ផែនទីតំបន់ដើមបូព៌ា
|
យើងបានលើកឡើងរួចហើយ អំពីបុព្វហេតុសំខាន់ៗ ដែលធ្វើឲ្យសង្គ្រាមនិងសោកនាដកម្មបន្តគ្មានថ្ងៃចប់នៅក្នុងភូមិភាគដើមបូព៌ា ជាង៦០បា្លយឆ្នាំកន្លងមកហើយ។ បុព្វហេតុសំខាន់ជាងគេ គឺការបង្កើតរដ្ឋ Israël ឡើងក្នុងទឹកដី Palestine នៅឆ្នាំ១៩៤៨។
ទង្វើនេះ បានបណ្តាលឲ្យបណ្តាប្រទេសអារ៉ាប់ក្នុងតំបន់
ដូចយ៉ាង Egypte, Syrie, Irak ជាដើម ខឹងសម្បារ និងពួតដៃគ្នាធ្វើសង្គ្រាមប្រឆាំងនឹង Israël ក្នុងគោលដៅកំទេចនិងលុបបំបាត់ប្រទេសថ្មីថ្មោងនេះ ចេញពីផែនទីនៃភូមិភាគដើមបូព៌ា។ ប៉ុន្តែ
នៅក្នុងសង្គ្រាមទាំងបីលើក នៅឆ្នាំ១៩៤៨ នៅឆ្នាំ១៩៦៧ និងនៅឆ្នាំ ១៩៧០ Israël បានច្បាំងឈ្នះរហូត និងបានឆ្លៀតពង្រីកទឹកដីរបស់ខ្លួន រហូតដល់កាន់កាប់បានសឹងទាំងស្រុង Palestine ជាហេតុធ្វើឲ្យប្រជាជន Palestine គ្មានទឹកដី តរហូតមកដល់សព្វថ្ងៃ។
យើងក៏បានលើកឡើងដែរអំពីបុព្វហេតុសំខាន់ៗផ្សេងទៀត នៃអស្ថិរភាពឥតឈប់ឈរនៅក្នុងភូមិភាគដើមបូព៌ា នោះគឺលក្ខណៈខុសគ្នាខ្លាំងនៃពូជសាសន៍របស់ប្រជាជន លក្ខណៈខុសគ្នាខ្លាំងនៃសាសនារបស់ប្រជាជន លក្ខណៈខុសគ្នាខ្លាំងនៃរបបនយោបាយ និងលក្ខណៈខុសគ្នាខ្លាំងនៃកម្រិតសេដ្ឋកិច្ចនៃប្រទេសនីមួយៗ។ អ៊ីចឹងហើយបានជាទន្ទឹមគ្នានឹងសង្គ្រាមប្រឆាំង Israël ក៏មានកើតឡើងដែរសង្គ្រាមរវាងប្រទេសមួយនិងប្រទេសមួយទៀតនៅក្នុងតំបន់ ដូចជាសង្គ្រាម Iran-Irak ពីឆ្នាំ១៩៨០ដល់ឆ្នាំ១៩៨៨ សង្គ្រាមឈូងសមុទ្រ Perse នៅឆ្នាំ១៩៩១ក្រោយពី Irak បានចូលឈ្លានពានប្រទេស Koweït ទំនាស់រវាង Syrie និងJordanie នៅទសវត្សរ៍ទី ៨០ ទំនាស់រវាង Egypte និង Soudan នៅទសវត្សរ៍ទី៩០ឬក៏ទំនាស់រវាង
Egypte
និងបណ្តាប្រទេសអារ៉ាប់ដទៃផ្សេង
នៅក្នុងទសវត្សរ៍ទី៧០ ពីព្រោះកាលនោះ ប្រទេស Egypte របស់លោក Sadate បានត្រូវរ៉ូវគ្នាវិញជាមួយប្រទេស Israël ដោយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពមួយ។
យើងក៏បានគូសបញ្ជាក់ដែរថា ទោះជាសង្គ្រាមត្រជាក់បានចប់បាត់ទៅហើយក្តី ក៏ភូមិភាគដើមបូព៌ាមិនប្រែប្រួល
មិនបោះជំហានទៅរកការអភិវឌ្ឍន៍ និងទៅរកសន្តិភាពសោះ។
ក្រោយសង្គ្រាមត្រជាក់ រលកនៃប្រជាធិបតេយ្យូបនីយកម្មបានគ្របដណ្តប់ទៅលើអឺរ៉ុបខាងកើត ទៅលើអាស៊ី និងទៅលើអាមេរិកឡាទីន។ ផ្ទុយពីគេឯង ភូមិភាគដើមបូព៌ាបន្តផុងខ្លួនក្នុងបញ្ហាអតីតកាល
ក្នុងសង្គ្រាមរ៉ាំរ៉ៃ។ មានមែនក្តីសង្ឃឹមក្នុងទសវត្សរ៍ទី៩០ ក្តីសង្ឃឹមក្នុងការកសាងសន្តិភាពរវាង Israël និងPalestine តាមរយៈកិច្ចព្រមព្រៀងOslo ខែកញ្ញាឆ្នាំ១៩៩៣។ ក៏ប៉ុន្តែក្តីសង្ឃឹមមនេះបានរលាយបាត់ទៅវិញយ៉ាងលឿនរហ័ស ពីព្រោះទាំងរដ្ឋាភិបាល Israël ទាំងរដ្ឋអំណាច Palestine សុទ្ធតែត្រូវប្រឈមមុខរៀងៗខ្លួននឹងពួកជ្រុលនិយម។
នៅខាងភាគីPalestine ពួកជ្រុលនិយមHamas និងពួកDjihad Islamique មិនព្រមទទួលស្គាល់កិច្ចព្រមព្រៀង Oslo និងប្តេជ្ញាចិត្តតាមកំទេច Israël ឲ្យទៅជាផេះ។នៅខាងភាគី Israël វិញ ពួកជ្រុលនិយម មិនព្រមថយចេញពីដែនដី Palestine ដែល Israël កាន់កាប់ជាច្រើនទសវត្សរ៍កន្លងមកហើយ និងមិនព្រមឲ្យរដ្ឋាភិបាលបញ្ឈប់នយោបាយអាណានិគមកិច្ច នៅលើទឹកដី Palestine ឡើយ។ ម៉្លោះហើយបានជាអំពើហិង្សានៅតែបន្ត។ ពួក Hamas បង្កភេរវកម្មអត្តឃាត រីឯកងទ័ព Israël វិញ ឆ្លើយតបដោយប្រើកាំភ្លើងធំ យន្តហោះចម្បាំងនិងរថក្រោះ ដើម្បីវាយបង្ក្រាបទៅលើប្រជាជនPalestineដោយឥតរើសមុខ។
យើងក៏បានលើកឡើងរួចហើយដែរ អំពីភាពមិនជាក់លាក់នៃភូមិភាគដើមបូព៌ា
ក្នុងពេលបច្ចុប្បន្ន។ ពីព្រោះ អភិក្រមនៃកិច្ចចរចាសន្តិភាពរវាង Israël និង Palestine នៅទ័លច្រកមួយកន្លែង។ ធ្ងន់ធ្ងរជាងនេះទៅទៀត ពីព្រោះរដ្ឋការអាមេរិកាំងរបស់លោក Bush បានចូលមកធ្វើសង្គ្រាម នៅ Irak នៅឆ្នាំ ២០០៣។ សង្គ្រាមអាមេរិកាំងនៅ Irak បានរំលំមែនពិតរបបផ្តាច់ការរបស់ Saddam Hussein តែបានរុញច្រានប្រទេសមួយនេះ
ទៅក្នុងជ្រោះនៃសង្គ្រាមស៊ីវិលនិងភេរវកម្ម។ ការដែលអាមេរិកបានផ្តួលរំលំរបប Saddam Hussein ដែលជាសត្រូវសួពូជរបស់ Iran បានធ្វើឲ្យ Iran ក្លាយជាស្វ័យប្រវត្តិទៅជាប្រទេសខ្លាំងមួយនៅក្នុងតំបន់ បានធ្វើឲ្យ Iran ឡើងដៃចង់ក្លាយជាមហាអំណាចនុយក្លេអ៊ែរ និងអុងអាត់ចេញមុខប្រកាសចង់កំទេច Israël ឲ្យទៅជាផេះ។
យើងក៏បានលើកឡើងរួចហើយដែរ អំពីអស្ថិរភាពកាន់តែធ្ងន់ធ្ងរនៃភូមិភាគដើមបូព៌ា
ពីព្រោះ ភូមិភាគដើមបូព៌ានៅជាប់នឹងប្រទេស Afghanistan។ អន្តរាគមន៍យោធារបស់បស្ចិមលោកនៅក្នុងប្រទេសនេះ នៅឆ្នាំ២០០១ មិនបានធ្វើឲ្យពួក Talibans រលាយសាបសូន្យជាស្ថាពរទេ។ ពួកជ្រុលនិយមទាំងនេះកំពុងវាយលុកមកវិញ
ធ្វើឲ្យប្រទេសAfghanistan មិនអាចវិលមករកភាពឋិតថេរវិញបាន។
យើងក៏បានពន្យល់រួចហើយដែរថា ការដែលភូមិភាគដើមបូព៌ាក្លាយជាសមរភូមិមុខនៃសង្គ្រាមធំៗក្នុងពិភពលោកសព្វថ្ងៃ មិនមែនជារឿងចៃដន្យទេ
ពីព្រោះដើមបូព៌ាជាតំបន់យុទ្ធសាស្រ្តចំបងមួយ។ គឺជាតំបន់ដែលផ្ទុកទៅដោយប្រេងកាត
គឺជាផ្លូវទឹក ដែលបើកលទ្ធភាពឲ្យនាវាធ្វើដំណើរពីសមុទ្រ Méditerranée ទៅសមុទ្រឥណ្ឌា។
ពីឆ្នាំ២០១០នេះ តទៅអនាគតកាល គេរង់ចាំមើលសមត្ថភាពរបស់លោកប្រធានាធិបតីអាមេរិកាំង Obama ក្នុងការព្យាបាលមហារីកធំៗទាំងបួន នៅក្នុងតំបន់និងនៅជាយតំបន់ភូមិភាគដើមបូព៌ា។
មហារីកនោះគឺ ជម្លោះរ៉ាំរ៉ៃរវាង Israël និងPalestine អស្ថិរភាពនៅ Irak កម្មវិធីនុយក្លេអ៊ែររបស់Iran និងភាពមិនជាក់លាក់នៅ Afghanistan។ តើអាមេរិកដែលមានលទ្ធភាព មធ្យោបាយ និងអំណាចធំជាងគេ
អាចកសាងសន្តិភាពពិតប្រាកដមួយ នៅក្នុងភូមិភាគដើមបូព៌ាបានដែរឬទេ?
តើពីពេលនេះតទៅ បណ្តាមហាអំណាចក្នុងលោក
ជាពិសេសបស្ចិមប្រទេស នឹងប្រកាន់យកឥរិយាបថបែបណា នៅចំពោះមុខស្ថានភាពពុះកញ្ជ្រោលក្តាប់មិនបានទាល់តែសោះនៃភូមិភាគដើមបូព៌ា?
យ៉ាងណាក៏ដោយ បើគ្មានការចុះសម្រុងគ្នារវាងបស្ចិមលោកនិងប្រទេសចិន ព្រមទាំងប្រទេសរុស្ស៊ីទេ បើសិនជាគ្មានការយល់ដឹងដូចគ្នាពីសំណាក់បណ្តាមហាអំណាចទាំងអស់នេះថា គ្រោះថ្នាក់នៅភូមិភាគដើមបូព៌ាជាគ្រោះថ្នាក់សម្រាប់ពិភពលោកទាំងមូលទេ នោះសង្គ្រាមនិងសោកនាដកម្មនៅក្នុងតំបន់នេះ នឹងបន្តយូរលង់ច្រើនទសវត្សរ៍តទៅទៀត៕
(ដកស្រង់ពីវិទ្យុបារាំងអន្តរជាតិ)