លោក Barack Obama អមដោយលោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែល
Benjamin Netanyahu ឆ្វេងដៃនិងប្រធានរដ្ឋអំណាចប៉ាលេស្ទីន
លោក Abbas (REUTERS)
|
ក៏ដូចប្រធានាធិបតីអាមេរិកាំងមុនៗដែរ លោក Barak Obama បាននិយាយរំឭកឡើងវិញជាថ្មី អំពីតួនាទីនាំមុខគេរបស់សហរដ្ឋអាមេរិក នៅក្នុងពិភពលោក។ ក៏ប៉ុន្តែខុសផ្ទុយពីលោក Bush ដែលបានអនុវត្តអំណាចខ្លាំង Hard Power និងបានប្រើប្រាស់មធ្យោបាយយោធា លោក Obama ឲ្យអាទិភាពទៅលើអំណាចស្រទន់ Soft Power ទៅលើការទូតនិងនយោបាយ ដើម្បីរក្សាតួនាទីនាំមុខគេនេះរបស់អាមេរិក
នៅលើឆាកអន្តរជាតិ។ « យើងមិនត្រូវដកខ្លួនចេញពី
ពិភពលោកទេ ហើយយើងក៏មិនត្រូវដាក់ពិភពលោកទាំងមូល
នៅក្រោមមហិទ្ធិឫទ្ធិយោធា របស់យើងដែរ។ យើងត្រូវតាំងខ្លួនជាប្រទេសគំរូ សម្រាប់ពិភពលោក»។ នេះជាពាក្យសំដី របស់លោក Obama។ ប៉ុន្មានខែចុងក្រោយនេះ អ្វីដែលរដ្ឋការលោក Obama បាននិងកំពុងបន្តខ្នះខ្នែងធ្វើ នៅ ភូមិភាគដើមបូព៌ា គឺទីមួយ
ដកទ័ពអាមេរិកាំងចេញពីប្រទេសអៀរ៉ាក់ ទីពីរ កសាងសន្តិភាពមួយរឹងមាំរវាង Israëlនិង Palestine និងទីបី ខ្ទប់កុំឲ្យអៀរ៉ង់ចម្រើនធាតុ Uranium បាន ក្នុងគោលដៅផលិតគ្រាប់បែកបរមាណូ។
មកទល់ពេលនេះ ទាក់ទិននឹងប្រទេសអៀរ៉ាក់ រដ្ឋការរបស់លោក Obama មានផែនការមួយច្បាស់ នោះគឺការដកទ័ពអាមេរិកាំងបណ្តើរៗចេញពីប្រទេសនេះ។ នៅចុងបញ្ចប់ អាមេរិកនឹងរក្សាទុកទាហានតែជាង ៣ ០០០នាក់ប៉ុណ្ណោះ ដើម្បីជួយរដ្ឋាភិបាលអៀរ៉ាក់ក្នុងការបង្កើតកងទ័ពជាតិមួយឡើង និងក្នុងការប្រយុទ្ធទប់ទល់នឹងភេរវកម្ម។ផែនការនេះ ប្រហែលជានឹងអាចអនុវត្តទៅបាន ដោយសារតែ តាំងពីឆ្នាំ
២០០៧មក អំពើហិង្សានៅអៀរ៉ាក់បាននិងកំពុងបន្តបាត់បង់កម្លាំងរបស់វាបន្តិចម្តងៗ ទៅវិញហើយ។ តាមមើលទៅ ក្រុមភេរវជនប្រហែលជាបានដកកងកម្លាំងមួយភាគធំរបស់ខ្លួន
ចេញពីអៀរ៉ាក់ ទៅដាក់នៅ Afghanistan និង នៅ akistan ។
រីឯកម្មវិធីនុយក្លេអ៊ែររបស់អៀរ៉ង់វិញ វាជាសំណុំរឿងមួយពិបាកដោះស្រាយ សម្រាប់រដ្ឋការ Obama។ រហូតមកដល់ខែកញ្ញាឆ្នាំ ២០០៩ លោក Obama បានអះអាងហើយអះអាងទៀតថា អាមេរិកនៅតែចង់ចរចាជាមួយអៀរ៉ង់។ ក៏ប៉ុន្តែបន្តិចម្តងៗ លោក Obama ត្រូវបង្ខំចិត្តដំឡើងសម្លេងនិងប្រើកណ្តាប់ដៃដែកដាក់របបទីក្រុង
Téhéran
ពីព្រោះថ្នាក់ដឹកនាំអៀរ៉ង់នៅតែរឹងក្បាល មិនព្រមបោះបង់ចោលកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។
នៅក្នុងបរិបទបែបនេះ លោក Obama គ្មានជម្រើសអ្វីផ្សេងក្រៅពីខិតខំបញ្ចុះបញ្ចូលចិននិងរុស្ស៊ីឲ្យគាបសង្កត់ទៅលើអៀរ៉ង់។ នៅក្នុងន័យនេះ
លោកប្រធានាធិបតីអាមេរិកាំងបានបោះបង់ចោល ផែនការដាក់ខែលមីស៊ីលប្រឆាំងមីស៊ីលនៅប្រទេសប៉ូឡូញ
និងនៅសាធារណរដ្ឋ ឆែក ផែនការដែលត្រូវបានសម្រេចឡើងដោយលោក
Bush
និងដែលបានធ្វើឲ្យរុស្ស៊ីក្តៅចិត្តមិនតិចទេ។
ជាថ្នូរនឹងសម្បទាននេះ លោក Obamaចង់ឃើញរុស្ស៊ីឈប់លក់អាវុធទៅអោយអៀរ៉ង់ និងចង់ឃើញរុស្ស៊ីបោះឆ្នោតគាំទ្រទណ្ឌកម្មដែលត្រូវដាក់ទៅលើអៀរ៉ង់ នៅក្នុងក្របខ័ណ្ឌក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ការកសាងសន្តិភាពរវាង Israël និង Palestine ក៏ជាមហិច្ឆតាមួយពិបាកសម្រេចដែរ
សម្រាប់រដ្ឋការលោក Obama។
ប៉ុន្មានខែចុងក្រោយនេះ លោក Obamaបានដាក់សម្ពាធខ្លាំងទៅលើ
Israël
និងកំពុងបន្តជម្រុញ Israël ឲ្យចរចាជាមួយ Palestine។ លោកប្រធានាធិបតីអាមេរិកាំង
បានព្រមានថ្នាក់ដឹកនាំ Israëlថា កុំប៉ុនប៉ងធ្វើឲ្យខូចសកម្មភាពទូតរបស់អាមេរិកនៅភូមិភាគដើមបូព៌ាឲ្យសោះ។ បើពុំនោះសោតទេ អាមេរិក
នឹងសើរើមើលឡើងវិញទំនាក់ទំនងនយោបាយ ហិរញ្ញវត្ថុ និងយោធា ជាមួយប្រទេស Israël ។ ដើម្បីយកចិត្តរដ្ឋអំណាច Palestine លោក
Obama បានតែងតាំងលោក George
Mitchell ជាបេសកជនពិសេសរបស់លោកទទួលបន្ទុកខាងបញ្ហារវាង
Israël
និង Palestine។ ការតែងតាំងលោក George Michell
ឲ្យទទួលតំណែងនេះ បានធ្វើឲ្យថ្នាក់ដឹកនាំ Palestine សប្បាយចិត្ត និងបានធ្វើឲ្យថ្នាក់ដឹកនាំ Israël ស្រងាកចិត្ត ពីព្រោះលោក George Michell ជាអ្នកដែលយល់ឃើញថា
ដរាបណាអាមេរិកនៅតែកាន់ជើង Israël ផ្កាប់មុខដរាបនោះនឹងនៅតែមិនអាចមានទៅកើតឡើយ
សន្តិភាពនៅក្នុងភូមិភាគដើមបូព៌ា។
យ៉ាងណាក៏ដោយ មានបុព្វហេតុច្រើនណាស់ដែលនឹងធ្វើឲ្យលោក Obama ពិបាកកសាងសន្តិភាពរវាង Israël និង Palestine។ បុព្វហេតុសំខាន់ទីមួយ
គឺការជំទាស់ជាដាច់ខាត ពីសំណាក់ Israël ជំទាស់មិនឲ្យបង្កើតរដ្ឋ Palestine ឯករាជ្យមួយឡើង នៅក្នុងទឹកដី ដែលកងទ័ព Israëlកាន់កាប់តាំងពីឆ្នាំ
១៩៦៧មកម៉្លេះ។ បុព្វហេតុសំខាន់មួយទៀត គឺការបែកបាក់គ្នានៅក្នុងជួរថ្នាក់ដឹកនាំ Palestine រវាងពួក Fatah ដែលព្រមចរចាជាមួយ Israël និងពួក Hamas ដែលនៅតែប្តេជ្ញាចិត្តតាមកំទេច Israël ឲ្យទៅជាផេះ៕