លោកនាយករដ្ឋមន្ត្រហ៊ុន សែន សូមស្តាប់លោក ហ្សង់-ហ្វ្រង់ស័រតាន់ |
ទម្រាំបានស្គាល់សន្តិភាព
ស្ថិរភាពនិងការអភិវឌ្ឍន៍ដូចពេលបច្ចុប្បន្ន
កម្ពុជាបានឆ្លងកាត់មហាសោកនាដ្យកម្មមួយពាន់ជំពូកដែលគេកម្រប្រទះឃើញនៅក្នុងប្រវត្តិមនុស្សជាតិ។
ក្រោយរដ្ឋប្រហារទម្លាក់សម្តេចសីហនុនៅថ្ងៃទី១៨មីនាឆ្នាំ១៩៧០
កម្ពុជាបានក្លាយជាសមរភូមិនៃសង្គ្រាមជាច្រើននិងច្រើនប្រភេទក្នុងអំឡុងពេល៣០ឆ្នាំ
រួមមានជាអាទិ៍សង្គ្រាមស៊ីវិលនៅដើមទសវត្សរ៍ទី៧០ដែលបានដរចេញពីសង្គ្រាមត្រជាក់រវាងលោកខាងលិចនិងលោកខាងកើត
និងសង្គ្រាមនៅក្នុងទសវត្សរ៍ទី៨០ដែលបានដរចេញពីអធិករណ៍រវាងកុម្មុយនិស្តចិននិងកុម្មុយនិស្តសូវៀត។
នៅចន្លោះសង្គ្រាមទាំងពីរ
កម្ពុជាបានធ្លាក់ទៅនៅក្រោមនឹមនៃរបបខ្មែរក្រហមសាហាវរកលេខដាក់គ្មាន។
គឺជារបបកុម្មុយនិស្តជាតិនិយមជ្រុល
ប្រកាន់ពូជសាសន៍ និងប្រល័យពូជសាសន៍ដែលបានយកការសម្លាប់រង្គាលមកធ្វើជារបៀបដឹកនាំប្រទេស។
សង្គ្រាមនិងខ្មែរក្រហមបានធ្វើឱ្យប្រទេសជាតិដែលមានប្រជាជនប្រមាណ៧លាននាក់នៅឆ្នាំ១៩៧០
បាត់បង់មនុស្សអស់ជិត៣លាននាក់
។
សង្គ្រាមក៏យូរ
ផ្លូវទៅរកសន្តិភាពក៏វែងឆ្ងាយ។
សន្តិភាពនៅលើក្រដាសតាមរយៈកិច្ចព្រមព្រៀងទីក្រុងប៉ារីសខែតុលាឆ្នាំ១៩៩១
និងនៅលើសាច់ការជាក់ស្តែងតាមរយៈបេសកកម្មរបស់អង្គការសហប្រជាជាតិនៅកម្ពុជា
មិនបានគ្របដណ្តប់ភ្លាមៗទៅលើប្រទេសទេ។
ជាការពិត អង្គការសហប្រជាជាតិបានទទួលជោគជ័យក្នុងការរៀបចំបោះឆ្នោត
ក្នុងការបង្កើតរបបនយោបាយមួយថ្មីសេរីនិងពហុបក្ស
តែបានទទួលបរាជ័យក្នុងការនាំមកនូវសន្តិភាព។
នៅទីបំផុត គឺកម្ពុជាខ្លួនឯងទេតើក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន
សែនដែលបានបញ្ចប់សង្គ្រាមជាមួយខ្មែរក្រហមនៅចុងឆ្នាំ១៩៩៨។
ម្ល៉ោះហើយ
មុននឹងវាយតម្លៃទៅលើស្ថានភាពបច្ចុប្បន្ននៃប្រទេស
ម្នាក់ៗគួរចងចាំថា ទម្រាំមកដល់ថ្ងៃនេះ ទម្រាំមានថ្ងៃនេះ
កម្ពុជាបានឆេះរលេះរលួយ បានហែលឆ្លងនរក និងបានដើរអូសជើងចេញរួចយ៉ាងវេទនាជាទីបំផុតពីសករាជសូន្យ។
ក្នុងរយៈពេល១៥ឆ្នាំចុងក្រោយនេះ
ឆាកនយោបាយនៃប្រទេសកម្ពុជា
ត្រូវបានគ្របដណ្តប់ដោយកម្លាំងខ្លាំងសឹងផ្តាច់មុខតែឯកឯងនៃគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន
សែន។
ឥទ្ធិពលខ្លាំងក្លានៃគណបក្សនេះ បានស្តែងឡើងជាពិសេស
តាមរយៈការបោះឆ្នោតសភានៅខែកក្កដាឆ្នាំ២០០៨។
កាលនោះ គណបក្សប្រជាជនកម្ពុជាបានទទួលសម្លេងឆ្នោត៥៨%និងអាសនៈចំនួន៩០ក្នុងចំណោមអាសនៈទាំង១២៣នៅក្នុងរដ្ឋសភា។
ទន្ទឹមនេះ
ការបោះឆ្នោតសភាកាលពី៤ឆ្នាំមុន ក៏បានបង្ហាញឱ្យឃើញដែរនូវការប្រែប្រួលស៊ីជម្រៅនៃតុល្យភាពនយោបាយនៅខាងពួកអ្នកប្រឆាំង។
ចលនារាជានិយមបានរលាយដូចអំបិលត្រូវទឹក
ដ្បិតបក្សហ្វ៊ុនស៊ីនប៉ិច ក៏ដូចបក្សនរត្តម រណឫទ្ធិដែរ
បានទទួលតែ២អាសនៈប៉ុណ្ណោះ ទល់នឹង២៦សម្រាប់គណបក្សសម រង្ស៊ី
និង៣សម្រាប់គណបក្សប្រឆាំងមួយថ្មីថ្មោង
នោះគឺគណបក្សសិទ្ធិមនុស្ស។
ការរៀបចំបោះឆ្នោតទាំងថ្នាក់ជាតិនិងទាំងថ្នាក់មូលដ្ឋានជាបន្តបន្ទាប់តាំងពីឆ្នាំ១៩៩៣មក
ជាពស្តុតាងដែលបញ្ជាក់ថាលទ្ធិប្រជាធិបតេយ្យបាននិងកំពុងបន្តចាក់ឫសនៅក្នុងប្រទេសកម្ពុជា។
ការបោះឆ្នោតទាំងនេះទៀតសោតសុទ្ធតែត្រូវបានក្រុមអ្នកសង្កេតការណ៍អន្តរជាតិវាយតម្លៃថា
មានលក្ខណៈសេរី
យុត្តិធម៌និងទៀងត្រង់។ និយាយបែបផ្សេង ជ័យជំនៈម្តងហើយម្តងទៀតនៃគណបក្សប្រជាជនកម្ពុជា
ឆ្លងពីការបោះឆ្នោតមួយទៅការបោះឆ្នោតមួយទៀត
មិនមែនជាលទ្ធផលនៃការលួចបន្លំសន្លឹកឆ្នោតដូចការចោទប្រកាន់របស់ពួកអ្នកប្រឆាំងមួយចំនួននោះឡើយ
ផ្ទុយទៅវិញ
វាជាលទ្ធផលនៃការទុកចិត្តមួយប្រកែកមិនបានពីសំណាក់ប្រជាពលរដ្ឋទៅលើគណបក្សរបស់លោកហ៊ុន
សែន។
មានកត្តាធំៗចំនួន៣យ៉ាងតិចដែលអាចពន្យល់បំភ្លឺថាហេតុអ្វីបានជាពលរដ្ឋខ្មែរភាគច្រើនសុខចិត្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។
ទីមួយ
គឺមកពីថ្នាក់ដឹកនៃគណបក្សនេះ ជាអ្នកដែលបានទប់ស្កាត់កុំឱ្យពួកខ្មែរក្រហមប្រល័យពូជសាសន៍ឯង
វិលត្រឡប់មកកាន់អំណាចវិញពីឆ្នាំ១៩៧៩រហូតដល់ឆ្នាំ១៩៩៣។
ទីពីរ គឺមកពីថ្នាក់ដឹកនាំនៃគណបក្សនេះ
ជាអ្នកដែលបាននាំសន្តិភាពមកឱ្យប្រទេសជាតិវិញ
ក្រោយពីមានសង្គ្រាមរ៉ាំរ៉ៃអស់ជិត៣០ឆ្នាំ។
និងទីបី ហើយនេះគឺជាកត្តាសំខាន់ជាងគេ
គឺមកពីប្រទេសកម្ពុជាក្រោមការដឹកនាំរបស់រដ្ឋាភិបាលលោកហ៊ុន
សែននារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ
បានផ្តើមស្គាល់ការលូតលាស់សេដ្ឋកិច្ច។
កំណើនសេដ្ឋកិច្ចខ្លាំង ជាពិសេសនៅឆ្នាំ២០០៥-២០០៦
ទោះបីជាវាបានស្ទុះឡើងក្នុងភាពអនាធិបតេយ្យ
ទោះបីជាវាបានបណ្តាលឱ្យមានគម្លាតកាន់តែធំរវាងអ្នកមាននិងអ្នកក្រ
និងទោះបីជាវាបានបង្កើនអំពើពុករលួយនៅក្នុងសង្គមក៏ដោយក្តី
ក៏វា បានធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋទូទៅស្គាល់ការរីកចម្រើនមិនតិចដែរ។
យ៉ាងណាក៏ដោយ
កម្លាំងខ្លាំងសឹងផ្តាច់មុខតែឯកឯងរបស់គណបក្សតែមួយ
មិនមែនជាសញ្ញាល្អទេសម្រាប់ដំណើរការប្រជាធិបតេយ្យ
ដ្បិតបាតុភាពបែបនេះ ជាពិសេសបើសិនជាវាអូសបន្លាយយូរលង់
អាចធ្វើឱ្យអំណាចពីរទៀត នោះគឺនិតិបញ្ញត្តិ
និងតុលាការបាត់បង់ឥទ្ធិពលនិងឯករាជភាព។ ដូចនេះ
កម្ពុជាដែលមិនទាន់មានវប្បធម៌ប្រជាធិបតេយ្យមាំមួន
ត្រូវការគណបក្សប្រឆាំងមួយមាំមួន
ត្រូវការអ្វីដែលគេហៅថាកម្លាំងប្រឆាំងអំណាច
ដូចជាសង្គមស៊ីវិលមួយមាំមួននិងមធ្យោបាយឃោសនាមហាជនមួយឯករាជ្យ។
ម្ល៉ោះហើយ
នៅមានច្រើនណាស់វិធានការដែលកម្ពុជាត្រូវចាត់
ដើម្បីបង្កើនគុណភាពនៃការបោះឆ្នោត
និងជាពិសេសគុណភាពនៃការតស៊ូមតិបែបប្រជាធិបតេយ្យ។
ឧទាហរណ៍ ក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោតម្តងៗ
និងក្នុងជីវិតនយោបាយប្រចាំថ្ងៃ គ្រប់ចារន្តនយោបាយត្រូវមានលទ្ធភាពនិងសិទ្ធិស្មើរគណបក្សកាន់អំណាចដែរក្នុងការប្រើប្រាស់វិទ្យុនិងទូរទស្សន៍។
ថ្នាក់ដឹកនាំនៃប្រទេស
គួរតែយល់ព្រមចូលរួមក្នុងការជជែកវែកញែកជាសាធារណៈជាមួយអ្នកប្រឆាំង
ជាមួយតំណាងសង្គមស៊ីវិល
និងជាមួយតំណាងសហជីព។
ក្នុងរយៈពេលតែពីរទសវត្សរ៍ប៉ុណ្ណោះ
ស្ថានភាពនៃកម្ពុជាបានប្រែប្រួលមិនតិចទេ។
ប្រទេសមួយនេះដែលគ្មានវប្បធម៌និងទំនៀមទម្លាប់ប្រជាធិបតេយ្យបានបោះបង់ចោលលទ្ធិកុម្មុយនិស្តដើម្បីក្រសោបយករបបប្រជាធិបតេយ្យសេរីពហុបក្ស។
នៅកម្ពុជា
មានសេរីភាពសារព័ត៌មាន មានសង្គមស៊ីវិលមួយខ្លាំងដែលស្តែងឡើងតាមរយៈវត្តមាននៃអង្គការក្រៅរដ្ឋាភិបាលចំនួនជាង៤០០០។
នៅកម្ពុជា
មានសន្តិភាពនិងមានស្ថិរភាពនយោបាយ។ អ្នកសង្កេតការណ៍ខ្លះបានរហូតដល់ទៅនិយាយថា
គឺអំណាចខ្លាំងផ្តាច់មុខតែឯកឯងនៃគណបក្សប្រជាជនកម្ពុជាទេតើដែលបានធ្វើឱ្យប្រទេសកម្ពុជាស្គាល់ស្ថិរភាពនយោបាយល្អ
ដោយវាបានរំងាប់ការប្រទាញប្រទង់គ្នាខ្លាំង
ទាំងនៅលើឆាកនយោបាយទាំងនៅក្នុងជួររដ្ឋាភិបាលចម្រុះដូចកាលសម័យទសវត្សរ៍ទី៩០
និងដើមទសវត្សរ៍ឆ្នាំ២០០០។
យ៉ាងណាមិញ
ស្ថិរភាពនយោបាយដែលគេសង្កេតឃើញនៅក្នុងប្រទេសសព្វថ្ងៃ
ក៏ជាលទ្ធផលបានមកពីនិរន្តភាពនៃស្ថាប័នរាជាធិបតេយ្យដែរ។
នេះក៏ដោយសារតែព្រះមហាក្សត្រ
ព្រះបាទNorodom Sihamoni ដែលទ្រង់បានឡើងសោយរាជ្យនៅឆ្នាំ២០០៤
ទ្រង់បាននិងកំពុងបន្តផ្ចិតផ្ចង់មិនឱ្យព្រះរាជ្យសកម្មភាពរបស់ព្រះអង្គខុសភ្លាត់ឬឃ្លាតចាកពីការចែងរបស់រដ្ឋធម្មនុញ្ញឡើយ។
ការរីកចម្រើននិងវិជ្ជាជីវៈកាន់តែគ្រាន់បើឡើងជាលំដាប់នៃវិស័យសារព័ត៌មាន
ក៏បាននិងកំពុងបន្តជួយកាត់បន្ថយមិនតិចដែរភាពតានតឹងនយោបាយនិងសង្គម។
មិនសូវមានច្រើនដូចមុនទៀតទេ
សារព័ត៌មានដែលជេរប្រមាថ បង្អាប់បង្អោនកិត្តិយសនិងកេរ្ត៍ឈ្មោះ។ ទន្ទឹមនេះ
វិទ្យុនិងទូរទស្សន៍អន្តរជាតិ
ជាពិសេសវិទ្យុអន្តរជាតិនិយាយភាសាខ្មែរ
ដែលរដ្ឋាភិបាលបានបើកដៃឱ្យផ្សព្វផ្សាយឬចាក់ផ្សាយបន្តតាមរលកអាកាសFM
សឹងនៅទូទាំងប្រទេសបានធ្វើឱ្យលេចឡើងនូវសម្លេងថ្មីមួយអព្យាក្រឹត
ឯករាជ្យ និងសត្យានុម័ត។
យ៉ាងណាក៏ដោយ
ជម្លោះដីធ្លីដែលមានលក្ខណៈកាន់តែស្រួចស្រាល់ឡើងជាលំដាប់រវាងពលរដ្ឋធម្មតានិងនាម៉ឺន
រវាងនាម៉ឺននិងនាម៉ឺន
រវាងអ្នកក្រនិងអ្នកមាន រវាងអ្នកមាននិងអ្នកមានអាចនឹងបង្កធ្វើឱ្យរីកធំភាពតានតឹងនិងការរំជើបរំជួលក្នុងសង្គម។
ដោយឡែក
ភាពច្រំដែលនៃប្រវត្តិសាស្រ្តជុំវិញរឿងរ៉ាវព្រំដែនជាមួយប្រទេសជិតខាងក៏អាចនឹងវិលមករំខានជាថ្មីឡើងវិញដែរ
បរិយាកាសនៃការបោះឆ្នោតសភាឆ្នាំក្រោយ២០១៣៕