Reuters
សូមស្តាប់លោកតាន់ ហ្សង់ ហ្រ្វង់ ស្វ័រ |
នៅពេលដែលប្រជាជាតិអាមេរិកកំពុងភ័យតក់ស្លុត
George Bush កូន
និងពួកទីប្រឹក្សាអភិរក្សនិយមដែលនៅជុំវិញលោក
បានសម្រេចធ្វើសង្គ្រាម
នៅអាហ្វហ្កានីស្តង់ (Afghanistan) ។
កងទ័ពអាមេរិក ១៧០០០នាក់
និងកងកម្លាំងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង
(OTAN)
៥០០០នាក់
ចូលវាយរំលំរបបតាលីបង់នៅ
Kaboul ដែលជួយលាក់ខ្លួននិងការពារ Ben
Laden មេដឹកនាំអង្គការភេរវកម្មអន្តរជាតិAl-Qaïda
។
សង្គ្រាមអាហ្វហ្កានីស្តង់ធ្វើឲ្យចិនសប្បាយចិត្តផងនិងបារម្ភផង។
ចិនសប្បាយចិត្ត
ពីព្រោះរបបតាលីបង់អ៊ីស្លាមនិយមជ្រុលបានរលាយ។ ចិនបារម្ភ
ពីព្រោះតាមរយៈសង្គ្រាមអាហ្វហ្កានីស្តង់
កងទ័ពអាមេរិកបានឆ្លៀតចូលមកដល់អាស៊ីកណ្តាល
ដែលជាតំបន់ជាប់ជិតបង្កើយនឹងប្រទេសខ្លួន។
ជាក់ស្តែង ដើម្បីធ្វើសង្គ្រាមនៅអាហ្វហ្កានីស្តង់
សហរដ្ឋអាមេរិកបានដាក់ទាហាននៅមូលដ្ឋាន
Qarshi
Hanabad ក្នុងប្រទេស Ouzbekistan
និង
នៅមូលដ្ឋានManasប្រទេស Kirghizstan ។
ថ្នាក់ដឹកនាំចិនយល់ឃើញថាអាមេរិកបានយកសង្គ្រាមប្រឆាំងភេរវកកម្មមកធ្វើជាលេសដើម្បីចូលមកកៀកប្រទេសខ្លួន
និងផ្តើមធ្វើការឡោមព័ទ្ធប្រទេសខ្លួន។
ម្ល៉ោះហើយ បានជានៅឆ្នាំ២០០១នោះ ថ្នាក់ដឹកនាំចិនសម្រេចបង្កើនថវិកាយោធាចំនួន ១៧,៧% ជាហេតុធ្វើឲ្យកញ្ចប់ប្រាក់នៃក្រសួងការពារជាតិឡើងដល់ទៅ១៧០០០
លានដុល្លារ។
ហើយតាំងពីឆ្នាំ២០០១នោះមក កញ្ចប់ថវិកាយោធារបស់ប្រទេសចិនកើនឡើងជាលំដាប់
ដើម្បីទប់ទល់នឹងការគំរាមកំហែងជាយថាហេតុពីសំណាក់អាមេរិក។
គ្រោះថ្នាក់បង្កឡើងដោយអាមេរិក
មិនមែនអាចត្រឹមតែលេចចេញមកតាមច្រកអាស៊ីកណ្តាលតែប៉ុណ្ណោះទេ។
វាក៏អាចចេញមកតាមច្រកអាស៊ីបូព៌ាដែរ
ពីព្រោះនៅខ្ទង់ឆ្នាំ ២០០១-២០០២ ប្រមុខរដ្ឋអាមេរិក
George
Bush ផ្តើមនិយាយឡើងវិញពីផែនការសាងសង់ខែលមីស្ស៊ីលប្រឆាំងមីស្ស៊ីល។
Bushថែមទាំងប្រាប់ឲ្យដឹងថាចង់ពង្រីកខែលមីស្ស៊ីលនេះ
ទៅដល់ជប៉ុននិងតៃវ៉ាន់
ដើម្បីជួយការពារដែនដីទាំងពីរនេះឲ្យរួចផុតពីការវាយប្រហារជាយថាហេតុពីសំណាក់ប្រទេសចិន។
អ៊ីចឹងហើយបានជាចិនបារម្ភ។
ពីព្រោះបើសិនជាអាមេរិកពិតជាចង់ដាក់តៃវ៉ាន់
នៅក្រោមកិច្ចការពាររបស់ខ្លួនមែន
នោះថ្នាក់ដឹកនាំតៃវ៉ាន់នឹងកក់ក្តៅក្នុងចិត្តជាងមុន
រហូតដល់អាចហ៊ានប្រកាសឯករាជ្យនៃកោះនេះ
នៅថ្ងៃណាមួយមិនខានឡើយ។ ទន្ទឹមជាមួយគ្នានេះដែរ ចិនក៏បារម្ភមិនតិចដែរ
នៅចំពោះមុខជប៉ុន ជាពិសេសតាំងពី Junichiro Koizumi ឡើងធ្វើជានាយករដ្ឋមន្ត្រីនៅឆ្នាំ២០០១មក។
ពីព្រោះ
ចំពោះថ្នាក់ដឹកនាំចិន Koizumi
ជាអ្នកជាតិនិយមជ្រុល
មាននិន្នាការផ្អៀងទៅខាងសហរដ្ឋអាមេរិកខ្លាំងពេក។
និយាយបែបផ្សេង ចិនខ្លាចជប៉ុនរបស់
Koizumi
ប្រកាន់ជំហរយោធានិយម
ដូចកាលពីអតីតកាល និងខ្លាចជប៉ុនមានមហិច្ឆតាចង់ក្លាយជាមហាអំណាចនុយក្លេអ៊ែរ។
ក្រៅពីពង្រឹងប្រព័ន្ធការពារជាតិ
ថ្នាក់ដឹកនាំចិនក៏ប្រឹងប្រែងបង្កើនសកម្មភាពទូត
នៅអាស៊ីបូព៌ាដែរ។ នេះគឺដើម្បីទប់ស្កាត់កុំឲ្យអាមេរិករកលេស
ចូលមកបង្កបញ្ហា នៅក្នុងតំបន់នេះបាន។ ជាក់ស្តែង
ចាប់ពីខែមករាឆ្នាំ២០០៣ទៅ គឺក្រោយពីកូរ៉េខាងជើងបានប្រកាសដកខ្លួនចេញពីសន្ធិសញ្ញាមិនសាយភាយអាវុធនុយក្លេអ៊ែរ
ចិនក៏ចេញមុខដោះស្រាយវិបត្តិនុយក្លេអ៊ែររបស់កូរ៉េកុម្មុយនិស្ត
តាមរយៈអ្វីដែលគេហៅថាកិច្ចចរចាប្រាំមួយប្រទេស
គឺសហរដ្ឋអាមេរិក រុស្ស៊ី ចិន ជប៉ុន និងកូរ៉េទាំងពីរ។
ថ្នាក់ដឹកនាំចិនពិតជាមានឆន្ទៈបញ្ចុះបញ្ចូលកូរ៉េខាងជើងកុំឲ្យផលិតគ្រាប់បែកបរមាណូ។
នេះគឺដើម្បីកុំឲ្យអាមេរិកមានលេសចូលមកបង្ករឿងនៅឧបទ្វីបកូរ៉េបាន
និងកុំឲ្យជប៉ុនមានលេសចង់ផលិតអាវុធ
នុយក្លេអ៊ែរនឹងគេដែរ។
ទន្ទឹមជាមួយគ្នានេះ
យុទ្ធសាស្ត្រទូតរបស់ចិនក៏ដៅទៅរកការទាញកូរ៉េខាងត្បូងឲ្យឃ្លាតចេញបន្តិចម្តងៗពីសហរដ្ឋអាមេរិកដែរ។
ចូរកុំភ្លេចថាតាំងពីចប់សង្គ្រាមកូរ៉េ
នៅឆ្នាំ១៩៥៣មក ចិនមិនពេញចិត្តនឹងវត្តមានទាហានអាមេរិកនៅកូរ៉េខាងត្បូងទេ
ហើយប៉ងចង់កំចាត់ឥទ្ធិពលនយោបាយនិងយោធារបស់អាមេរិកឲ្យអស់ពីឧបទ្វីបកូរ៉េ
៕