អ្នកនយោបាយខ្មែរក៏អបអរប្រធានាធិបតីថ្មីរបស់បារាំង

លោក កុយ គួង អ្នកនំាពាក្យ​ក្រសួង​ការបរទេស​កម្ពុជា
មេ​ដឹកនាំ​គណបក្ស​នយោបាយ​នៅ​កម្ពុជា​នឹង​សរសេរ​លិខិត​អបអរ​សាទរ​ជ័យជំនៈ​របស់​លោក​ François Hollande​មក​ពី​គណបក្ស​សង្គម​និយម​ដែល​បាន​ជាប់​ឆ្នោត​ធ្វើ​ជា​ប្រធានាធិបតី​ថ្មី​របស់​​ប្រទេស​បារាំង។ អ្នក​នាំ​ពាក្យ​ក្រសួង​ការបទេស​កម្ពុជា​លោក​កុយ គួង​បាន​ប្រាប់​អោយ​ដឹង​ថា រដ្ឋាភិបាល​កម្ពុជា​នឹង​ផ្ញើ​លិខិត​អបអរ​សាទរ​នេះទៅ​លោក​ប្រធានាធិបតី​ថ្មី​របស់​បារាំង។ ជាមួយ​គ្នា​នេះ លោក​ជាម យៀប​តំណាងរាស្ត្រ​និង​ជា​សមាជិក​ជាន់ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច​សព្វថ្ងៃ​នេះ ក៏​បាន​បញ្ជាក់​បង្ហាញ​ក្តី​សង្ឃឹម​ថា​រដ្ឋាភិបាល​ថ្មី​របស់​បារាំង​ដែល​ដឹក​នាំ​ដោយ​គណបក្ស​សង្គម​និយម​នេះ នឹង​បន្ត​វេន​ពី​មេដឹកនាំ​បារាំង​មុនៗ​ក្នុង​ការ​ពង្រឹង​និង​រឹតចំណង​សាមគ្គីភាព និង​សហប្រតិបត្តិការ​គ្រប់​វិស័យ​រវាង​ប្រទេស​មិត្តភក្តិ​ចាស់​ទាំងពីរ​ត​ទៅ​មុខ​ទៀត។ លោក ជាម យៀប​បង្ហាញ​ក្តី​សង្ឃឹម​នេះ ដោយសារ​តែ​កម្ពុជា គឺ​ជា​សមាជិក​មួយ​នៃ​ប្រទេស​និយាយ​ភាសា​បារាំង។
គណបក្ស​នរោត្តម រណឬទ្ធិ​ឯណោះវិញ តាមរយៈ​អ្នកនាំពាក្យ​របស់​ខ្លួន បាន​អោយ​ដឹង​ថា ព្រះអង្គ​ម្ចាស់​នរោត្តម រណឬទ្ធិ​ក៏​នឹង​ផ្ញើ​លិខិត​សាទរ​ទៅ​លោក​ François Hollande​ដែរ។ អ្នក​នាំពាក្យ​នេះ​គឺ​លោក​ប៉ែន សង្ហា​បាន​បញ្ជាក់​ថា ព្រះអង្គម្ចាស់​នរោត្តម រណឬទ្ធិ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គមនិយម​របស់​បារាំង​នេះ​ក្នុង​ដើម​ទសវត្សរ៍​៩០។ នៅ​ពេល​នោះ ជា​ពេល​ដែល​បារាំង​កំពុង​បំពេញ​បេសកម្ម​ស្វែងរក​សន្តិភាព​អោយ​កម្ពុជា។
មកនិយាយ​អំពី​គណបក្ស​ប្រឆាំង​វិញ​ម្តង។ ប្រធានស្តីទី​របស់​គណបក្ស​សម រង្ស៊ី គឺ​លោក​គង់ គាំ និង​ប្រធាន​គណបក្ស​សិទ្ធិមនុស្ស​គឺ​លោក​កឹម សុខា អ្នក​នយោបាយ​ទាំងពីរ​បាន​អត្ថាធិប្បាយ​​ដូចគ្នា​ថា ជ័យជំនៈ​របស់​លោក​ François Hollande គឺ​ជា​សារ​មួយ​ប្រាប់​ថា នៅ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ​ប្រជាពលរដ្ឋ​ត្រូវ​ការ​ផ្លាស់ប្តូរ​មេដឹកនាំ។
លោក​គង់ គាំ​ពន្យល់​បន្ត​ថា បើទោះជា លោក​អតីត​ប្រធានាធិបតី​លោក​Nicolas Sarkozy មាន​គុណសម្បត្តិ​ច្រើន​នៅ​ក្នុង​ការ​ដឹកនាំ​ប្រទេស​បារាំង​ក៏ដោយ ក៏​ប៉ុន្តែ​ចំនុច​ខ្វះខាត​ខ្លះ​គឺ​ជា​មូលហេតុ​ដែល​ប្រជាពលរដ្ឋ​បារាំង​ត្រូវ​ផ្លាស់ប្តូរ​មេដឹកនាំ​របស់​ខ្លួន​ចេញ។ ប្រធាន​ស្តី​ទី​គណបក្ស សម រង្ស៊ី​អំពាវនាវ​អោយ​លោក​ François Hollande បន្ត​យកចិត្ត​ទុកដាក់​ចំពោះការ​អនុវត្ត​ន៍កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​នៅ​កម្ពុជា​ដែល​ទាក់ទងនឹង​បញ្ហា​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​បូរណភាព​ទឹកដី។
សម្រាប់​លោក​កឹម សុខា​វិញ គណបក្ស​សង្គម​និយម​បារាំង​ច្រើន​គិតគូរ​យក​ចិត្ត​ទុកដាក់​ចំពោះ​ប្រទេស​កំពុង​អភិវឌ្ឍន៍។ ដូច្នេះ​លោក​នឹង​សរសេរ​លិខិត​អបអរ​សាទរ​មួយ និង​ស្នើសុំ​អោយ​លោក​ François Hollande​តាម​ដាន​បញ្ហា​ក្រីក្រ និង​បញ្ហា​ការ​គោរព​សិទ្ធិ​កម្មករ​នៅ​កម្ពុជា៕