តើ​អ្វីទៅជារបប​អាជ្ញាប្រឹក្ស?


          សំណួរ៖ ​តើរបប​អាជ្ញាប្រឹក្ស​ មាន​ទ្រង់​ទ្រាយ​នឹង​លក្ខណៈ​បែប​ណា​ដែរ​? 
សូមស្តាប់លោក​បណ្ឌិត ឈុន ណារ៉េត​ ដែលគាត់ជាសាស្ត្រាចារ្យសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ទាំងអស់គ្នាសាកមើល...!!!

          ចម្លើយ៖​  របប​អាជ្ញាប្រឹក្ស​ គឺហាក់​ដូច​ជាពាក្យ​ថ្មី​សម្រាប់​យើង​ទាំង​អស់​គ្នា​ យើង​អាច​ហៅថា របប​ចម្រុះ​ ពាក់​កណ្តាល​សេរី​ ពាក់កណ្តាល​កុំម្មុយនីស្ត​ គឺ​ជា​របប​មួយ​ដែល​ប្រព័ន្ធដឹក​នាំ​​នយោបាយ​របស់​គេ​​ប្រើ​ប្រព័ន្ធ​កុំម្មុយនីស្ត​ អាច​ដឹក​នាំ​ដោយ​បក្ស​កុំម្មុយនីស្ត​ អាច​ដឹក​នាំ​ដោយ​បុគ្គល​ម្នាក់​ អាច​ដឹក​នាំ​ដោយ​មនុស្ស​មួយ​ក្រុម​ រី​ឯ​ប្រព័ន្ធ​សេដ្ឋកិច្ច​គឺ​គេ​យក​ប្រព័ន្ធ​តាម​បែប​សេដ្ឋ​កិច្ច​ទីផ្សារ​សេរី​យក​មក​ប្រើ​។ ចំណែក​សិទ្ធិ​សេរីភាព​គឺ​គេផ្តល់​សិទ្ធិសេរីភាព​ឲ្យ​ប្រជាពលរដ្ឋ​ ប៉ុន្តែ​មិន​មែន​ទូលំទូលាយ​ទេ​គឺ​គេ​ដក​សិទ្ធិ​សេរីភាព​ផ្នែក​នយោបាយ​មួយ​ចេញ​ ។ ម្យ៉ាង​ទៀត​ប្រព័ន្ធ​នេះ​គ្មាន​ការ​បោះ​ឆ្នោត​ដោយ​ទូលំទូលាយ​ទេ​ នេះ​ហើយ​ជា​ប្រព័ន្ធ​អាជ្ញាប្រឹក្ស​។ ខ្ញុំ​លើក​ឧទាហរណ៍​នៅ​ប្រទេស​ លីប៊ី នៅ​ អ៊ីរ៉ាក់​ កាល​សម័យ​ សាដាំហ៊ូ​សេន​ គឺ​ដឹក​នាំ​ដោយ​ សាដាំហ៊ូសេន​ ផ្ទាល់​ និង​ដឹក​នាំ​ដោយ​ ហ្គាដាហ្វី ផ្ទាល់​តែ​ម្តង​ អញ្ចឹង​គ្មាន​ការ​បោះ​ឆ្នោត​ទេ​ គឺ​គាត់​កាន់​អំណាច​យូរ​ណាស់​ ប៉ុន្តែ​ប្រព័ន្ធ​សេដ្ឋកិច្ច​របស់​គាត់​គឺ​យក​តាម​សេដ្ឋកិច្ច​​ផ្សារ​សេរី​ ហើយ​គ្មាន​សិទ្ធិសេរី​ភាព​ខាង​ផ្នែក​នយោបា​យ​ទេ​ នេះ​ហើយ​ជា​ប្រព័ន្ធ​របប​អាជ្ញាប្រឹក្ស​។ ឧទាហរណ៍​មួយ​ទៀត​នៅ​ប្រទេស​ចិន​ អ្នក​ខ្លះ​និយាយ​ថា នៅ​ប្រទេស​ចិន​គឺ​ដឹក​នាំ​តាម​បែប​កុំម្មុយនីស្ត តាម​ពិត​ប្រទេស​ចិន​ មិន​មែន​ដឹក​នាំ​តាម​បែប​កុំម្មុយ​នីស្ត​ទេ​ គឺ​ដឹក​នាំ​តាម​របប​អាជ្ញាប្រឹក្ស។ នៅ​វៀត​ណាម​ ភូមា គឺ​ដឹក​នាំ​ដោយ​មនុស្ស​មួយ​ក្រុម​ គឺ​ក្រុម​ឧត្តមសេនីយ៍ ថាន់ស្វេ ដែល​បាន​កាន់​អំណាច​យូរណាស់​មក​ហើយ​ ប៉ុន្តែ​សេដ្ឋកិច្ច​របស់​ប្រទេស​គាត់​ជាសេដ្ឋកិច្ច​ផ្សារ​សេរី សិទិ្ធ​សេរីភាព​មិន​ទូលំទូលាយ​ទេ​ គឺ​ដក​សិទ្ធិសេរីភាព​ផ្នែក​នយោបាយ​មួយ​ចេញ​ នៅ​​ទី​នោះ​មិន​អាច​ពាក់ព័ន្ធ​រឿង​នយោបាយ​បាន​ទេ​។ ប្រទេស​វៀត​ណាម​ ក៏​ដូច្នេះ​ដែរ​ គឺ​ប្រើ​ទម្រង់​អាជ្ញាប្រឹក្ស​នេះ​ដែរ​។​ ឧទាហរណ៍​ទាំង​នេះ​ហើយ​គឺ​ជា​ទម្រង់​របប​អាជ្ញាប្រឹក្ស​ ឬក៏​យើង​ហៅថា ទម្រង់​ពាក់​កណ្តាល​សេរី​ ពាក់កណ្តាល​កុំម្មុយនីស្ត​៕​