ថ្ងៃទី៨ មីនា គឺជាទិវាអន្តរជាតិនារី
ដែល ត្រូវបានប្រារព្ធធ្វើឡើងនៅជុំវិញពិភពលោក ។ ថ្ងៃទី៨ មីនា នេះ
ត្រូវបានអង្គការសហប្រជាជាតិ
និងប្រទេសជាច្រើននៅជុំវិញពិភពលោកចាត់ទុកជាថ្ងៃឈប់សម្រាករបស់ជាតិ
។
តើទិវាអន្តរជាតិនារីនេះកើតឡើងដោយរបៀបណា
?
នៅថ្ងៃទី៨ មីនា ឆ្នាំ ១៨៥៧
នារីធ្វើការនៅក្នុងរោងចក្រសម្លៀកបំពាក់ និងវាយនភណ្ឌ
(រោងចក្រកាត់ដេរ) នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក
បានចេញមកធ្វើការតវ៉ាមួយ ។ ពួកនារីទាំងនោះ
បានសម្តែងកំហឹងប្រឆាំងទៅនឹងលក្ខខណ្ឌការងារដូចសត្វ
និងការផ្តល់ប្រាក់កម្រៃដ៏ទាប ។ ដើម្បីបង្ក្រាបការតវ៉ានេះ
ប៉ូលិសបានវាយប្រហារទៅលើហ្វូងបាតុករ
និងធ្វើឱ្យពួកបាតុករបែកខ្ញែកអស់ ។ ពីរឆ្នាំក្រោយមក គឺនៅខែមីនាដដែល
ក្រុមស្ត្រីទាំងនេះបានប្រមូលផ្តុំគ្នា
បង្កើតទៅជាសហជីពពលកម្មដំបូងមួយ ដើម្បីធ្វើការតវ៉ា និងការពារពួកគេ
ហើយក្រោយមកពួកគេក៏បានទទួលសិទ្ធិជាមូលដ្ឋានខ្លះៗនៅឯកន្លែងធ្វើការ
។
នៅថ្ងៃទី៨ មីនា ឆ្នាំ១៩០៨
ក្រុមស្ត្រី១៥.០០០នាក់បានសម្រុកចូលទីក្រុងញូវយ៉ក
ដើម្បីទាមទារឱ្យបន្ថយម៉ោងធ្វើការងារ
ទាមទារឱ្យផ្តល់កម្រៃពលកម្មសមរម្យ ទាមទារសិទិ្ធបោះឆ្នោត
និងទាមទារឱ្យបញ្ចប់ការធ្វើពលកម្មលើកុមារ ។ នៅខែឧសភា
គណបក្សសង្គមនិយមអាមេរិករៀបចំយកសប្តាហ៍ចុងក្រោយនៃខែកុម្ភៈ
សម្រាប់ប្រារព្ធពិធីទិវាអន្តរជាតិនារី ។
ក្រោយពីការប្រកាសរបស់គណបក្សសង្គមនិយមអាមេរិក
ពិធីបុណ្យទិវាអន្តរជាតិនារី
ត្រូវបានប្រារព្ធធ្វើឡើងនៅសហរដ្ឋអាមេរិកនាថ្ងៃទី២៨ កុម្ភៈ
ឆ្នាំ១៩០៩ ។ ចាប់តាំងពីពេលនោះមក ក្រុមស្ត្រីបានប្រារព្ធពិធីបុណ្យនេះជាបន្តមកទៀតនៅរៀងរាល់សប្តាហ៍ចុងក្រោយនៃខែកុម្ភៈ
រហូតដល់ឆ្នាំ១៩១៣ ។
នៅឆ្នាំ១៩១០ សន្និសីទអន្តរជាតិមួយ
ដែលរៀបចំដោយអង្គការសង្គមនិយមនានាមកពីជុំវិញពិភពលោក
បានជួបជុំគ្នានៅ ទីក្រុងកូប៉ិនហាក របស់ប្រទេសដាណឺម៉ាក។
សន្និសីទសង្គមនិយមអន្តរជាតិនេះ
បានស្នើបង្កើតទិវានារីដែលនឹងត្រូវបានគេប្រារព្ធជាលក្ខណៈអន្តរជាតិ
។ សំណើនេះត្រូវបានផ្តួចផ្តើមឡើងដោយបុគ្គលម្នាក់ឈ្មោះថា ក្លារ៉ាហ្សេតគីន
។ ក្លារ៉ា ហ្សេតគីន
គឺជាជនសង្គមនិយមអាល្លឺម៉ង់ដែលបានស្នើបង្កើតឡើងនូវទិវាជាអន្តរជាតិមួយ
ដើម្បីរំលឹកដល់ការធ្វើបាតុកម្មរបស់កម្មកររោងចក្រកាត់ដេរនៅសហរដ្ឋអាមេរិក
។ សំណើនេះត្រូវបានប្រតិភូនារីជាង១០០នាក់មកពីប្រទេស១៧យល់ព្រមជាឯកច្ឆន្ទ
ដោយក្នុងនោះមានស្ត្រីចំនួន៣នាក់ដំបូងបានបោះឆ្នោតធ្វើជាតំណាងរាស្ត្រនៅក្នុង
សភាប្រទេសហ្វាំងឡង់ ។
នៅឆ្នាំបន្ទាប់មកគឺនៅឆ្នាំ១៩១១
ទិវាអន្តរជាតិនារីត្រូវបានប្រារព្ធធ្វើឡើងជាលើកដំបូងនៅប្រទេសនានាដូចជាប្រទេសដាណឺម៉ាក
អូទ្រីស អាល្លឺម៉ង់ និងប្រទេសស្វ៊ីស ។ នៅពេលនោះ
ទិវាអន្តរជាតិនារីនេះត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃទី ១៩
មីនា
ហើយមនុស្សប្រុសស្រីជាងមួយលាននាក់បានចេញមកប្រមូលផ្តុំគ្នាតាមដងវិថីនានា
ដើម្បីអបអរសាទរពិធីបុណ្យនេះ ។ ក្រៅពីទាមទារនូវ សិទ្ធិបោះឆ្នោត
និងសិទ្ធិកាន់កាប់ការងារនៅក្នុងការិយាល័យសាធារណៈ (រដ្ឋ)
ពួកហ្វូងមនុស្សទាំងនោះបានទាមទារនូវសិទ្ធិធ្វើការងារ
និងបំបាត់ចោលការរើសអើងភេទចំពោះការងារ ។
មិនដល់មួយសប្តាហ៍ផង
ស្រាប់តែមានអគ្គិភ័យមួយបានកើតឡើងនៅថ្ងៃទី២៥ មីនា នៅទីក្រុងញូវ យ៉ក ។ អគ្គិភ័យដ៏សាហាវនេះបានឆក់យកជីវិតកម្មករជាង១៤០នាក់
ដែលភាគច្រើនជានារីអន្តោប្រវេសន៍ ក្មេងៗជនជាតិអ៊ីតាលី និង ជ្វីហ្វ ។ ការបាត់បង់ជីវិតមនុស្សទាំងនេះ
គឺបណ្តាលមកពីកង្វះវិធានការសុវត្ថិភាព ។ សម្ព័ន្ធសហជីពពាណិជ្ជកម្មនារី
និងសហជីពកម្មកររោងចក្ររបស់នារីអន្តរជាតិ
បានដឹកនាំនូវការតវ៉ាជាច្រើនប្រឆាំងទៅនឹងសោកនាដកម្មដែលបានកើតឡើងនេះ
ក្នុងនោះរួមមានទាំងការប្រារព្ធពិធីបុណ្យសពដ៏ស្រងូតស្រងាត់មួយដែលមានហ្វូងមនុស្សចូលរួមជាងមួយសែននាក់
។
អគ្គិភ័យនេះ
បានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើនីតិកម្មការងារ
ហើយលក្ខខណ្ឌការងារដ៏អាក្រក់ដែលនាំឱ្យមានមហន្តរាយនេះបានអំពាវនាវឱ្យមានការប្រារព្ធទិវាអន្តរជាតិនារីនេះឡើង
ដើម្បីរំលឹកដល់ហេតុការណ៍សោកនាដកម្មនោះ ។
នៅក្នុងសង្គ្រាម
ទាហានរុស្ស៊ីបានស្លាប់បាត់បង់ជីវិតចំនួន២លាននាក់ ។
ជាថ្មីម្តងទៀត ស្ត្រីជនជាតិ រុស្ស៊ីបានជ្រើសរើសយកសប្តាហ៍ចុងក្រោយក្នុងខែកុម្ភៈ
ឆ្នាំ១៩១៧ ដើម្បីធ្វើបាតុកម្មក្រោមពាក្យស្លោកថា «នំបុ័ង និងសន្តិភាព»
។
មេដឹកនាំនយោបាយបានប្រឆាំងទៅនឹងការកំណត់ពេលវេលាធ្វើបាតុកម្មនេះ
ប៉ុន្តែស្ត្រី រុស្ស៊ីទាំងនោះនៅតែបន្តធ្វើបាតុកម្មរបស់ខ្លួន
។
ទិវាអន្តរជាតិនារីត្រូវបានគេសន្មតជាពិធីបុណ្យទូទាំងពិភពលោកថ្មីមួយសម្រាប់ស្ត្រីនៅក្នុងប្រទេសអភិវឌ្ឍន៍
ក៏ដូចជាប្រទេសកំពុងអភិវឌ្ឍន៍ ។ នៅខែធ្នូ ឆ្នាំ១៩៧៧
មហាសន្និបាតអង្គការសហប្រជាជាតិបាន អនុម័តនូវសេចក្តីសម្រេចមួយ
ដោយប្រកាសយកថ្ងៃនេះធ្វើជាថ្ងៃបុណ្យសិទ្ធិនារី
និងជាថ្ងៃបុណ្យសន្តិភាពអន្តរជាតិ ។
សន្និសីទអង្គការសហប្រជាជាតិស្តីពីស្ត្រីចំនួនបួនលើក
បានជួយធ្វើការទាមទារសិទ្ធិរបស់ស្ត្រី
និងសិទ្ធិក្នុងការចូលរួមនៅក្នុងដំណើរការនយោបាយនិងសេដ្ឋកិច្ច ។
នៅឆ្នាំ ១៩៧៥
អង្គការសហប្រជាជាតិបានទាញចំណាប់អារម្មណ៍ពិភពលោកឱ្យចាប់អារម្មណ៍ពីបញ្ហារបស់ស្ត្រី
ដោយបានអំពាវនាវឱ្យមានកិច្ចប្រជុំ
ឬសន្និសីទអន្តរជាតិស្តីពីស្ត្រីនៅក្នុងទីក្រុងម៉ិចស៊ីកូ ។
សន្និបាតមួយទៀត ត្រូវបានប្រាព្ធធ្វើឡើងនៅទីក្រុងកូប៉ិនហាក
នាឆ្នាំ១៩៨០ ។ នៅក្នុងឆ្នាំ១៩៨៥
អង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំជាលើកទី៣
ស្តីពីស្ត្រីនៅទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា
ដើម្បីឱ្យមនុស្សក្រឡេកមើលនូវអ្វីដែលបានសម្រេចឡើងនៅចុងបញ្ចប់នៃទសវត្សរ៍
។ នៅឆ្នាំ១៩៩៥ ទីក្រុងបេកាំង
បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំពិភពលោកលើកទី៤ ។ តំណាងមកពី១៨៩ប្រទេសខុសៗគ្នា
បានយល់ស្របគ្នាថា អសមភាពរវាងបុរស
និងស្ត្រីគឺជាគុណវិបត្តិដ៏ធ្ងន់ធ្ងរសម្រាប់មនុស្សជាតិទាំងអស់ ។
កិច្ចប្រជុំនេះបានប្រកាសអំពីគោលដៅនានាសម្រាប់អភិវឌ្ឍន៍ស្ត្រីនៅក្នុងវិស័យនានារួមមាន
វិស័យនយោបាយ វិស័យសុខាភិបាល និងវិស័យអប់រំ ។
ឯកសារចុងក្រោយដែលផ្សព្វផ្សាយដោយកិច្ចប្រជុំនេះបានលើកឡើងថា «ការរីកចម្រើនរបស់ស្ត្រី
និងការសម្រេចបានសមភាពរវាងស្ត្រី និងបុរស
គឺជាបញ្ហាសិទ្ធិមនុស្សនិងជាលក្ខខណ្ឌសម្រាប់យុត្តិធម៌សង្គម
ហើយគេមិនត្រូវចាត់ទុកថានេះជាបញ្ហារបស់ស្ត្រីនោះទេ»
។
ប្រាំឆ្នាំក្រោយមក
នៅក្នុងកិច្ចប្រជុំជា ពិសេសលើកទី២៣របស់អង្គការសហប្រជា
ជាតិក្រោមប្រធានបទ «ស្ត្រីនាឆ្នាំ២០០០ សមភាពយេនឌ័រ
ការអភិវឌ្ឍ និងសន្តិភាពសម្រាប់សតវត្សរ៍ទី២១»
បានរំលឹកឡើងវិញពីការរីកចម្រើនដែលពិភពលោកបានធ្វើដើម្បីឈានទៅសម្រេចគោលដៅដែលបានលើកឡើងនៅ
ឯសន្និសីទទីក្រុងប៉េកាំង ។ សន្និសីទនេះត្រូវបានគេឱ្យឈ្មោះថា «ទីក្រុងបេកាំង+៥ »
។
ប្រតិភូទាំងអស់បានរកឃើញឧបសគ្គរារាំងការអភិវឌ្ឍ និងរក្សាការអភិវឌ្ឍ
។ គណៈប្រតិភូបានធ្វើសេចក្តីសម្រេចយល់ព្រមបន្ថែមទៀត
ដើម្បីបន្តអនុវត្តគំនិតផ្តួចផ្តើមនៅក្នុងសន្និសីទស្តីពីស្ត្រីនាឆ្នាំ ១៩៩៥
៕