ចិន​​ប្តូរ​​យុទ្ធសាស្ត្រ​​ជា​ថ្មី​លើក​​នេះ​គឺ​​ដើម្បី​​ទប់ទល់​​នឹង​​ភេរវកម្ម​​អ៊ីស្លាម​​ជ្រុល​និយម​

ផែនទី​ប្រទេស​ចិន​រុស្ស៊ី និង​អាស៊ី​កណ្តាល

នៅ​ដើម​ទសវត្សរ៍​ទី​៩០ ថ្នាក់​ដឹក​នាំ​ចិន​បាន​សម្រេច​ប្តូរ​យុទ្ធសាស្រ្ត​របស់​ខ្លួន​ជា​ថ្មី​ម្តង​ទៀត ពីព្រោះ​ភូមិសាស្ត្រ​នយោបាយ​ពិភពលោក និង​ស្ថានភាព​ក្នុង​ប្រទេស​ចិន​ប្រែប្រួល។ នៅ​លើ​ឆាក​អន្តរជាតិ បរិបទ​ផ្លាស់ប្តូរ ដោយហេតុតែ​ការ​រលាយ​បាត់​ទៅ​នៃ​សហភាព​សូវៀត នៅ​ថ្ងៃ​ទី​២៦ធ្នូ​ឆ្នាំ​១៩៩១។ នៅ​ក្នុង​ប្រទេស​ចិន​វិញ មាន​ការ​រំជើបរំជួល​កើត​ឡើង​ នៅ​ស៊ីងជាំង (Xinjiang) ប៉ែក​ខាង​លិច​នៃ​ប្រទេស។ នៅ​ទី​នោះ ពួក​អ៊ុយហ្កួរ (Ouïgours) ដែល​ជា​អ្នក​កាន់​សាសនា​អ៊ីស្លាម នាំ​គ្នា​ទាមទារ​ឯករាជ្យ​បង្ក​ឃាតកម្ម​និង​ភេរវកម្ម។
ហេតុអ្វី​បាន​ជា​ថ្នាក់​ដឹក​នាំ​ចិន​ត្រូវ​បង្ខំ​ចិត្ត​ប្តូរ​យុទ្ធសាស្ត្រ ក្រោយ​ពេល​ដែល​សហភាព​សូវៀត រលាយ? ការ​រលាយ​បាត់​ទៅ​នៃ​សហភាព​សូវៀត​បាន​ធ្វើ​ឲ្យ​សាធារណរដ្ឋ​អាស៊ី​កណ្តាល​ទាំង​ប្រាំ គឺ Kazakhstan Kirghizstan Ouzbékistan Tadjikistan និង Turkménistan ក្លាយ​ជា​រដ្ឋ​ឯករាជ។ ក្រោយ​ឆ្នាំ​១៩៩១ អាស៊ី​កណ្តាល​លែង​ជា​កម្មសិទ្ធ​របស់​រុស្ស៊ី​ទៀត​ហើយ ជា​ហេតុ​ធ្វើ​ឲ្យ​ចិន​សម្លឹង​ឃើញ​ប្រេងកាត​ដ៏​ច្រើន​សន្ធឹកសន្ធាប់​របស់​តំបន់​នេះ។ តាម​ពិត សូម្បី​តែ​រុស្ស៊ី​ខ្លួន​ឯង សហរដ្ឋអាមេរិក និង​ឥណ្ឌា ក៏​សម្លឹង​ឃើញ​ប្រយោជន៍​នៃ​ភូមិភាគ​អាស៊ី​កណ្តាល​នេះ​ដែរ។
ម៉្យាង​វិញ​ទៀត ចិន​ចាំ​បាច់​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​តំបន់​យុទ្ធសាស្ត្រ​មួយ​នេះ​ជាទី​ដែល​ប្រជាជន​ច្រើន​លើស​លប់​ជា​អ្នក​កាន់​សាសនា​អ៊ីស្លាម ពីព្រោះ​មនោគមវិជ្ជា​អ៊ីស្លាម​ជ្រុល​និយម​អាច​ធ្លាយ​ចេញ​ពី​តំបន់​អាស៊ី​កណ្តាល​នេះ ហើយ​អាច​ឆ្លង​ចូល​មក​ក្នុង​ខេត្ត​ស៊ីងជាំង​របស់​ចិន ដែល​ជាប់​ជិត​បង្កើយ​នៅ​ទី​នោះ។
ប្រឈម​មុខ​នឹង​បរិបទ​ថ្មី​បែប​នេះ​នៃ​ពិភពលោក ថ្នាក់ដឹកនាំ​ចិន​បាន​ជ្រើស​យក​យុទ្ធសាស្ត្រ​ពីរ ដែល​ត្រូវ​អនុវត្ត​ទន្ទឹម​គ្នា។ នៅ​ម្ខាង ចិន​ត្រូវ​ខ្នះខ្នែង​បន្ត​រក្សា​ស្ថិរភាព​នៅ​ក្នុង​តំបន់​ជុំវិញ​ខ្លួន ដើម្បី​ឲ្យ​ប្រទេស​ខ្លួន​អាច​បន្ត​បោះ​ជំហាន ទៅ​រក​ភាព​រុងរឿង​ផ្នែក​សេដ្ឋកិច្ច​បាន។ នៅ​ម្ខាង​ទៀត ចិន​ត្រូវ​រក​មធ្យោបាយ​ទប់ទល់​នឹង​ការ​គំរាមកំហែង​នៃ​មនោគមវិជ្ជា​អ៊ីស្លាម​ជ្រុល​និយម។ ដើម្បី​រក្សា​ស្ថិរភាព​នៅ​ក្នុង​តំបន់ ថ្នាក់​ដឹក​នាំ​ចិន​ផ្តើម​សម្រួល​ទំនាក់ទំនង​ទូត ជាមួយ​ប្រទេស​អាស៊ី​កណ្តាល​ទាំង​ប្រាំ ចាប់​ពី​ខែ​មករា​ឆ្នាំ​១៩៩២​ទៅ។
ដោយឡែក ចាប់​ពី​ឆ្នាំ​១៩៩២​ទៅ​ដែរ ចិន​និង​រុស្ស៊ី​ក៏​ផ្តើម​ខិត​ចូល​ជិត​គ្នា ពីព្រោះ​ប្រទេស​ទាំងពីរ​បារម្ភ​ខ្លាំង នៅ​ចំពោះមុខ​ពួក​តាលីបង់ (Taliban) ដែល​ជា​ពួក​ឆ្គួត​លីលា​នឹង​មនោគមវិជ្ជា​អ៊ីស្លាម​ជ្រុល​និយម និង​ដែល​កំពុង​វាយ​ក្តោបក្តាប់​យក​ប្រទេស​អាហ្កហ្កានីស្តង់ (Afghanistan) នៅ​ខែ​កញ្ញា​ឆ្នាំ​១៩៩៦ ពួក​តាលីបង់​ចូល​កាន់កាប់​ទីក្រុង​Kaboul ជាហេតុ​ជំរុញ​ចិន​និង​រុស្ស៊ី​ឲ្យ​រួបរួម​គ្នា ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ឥទ្ធិពល​អ៊ីស្លាម​ជ្រុល​និយម​ធ្លាយ​ចេញ​ពី​អាហ្កហ្កានីស្តង់​ចូល​មក​ក្នុង​តំបន់​អាស៊ី​កណ្តាល។ ក្នុង​ន័យ​​នេះ នៅ​ឆ្នាំ​១៩៩៦ ចិន​រុស្ស៊ី Kazakhstan, Kirghizstan និងTadjikistan បាន​បង្កើត​ក្រុម​សៀងហៃ«Groupe de Shanghai»។ អង្គការ​នេះ ដែល​ក្រោយ​មក គឺ​នៅ​ឆ្នាំ​២០០១ Ouzbékistan សូម​ចូល​ជា​សមាជិក​ដែរ​នោះ មាន​គោល​ដៅ​ពីរ។ ទីមួយ​គឺ​ប្រយុទ្ធ​ទប់ទល់​នឹង​ភេរវកម្ម និង​ទី​ពីរ​គឺ​ពួត​ដៃ​គ្នា​ទប់​ស្កាត់​កុំ​ឲ្យ​សហរដ្ឋអាមេរិក​អុងអាត់​តែ​ឯកឯង​ពេក នៅ​លើ​ឆាក​អន្តរជាតិ។
សម្រេច​សម្រួច​ទៅ ពេញ​មួយ​ទសវត្សរ៍​ទី​៩០ ចិន​មិន​ត្រឹម​តែ​រក្សា​ស្ថិរភាព​បាន​ល្អ នៅ​ក្នុង​តំបន់​ជុំវិញ​ប្រទេស​ខ្លួន​ប៉ុណ្ណោះ​ទេ លើស​ពី​នេះ​ទៅ​ទៀត ចិន​បាន​ឆ្លៀត​ប្រឹងប្រែង​ដោះ​ស្រាយ​បញ្ហា​ព្រំដែន ជាមួយ​បណ្តា​ប្រទេស​ជិត​ខាង។ គោលដៅ គឺ​ធានា​ឲ្យ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៃ​ប្រទេស​បន្ត​មាន​សន្ទុះ​ទៅ​មុខ។ អ៊ីចឹង​ហើយ​បាន​ជា ពី​ឆ្នាំ​១៩៩១​ដល់​ឆ្នាំ​១៩៩៩ ថ្នាក់​ដឹក​នាំ​ចិន​បាន​ធ្វើ​កិច្ចចរចា​ព្រំដែន​ជា​មួយ​រុស្ស៊ី Kazakhstan, Kirghizstan, Vietnam និង​ក្រោយ​មក​ទៀត​ជាមួយ​ឥណ្ឌា។ ដំណោះ​ស្រាយ​ព្រំដែន​ទាំង​អស់​នេះ បាន​អនុញ្ញាត​ឲ្យ​ពាណិជ្ជកម្ម​កើន​សន្ទុះ នៅ​តាម​បណ្តោយ​តំបន់​ព្រំ​ប្រទល់ និង​បាន​អនុញ្ញាត​ឲ្យ​ប្រជាជន ដែល​រស់​នៅ​ទី​នោះ​ផ្តើម​ស្គាល់​សេដ្ឋកិច្ច​ទីផ្សារ ស្រប​ទៅ​តាម​មហិច្ឆតា​របស់​តេង សៀវប៉េង។ ក៏​ប៉ុន្តែ នៅ​ចុង​ទសវត្សរ៍​ទី​៩០ ថ្នាក់​ដឹក​នាំ​ចិន​មើល​ឃើញ​ការ​គំរាមកំហែង​មួយ​ថ្មី នោះ​គឺ​ឥរិយាបទ​អុងអាត់​របស់​សហរដ្ឋអាមេរិក នៅ​លើ​ឆាក​អន្តរជាតិ៕