ក្មេងទូលនំលក់ក្លាយជាអគ្គនាយកក្រុមហ៊ុន



អតីត​ក្មេង​លក់​នំ​តាម​រោង​វីដេអូ​​​​នៅទី​ជនបទម្នាក់ ដែល​​ដើរ​រក​ប្រាក់​​ជួយ​​សម្រាល​ការ​លំបាក​របស់​គ្រួសារជាមួយ​នឹង​បង​ប្រុស​របស់​ខ្លួន​ ​បាន​​ក្លាយ​ជា​ម្ចាស់​ក្រុមហ៊ុន​ដ៏​ធំ​មួយ ​ដែលមាន​​ចំណូល​ដល់​​ទៅ​កន្លះ​លាន​ដុល្លារ​។ តើ​ខ្សែ​ជីវិត​របស់​គាត់​មាន​ការ​បត់បែន ​និង​ការ​លំបាក​យ៉ាងណា​​? សូមតាម​ដាន​ជីវ​ប្រវត្តិ​របស់​គាត់​​​ខាង​ក្រោមនេះ​​៖
លោក​ ឈាង សុភក្តិ 
កុមារ​ភាព
លោក​ ឈាង សុភក្តិ កើត​នៅ​ថ្ងៃ​ទី​១​ ខែ​មករា ឆ្នាំ​១៩៨២​ នៅ​ក្នុង​ស្រុក​កំពង់​ក្ដី​ ខេត្ត​សៀមរាប​ ជា​​កូន​ទី​៣​ក្នុង​ចំណោម​បងប្អូន​៥​នាក់​ ក្នុង​គ្រួសារ​មួយ​​ដែល​​មាន​ជីវភាព​​មធ្យម។
នៅ​ឆ្នាំ​១៩៨៨​ កុមារ​ ឈាង សុភក្តិ បាន​ចូលរៀន​នៅ​សាលាបឋមសិក្សា​កំពង់ក្ដី​ ក្នុង​ស្រុក​កំពង់​ក្ដី​ ខេត្ត​សៀមរាប​ ទោះបី​​ជា​ជីវភាព​គ្រួសារមាន​ការ​​​លំបាក ដែល​​កាលណោះ​​ ម្ដាយ​របស់​លោក​បាន​ប្រកប​​របរ​ធ្វើ​នំ​​លក់​ និង​​​ឪពុករបស់​​លោក​ធ្វើ​ជា​មន្ត្រី​រាជការ​តូចតាច​ ដើម្បី​បាន​ប្រាក់​ចំណូក​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ប្រចាំ​​ថ្ងៃ​។
នៅ​ពេល​នោះ​ អ្វី​​ដែល​លោក​បាន​ចងចាំ​បំផុត​គឺ​ នៅ​ក្រៅ​ម៉ោង​សិក្សា​នៅ​សាលា​រៀន លោក​ត្រូវ​ជួយ​ការងារ​ណា​ដែល​អាច​សម្រាល​បន្ទុក​ម្ដាយរបស់​​លោកដែល​លក់​ដូរ​ក្បែរ​នោះ។​ នៅ​​ពេល​ល្ងាច ​លោក និង​​បង​​ប្រុស​លោក​ត្រូវ​​ទូល​សណ្ដែក​ដី​ និង​នំ​មួយ​ចំនួន​ទៅ​លក់​នៅ​មុខ​រោង​វីដេអូ​មួយ​ក្នុង​ភូមិ​ រហូត​ដល់​រោង​វីដេអូ​បិទ​ ទើបបង​ប្អូន​ពីរនាក់​របស់​លោក​​​​បាន​ត្រឡប់​​មក​ផ្ទះ​វិញ។​ ប៉ុន្តែ​សម្រាប់​ការ​លក់​ លោក​ហាក់​មិន​នឿយណាយ​នឹងមុខរបរ​នេះ​ប៉ុន្មាន​ទេ​ ព្រោះ​លោក​មាន​គំនិត​ជា​អ្នក​លក់​ដូរ​តាំង​ពី​កុមារ​មក​ម្ល៉េះ​។
ភាព​ជា កុមារ លក់​​ដូរ
នៅ​អំឡុង​ឆ្នាំ​១៩៨៨ តំបន់​ខ្លះ​ក្នុង​ប្រទេស​កម្ពុជា​កំពុង​​ស្ថិត​​ក្នុង​​ភ្លើង​​សង្រ្គាម​​នៅ​​ឡើយ។ ​​​ប៉ុន្តែ​ដោយ​ហេតុគ្រួសារ​របស់​គាត់​មាន​គំនិត​ជា​អ្នក​រក​ស៊ី ជាពិសេស​​ឪពុក​របស់​​​លោក។ ​នៅ​ពេល​នោះ​ ​ម្ដាយ​​របស់​​ឈាង សុភក្តិ ​បាន​សម្រេច​ចិត្ត​​ទិញ​​ខោ​អាវ​​ជជុះ​​នៅ​ផ្សារ​អូឡាំពិក​​ក្នុង​ទីក្រុង​ភ្នំពេញ​ យក​​ទៅ​លក់​នៅ​ក្នុង​ភូមិ​។ នៅ​ពេល​​​មក​​ជាវ​​ទំនិញ​​ម្តង​ៗ​ ​​លោកតែង​​​ធ្វើ​ដំណើរ​មក​ជាមួយ​ម្តាយ​របស់​លោក​ជានិច្ច​ ដើម្បី​ជួយ​មើល ​និង​លើក​ដាក់​ឥវ៉ាន់​ ។
អ្វី​ដែល​លោក​ចងចាំ​នា​ពេល​នោះ​ គឺ​ការ​ធ្វើ​ដំណើរ​ពី​សៀមរាប​មក​ភ្នំពេញ​មិន​អាច​មក​តាម​ផ្លូវ​ជាតិ​លេខ​៦ កាត់​តាម​​ខេត្ត​កំពង់​ធំ​បាន​ទេ ព្រោះ​ផ្លូវនា​ពេល​នោះ​មាន​ការ​លំបាកណាស់។ ម្យ៉ាង​​​ទាហាន​ខ្មែរ​ក្រហម​នៅ​​មាន​នៅ​​ឡើយ​ ដូច្នេះ​​គ្រួសារ​របស់​លោក​​ត្រូវ​​ធ្វើ​​ដំណើរ​​វាង​​តាម​​ផ្លូវ​ជាតិ​លេខ​៥ ដោយ​​ឆ្លង​​កាត់​​ខេត្ត​​បាត់ដំបង​វិញ។ ​ ផ្លូវ​ជាតិ​លេខ​៥​នា​ពេល​នោះ គឺ​​មាន​ស្ថាន​​លំបាក​ខ្លាំង​ដែរ។​ កន្លែង​ខ្លះ ​​ត្រូវ​បាន​ទ័ព​ខ្មែរ​ក្រហម​​ដាក់​មីនកម្ទេច​​ចោល ជា​ពិសេស​​​ស្ពាន​។
នៅ​រដូវ​ភ្លៀង​ អ្នក​ធ្វើ​ដំណើរ​​​ត្រូវ​ចុះ​ពី​លើ​រថ​យន្ត​​​ជា​មួយ​នឹង​ឥវ៉ាន់​របស់​ខ្លួន​​ ហើយ​ដើរ​កាត់​ទឹក។ កន្លែង​​លិចទឹក​ខ្លះ​ មាន​​ជម្រៅ​ត្រឹម​​ក​មនុស្ស​ចាស់​ក៏​មាន។​ ប្រសិន​បើ​ត្រូវ​ឆ្លង​ទឹក​ជម្រៅ​​ជ្រៅ​​បែប​នេះ​​មែន លោក​មិន​អាច​ជួយ​អ្វី​ម្ដាយ​លោក​បាន​នោះ​ទេ ប៉ុន្តែ​បានក្លាយ​ជា​បន្ទុក​ម្ដាយ​របស់លោក​ទៅវិញ។​ ក្នុងនោះ គាត់​​ត្រូវ​ជញ្ជូន​ឥវ៉ាន់ផង​​ និង​មក​យក​គាត់​ឆ្លង​ទឹក​​ផង​។
ជិះ​ឡាន​កាត់​គ្រាប់​កាំភ្លើង
លោក​បាន​ទទួល​ដំណឹង​ថា ​រថយន្ត​ដែល​បើ​កាត់​តាម​ផ្លូវ​ជាតិ​លេខ​៥​ ត្រូវ​​​ជាន់​មីន​​ដែល​ដាក់ដោយ​ខ្មែរ​ក្រហម​សម្រាប់​​វាយ​ប្រហារ​ឡាន​យោធា​របស់​រដ្ឋាភិបាល​។ ​ឥទ្ធិពល​​មីន​តោន​បាន​​​​កម្ទេច​រថយន្ត​ និង​មនុស្សទាំង​ស្រុង​។​ ​ដំណឹង​នេះបាន​​ធ្វើឲ្យ​​លោក​​មាន​​ភាព​តក់ស្លុត​ និង​​បារម្ភជា​រៀង​រាល់​​ថ្ងៃ​។
ត្រឹម​ទឹក​លិច​មិន​សូវ​ជា​បញ្ហា​ធ្ងន់ធ្ងរ​ប៉ុន្មាន​ទេ ​​​បើ​​​ប្រទះ​នឹង​គ្រាប់​មីន ​ឬ​ជួប​ខ្មែរ​ក្រហម​ទើប​ជា​បញ្ហា​​ធំ។ នៅ​​ថ្ងៃ១​​ពេល​កំពុង​ធ្វើ​ដំណើរ​ជាមួយ​ម្ដាយ​របស់​លោក​មក​ទិញ​ឥវ៉ាន់​នៅ​ភ្នំពេញ​ ដល់​ត្រឹម​ពាក់​កណ្តាល​​ផ្លូវ​ លោក​បាន​ឭ​ស្នូ​រ​កាំ​ភ្លើងតូច​ធំលាន់​បន្ត​គ្នា​ដូច​​រន្ទះ។ ​ពេល​​នោះ​ ស្រាប់​តែ​មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​យ៉ាង​លឿន​​​សម្រុក​មក​ពី​មុខ​ឡាន​ហើយ​ស្រែក​ខ្លាំង​ៗ​ដាក់​​​តៃ​កុងរថ​យន្ត​​ថា៖ទាហាន​ខ្មែរ​ក្រហម​កំពុង​ប្រយុទ្ធ​គ្នា​ជាមួយ​ទាហាន​រដ្ឋាភិបាល​នៅ​ខាង​មុខ។​ កុំ​​ទៅ​អី​!
ពេល​នោះ​ អ្នក​ធ្វើ​ដំណើរ​​ក្នុង​​ឡាន​ទាំង​អស់​ បាន​ស្ងាត់​មាត់ដូច​គេ​ចុក​​។ ​លោក​ពួន​សំងំ​នៅ​ក្បែរ​ម្ដាយ​លោក​ ប៉ុន្តែ​លោក​បាន​ឮ​​​សំឡេង​ម្ដាយ​របស់​លោក​ខ្សឹប​​បន់​ព្រះ​កុំ​ឲ្យ​មាន​បញ្ហា​អ្វី​​កើតឡើង​ចំពោះ​រូប​លោក​។ អស់​ពេល​ជាង​១​ម៉ោង​ សំឡេង​​កាំភ្លើង​បាន​ស្ងប់ស្ងាត់ទៅ​វិញ​​ ហើយ​ការ​ធ្វើ​ដំណើរ​មាន​​​ខណៈ​​ធម្មតាវិញ ប៉ុន្តែ​ទាំង​តៃកុង​រថយន្ត​​ និង​​អ្នក​ធ្វើ​ដំណើរនៅ​តែ​​ភ័យ​ភ្នែក​នៅ​កញ្ចឹង​ក​នៅ​ឡើយ។
ចំណូល​ចិត្ត​អាច​អត្ថបទ​ទាក់​ទង​នឹង​​អ្នក​ខ្លាំង​ និង​​ស្រី​ស្អាត
ដោយសារ​សេដ្ឋកិច្ច​នៅ​ ស្រុក​កំពង់ក្ដី ​ពុំ​ទាន់​មាន​​​ភាព​រីកចម្រើននៅ​ឡើយ​​នា​ពេល​នោះ​។ ម្យ៉ាង​ទៀត ​ឳពុករបស់​លោក​ដែល​​​ជា​មន្ត្រី​រាជការ ​​គឺ​ជា​មុខ​សញ្ញា​របស់​ទ័ព​ខ្មែរ​ក្រហម​​​​ និង​​​ពេលខ្លះមាន​ការ​រំខាន​ពី​​​ខ្មែរ​​ក្រហមផង​ គ្រួសារ​​របស់​លោក​បាន​សម្រេច​ចិត្ត​​ប្តូរ​មក​រស់នៅ​ក្នុងទី​រួម​ខេត្ត​​សៀមរាប​វិញ​។
នៅ​ឆ្នាំ​១៩៩២ លោក​បាន​ចូល​រៀន​នៅ​អនុវិទ្យាល័យ​សៀមរាប ​ក្នុង​ខេត្ត​សៀមរាប​ ហើយ​​ម្ដាយ​របស់​លោក​បាន​ទិញ​តូប​នៅ​ផ្សារ​លើ​ ដើម្បី​លក់​ខោអាវ​ជជុះ​បន្ត​ទៀត។ សន្តិភាព​កាន់​តែ​ប្រសើរ​ឡើង​ពី​១​ថ្ងៃទៅ១​ថ្ងៃ​ ប៉ុន្តែ​ការ​រកស៊ី​កាន់​តែ​លំបាក​​ទៅៗទៅ​វិញ ដោយសា​​រ​មាន​​អ្នក​រកស៊ី​​ខោអាវ​ជជុះ​​​កាន់​តែ​កើន​ច្រើន​ឡើង​ៗៗ។ ​ពេល​នោះ​​ ម្ដាយ​របស់​លោក​ក៏​ប្ដូរ​គំនិត​ពី​អ្នក​ចាំ​ទទួល​បន្ត​ ទៅ​ជា​អ្នក​លក់​ផ្ទាល់​វិញ​។
ចំណែក​លោក​ ក៏​ហាក់​ទំនេរ​​ដៃ​ក្នុង​ការ​​​ជួយ​​ម្ដាយ​របស់​លោក​បន្តិច​​ដែរ ដូច្នេះ​លោក​ក៏​មាន​ពេល​វេលា​គ្រប់គ្រាន់​​សម្រាប់​​ការ​សិក្សា។ ការ​​សិក្សា​របស់​លោកក៏​មាន​​​ការ​រីកចម្រើន​ល្អ​ប្រសើរ​ជាង​មុនផង​​ដែរ​។ ​ដោយ​ទេព​កោសល្យ​ពី​ធម្មជាតិ​របស់​លោក​ពូកែ​ក្នុង​ការ​ទំនាក់ទំនង​ លោក​មាន​មិត្តភ័ក្ដិ​ជា​ច្រើន​ ពិសេស​លោក​ចូលចិត្ត​រាប់​អាន​មនុស្ស​ដែល​​មាន​​មុខមាន​​​មាត់​ ដូចជា​កូន​អភិបាល​ខេត្ត​ ឬនារី​​​ណា​ដែល​ស្អាត​​ជាង​គេ​ គឺ​លោក​តែងតែ​រាប់​អានមក​​ធ្វើ​ជា​មិត្តភ័ក្ដិរបស់​លោក​ភ្លាម​។ ក្រៅ​ពី​នេះ​ ពេល​ទំនេរ​ពី​ការ​សិក្សា ​លោក​តែងតែ​ជួយ​ការងារ​នៅ​ផ្សារ​ជាប់​ជា​ប្រចាំ។​ អ្វី​​ដែល​លោក​មិន​អាច​បំភ្លេច​បាន គឺ​កង់​របស់​លោក​ត្រូវ​បាន​​ដំឡើង​ទៅ​ជា​រ៉ឺម៉ក​ដើម្បី​ដឹក​ជញ្ជូន​ឥវ៉ាន់​ទៅ​វិញ​ទៅ​មក​។
ម្ដាយ​​​បញ្ជូន​កូន​មក​ភ្នំពេញ
នៅ​ឆ្នាំ​១៩៩៨​ ការ​ប្រឡង​បាក់ឌុប​បាន​បញ្ចប់​ជា​ស្ថាពរ​​ជាមួយ​និទ្ទេស​ល្អ​បង្គួរ​។ ពេល​នោះ ​ម្ដាយ​របស់​លោក​បាន​សម្រេច​ចិត្ត​បញ្ជូន​លោក​ឲ្យ​មក​រៀន​នៅ​ភ្នំពេញ​ ប៉ុន្តែ​ត្រូវ​បាន​បន្ទុចបង្អាក់​ដោយ​សារ​ការ​ផ្ដល់​យោបល់​របស់​អ្នក​ជិតខាង។​ ​គេ​បាន​ប្រាប់​ម្ដាយ​លោក​ថា៖ “​មិន​បាច់​ឲ្យ​វា​រៀន​ត​ធ្វើ​អី​ទេ។ កូន​ប្រុស​កាល​ណា​ វា​រៀន​ចប់ ​វា​យក​ប្រពន្ធ ​វា​លែង​វិល​មក​រក​យើង​វិញ​ហើយ។​ ម្យ៉ាង​ទៀត ​មាន​ការ​ចំណាយ​​ច្រើន​ណាស់​ទាំង​ការ​រស់នៅ​ផង​ និងការ​​រៀន​ផង។ ​ឲ្យ​វា​រត់​ម៉ូតូ​ឌុប​នៅ​សៀមរាប​ទៅ​ប្រសើរ​ជាង​ ​គ្រាន់​បាន​លុយ​ចាយ​ខ្លួន​វា​”​
ប៉ុន្តែ​​កាល​ណោះ​ ម្ដាយ​របស់​លោក​ហាក់​អន់​ចិត្តនឹង​ពាក្យ​ពេចន៍​ ​ពោល​ខាង​លើ​ ដូច្នោះ​​គាត់ ដែល​​ជា​មនុស្ស​មាន​ការ​តស៊ូ​ក្នុង​ជីវិត​ និង​ស្អប់​ពាក្យ​​ត្មះតិះដៀល​ថា​ជា​មនុស្ស​មិន​ចេះ​រក​ស៊ី​ បាន​​សម្រេច​ចិត្ត​បញ្ជូន​លោក​មក​រៀន​​នៅ​ភ្នំពេញ​ដោយ​អត្តនោម័តិ​ ព្រោះ​គាត់​​មិនចង់​​ឲ្យកូន​របស់​គាត់មាន​វាសនា​​លំបាក​ដូច​រូប​គាត់​​ឡើយ។​ ភាព​ជា​ម្ដាយ​មិន​ប្រាថ្នា​ចង់​បាន​វិញ​ពី​កូន​ ប៉ុន្តែ​គាត់​​ចង់​ឲ្យ​កូន​មាន​ការ​រីកចម្រើន​  និង​អនាគត​ភ្លឺស្វាង​​ក្នុង​អនាគត។
មិន​បាន​១​សប្ដាហ៍​ផង ​ត្រូវ​​គេ​បណ្ដេញ​ចេញ​ពី​ផ្ទះ
មក​ដល់​ទឹក​ដី​ភ្នំពេញ ​លោក​គិត​ថា​​មក​រស់នៅ​ជាមួយ​កូន​ចៅហ្វាយ​ខេត្ត ​ប្រហែល​ជា​បាន​កែប្រែ​ជីវិត​ និង​មិនសូវ​លំបាក​ទេ។ ប៉ុន្តែ​អ្វី​ៗ​ហាក់​ផ្ទុយ​ស្រលះ​។ មិន​ដល់​១​សប្ដាហ៍​ផង​ លោក​ត្រូវ​បាន​ក្រុម​គ្រួសារ​ និង​បង​ប្អូន​ចៅហ្វាយ​ខេត្ត​នោះ​ ចោទ​ប្រកាន់​​លោក​ថា ​បាន​នាំ​ឲ្យ​ក្មួយ​គេ​ខូច​ដើរ​លេង​ច្រើន​មិន​សូវ​នៅ​ផ្ទះ​​ប្រឹង​រៀន​សូត្រ​។ ​គេ​មិន​បង្អង់​យូរ​ឡើយ ​គឺ​គេ​បណ្ដេញ​លោក​ចេញ​ភ្លាម​ៗ​តែ​ម្ដង។​ លោក​សុំ​១​ថ្ងៃ​ដើម្បី​រក​ជួល​ផ្ទះ​ស្នាក់នៅ​សិន​ក៏​មិន​បាន​ផង​។ ជាមួយ​ការ​ឈឺចាប់​ទាំង​នេះ ​លោក​បាន​វេច​បង្វេច​ចេញ​ភ្លាម​ៗ​ពេល​នោះ​ ហាក់​ដូចជា​ទូក​អណ្ដែត​កណ្ដាល​សមុទ្រ​គ្មាន​កោះ​ត្រើយ​។ ទេវតា​មិន​ឲ្យ​មនុស្ស​ស្លាប់​ឡើយ។​ ឈាន​ដល់​ពេល​រសៀល​ លោក​បាន​ជួប​មិត្តភ័ក្ដិ​ម្នាក់​ដែល​​ធ្លាប់​រៀន​ជាមួយ​គ្នា​  រួច​គាត់​ក៏​​​សម្រេចឲ្យ​​ស្នាក់នៅ​ជាមួយ​មិត្តភ័ក្កិម្នាក់នោះ​តែ​ម្ដងទៅ​ ទោះ​បី​បន្ទប់​តូច​​ប្រហែល​២​​ម៉ែត្រ​​៤​​ជ្រុង ដែល​ត្រូវ​​ស្នាក់​​នៅរហូត​ដល់​គ្នា​​៣​​នាក់​ក្តី​។
១ ​ពាន់​រៀល​សម្រាប់​អាហារ​មួយ​ពេល
រយៈ​ពេល​១​ខែ​ ម្ដាយ​របស់​លោក​បាន​មក​មើល​លោក​ម្ដង​ជាមួយ​លុយកាកបន្តិចបន្ទួច​មក​ឲ្យ​លោក​ដោះស្រាយ​ថ្លៃ​ហូប​ចុក​ និង​ស្នាក់នៅ​ ប្រហែល​១០០​ដុល្លារ។​ ពេល​នោះ​លោក​មាន​ម៉ូតូ​ឆាលី​មួយ​គ្រឿង​ ​សម្រាប់​ជិះ​ធ្វើដំណើរ។ ពេល​ចេញ​ពី​រៀន​លោក​ត្រូវ​​ទៅទិញអាហារ​​ថ្ងៃ​​ត្រង់​នៅ​​ម្ដុំ​ផ្សារ​ចាស់​ ថ្លៃ​បាយ​​៣​០០​រៀល និង​ត្រី​ចំហុយ​៥០០​រៀល​ប៉ុណ្ណោះ ឬ​អាច​ថែម​ត្រសក់​ជ្រក់​​ប៉ុន្មាន​រយ​រៀល​ទៀត។
មាន​​ទេពកោសល្យ​​ពី​កំណើត​ក្នុង​​ការ​គ្រប់គ្រង​លុយ​កាក់
លោក​បាន​ក្លាយ​ជា​និស្សិត​ឆ្នើម​ក្នុងឆ្នាំ​ដំបូង​នៅ​​ថ្នាក់បរិញ្ញាបត្រ ទីផ្សារ​​ នៅ​សាកលវិទ្យាល័យ​ន័រតុន ព្រោះ​រៀន​ពូកែ​ស្ទើរ​គ្រប់​មុខវិជ្ជា​ ជា​ពិសេស​លើ​ជំនាញ​គណនេយ្យ។ កាល​ពី​ក្មេង លោក​​ឧស្សាហ៍​ជួយ​អ្នក​ម្ដាយ​ក្នុង​ការ​លក់​ដូរ​ខ្លះ​ដែរ​។ ម្យ៉ាង​ទៀត​ ការ​មក​រស់នៅ​ម្នាក់​ឯង​លោក​ ត្រូវ​គ្រប់​គ្រង​ចាយ​វាយ​លុយ​យ៉ាង​សន្សំសំចៃ​ ដូច្នេះ​លោក​ក៏​មាន​ការ​ឆាប់​ចាប់​បាន​លើ​មុខ​ជំនាញ​គណនេយ្យនេះ​​ រហូត​ដល់​បើក​ក្លិប​រៀន​នៅ​សាលា​រៀន​តែ​ម្ដង​ ហើយ​លោក​ក៏​ក្លាយ​ជា​ប្រធាន​ក្លិប​គណនេយ្យ​ទៀត​ផង​។ ដោយសា​​ការ​ត្បិតត្បៀត​ប្រាក់​កាស​ លោក​សម្រេច​នៅ​តែ​ក្នុង​សាកលវិទ្យាល័យ​ដើម្បី​ប្រឹងប្រែង​រៀន​សូត្រ​ភាសា​អង់គ្លេស​បន្ថែម​ទៀត​។
១០០ ​ដុល្លារ​តិច​សម្រាប់​រស់នៅ​ភ្នំពេញ​ ប៉ុន្តែ​ច្រើន​ណាស់​សម្រាប់​អ្នក​ខេត្ត
នៅ​ឆ្នាំ​ទី​១​ លោក​​ហាក់​មិន​មាន​អ្វី​ជា​បញ្ហា​ជា​ដុំកំភួន​នោះ​ទេ។ ប៉ុន្តែពេល​​ឈាន​ដល់​ឆ្នាំ​ទី​២ ​គ្រួសារ​របស់​លោក​ចាប់​ផ្ដើម​មាន​បញ្ហា​ហិរញ្ញវត្ថុ​បន្តិច​ៗ​ម្ដង​ ព្រោះ​ក្រៅ​ពី​ខ្វះ​កម្លាំង​ជួយ​ដល់​គ្រួសារ​ហើយ​ លោក​ក្លាយ​ជា​បន្ទុក​មួយ​ដ៏​ធ្ងន់ធ្ងរ​សម្រាប់​គ្រួសារ​របស់​លោក​ទាំង​មូល។​ ​ជា​រៀងរាល់​ខែ​​ ​គ្រួសារ​របស់​លោក​ត្រូវ​ផ្ញើ​ថវិកា​ចំនួន​១០០​ដុល្លារ​សម្រាប់​ការ​ចំណាយ​របស់​លោក​នៅ​ទីក្រុង​ភ្នំពេញ។ ១០០​ដុល្លារគឹ​តិច​តួច​ណាស់​សម្រាប់​អ្នក​សិក្សា​​​​​នៅ​ភ្នំពេញ ​ ប៉ុន្តែ​សម្រាប់​​​អ្នក​លក់ដូរ​នៅ​ផ្សារ​បន្តិច​បន្តួច​ គឺ​វា​មាន​​ចំនួន​ច្រើន​ខ្លាំង​ណាស់​​។
ទ្រព្យ​ក៏​អស់ ​គ្រួសារ​ក៏​​ទំនាស់​គ្នា
ឈាន​ដល់​ឆ្នាំ​ទី៣​ នៃ​ឆ្នាំ​​សិក្សា​របស់​លោក​ ​គ្រួសារ​របស់​លោក​ហាក់​មាន​សភាព​ដុនដាប​ទៅ​ៗ។​ លោក​ក៏​​ត្រូវ​បង់​ថ្លៃ​សាលា​ ​ប្អូន​ៗ​របស់​លោក​ក៏​ចាប់​ផ្ដើម​ធំ​ពេញ​វ័យ​។ ម្យ៉ាង​​​លុយ​សន្សំ​ទាំង​ប៉ុន្មាន​របស់​គ្រួសារ​លោក​បាន​ចំណាយ​អស់​កាល​ពី​ឆ្នាំ​​ដំបូង​អស់​ហើយ​ ។ ក្រុម​គ្រួសារ​​​បាន​ប្រើ​អស់​កម្លាំង​កាយ​ចិត្ត និង​ធនធាន​ទាំងអស់​មក​លើ​ការ​រៀន​សូត្រ​របស់​លោក​តែ​ម្នាក់។ ប៉ុន្តែ​ដោយ​សា​ការ​សិក្សា​របស់​លោក​​នៅ​តែ​ត្រូវ​​ការ​​ការ​​ទំនុក​​​បំរុង​​បន្ថែមម្ដាយ​របស់​លោក​បាន​ដាច់​ចិត្ត​លក់​ដី​​ម្ដង​១​កន្លែង​ៗ ​សម្រាប់​បង់ថ្លៃ​សាលា​ឲ្យ​លោក​ រហូត​អស់​គ្មាន​សល់។
ពេល​មួយ ​គ្រួសារ​របស់​លោក​បាន​ឈាន​ដល់​ការ​ដាក់​ប្លង់​ផ្ទះបញ្ចាំ​ដើម្បី​​​ខ្ចី​បុល​គេ​យក​​លុយ​មក​ឲ្យ​លោក​រៀន​។ ដោយ​សារ​គំនិត​ជា​ឯកតោ​ភាគី​របស់​ម្ដាយ​លោក ការ​​ខ្វែង​គំនិត​គ្នា​រវាង​ម្ដាយ ​​និង​ឪពុក​លោក​​ចាប់​ផ្ដើម​កើត​មានឡើង​។ ​ជា​រៀងរាល់​ថ្ងៃ​ គ្រួសារ​​របស់​​លោកបាន​​លក់អស់​គ្មាន​សេសសល់​ ។ ប៉ុន្តែ​ទោះ​ជា​មាន​វិបត្តិ​ផ្លូវ​ចិត្ត​យ៉ាង​ណា​ក៏ដោយ ​គ្រួសារ​​របស់​លោក​បាន​លាក់បាំង​លោក​មិន​ឲ្យ​ដឹង​ឡើយ​។ ប៉ុន្តែ​ផ្ទុយ​ទៅវិញ រឹត​តែ​​លើក​​ទឹកចិត្តលោក​​ឲ្យ​ខិតខំ​ប្រឹងប្រែងរៀន​សូត្រ​​បន្ត​ទៀត​។
ការងារ​ដំបូង​ប្រាក់​ខែ​៨០​ដុល្លារ
ឆ្នាំ​២០០២​ ដោយ​ឃើញ​ការ​រៀន​ពូកែ​របស់​លោក​នៅ​ចុង​ឆ្នាំ​សិក្សា​ទី​៣​ លោក​គ្រូ​ម្នាក់​ក្នុង​សាកល​វិទ្យាល័យ​បាន​ណែនាំ​លោក​ឲ្យ​ធ្វើការ​នៅ​ក្រុមហ៊ុន​ Yellow page ដែល​ទទួល​បាន​ប្រាក់​បៀវត្សរ៍​៨០​ដុល្លារ​អាមេរិក។​ ទោះ​ជា​ប្រាក់​ខែ​តិច​ពិត​មែន​ ប៉ុន្តែ​វា​ជា​ការងារ​ដំបូង​ដែល​លោក​ត្រូវ​តែ​​ធ្វើដើម្បី​ទទួល​បាន​បទ​​ពិសោធន៍។​ ពេល​នោះ​លោក​បាន​យល់​កាន់​តែ​ច្បាស់​ថា​ អ្វី​ដែល​ឪពុក​ម្ដាយ​របស់​លោក​តែង​តែ​ណែនាំ​ ​គឺ​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន​ឡើយ។​ ពេល​ជា​មួយ​គ្នា​នេះ​ដែរ ​លោក​បាន​សម្រេច​ចិត្ត​ប្រាប់​ទៅ​ម្ដាយ​របស់​លោក​មិន​ចាំ​បាច់​ផ្ញើ​ប្រាក់​ចាយ​ប្រចាំ​ខែ​ឲ្យ​លោក​ទៀត​ទេ គឺ​​លោក​មាន​លទ្ធភាព​ចំណាយ​ដោយ​ខ្លួន​ឯង​បាន ​ទោះ​ជា​លោក​ដឹង​ថា ប្រាក់ខែ​​ចាយ​​មិន​គ្រប់​ក៏​​ដោយ​។
១៨០​ដុល្លារ​ ចាយ​ ២​ នាក់​បងប្អូន
មួយ​​រយៈ​ក្រោយ​មក​ នៅ​ចុង​ឆ្នាំ​២០០២​ លោក​បាន​ផ្លាស់ប្ដូរ​ការងារ​មក​ធ្វើ​នៅ​ក្រុមហ៊ុន​ Ford មាន​តួនាទី​ជា​ Salesman ដែល​មាន​ប្រាក់​បៀវត្សរ៍​​ ១៨០​ដុល្លារ​ក្នុង​មួយ​ខែ។ ឈាន​ដល់​ឆ្នាំ​២០០៣​ ​លោក​ចាប់​ផ្តើម​មាន​បន្ទុក​​ដ៏​ធំមួយ នោះ​​​គឺ​ប្អូន​របស់​លោក​ត្រូវ​ឡើង​មក​រៀន​នៅ​ភ្នំពេញ​ដែរ។​ ប៉ុន្តែ​​លោក​បែរ​ជា​មាន​ក្ដី​សប្បាយ​រីករាយ​ជា​មួយ​បន្ទុក​១​នេះទៅវិញ​​ ព្រោះ​លោក​គិត​ថា​ លោក​បាន​ជួយ​រែកពុន​ការ​លំបាក​របស់​គ្រួសារ​លោក​បាន​មួយ​ចំណែក។​ ប៉ុន្តែ​នៅ​ឆ្នាំ​ដដែលនោះ​ដែរ លោក​ក៏ចាប់​ផ្តើម​ដឹង​​​ពី​ទំនាស់​ក្នុង​គ្រួសាររបស់​លោក​ ​ដែល​​កើត​មាន​ពេល​លោក​​ចេញផុត​មក​​​រៀន​​នៅ​ភ្នំពេញហើយ​។ ដើម្បី​កាត់​បន្ថយ​ការ​លំបាក​ទាំង​នោះ ​លោក​​បាន​សម្រេច​ចិត្ត​មិន​ឲ្យ​ម្ដាយ​លោក​ផ្ញើ​លុយ​មក​ប្អូន​របស់​លោក​ឡើយ​ គឺ​​​ប្រាក់​ខែ​របស់​លោក​ចែក​ចេញ​ជា​២​ចំណែក​ លោក​​ចាយ​​​៩០​ដុល្លារ​ ប្អូន​របស់​លោកចាយ​​៩០​ដុល្លារ​ដែរ​។
ដាច់​បាយ​មួយ​ថ្ងៃ​​មួយ​មួយ​យប់​ក៏​មាន
ដាច់​ខែ​ដាច់​ខ្យល់!​ នេះ​ជា​ពាក្យ​ពោល​ឡើង​របស់​មន្រ្តី​​​រាជការ​ខ្លះ​​ ដែល​តែង​តែ​ចាយ​លុយ​អស់​មុន​ខែ ព្រោះ​តែ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រាក់​​បៀវត្សរ៍​​តិច។ ប៉ុន្តែ​ពាក្យ​នេះ​បាន​កើត​ឡើង​មក​លើ​លោក​ និង​ប្អូន​របស់​លោក​ដែរ​នា​ពេល​កន្លងមក។ ពេល​មួយ​ ថ្ងៃ​បើក​ប្រាក់​ខែ​មិន​​ទាន់នឹង​មក​ដល់ផង ​ប្រាក់​ក៏អស់​​ពី​​ខ្លួន​រលីង​តែ​ម្ដង។ ហើយ​មាន​សប្ដាហ៍​ខ្លះ​ទៀត​ ថ្ងៃ​បើក​ប្រាក់ខែ​ចំ​ថ្ងៃ​បុណ្យ​ជាតិ​ ដូច្នេះ​ត្រូវ​លើក​​ពេល​ លើក​ពេល​តែ​២​ថ្ងៃ​រូប​លោក ​និង​ប្អូន​ប្រុសលោក​​ត្រូវ​ដាច់​បាយ​តែ​ម្តង​។ លោក​បាន​រំលឹក​ថា ពេល​​ខ្លះ​សល់​ប្រាក់​បន្តិចបន្តួច​បាន​មី​១​កញ្ចប់​ស្រុះ​ញ៉ាំ​ជាមួយ​បាយ​២​នាក់​បងប្អូន។​ ពេល​ខ្លះ​ទៀត​ដាច់​ទាំង​អង្ករ​ ប៉ុន្តែ​មាន​​ចេក​ទុំ​​ខ្លះ​នៅ​សល់​​​១ ​ឬ​២​ផ្លែ​ដែរ ដូច្នេះ​ លោក​ក៏​ចែក​​គ្នា​បរិភោគ​ជា​មួយ​នឹង​ប្អូន​របស់គាត់ និង​ពិសា​ទឹក​រូច​ដេក ដោយ​​កូរពោះ​មួយ​​យប់​ទល់​ភ្លឺ​។​ ពេល​ខ្លះ​ទោះ​មាន​បុណ្យ​ទាន ក៏​បង​ប្អូន​លោក​ទាំង​ពីរ​​​មិន​ហ៊ាន​ទៅលេខ​ស្រុក​​​កំណើតដែរ ​ព្រោះ​​ការ​ចំណាយ​​សោហ៊ុយ​ធ្វើ​ដំណើរ​អាច​ធ្វើ​ឲ្យ​លោក​ត្រូវ​ចាយ​អស់​មុន​​ខែ និង​ដាច់​បាយ​​បាន​។
ប្រឹងប្រែង​ធ្វើការ​ឋានៈ​ឡើង​ជា​បន្តបន្ទាប់
ក្នុង​អំឡុង​ពេលក្រោយ​មក​ លោក​ក៏​បាន​ចាប់​អាជីព​ជា​គ្រូ​បង្រៀន​នៅ​មហា​វិទ្យាល័យ​ផង និង​បង្រៀន​ភាសា​អង់គ្លេស​ផង​ ដើម្បី​រក​ចំណូល​បន្ថែម​។ ​ចាប់​ពី​ឆ្នាំ​២០០២​មក ​ការងារ​របស់​លោក​ត្រូវ​បាន​ដំឡើង​ជា​ប្រចាំ​ ពី​​អ្នក​លក់​ផ្ទាល់​ ក្លាយ​ជា​​ប្រធាន​ផ្នែក​លក់​រថយន្ត​ឲ្យ​ អង្គការ​ក្រៅ​រដ្ឋាភិបាល​ និង​ស្ថានទូត​​របស់​ក្រុមហ៊ុន​Ford ដដែល។ ក្រោយ​មក​ទៀត​ត្រូវ​បាន​ក្រុមហ៊ុន​មើល​ឃើញ​ពី​ភាព​ប៉ិនប្រសប់ ​និងការ​​ពុះពារ​ជម្នះ​គ្រប់​ឧបសគ្គ​របស់​លោក​។ ដូច្នេះ​នៅ​ឆ្នាំ​២០០៨ ​​ក្រុមហ៊ុន​បាន​ដំឡើង​ដំណែង​ឲ្យ​លោក​បន្ត​ទៀត​ ក្លាយ​ជា Division Manager 3M&KATCHER របស់​ក្រុមហ៊ុន​ RMA ដែល​ជា​ក្រុមហ៊ុន​មេ​​របស់​Ford ប្រចាំ​នៅ​កម្ពុជា​។
ប្រែ​ខ្លួន​ពី​អ្នក​ធ្វើការ​ឲ្យ​គេ ទៅ​ជា​អ្នក​បង្កើត​ការងារ​ឲ្យ​គេ​ធ្វើ
តួនាទី​ កាលណា​ឡើង​ដល់​កម្រិត​កំពូល​ហើយ​ មនុស្ស​ម្នាក់​ៗ​រមែង​នឹង​ចង់​បង្កើត​អ្វី​ដែល​ជា​របស់​ផ្ទាល់​ខ្លួន​។ លោក​ ឈាង សុភ័ក្តិ​ ក៏​ដូចគ្នា​ដែរ ប៉ុន្តែ​អ្វី​ដែល​លោក​ពិសេស​ជាង​អ្នក​ឯ​ទៀត គឺ​មាន​បំណង​​មួយ​​ប៉ុណ្ណោះ​ គឺ​ចង់​បង្កើត​ឱកាស​ការងារ​ច្រើន​ជួយ​ដល់​និស្សិត​កម្ពុជា​ដែល​កំពុង​ជួប​ការ​លំបាក​ក្នុង​ពេល​សិក្សា​។ មាន​មិត្ត​រួម​ការងារ​លោក​ម្នាក់​មាន​គំនិត​ត្រូវគ្នា​​ជាមួយ​លោក​ ចង់​បង្កើត​ក្រុមហ៊ុន​មួយ​ ដែល​មាន​លោក​ជា​នាយក​ប្រតិបត្តិ​ និង​ក្រុមប្រឹក្សាភិបាល​។ នៅ​ចុង​​ឆ្នាំ​២០០៨ ​លោក​បាន​សម្រេច​ចិត្ត​លា​ឈប់​ការងារ​ ហើយ​មក​កាន់​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​មួយ​នេះ។ ពេល​នោះ ​ក្រុមហ៊ុន​របស់​លោក​បាន​សម្រេច​ចិត្ត​នាំ​ចូល​មក​នូវ​ផលិត​ផល​ប្រើប្រាស់​ក្នុង​ផ្ទះ​ដូចជា​សាប៊ូ, នំ​, ភេសជ្ជៈ, ឬឧបករណ៍​​លាង​​ចាន​ពី​ប្រទេស​ម៉ាឡេស៊ី​​។
បរាជ័យ​ធំ​បំផុត​គឺ​បាក់ទឹកចិត្ត
ដោយសា​ចាប់​ផ្ដើម​ថ្មីថ្មោង​នៃ​ក្រុមហ៊ុន​មួយ​ ផលិតផល​នាំ​ចូល​មក​ទាំង​នោះ​ ហាក់​មិន​សូវ ​ទទួលបាន​​ការ​ពេញ​និយម​ឡើយ​ពី​សំណាក់​ប្រជាជន​កម្ពុជា។​ ​ការ​ដំណើរ​ការ​ក្រុមហ៊ុន​ចេះ​តែ​អូស​បន្លាយ​ធ្វើ​ឲ្យ​ម្ចាស់​ទុន​បាក់​ទឹកចិត្ត​រហូត​ឈាន​ដល់​ការ​ប្រកាស​ដក​ទុន​ជា​ស្ថាពរ​។ ពេល​វេលា​នោះ​ហើយ​ ជា​ពេល​វេលា​មួយ​ដ៏​លំបាក​ ព្រោះ​បុគ្គលិក​ក្រុមហ៊ុន​៧​នាក់​ដែល​កំពុង​ត្រូវ​បើក​ប្រាក់​ខែ​ពី​លោក​ដែល​ជា​នាយក​ប្រតិបត្តិ​។ ពេល​នោះ​ហើយ ​ទាំង​ក្រុម​គ្រួសារ​ខាង​លោក និង​ភរិយា​លោក​មិន​មាន​អ្នក​ណា​អាច​ជួយ​គាំទ្រ​លោក​បន្ត​ទៀត​ឡើយ​ គឺ​ជា​ពេល​វេលា​បាក់​ទឹកចិត្ត​ដ៏​ធំ​បំផុត​។ លោក​តែង​សួរ​ខ្លួន​ឯង​ថា ​ត្រូវ​បន្ត​ក្រុមហ៊ុន​ទៀត ឬ​យ៉ាងណា​? តើ​គួរ​ធ្វើ​យ៉ាង​ម៉េច​ទើប​ដំណើរ​ការ​បន្ត​ទៀត​បាន​។ ដោយសារ​ការ​ខ្វះ​ផ្នែក​ហិរញ្ញវត្ថុ​ដែល​ជា​រឿង​សំខាន់​ មាន​ពេល​ខ្លះ ​លោក​ត្រូវ​បញ្ជាំ​រថយន្ត​ដើម្បី​យក​ប្រាក់​ខែ​ឲ្យ​បុគ្គលិក​ រហូត ​ដល់​បុគ្គលិក​គ្មាន​ការងារ​ធ្វើ​បាន​សម្រេច​ប្រាប់​លោក​ដោយ​ត្រង់​ថា មិន​ហ៊ាន​ទទួល​យក​ប្រាក់​ខែ​ពី​លោក​ទេ ព្រោះ​ក្រុមហ៊ុន​មិន​ដំណើរ​ការ​ទាល់​តែ​សោះ​។
ជោគជ័យ​បាន​មក​ពី​ការ​ប្រឹងប្រែង
ដោយ​មាន​ចិត្ត​អំណត់​ ការ​ស៊ូទ្រាំ​ខ្ពស់​ ឱកាស​ក៏​មក​ដល់។ ​ឪពុក​ក្មេក​លោក​បាន​ណែនាំ​​តំណាង​ក្រុមហ៊ុន​ទូរស័ព្ទ​ Metfone ឲ្យ​ជួប​ជាមួយ​លោក​ ព្រោះ​យល់​ថា ​លោកមាន​ទំនាក់ទំនង​ច្រើន​ក្នុង​ទីផ្សារ​ពាណិជ្ជកម្ម។ ​លោកបាន​​ជួយ​លើ​កិច្ចការ​ជា​ច្រើន​យ៉ាង​​ឲ្យ​ក្រុម​​ហ៊ុន​នោះ។ ពេលវេលា​​យូរ​ពិត​មែន​ ប៉ុន្តែ​​​លោក​មិនដែល​​ធុញ​ទ្រាន់​នឹង​ជួយ​ជំរុញ​ឲ្យ​ក្រុមហ៊ុន​នោះ​ដំណើរ​ការ​កាន់​តែ​រលូន​ឡើយ​។ អាច​និយាយ​បាន​ថា​ ធ្វើ​ល្អ​បាន​ល្អ។​ ពេល​នោះ​ក្រុមហ៊ុន Metfone បាន​ផ្ដល់​ការងារ​ជា ​Call Center ដល់​ក្រុមហ៊ុន​របស់​លោក​ ដូច្នេះ​ក្រុម​ហ៊ុន​របស់​លោក​ត្រូវ​​​ប្តូ​រពី​នាំ​ផលិត​ពី​ម៉ាឡេស៊ី​មក​លក់​​ ទៅ​ជា​​ផ្តល់​សេវ៉ា​កម្ម​​ផ្នែក​ពន្យល់​ដល់​អតិថិជន​ទូរស័ព្ទ​ (Call Center)
ជំហ៊ាន​​ដំបូង លោក​​មាន​ការ​រារែក​បន្តិច​ចំពោះ​ការងារ​ដែល​ថ្មី​មួយ​នេះ ប៉ុន្តែ​​ដោយ​ចិត្ត​ជា​អ្នក​រក​ស៊ី​មិន​ខ្លាច​ឧបសគ្គ​​  ពេល​នោះ​លោក​បាន​កែប្រែ​​ស្ថានការ​ក្រុមហ៊ុន​ដែល​ហៀប​នឹង​បិទ​ទ្វារ​ក្លាយ​ជា​ក្រុមហ៊ុន​មួយ​​មាន​មនុស្ស​រ៉ាប់​រយ​នាក់​មក​ធ្វើ​ការ​រហូត​មក​ទល់​បច្ចុប្បន្ន​នេះ​។
បច្ចុប្បន្ន​ភាព
លោក​ឈាង សុភក្តិ ​អាយុ​៣០​ឆ្នាំ​ និង​បាន​រៀបការ​ឆ្នាំ​២០០៦​ ​ជាមួយ​ភរិយា​មាន​ឈ្មោះ ស្រី ​ជា​សុផល្លា។ លោក​​មាន​បុត្រី​ ២​នាក់​ហើយ។ សព្វ​ថ្ងៃ​នេះ ​គាត់​ជា​​ប្រធាន​​ក្រុមហ៊ុនពីរ​ គឺ​​ ​Master Asia ដែល​មាន​ប្រតិបត្តិការ​ Mobile Content Provider (Call Center Outsource) និង​​ក្រុមហ៊ុន​​​ Master Solution Internet ដែល​មាន​ប្រតិបត្តិការ​ (Internet provider)។ ក្រុម​ហ៊ុន​ទាំង​ពី​រ​នេះ ​​​អាច​មាន​ប្រាក់​ចំណូល​ប្រមាណ​ជា​កន្លះ​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ​ៗ។
បទពិសោធន៍​ជីវិត
ក្នុង​ជីវិត​របស់​ខ្ញុំ​ បើសិនជា​កាលណោះ​ម្ដាយ​របស់​លោក​គ្មាន​ការ​ប្ដេជ្ញា​ខ្ពស់​ហ៊ាន​ជម្នះ​គ្រប់​ឧបសគ្គ​ដើម្បី​ឲ្យ​លោក​រៀន​សូត្រ​ទេ ម្ល៉េះ​លោក​​នឹង​គ្មាន​ថ្ងៃ​នេះ​ទេ។​​ គ្មាន​លទ្ធផល​បាន​​ធ្វើ​ឲ្យ​ក្រុម​​​​គ្រួសាររបស់​លោកនៅ​ឯ​ ខេត្ត​សៀម​រាប ​មាន​មោទនភាព​​យ៉ាង​​ខ្លាំង។​ ​អ្នក​ដែល​​រិះគន់​បង្អាប់​ម្ដាយ​របស់លោក​ក៏​​ភ្លឺ​ភ្នែក​ដែរ។​ ចំណែក​ការ​វិនិយោគ​របស់​ម្ដាយ​លោក​មក​លើ​រូប​លោក​គឺ​មាន​ន័យ​ថា ​​ត្រឹម​ត្រូវជា​ទី​បំផុត​។
រឿង​មួយ​ទៀត​ដែល​លោក​​បាន​ដឹង​ និង​ចងចាំ​បំផុត​ក្នុង​ដំណាក់​កាល​រៀន​សូត្រ​ គឺ​និស្សិត​ដែល​រៀន​នៅ​ឆ្នាំ​ទី​៣​ ជា​ពេលវេលា​ដំណាក់​ដែល​អ្នក​ផ្ទះ​អស់​​លទ្ធភាព​នឹង​ផ្គត់ផ្គង់​ហើយ។​ ដូច្នេះ​បុគ្គលិក​ក្រុមហ៊ុន​លោក​​ជាង​១០០​នាក់​ គឺ​សុទ្ធ​តែ​ជា​និស្សិត​ដែល​រៀន​នៅ​ឆ្នាំ​ទី​២ ឬ​ទី​៣ ​ទាំង​អស់​ ព្រោះ​លោក​​ចង់​ផ្ដល់​ធនធាន​ឲ្យ​ពួក​គាត់ ជៀសវាង​ការលំបាក រហូត​​បោះបង់​ចោល​ការ​សិក្សា​ដោយសារ​កត្តា​ជីវភាព​។
ការ​ចែករំលែក​ចំណេះ​ដឹង
កើត​មក​ក្នុង​ត្រកូល​អ្នក​ក្រ ​មិន​មែន​ជា​កំហុស​របស់​អ្នក​ទេ ប៉ុន្តែ​ស្លាប់​ទៅ​វិញ​ក្រ​នោះ​ គឺ​​ជា​កំហុស​របស់​អ្នក”​​។ នេះ​ជា​សុភាសិត ​របស់​មនុស្ស​​ល្បី​ក្នុង​​​ពិភពលោកម្នាក់។​ សម្រាប់រូប​​លោក​ ឈាង សុភក្តិ​ចង់​បង្ហាញ​ដល់​​យុវជន​ខ្មែរ​ទាំង​អស់​ថា កុំ​បាក់​ទឹក​ចិត្ត​ឲ្យ​សោះ។​ គ្មាន​អ្វី​ដែល​មនុស្ស​​ធ្វើ​មិន​កើត​នោះ​ទេ​។ ឲ្យ​តែ​ការ​ធ្វើ​នោះ​ប្រកប​ដោយ​ការ​​ប្ដេជ្ញាចិត្ត​ ​និង​មាន​សុឆន្ទៈ​ពិត​ប្រាកដ​ នោះ​គេ​នឹង​អាច​សម្រេច​បាន​​ដល់​ជោគជ័យ។
ចំណុច​សំខាន់​មួយ​ទៀត​ដែលលោក​ចង់​ចែក​រំលែកដែរ​ គឺ​​មនុស្ស​មិន​អាច​កំណត់​ថា​ថ្ងៃ​នេះ​​ក្រ​ ហើយ​ថ្ងៃ​​ស្អែក​ត្រូវ​ក្លាយ​​ជា​អ្នក​មាន​ភ្លាម​ៗ​នោះ​ទេ។ គេ​​ត្រូវ​ស្វែង​រក​វិធី​ និង​ដើរ​ម្ដង​មួយ​ជំហានៗ​​រហូត​ដល់​សម្រេច​បាន​​ទិសដៅ។ ជួន​កាលអាច​ស៊ី​ពេល​អស់​៣​ថ្ងៃ, ៥​ថ្ងៃ,​ ៧​ខែ, ឬ​១០​ឆ្នាំក៏​មាន​​ ទើប​ទទួល​បាន​ជោគជ័យ។ ប៉ុន្តែ​ការ​បោះជំហាន​ត្រូវបទ​បែន​​ទៅ​​តាម​ស្ថាន​ភាព​ជាក់ស្ដែង ​ជា​​ពិសេស​ទោះជា​ជួប​ឧបសគ្គ​យ៉ាងណាក៏ដោយ​ ក៏​មិន​ត្រូវ​បាក់​ទឹក​ចិត្ត​ដែរ ។ លោក ​ឈាង សុភក្តិ ផ្តាំ​ផ្ញើ​​ថា៖ “​ភាព​ទាល់​ច្រក​គ្មាន​ទេ សម្រាប់​មនុស្ស​ជោគជ័យ​!”​