លិខិតឆ្លងដែនខ្មែរលក់ថ្លៃជាងលិខិតឆ្លងដែនបរទេសទៅទៀត!


ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​ចាត់ទុក​ថា ជា​ប្រទេស​ក្រីក្រ​មួយ​នៅ​ក្នុង​ចំណោម​ប្រទេស​ក្រីក្រ​ដទៃ​នៅ​ក្នុង​តំបន់ និង​នៅ​លើ​ពិភពលោក។ ប្រជាជន​ខ្មែរ​ប្រមាណ​ជា​៣០​ភាគរយបន្ត​រស់​នៅ​ក្រោម​បន្ទាត់​ភាពក្រីក្រ ប៉ុន្តែ​ការធ្វើ​លិខិត​ឆ្លងដែន​នៅ​កម្ពុជា​មាន​តម្លៃ​ថ្លៃ បើប្រៀបធៀប​ទៅនឹង​ប្រទេស​ផ្សេង​ទៀត។ តើ​លិខិត​ឆ្លងដែន​គួរ​លក់​ថ្លៃ​ឬ​ទេ?
តួលេខ​ក្រសួង​ទេសចរណ៍​ធ្លាប់​បាន​ប្រកាស​ថា ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ​ជា​១​លាននាក់​ជារៀងរាល់​ឆ្នាំ​បាន​ចេញ​ដំណើរ​ទៅ​ក្រៅ​ប្រទេស។ អ្នកខ្លះ​ចេញ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​ដើម្បី​ព្យាបាល​ជំងឺ។ អ្នកខ្លះទៀត​ចេញ​ទៅក្រៅ​ប្រទេស​ដើម្បី​ទស្សនកិច្ច​កម្សាន្ត និង​អ្នកខ្លះ​ទៀត​ចេញ​ទៅ​ក្រៅ​ប្រទេស​ដើម្បី​រក​ឱកាស​បង្កើត​ទំនាក់​ទំនង​ពាណិជ្ជកម្ម។ បើយោង​តាម​តួលេខ​ខាង​លើ​នេះ គេអាច​និយាយ​បាន​ថា ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​ឡើង​បាន​នាំគ្នា​ធ្វើ​លិខិត​ឆ្លងដែន។
លិខិត​ឆ្លងដែន​កាន់តែ​ច្រើន​ត្រូវ​បាន​គេ​ធ្វើ​មែន ប៉ុន្តែ​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​រអ៊ូរទាំ​ពី​តម្លៃ​ខ្ពស់។ តម្លៃ​លិខិត​ឆ្លងដែន​ដែល​គេ​ធ្វើ​តាមរយៈ​ទីភ្នាក់ងារ​ទេសចរណ៍​ឯកជន​អាច​មាន​តម្លៃ​ជាង​១៣០​ដុល្លារ​អាមេរិក ក្នុង​រយៈពេល​៧​សប្តាហ៍។ តម្លៃ​អាច​ឡើង​ថ្លៃ​ច្រើន​ជាង​នេះ ប្រសិន​បើ​អតិថិជន​ត្រូវការ​កាន់​តែ​ឆាប់​នោះ។
បើយោង​តាម​ប្រភព​មួយ​ចំនួន​ តម្លៃ​លិខិត​ឆ្លងដែន​ដែល​ធ្វើ​តាមរយៈ​សេវា​របស់​រដ្ឋ​អាច​មាន​តម្លៃ​ថោក​ជាង​នេះ ប៉ុន្តែ​វាពិបាក​នឹង​ទទួល​បាន​ណាស់។ អ៊ីចឹង​ហើយ​ទើប​អតិថិជន​ជា​ច្រើននាក់​តែងតែ​ធ្វើ​តាមរយៈ​ទីភ្នាក់ងារ​ទេសចរណ៍​ឯកជន​នោះ។
បើទោះបី​ជា​ប្រទេស​កម្ពុជា​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​យ៉ាងណា​ក៏​ដោយ​ ក៏​ប្រជាពលរដ្ឋ​ខ្មែរ​ជិត​៣០​ភាគរយ​ទៀត​នៅ​បន្ត​រស់​នៅ​ក្រោម​បន្ទាត់​ភាព​ក្រីក្រ។ ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​ចាត់​ទុកថា ជា​ប្រទេស​ក្រីក្រ​មួយ​នៅ​ក្នុង​ចំណោម​ប្រទេស​ក្រីក្រ​ដទៃ​នៅ​ក្នុង​តំបន់​និង​នៅ​លើ​ពិភពលោក។ ប៉ុន្តែ​បើងាក​មក​និយាយ​ពី​តម្លៃ​លិខិត​ឆ្លងដែន​វិញ គេ​កត់​សម្គាល់​ឃើញ​ថា វា​មាន​តម្លៃ​ស្ទើរ​តែ​ស្មើ ឬ​អាច​ខ្ពស់​ជាង​ប្រទេស​អភិវឌ្ឍ​មួយ​ចំនួន​ទៅ​ទៀត។
នៅ​ក្នុង​ប្រទេស​កាណាដា ការធ្វើ​លិខិត​ឆ្លង​ដែន​មាន​តម្លៃ​ជាង​១០០​ដុល្លារ​អាមេរិក និង​មាន​រយៈពេល ៥​ឆ្នាំ។ នៅ​ក្នុង​ប្រទេស​បារាំង លិខិត​ឆ្លងដែន​មួយ​មាន​តម្លៃ​១១០​ដុល្លារ​អាមេរិក និង​មាន​រយៈពេល​១០​ឆ្នាំ។ នៅ​ក្នុង​ប្រទេស​អូស្រ្តាលី លិខិត​ឆ្លងដែន​អាច​មាន​តម្លៃ​ប្រមាណ​ជា​១៦០​ដុល្លារ​អាមេរិក និង​មាន​រយៈពេល​១០​ឆ្នាំ​ដែរ។
ប្រសិនបើ​គេ​ធ្វើការ​ប្រៀបធៀប​តម្លៃ​លិខិត​ឆ្លងដែន​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​អ្នកមាន​មួយ​ចំនួន​នោះ​ គេពិត​ជា​ពិបាក​និយាយ​ថា តម្លៃ​លិខិត​ឆ្លងដែន​នៅ​កម្ពុជា​ថ្លៃ​ជាង​គេ ពីព្រោះ​តម្លៃ​ជាក់ស្តែង​វា​ខុសគ្នា​តិចតួច​ដែល​អាច​ទទួល​យក​បាន។ ប៉ុន្តែ​ប្រសិន​បើ​គេពិនិត្យមើល​ទៅលើ​កម្រិត​ជីវភាព​រវាង​ប្រជាជន​ខ្មែរ និង​ប្រជាជន​នៃ​ប្រទេស​កាណាដា ប្រទេស​បារាំង​និង​ប្រទេស​អូស្រ្តាលី​វិញ គេពិត​ជា​អាច​និយាយ​បាន​ថា តម្លៃ​លិខិត​ឆ្លងដែន​នៅ​កម្ពុជា​មាន​តម្លៃ​ខ្ពស់​ណាស់។
ប្រាក់​ខែ​ជា​មធ្យម​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា មាន​ប្រមាណជា​ជាង​១០០​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។ រីឯ​ប្រាក់ខែ​ប្រជាជន​បារាំង​ អូស្ត្រាលី និង​កាណាដា​វិញ មាន​ចំនួន​ច្រើន​ពាន់​ដុល្លារ​អាមេរិក។ ក្រៅ​ពី​តម្លៃ​ថ្លៃ អតិថិជន​ដែល​មិន​សប្បាយ​ចិត្ត ​បាន​រិះគន់​ថា រយៈពេល​លិខិត​ឆ្លងដែន​កម្ពុជា​មាន​រយៈពេល​ខ្លី​ជាង​ប្រទេស​អភិវឌ្ឍ​ទៅ​ទៀត។ លិខិត​ឆ្លងដែន​ខ្មែរ​មាន​រយៈពេល​៣​ឆ្នាំ និង​អាច​ពន្យា​បន្ត​បាន​ពីរ​ដង​ទៀត ដែល​ក្នុង​មួយ​ដងៗ​មាន​រយៈពេល​២​ឆ្នាំ។ ដូច្នេះ លិខិត​ឆ្លងដែន​ខ្មែរ​មាន​រយៈពេល​សរុប​​៧​ឆ្នាំ​ រីឯ លិខិត​ឆ្លងដែន​នៅ​ប្រទេស​ក្រៅ​មាន​រយៈពេល​១០​ឆ្នាំ​ឯណោះ។
មិន​ត្រឹមតែ​ប៉ុណ្ណោះ​ លក្ខណៈ​ខុសគ្នា​មួយ​ទៀត​ដែល​គួរអោយ​កត់​សម្គាល់​ដែរ​នោះ គឺ​គុណភាព​ក្រដាស និង​ចំនួន​សន្លឹក​លិខិត​ឆ្លងដែន។ លិខិត​ឆ្លងដែន​បរទេស​មាន​សន្លឹក​ច្រើន​ជាង និង​មាន​គុណភាព​ល្អ​ជាង។
សរុប​សេចក្តីមក ប្រសិនបើ​គេ​ធ្វើការ​ប្រៀបធៀប​រវាង​កម្រិត​ជីវភាព​ជនជាតិ​ខ្មែរ និង​ជនជាតិ​បរទេស ​និង​ដោយ​ពិនិត្យ​លើ​ស្ថានភាព​ជាក់ស្តែង​របស់​ប្រជាពល​រដ្ឋ​ខ្មែរ​នៅ​ពេល​នេះ រដ្ឋាភិបាល​គួរតែ​ពិចារណា​លើ​តម្លៃ​លិខិត​ឆ្លងដែន​ឡើង​វិញ។ លិខិត​ឆ្លងដែន​ដែល​មាន​តម្លៃ​សមរម្យ​នឹង​បើក​ឱកាស​អោយ​ជនជាតិ​ខ្មែរ​កាន់តែ​ច្រើន​ឡើង​អាច​ធ្វើ​ដំណើរ​ទៅកាន់​ក្រៅ​ប្រទេស។ ការធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​កាន់តែ​ច្រើន​នោះ វា​នឹង​ពង្រីក​បញ្ញាញាណ​របស់​ជនជាតិ​ខ្មែរ​កាន់តែ​ខ្លាំង​ដែរ៕