ទស្សនៈរបស់ Jean Jacques Rousseau (១៧១២-១៧៧៨ នៃគ.ស.​)

ជីវប្រវត្តិរបស់​ Jean Jacques Rousseau



លោក ​Jean Jacques Rousseau ជាទស្សនៈវិទូ ​និងជាអ្នកទ្រឹស្តីនយោបាយបារាំង ។ ​​​ គាត់កើតនៅថ្ងៃ​ទី ​២៨ ​ខែមិថុនា​ ១៧១២ នៃ គ.ស. ​នៅ​ Geneva ដែលជាទីក្រុងនៃ​សាធារណរដ្ឋ​ Geneva ​ប្រទេសស្វីស​ ។​​ ហើយបានទទួលមរណកាល​នៅថ្ងៃទី​ ២ ខែកក្កដា​ ១៧៧៨ នៃគ.ស​. ក្នុងជន្មាយុ​ ៦៦ ឆ្នាំក្នុងតំបន់ Ermenonville ដែលស្ថិននៅភាគខាងជើងនៃសាធារណរដ្ឋបារាំង​។ គាត់ក៏ជាស្ថាបនិកទ្រឹស្តីក្រមសីលធម៌​ (Moralist) ម្នាក់ផងដែរ​ 
 លក្ខណៈទូទៅរបស់រុស្សូ​
ជាការពិតណាស់​ ដែលគេនិយាយថា​ Rousseau​ ជាមនុស្សដែលឆាប់មានអារម្មណ៍រំភើប​ ស្រលាញ់ធម្មជាតិ​ ជាមនុស្សមិនទុកចិត្តដល់វិទ្យាសាស្រ្ត​​ និងបច្ចេកវិជ្ជាឡើយ​ តែគាត់គឺជាអ្នកកែទម្រង់ (Reformist) និងជាអ្នកសនិទាននិយមធំមួយ (Retionalizationist)  ស្នាដៃរបស់គាត់មួយផ្នែកធំ ផ្តោតទៅលើការកែទម្រង់តាមបែបវិចារណញ្ញាណ​ ។ នៅក្នុទ្រឹស្តីនយោបាយរបស់លោកបានរៀបរាប់ចំនុចដ៏សំខាន់មួយ​គឺ «កិច្ចព្រមព្រៀងសង្គម»​​ ដែលបានសរសេរនៅឆ្នាំ ១៧៦២​ ។ នៅក្នុងស្នាដៃនេះ ​បានយកចិត្តដាក់ទៅលើទស្សនទានពីរគឺ
ទី១​. លោក ​Rousseau មិនឈរលើមូលដ្ឋាននៃច្បាប់ធម្មជាតិឡើយ​ (រដ្ឋកើតចេញពីទំនោររបស់មនុស្សពីធម្មជាតិ​ ឬដោយសារសភាវៈបស់មនុស្សពីធម្មជាតិ)​ ។​ លោកយល់ថា​សមាគមន៍ដែលកកើតឡើងដោយការចុះកិច្ចព្រមព្រៀងគ្នាក្នុងសង្គមនោះ​ គឺជាអង្គរួមមួយ​ដែលមានផ្ទុកទៅដោយក្រមសីលធម៌​ និងបណ្តុំមនុស្ស​។​​លោកហៅសមាគមន៍នោះម្យ៉ាងទៀតថា​​​«សង្គមមនុស្ស​»ដែលបាននាំមកជាមួយនូវអត្តសញ្ញាណរួម​ ជីវភាពរួម ឆន្ទៈរួម និងអង្គឯកភាពរួមតែមួយ​។ ដូចនេះ​ឃើញថា​សង្គមមនុស្សគឺជាអង្គរួមមួយដែលមានឆន្ទៈរបស់ខ្លួនច្បាស់លាស់​ហើយយើងក៏មិនអាចធ្វើការប្រៀបប្រដូចអង្គរួមនេះ​​ទៅនឹងបុគ្គលណាម្នាក់បានឡើយ​។​ហើយជាលទ្ធផលសិទ្ធិរបស់ខ្លួន​ត្រូវបានរដ្ឋយកមកប្រើប្រាស់​​ដើម្បជាផលប្រយោជន៍​ដល់អ្នកដែលបង្កើត​។រដ្ឋមានឆន្ទៈផ្ទាល់ខ្លួន​ដែលមិនមែនជាសញ្ញាណឆន្ទៈរបស់បុគ្គលណាមួយឡើយ​។​ដោយឈរលើតំលៃជារួម​​នៅក្នុងឆន្ទៈបស់ខ្លួន​គឺសមាជិកនីមួយៗ​នឹងក្លាយទៅជាផ្នែកមួយ​មិនអាចកាត់ផ្តាច់បានពីសង្គម​។​ឆន្ទៈនៃសង្គមមនុស្ស​ សមាគមន៍បុគ្គល​ ឫសង្គមនេះ​ មិនមែនត្រឹមតែត្រូវបានបង្កើតឡីងដោយបណ្តុំមនុស្សដែលរៀបលំដាប់តាមច្បាប់​និងកាតព្វកិច្ចសង្គមប៉ុណ្ណោះទេ​​ថែមទាំងរៀបលំដាប់តាមស្មារតីទទួលខុសត្រូវបែបសីលធម៌ទៀតផង ​។​
ទី២. ការបង្កើតក្រមសីលធម៌​ និងស្ថាប័នទូទៅរបស់រដ្ឋ​ គឺត្រូវធ្វើឡើងក្នុងពេលជាមួយគ្នា​ ។ សីលធម៌​គឺជាផ្នែកមួយចាំបាច់សម្រាប់អប់រំប្រជាពលរដ្ឋ​ ហើយមានអត្ថិភាពយ៉ាងខ្លាំង​ មិនត្រឹមតែជាផ្នែកមួយនៃច្បាប់ប៉ុណ្ណោះទេ​ និងជាកាតព្វកិច្ចទៀតផង ​ប៉ុន្តែក៏អាស្រ័យទៅនឹងស្ថានភាព​ និងអារម្មណ៍ផងដែរ​ ។ ​ដូច្នេះបុគ្គលរួមគ្នាបង្កើតរដ្ឋ​ បុគ្គលខ្លួនឯង​ ជាធាតុរបស់រដ្ឋ​ ហើយសីលធម៌​ និងសកម្មភាពសប្បុរសធម៌​របស់គេ អាចកើតមានឡើងបាន ក្នុងខណៈណា​ ដែលរដ្ឋបានបង្កើតហើយ​។​ ដើម្បើបង្កើតឲ្យមានឡើង នូវឆន្ទៈរួម ​លោករុស្សូ បានគិតថា​ជាការចាំបាច់ត្រូវការលក្ខន្តិកៈមួយចំនួន​ ហើយជាបឋម គឺសមភាពនៅក្នុងសង្គម​ ។ ​លោកបានគិតថា​ «សម្បត្តិឯកជន ​មិនមែនជាច្បាប់ធម្មជាតិ​ សម្បត្តិ​ឯកជន គឺជាច្បាប់សង្គម​» ​។ ​លោករុស្សូ មិនគាំទ្រទស្សនៈលុបបំបាត់សម្បត្តិឯកជនឡើយ ​ប៉ុន្តែក៏ប្រឆាំងទៅនឹងការបែងចែកសម្បត្តិ មិនស្មើគ្នា​ដែរ ។​ លោកទទូចឲ្យមូលដ្ឋាននយោបាយ​ មានការបង្រួបបង្រួមតែមួយ​ គឺចង់ឲ្យស្មារតីនយោបាយ​ នៅក្នុងសង្គម​ស្តែងឡើង ក្នុងរូបភាពជាឆន្ទៈរួម ​ដោយតម្រូវឲ្យគ្រប់ប្រជាពលរដ្ឋទាំងអស់​ រួមចំណែកយ៉ាងសកម្ម​ក្នុងការបញ្ចញមតិរបស់ខ្លួងឯងផ្ទាល់​ ។​ លោកថា​ប្រសិនបើសង្គម​មានក្រុមហ៊ុនឯកជនច្រើន​ នោះវានឹងនាំសង្គមទៅរកវិសមភាព​ និងការប្រះឆាឆន្ទៈសង្គមរួម​ ។ ពិសេស គឺមិនចង់ឲ្យវណ្ណៈណាមួយកាន់កាប់អំណាចរដ្ឋផ្តាច់មុខ​តែឯងឡើយ​ ។​ លោកបញ្ជាក់ថា​ ដោយឆន្ទៈមិនអាចប្តូរបាន ​និងមិនអាចលក់បាន​ ។​ហេតុនេះ​ឆន្ទៈ ក៏មិនអាចតំណាងបានដែរ​ ។​ អំណាចបែបតំណាង​ គឺជាអំណាចបែបទាសភាព ​។ ​ចំពោះបញ្ហាទម្រង់រដ្ឋវិញ ​លោកមិនអនុញ្ញាតឲ្យមានរបបគ្រប់គ្រង​បែបតំណាងឡើយ​ តែលោកគាំទ្ររបបគ្រប់គ្រង​បែបប្រជាធិបតេយ្យផ្ទាល់​ ។
អប្បជនាធិបតេយ្យក្តី​ (Oligarchy) ឯកាធិបតេយ្យក្តី​ (Monocracy) សុទ្ធសឹងជាយុទ្ធសាស្រ្តនយោបាយ​ដែលបង្ហាញថា ​សេ្តចឬអ្នកកាន់អំណាចផ្តាច់ការ ​​ឬមនុស្សភាគតិច​ (Minority) អាចគ្រប់គ្រងដឹកនាំប្រជាជនទាំងមូលបាន​ ។ ចំណែកប្រជាធិបតេយ្យ​ (Democracy) ជារបបមួយដែលនៅក្នុងរបបនោះ​ ប្រជាជនមានអំណាចអធិបតេយ្យ​ ។ បើគេនិយាយពីប្រជាធិបតេយ្យ​ គឺគេនិយាយពីអធិបតេយ្យរបស់ប្រជាជន ​និងអំណាចរបស់ប្រជាជន ​។​​​​​
ការវិភាគរបស់រុស្សូ
រុស្សូ​បានធ្វើវិភាគ មិនប្លែកពីអ្នកនិពន្ធដទៃទៀតនៅជំនាន់នោះទេ​ គឺការវិភាគដែលចេញពីធម្មជាតិ​ជាមូលដ្ឋាន​ ។​ ចំពោះ Hobbes នៅក្នុងសភាពធម្មជាតិ​​ អ្នកខ្លាំងមានជ័យជំនះ លើអ្នកខ្សោយ​ ​ហើយមានតែជម្លោះនិងសង្រ្គាមទាំងអស់ប្រឆាំងនឹងទាំងអស់​ និងចលាចល​ ។ ​ដូច្នេះមនុស្ស​មានតែផ្លូវតែមួយគត់ គឺការរត់ទៅជ្រកកោនក្រោបដំបូលរបស់រដ្ឋឲ្យជួយការពារ ។ តែចំពោះ​ Rousseau វិញ សភាពធម្មជាតិ គ្មានជម្លោះ​គ្មានសង្រ្គាមអចិន្រ្តៃយ៍ទេ​​ សភាពធម្មជាតិ ជាសភាពមួយដែលមនុស្សរស់នៅដាច់ឆ្ងាយពីគ្នាតែឯកឯង ​​ហើយត្រូវដោះស្រាយបញ្ហាដោយខ្លួនឯង​ ។​ ​ Rousseau បដិសេធគំនិតរបស់ Hobbes​  គាត់យល់ឃើញថា​សភាពធម្មជាតិ មិនមែនជាសភាពដែលលូតលាស់​ មិនមានកម្មវិធីឯកជន​ គេម្នាក់ៗ អាចបះផ្លែឈើ​ដែលមិនមែនជាកម្មសិទ្ធិរបស់អ្នកណាមួយឡើយ​ ។ ​បើគ្មានកម្មសិទ្ធិឯកជន ​ក៏គ្មានចោរដែរ ។​នៅក្នុងសភាពធម្មជាតិគេម្នាក់ៗ ​ជាមួយនឹងគ្រួសារ អាចធ្វើដំណើរ​ទៅទីកន្លែងណា​ ដែលគេចង់ទៅ​ មិនមានព្រំដែនអ្វីឡើយ​  លោក Rousseau យល់ថា ​សភាពធម្មជាតិ​ ជាសភាពសប្បាយក្រៃលែង​ ជាសភាពនៃសុភមង្គល​សម្រាប់មនុស្សជាតិ​ ជាសភាពដែលបង្ហាញពីមនុស្សធម៌​របស់មនុស្ស​ ដែលមានពីកំណើត​ ជាសភាពនៃសេរីភាព ​និងសភាពដែលមនុស្ស អាចរស់​នៅជារហូត​ ប៉ុន្តែដើម្បីធ្វើឲ្យមានសុភមង្គល​ គេមានពេញលេញ​ មនុស្សមានមធ្យោបាយពីរបែប​ គឺសុខចិត្តតស៊ូ​ ឬធ្វើខ្លួនឲ្យកាន់តែ​ប្រសើរឡើង​ ។ ​នៅក្នុងសភាពធម្មជាតិ​ មនុស្សប្រឈមមុខ​នឹងធម្មជាតិ​ ដែលច្រើនមិនផ្តល់អំណោយផល​ ហើយប្រឈមមុខ​នឹងការលំបាក​ ពោលគឺគ្រោះធម្មជាតិ​ និងសត្រូវ​ ។ លោក Rousseau ពិចារណាទៅដល់ការលេចចេញនូវការរកឃើញផ្នែកកសិកម្ម​ និងលោហកម្ម​ ។​ សិល្បៈទាំងពីរនេះ ​នឹងបង្កើតឲ្យមានកម្មសិទ្ធិបុគ្គលលើដីធ្លី​វិសមភាព​ភាពសម្បូរ​ និងទុរគតភាព​ការប្រកួតប្រជែងគ្នា​​តណ្ហា​ជម្លោះ​ ។ ​ផលវិបាក ជាគ្រោះក្នុងសភាពធម្មជាតិ​ ​ជាកម្មវាសនា​ គេចមិនផុត​ដូច្នេះ​ មនុស្សត្រូវតែប្រមូលគ្នា​ជាសមាគមន៍​ ដើម្បីផលប្រយោជន៍រួម ​។ ​មនុស្សរស់នៅដោយគ្មានសង្គម​ មនុស្សអាចរស់នៅដោយស្វែងរកអ្វីៗ ដោយខ្លួនឯង ​ប៉ុន្តែមនុស្សយល់ឃើញថា ​វាមានអត្ថប្រយោជន៍ច្រើនបើគេរស់នៅជាមួយគ្នា​ និងធ្វើការជាមួយគ្នា​  គាត់បានបង្កើតឲ្យមានសង្គមមួយ ក្នុងស្នាដៃរបស់គាត់​ដែលមនុស្សស្ថិតនៅចំណុះសង្គមនោះ​ ​ពីព្រោះមនុស្សបានប្រគល់សិទ្ធិ និងសេរីភាពរបស់គេ​ ប៉ុន្តែមនុស្សនៅតែរក្សា​សេរីភាពរបស់គេ ​ពីព្រោះសង្គមជាសំណុំនៃមនុស្សទាំងអស់​ ហើយគ្មានអ្នកណាម្នាក់ បាត់បង់សេរីភាព​របស់គេទេ​ ។​ សេរីភាព និងសមភាពរបស់ពួកគេ​ម្នាក់ៗ​ ត្រូវបានធានា​ ។​ សង្គមនយោបាយ ជាអ្នកសង្រ្គោះអ្វីដែលមនុស្ស​ ដែលមានកាលនៅក្នុងសភាពធម្មជាតិ​ គឺមានសេរីភាព​ និងសមភាពដោយធានា​សន្តិសុខ​របស់បុគ្គលផងដែរ​  នៅពេលដែលរដ្ឋកើតមានឡើង​បាតុភូតអំណាច ក៏មានជាចាំបាច់ដែរ​ ។ ​ស្តីអំពីអធិបតេយ្យ​ Rousseau ចង្អុលបង្ហាញថា​ «​អធិបតេយ្យរបស់ប្រជាជន ​ស្ថិននៅជារបស់ប្រជាជន​ ។ ​អធិបតេយ្យនេះ​មិនអាចផ្ទេរទៅឲ្យនរណាម្នាក់បានឡើយ​ ​។ នៅក្នុងកិច្ចសន្យា​ គេមិនអាចប្រគល់អំណាចទៅឲ្យស្តេចមួយ​អង្គ ​ពីព្រោះថា​ ការនៅចំណុះស្តេច​ មិនប្រសើរជាងការរស់នៅក្នុងសភាពធម្មជាតិទេ»
តើប្រជារាស្រ្ត​ ​ប្រើប្រាស់អធិប្បតេយ្យរបស់ខ្លួន ​ដូចម្តេច​ ​ ? ​ប្រជារាស្រ្ត ប្រើប្រាស់អធិប្បតេយ្យ​ តាមរយៈការបង្កើតច្បាប់ ។ ច្បាប់ ជាសេចក្តីប្រកាសជាសាធារណៈ និងជាឱឡារិកនូវឆន្ទៈទូទៅ លើកម្មវត្ថុរួមួយ គឺប្រកាសនូវឆន្ទៈ ជាឯកច្ឆន្ទ ​។ នេះជាជំនឿក្នុងច្បាប់ ហើយជាប្រភពនៃសេរីភាព ​​។​ ប្រភពនៃ​ច្បាប់ គឺឆន្ទៈទូទៅ ។​ ​ឆន្ទៈទូទៅ គឺជាចំនួយបូករួមឆន្ទៈរបស់​ប្រជាពលរដ្ឋទាំងមូល ។​​ លោក Rousseau ផ្តល់ជាឧទាហរណ៍ថា ​បើរដ្ឋមានពលរដ្ឋមានប្រជាជនចំនួន​១០០០០ នាក់នោះ សមាជិកម្នាក់ៗ របស់រដ្ឋ​មានចំណែក​របស់ខ្លួនមួយដែរ គឺ១/១០០០០នៃអំណាចកំពូល​ ។ ​ស្តេចមួយអង្គ​​ សភាមួយរូប ​គណបក្សមួយ ​សមាគមន៍មួយ មានឆន្ទៈរបស់គេមួយៗ​ ប៉ុន្តែមិនមែនជាឆន្ទៈរួមរបស់មនុស្ស​ទូទៅទេ​ ។ សេចក្តីសម្រេចដែលអាចយកជាការបាន ​ទាល់តែមានប្រជា​រាស្ត្រទាំងមូលជាអ្នកសម្រេច​គឺជាឆន្ទៈរបស់ប្រជារាស្រ្តទាំងមូល​ ។ ច្បាប់ ជាឆន្ទៈទូទៅ​​ ច្បាប់ត្រូវធ្វើឡើងក្នុងគោលដៅ​ទូទៅ សម្រាប់​គោលការណ៍ធំៗ​ ។ ​នៅក្នុងការអនុវត្តន៍ច្បាប់​ ក៏យ៉ាងដូច្នោះ ដែរ​គឺច្បាប់សម្រាប់ពលរដ្ឋ​ទាំងអស់អនុវត្តន៍ ។​នេះជាទស្សនៈរបស់​លោក Rousseau ហើយក៏ជាទស្សនៈដែលមាន អំណោយទានដល់ច្បាប់ សម័យទំនើបដែរ  លោក Rousseau ថា «អធិបតេយ្យ មិនអាច​តំណាងបានទេ​​​ហើយក៏មិនអាចផ្ទេរបានដែរ ​។ តំណាងរាស្រ្ត​ មិនមែនជាតំណាងរបស់រាស្រ្តទេ​ តំណាងរាស្រ្ត គឺគ្រាន់តែជាស្នងការរបស់រាស្រ្ត​ ។​ តំណាងរាស្រ្ត មិនអាចធ្វើសេចក្តីសម្រេច​ជាស្ថាពរណាមួយទេ ។​ច្បាប់ដែលរាស្រ្ត មិនបានអនុម័ត​ មិនមែនជាច្បាប់ទេ ​ហើយបើរាស្រ្តខ្លួនឯង​​ មិនបានធ្វើអន្តរាគមន៍ ដោយផ្ទាល់​យ៉ាងហោចណាស់ ច្បាប់ ​ក៏មានប្រជាមតិ ឬការយល់ព្រម​ពីរាស្រ្តដែរ​» ។ លោក Rousseau​ បានធ្វើការរិះគន់យ៉ាងខ្លាំង ចំពោះប្រជារាស្រ្តអង់គ្លេសថា​ «​ប្រជារាស្រ្តគិតថា​ ខ្លួនមានសេរីភាពនោះ​គឺជាការភាន់ច្រឡំធំណាស់​ ។​ ប្រជារាស្រ្តនោះ មានសេរីភាព​តែនៅពេលមុនការបោះឆ្នោត​ជ្រើសរើសសមាជិកសភាតែប៉ុណ្ណោះ​ ។​ នៅពេលដែលគេ​ជ្រើសរើសតំណាង​​​​​​​​របស់គេរួចហើយ​ គេក៏ក្លាយជាទាសករ ​របស់សជិកសភាទៅវិញ» ។ ​រាស្រ្ត ជាអ្នកផ្តាច់មុខខាងធ្វើច្បាប់ ។​ការផ្តាច់ខាងធ្វើច្បាប់នេះ ​ត្រូវទុកឲ្យប្រជារាស្រ្ត​ ។​ ចំណុចនេះ​ លោក Rousseau បានធ្វើការរិះគន់យ៉ាងជូរចត់ ទៅលើលោក​ Montesquieu ដែលបានពោលថា​​ «អធិប្បតេយ្យរួមមានតែមួយ​ គឺអធិប្បតេយ្យជារបស់សង្គម​» ។ នៅក្នុងលក្ខខណ្ឌនេះ​ រាជាធិបតេយ្យក្តី (Monarchy) អភិជនាធិបតេយ្យក្តី (Aristocracy) អប្បជនាធិបតេយ្យក្តី​ (Oligarchy) មិនមាននៅ ក្នុងប្រព័ន្ធនយោបាយរបស់លោក​ Rousseau​ ទេ​ ។ បើប្រជារាស្រ្ត ជាអ្នកធ្វើច្បាប់​ តាមធម្មតា​ច្បាប់នោះទៀតសោត អាចសម្រេច​រាល់បញ្ហា​ទាំងអស់​​ តើអាចមានគ្រោះថ្នាក់ចំពោះសេរីភាព​របស់បុគ្គលឬទេ ? ចំពោះករណីនេះ ​លោក Rousseau​ បានគិតថា​ «ច្បាប់ មិនអាចមានគ្រោះថ្នាក់ ចំពោះសេរីភាពរបស់បុគ្គលបានទេ ​ពីព្រោះច្បាប់សម្រេចដោយមនុស្សទាំង​អស់​ ហើយអនុវត្តន៍ចំពោះមនុស្សទាំងអស់​ ដូច្នេះមិនអាចមានបច្ច័យណា​ ដែលមនុស្សទាំងអស់សម្រេច​អ្វីមួយ​ ហើយឲ្យទោស​ដល់មនុស្ស​ទាំងអស់នោះទេ ។ តាមរយៈនៃការរៀបចំប្រជាធិបតេយ្យឲ្យស្ថិតក្នុងដៃ​របស់ប្រជាពលរដ្ឋបែបនេះ​​ច្បាប់ដែលកើតឡើងនោះមុខជាល្អ» ។​​
មនុស្សមួយចំនួន ​បានធ្វើការរិះគន់ចំពោះទ្រឹស្តីខាងលើ របស់លោក Rousseau​ ថា ​«អ្នកភាគតិច ​អាចក្លាយជាជនរងគ្រោះ​ ឬក្លាយជាទាសករ ​ពោលគឺអ្នកភាគច្រើន​ ធ្វើអ្វីដែលបង្ខំ​ដល់ឆន្ទៈ អ្នកភាគតិច​ ហើយប្រឆាំងនឹងឆន្ទៈអ្នកភាគតិច​» ។ ​​ចំពោះលោក Rousseau​ ថា«អ្នកភាគតិច​ ត្រូវគោរពសេចក្តីសម្រេចរបស់អ្នកភាគច្រើន ។ ប្រទេសស្វីល ជាប្រទេសតូច គេអាចអនុវត្តន៍ប្រជាធិបតេយ្យដោយផ្ទាល់បាន ក៏ប៉ុន្តែសង្គមនិមួយៗ ​តែងវិវត្តន៍​ធ្វើឲ្យចំនួន ប្រជាពលរដ្ឋកើនឡើង​ជាលំដាប់​។ដូច្នេះមានការលំបាក​ចំពោះការប្រើប្រព័ន្ធប្រជាធិបតេយ្យ បែបផ្ទាល់នេះណាស់​»
លក្ខណៈច្បាប់របស់​រូស្សូ
ច្បាប់សំខាន់ៗ របស់រដ្ឋ​​ត្រូវតែប្រជារាស្រ្ត ជាអ្នកសម្រេចតាមការប្រើប្រជាមតិ (Referendum) ។ ចំពោះបញ្ហាដទៃទៀត​​ ប្រជារាស្ត្រប្រគល់ឲ្យតំណាងរាស្រ្តចុះ ។ ​លោក Rousseau​ បានបង្ហាញឲ្យឃើញ មានភាពខុសគ្នារវាងអំណាចអ្នកតំណាង​ និងកាតព្វកិច្ចអ្នកតំណាង​ ។ តំណាង ដែល​ជ្រើសតាំង សម្រាប់រយៈពេលយូរ​ ច្រើនតែភ្លេចរាស្រ្ត​ ដែលជាអ្នកបោះឆ្នោតឲ្យនោះ​ ។ ​ចំណែកតំណាងរាស្រ្ត​ ដែលជ្រើសតាំងរយៈពេលខ្លី​ គេមិនទាន់មានទម្លាប់​យកមុខងារ អ្នកតំណាងជាមុខរបរ​នៅឡើយ​ ហើយស្ថិតនៅ ជាអ្នកតំណាងពិតៗ ។ លោក Rousseau​ មានគំនិតថា «ចំនួននៃការជ្រើសរើស​ ត្រូវមានកំរិតពេលវេលា ​​ព្រោះថា​អ្នកតំណាងរាស្រ្ត​​ ដែលប្រជារាស្រ្តលើកច្រើនសារនោះ​ នឹងយកតំណែងតំណាងរាស្រ្ត មកធ្វើជាមុខរបរ​មិនខាន ​។ ​គេ នឹងមានទម្លាប់ ជាអ្នកមានមុខរបរធ្វើ​ជាអ្នកតំណាងរាស្ត្រ ។ ​​ដូច្នេះ គេត្រូវមានការកម្រិត​នៃការជ្រើសរើស ឲ្យមានតែម្តង​ ឬពីដង​​ ហើយត្រូវរង់ចាំ​២​ ឬ៣ឆ្នាំទៀត ​ទើបអាចមកឈរឈ្មោះ ឲ្យគេជ្រើស​សារជាថ្មី​ម្តងទៀត​» ។ ​លោក Rousseau​ ថា​«ត្រូវបង្កើតច្បាប់ សម្រាប់ដាក់ទោស ចំពោះតំណាងរាស្ត្រ​ ឬត្រូវដាក់ទណ្ឌកម្ម ចំពោះ​អ្នកតំណាងរាស្រ្តណា​​ដែលមិនអនុវត្តន៍ តាមឆន្ទៈរបស់ប្រជាជន​ និងមិនអនុវត្តន៍តាមកាតព្វកិច្ចរបស់ខ្លួន» ។​
មិនត្រូវ ឲ្យមានរបាំងរវាងឆន្ទៈទូទៅ ​និងពលរដ្ឋ​ ។ ដូច្នេះប្រជាពលរដ្ឋ ​ត្រូវចូលរួមដោយខ្លួនឯង​ មិនតាមរយៈអ្នកណាផ្សេងៗទៀតទេ​ ។ ពលរដ្ឋម្នាក់ៗ ​ត្រូវយល់អ្វីដែលជាប្រយោជន៍រួម​ហើយ គេមិនត្រូវ​ធ្វើតាមរយៈក្រុមមនុស្សទេ ។ ​ពលរដ្ឋ មានវិចារណញ្ញាណ​ មានបញ្ញា ​ដូច្នេះគេមានមតិ​ គេអាចសម្រេច ដោយ​ខ្លួនគេផ្ទាល់​ ។ ឆន្ទៈរួម ត្រូវតែបញ្ចញដោយផ្ទាល់ ពីប្រជារាស្រ្ត​ ទៅតាមផលប្រយោជន៍ផ្ទាល់​ របស់ប្រជារាស្រ្ត​ ។ ​នេះជាចំណុចសំខាន់ នៅក្នុងគំនិតប្រជាធិបតេយ្យ ។​
អំពីការអនុវត្តន៍ច្បាប់​ ​លោករុស្សូថា ​គេត្រូវអនុវត្តន៍ច្បាប់ឲ្យបានត្រឹមត្រូវ​និងប្រិតប្រៀងបំផុត ។​ ពេលណា ដែលច្បាប់ត្រូវបានអនុម័ត​ហើយ តាមមនសិការរបស់ពលរដ្ឋទាំងមូល ​ច្បាប់នោះ ក៏ត្រូវយកទៅ​ អនុវត្តន៍យ៉ាងតឹងរឹងបំផុតដែរ ​។ ​អំណាចនិតិប្រតិបត្តិ​ គឺរដ្ឋាភិបាលជាអ្នកអនុវត្តន៍ច្បាប់ ។​រដ្ឋភិបាលទាល់​តែខ្លាំង​ ពីព្រោះរដ្ឋាភិបាល ​ត្រូវប្រតិបត្តិចំពោះទាំងអស់​ ។​បើច្បាប់អនុវត្តន៍ មិនចំពោះមនុស្សទាំងអស់​នោះ មិនមែនជាប្រជាធិបតេយ្យទេ​ ។ ​នៅក្នុងរបបប្រជាធិបេយ្យ​ រដ្ឋភិបាលត្រូវតែខ្លាំង ​​ប៉ុន្តែជាអំណាចចំណុះ​ ។ ​​រដ្ឋាភិបាល ​ជាអ្នកប្រតិបត្តិច្បាប់​​ មានប្រជាជនជាអធិបតី ។ អត្ថិភាពរបស់រដ្ឋ ​គឺធ្វើអធិបតេយ្យ ឲ្យមានដល់ប្រជារាស្រ្ត ។ ​អធិបតេយ្យ របស់ប្រជារាស្រ្ត​ ស្ថិតនៅក្នុងអំណាចនិតិបញ្ញត្តិ​ ដែលជាអំណាចធ្វើច្បាប់​ និងលុបច្បាប់​ ។ អធិបតេយ្យ របស់ប្រជារាស្រ្ត​ គឺប្រជារាស្រ្ត ជាអ្នកចាត់ចែង ដោយខ្លួនឯង ​។ ​ចំពោះអត្ថិភាព របស់រដ្ឋាភិបាល​គឺទាក់ទងនឹងការអនុវត្តន៍ច្បាប់ ។ ​រដ្ឋាភិបាល គ្រាន់តែជាតំណាង​របស់ប្រជារាស្រ្ត​ និងរបស់ច្បាប់ ។​​រដ្ឋមន្រី្តជា ខ្ញុំបម្រើរបស់ប្រជារាស្ត្រ ហើយរដ្ឋមន្រ្តី ក៏អាចត្រូវ គេដកហូតងារបានដែរ ។​
របបនយោបាយរបស់រុស្សូ
របបប្រជាធិបតេយ្យ (Democracy) ជារបបមួយដែលល្អឥតខ្ចោះ​ ​​​ប្រសិនបើ​ របបនយោបាយ​នេះ​ អាចធ្វើឲ្យអំណាចនិតិបញ្ញត្តិ​ និងអំណាចនិតិប្រតិបត្តិ​ មានភាព​​ Check and Balance នោះ ។ ​របបប្រជាធិបតេយ្យ​ ជារបបមួយដែលល្អឥតខ្ចោះនោះ​ លោករុស្សូយល់ថា បើប្រជារាស្រ្តមាន​ការយល់ដឹងកំរិតខ្ពល់ ​ទើបប្រជាធិបតេយ្យ ​តំណើរការទៅបានល្អ​ ។​ បើគេនិយាយថា​ រដ្ឋាភិបាល​ប្រជាធិបតេយ្យ​ ជារដ្ឋភិបាលសម្រាប់ប្រជារាស្រ្ត ដែលជាបញ្ញាជន ​មានន័យថា​មិនមែនជារដ្ឋាភិបាល សម្រាប់​​មនុស្ស​ ឬពលរដ្ឋល្ងង់ខ្លៅនោះទេ​ ។ ប្រសិនបើប្រជារាស្រ្តទាំងមូល ​ជាអ្នកដឹកនាំរដ្ឋនោះ​អំណាចនិតិបញ្ញត្តិ​ នឹងស្រូបយកអំណាចនិតិប្រតិបត្តិអស់​ ។
របបរាជធិបតេយ្យ (Monarchy) លោករុស្សូ ក៏គាត់ទទួលស្គាល់​ និងទទួលយកបានដែរ​ ប្រសិនបើរបបរាជាធិបតេយ្យ ​ត្រូវទទួលស្គាល់ពីប្រជារាស្រ្តទាំងមូល ​មានន័យថា​ ប្រសិនបើរាជាធិប្បតេយ្យ​ ត្រូវបានបោះឆ្នោតជ្រើសតាំងនោះ ។ ​ក្នុងករណីនេះ​ ​រដ្ឋាភិបាលរាជាធិបតេយ្យ​ ជារដ្ឋភិបាលពេញច្បាប់​ ។ ​ម្យ៉ាងទៀត ​រុស្សូយល់ឃើញថា ​អំណាចនិតិប្រតិបត្តិ​ គួរមានមេដឹកនាំតែមួយ ​ដើម្បីងាយស្រួល ក្នុងការបំពេញ​តួនាទីរបស់ខ្លួន ​ក៏ប៉ុន្តែវាក៏អាចមានគ្រោះថ្នាក់ផងដែរ ​កាលណា អំណាចនោះ ក្លាយទៅជាអំណាចផ្តាច់ការ ។​
របបអភិជនាធិបតេយ្យ​ (Aristocracy) ដោយគេពុំមានការទុកចិត្ត លើរបបរាជាធិបតេយ្យ​ហើយវាមានគ្រោះថ្នាក់ចំពោះរបបរាជាធិបតេយ្យផ្តាច់ការ ​។ ទើបលោករុស្សូមានចិត្តលំអៀងទៅលើ​ របបអភិជនាធិបតេយ្យ ​​ពីព្រោះក្នុងរបបនេះ​ អំណាចនិតិប្រតិបត្តិ​​ត្រូវប្រគល់ ទៅឲ្យមនុស្ស​មួយចំនួន ជាអ្នក​ប្រកបដោយគតិបណ្ឌិត ​ដែលត្រូវជ្រើសតាំង​ តាមការបោះឆ្នោត ។​
ដូច្នេះសរុបសេចក្តីទៅ​ អ្វីដែលលោករុស្សូបានគិតនោះ​ គឺមាននៅក្នុងសៀវភៅរបស់លោក ​«កិច្ចសន្យាសង្គម» ​វាជាមូលដ្ឋានគ្រឹះ នៃទ្រឹស្តីប្រជាធិបតេយ្យ​ ។​ ប្រជាធិបតេយ្យ នៅក្នុងសម័យរុស្សូ​ គ្រាន់តែជាការស្រមៃតែប៉ុណ្ណោះ​ ពីព្រោះថា ​​សម័យនោះ គឺរបបរាជានិយមផ្តាច់ការ កាន់អំណាច ​។​ គេមិននឹកស្មានថា ​ថ្ងៃណាមួយមនុស្ស​ នឹងសម្រេចចិត្ត ធ្វើតាម​គោលការណ៍របស់លោករុស្សូនោះទេ ។​នៅសម័យនោះ​ ប្រហែលជាមានបញ្ហាកើតឡើង ក្នុងរបបប្រជាធិបតេយ្យ​ ឬមានតែឈ្មោះ តែមនុស្សមិន​គោរពតាមគោលការណ៍របស់ខ្លួន ​និងគោលការណ៍ របស់ប្រជាធិបតេយ្យហើយមើលទៅ !!!