរក្សាកម្មសិទ្ធិ ដែលគេរកបានសមស្របទៅ នឹងស្ថានភាពធម្មជាតិរបស់ពួកគេ ។ ក្នុងន័យនេះ រដ្ឋគឺគ្រាន់តែជាឧបករណ៍សម្រាប់បម្រើកម្មសិទ្ធិតែប៉ុណ្ណោះ ។
ការបែងចែកអំណាចរបស់ John Locke
១-អំណាចនីតិបញ្ញត្តិ ស្ថិតក្នុងដៃសភា ។
២-អំណាចនីតិប្រតិបត្តិ ស្ថិតក្នុងដៃរដ្ឋាភិបាល តុលាការ និងយោធា ។
៣-អំណាចសហព័ន្ធ ស្ថិតក្នុងដៃស្តេច និងរដ្ឋមន្រ្តីនានា ។
ស្តេចជាប្រមុខនៃអំណាចនីតិប្រតិបត្តិ និងអំណាចសហព័ន្ធ ។ អភ័យឯកសិទ្ធិរបស់រដ្ឋាភិបាល ត្រូវបានកំណត់ក្នុងច្បាប់ ។
អំណាចនិតិបញ្ញត្តិ ជាអំណាចកំពូល ក្នុងចំណោមអំណាចទាំងបី ។ អំណាចនិតិបញ្ញត្តិ និងអំណាចនិតិប្រតិបត្តិ មិនត្រូវស្ថិតនៅក្នុងដៃ របស់បុគ្គលណាមួយឡើយ ព្រោះបើបុគ្គលនោះ យកអំណាចនោះ ទៅប្រើសម្រាប់ផលប្រយោជន៍បុគ្គល ពុំបានបម្រើផលប្រយោជន៍រួមទេ នឹងធ្វើឲ្យកើតមានរបបផ្តាច់ការ ។ ដូច្នេះការបែងចែកអំណាចជាវិធីសាស្រ្ត ជៀសវាង មិនឲ្យកើតមានឡើង នូវការប្រើអំណាចតាមទំនើងចិត្តបែបអាជ្ញាព្រឹត្តិ ដែលជាកត្តា មិនធានាដល់សិទ្ធិសេរីភាព និងកម្មសិទ្ធិរបស់ពលរដ្ឋឡើយ ។ បន្ថេមលើការបែងចែកអំណាចនេះ John Locke បានចាត់ទុកនូវវិធានការណ៍ពីរផ្សេងទៀត ដើម្បីឲ្យរដ្ឋស្គាល់តួនាទីរបស់ខ្លួននៅក្នុងសង្គម ។
វិធានការណ៍ទាំងពីរនោះគឺ
១-ត្រូវបែងចែកសាសនា ឲ្យដាច់ពីរដ្ឋ ឬនិយាយម្យ៉ាងទៀតថា បែងចែកអំណាចសាសនា ឲ្យដាច់ពីអំណាចរដ្ឋ ។
២-ត្រូវរក្សាសិទ្ធិតស៊ូចំពោះការគាបសង្កត់ ។ ចំណែកឯការបះបោរ បាតុកម្ម កូដកម្ម ។ ល ។ វិញ មានផលជាអវិជ្ជមានខ្លាំងណាស់ ប្រសិនបើរដ្ឋ មិនបានបំពេញករណីយកិច្ចរបស់ខ្លួននោះទេ ។ John Locke ប្រឆាំងនឹងរបបរាជានិយមផ្តាច់ការ ដែលយកពន្ធដារតាមទំនើងចិត្ត រឹបអូសយកកម្មសិទ្ធិរំលោភលើសេរីភាព ។ ល ។ លើសពីនេះ អំណាចផ្តាច់ការ ឬរាជានិយមផ្តាច់ការ រឹតតែធ្វើឲ្យ John Locke កាន់តែព្រួយបារម្មណ៍ថែមទៀត ។ ដូច្នេះគំនិតរបស់ John Locke ចង់ឲ្យវត្តមានរដ្ឋ ដែលអនុញ្ញាត និងថែរក្សា ឲ្យមាននូវកម្មសិទ្ធិឯកជន ។ ដូច្នេះទស្សនៈរបស់គាត់ផ្តោតខ្លាំងទៅលើអំណាច និងកម្មសិទ្ធិឯកជន ។ ចំណុចទាំងពីរ នេះវាត្របាញ់ចូលគ្នា ក្នុងទស្សនៈវិស័យវឌ្ឍនភាពសេដ្ឋកិច្ច ដែលជាកត្តាដ៏សំខាន់ ដែលត្រូវលើកឡើង ជាបញ្ហាក្នុងបច្ចុប្បន្ន ។