៥ យ៉ាងដែលសហគ្រិនគ្រប់រូបត្រូវរៀនពី Coca-cola



ពេល​ខ្លះ​យើង​មិន​បាន​ដឹង​ថា ​សូម្បី​ក្រុមហ៊ុន​ Brand យក្ស​ដូចជា Coca-cola ក៏​ចាប់​ផ្ដើម​ជំនួញ​របស់​ខ្លួន​​ពី​តូច​​ទៅ​ដែរ។ ​ក្រុមហ៊ុន​ដែល​រក​ចំណូល​​បាន​ ១៥ លាន​ដុល្លារ​រៀងរាល់​ថ្ងៃ​ ​ក៏​ធ្លាប់​ជួប​នឹង​ការ​លំបាក​នៅ​ពេល​ចាប់​ផ្ដើម​ដំបូង​ដែរ។ ​ខាងក្រោម ​ជា ​គំនិត​យល់​ដឹង មួយ​​ចំនួន​​​ដែល​អ្នក​គួរ​​រៀន​ពី​ Coca-cola ​បាន។ ​តើ​ចំណុច​ទាំង​នោះ​មាន​អ្វី​ខ្លះ​ទៅ? ចង់​ដឹង​ សូម​មើល​ចំណុច​នីមួយៗ​ខាង​ក្រោម៖

រូបភាព​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ Coca-cola ​កាល​ពី​អតីតកាល

១. ​ចំណូល​មិន​កើតឡើង​​ភ្លាមៗ​នោះ​ទេ ខណៈ​ដែល​ក្រុមហ៊ុន​ថ្មី​មួយ​បើក​ដំណើរ​ការ​ ​វា​តម្រូវ​ឲ្យ​មាន​ការ​ធ្វើ​ការងារ​ច្រើន​ ​និង​ពេល​វេលា​គ្រប់គ្រាន់​ដើម្បី​ទទួល​បាន​ជោគជ័យ។ ​ហើយ​អ្វី​ដែល​ពិសេស​នោះ​គឺ ​យើង​មិន​អាច​រំពឹង​ថា​នឹង​ទទួល​បាន​ផល​ចំណូល​ហូរ​ចូល​ភ្លាមៗ​នោះ​ទេ។ ​តួយ៉ាង​ដូចជា​ករណី​ ​​ស្ថាបនិកCoco-cola ​លោក John Pemberton ​ចាប់​ផ្ដើម​លក់​ទឹក​ស៊ីរ៉ូ​របស់​ខ្លួន​​នៅ​ឆ្នាំ​ដំបូង​​ខាត​បង់​អស់ ២០$ (នៅ​ជំនាន់​នោះ)។ ​​បន្ទាប់​ពី​នោះ​ លោក​មិន​បាន​បោះបង់​ឡើយ ​តែ​លោក​នៅ​តែ​បោះ​ទុន​ជា​គ្រឹះ​សម្រាប់​ឆ្នាំ​បន្ទាប់​ៗ​ទៀត។
២. ​បរាជ័យ​ជា​ជំហាន​នាំ​ទៅ​រក​ការ​វិវឌ្ឍន៍ ​រៀងរាល់​ពេល​ដែល​អ្នក​​ដើរ​ខុស ​​មាន​ន័យ​ថា ​អ្នក​បាន​ស្គាល់​ពី​កំហុស​មួយ​ថ្មី។ ​កំហុស​នេះ​អាច​ឲ្យ​អ្នក​សិក្សា​ពី​ចំណុច​ខ្សោយ​របស់​ខ្លួន ​ពី​ការ​រក​វិធីសាស្ត្រ​ដោះ​ស្រាយ​វា​ ដែល​ចុងក្រោយ​អ្នក​នឹង​មិន​ដើរ​លើ​ផ្លូវ​ដដែល​ឡើយ។ ​មិន​ត្រូវ​បាត់បង់​ជំនឿ​ជាក់​ឡើយ។ ​ផ្ទុយ​ទៅ​វិញ​ត្រូវ​សិក្សា​ពី​កំហុស ​និង​កែប្រែ។
៣. ​មិន​ត្រូវ​រួញរា​នឹង​ផ្លាស់​ប្ដូរ​ឡើយ ក្នុង​នាម​ជា​សហគ្រិន​មួយ​រូប​មិន​ត្រូវ​ឲ្យ​គម្រោង​ដែល​អ្នក​សរសេរ​ហើយ ​និង​គិត​ថា​ល្អ​នោះ​គ្រប់គ្រង​អ្នក​ឡើយ។ ​អ្នក​អាច​សម្លឹង​មើល​លោក Pemberton ​ស្រាប់​ បើ​លោក​មិន​ចាប់​ផ្ដើម​ពី​ដំបូង​នោះ​ទេ​ក៏​ក្រុមហ៊ុន​ Coca-cola ​មិន​អាច​ក្លាយ​ជា​ក្រុមហ៊ុន​ភេសជ្ជៈ​យក្ស​ដែរ។
៤. ​ការ​ដាក់​ឈ្មោះ​ Brand ​​​មាន​នៅ​គ្រប់​សកម្មភាព​របស់​អ្នក​​ ជាមួយ​នឹង​រសជាតិ ​និង​រូបភាព​មិន​ផ្លាស់ប្ដូរ​ទី​បំផុត​ឡូហ្គោ​​ Coca-cola ​បាន​ក្លាយ​ជា​​ Brand ​ធំ​បំផុត​ក្នុង​លោក។ ​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​​អ្នក​ ​ការ​ប្រាស្រ័យ​ទាក់ទង​នឹង​អតិថិជន ​និង​សកម្មភាព​ដទៃ​ទៀត​ដែល​អ្នក​ធ្វើ​ដោយ​ផ្ទាល់​ ឬ​ដោយ​ប្រយោល​ទាក់ទង​នឹង​អតិថិជន​សុទ្ធ​តែ​រួម​ចំណែក​ក្នុង​ការ​​ធ្វើ​ឲ្យ​ Brand ​របស់​អ្នក​ល្បីឡើងៗ។
Coca-cola ​ឆ្នាំ ២០១២

៥. ​កំណត់​ចក្ខុវិស័យ​ច្បាស់លាស់ Brand ​ធំៗ​ដូចជា ​Nike, Apple និង​ Coca-cola ​សុទ្ធ​តែ​​​​កំណត់​​ចក្ខុវិស័យ ​និង​គំនិត​​ធំ​នៅ​ពេល​ចាប់​ផ្ដើម ​ហើយ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​វា​បាន​កែប្រែ​ឲ្យ​ក្រុមហ៊ុន​ទាំង​នោះ​រីកចម្រើន​ជា​លំដាប់។ ​​ដូច្នេះ​ អ្នក​គួរ​ចាប់​ផ្ដើម​អ្វី​មួយ​ប្រកប​ដោយ​ចក្ខុវិស័យ​ខ្ពស់ ​ធ្វើ​ដូចនេះ​បើ​ទោះ​ជា​អ្នក​​មិន​ឈាន​ទៅ​ដល់​គោលដៅ​ដែល​អ្នក​ចង់​បាន​ យ៉ាង​ហោច​ណាស់​ក៏​ទទួល​បាន​ការ​រីកចម្រើន​ពី​ឥឡូវ​ដែរ។