ប្រជុំកោះ Senkaku ដែលចិននិងជប៉ុនទាមទារ ដើម្បីជាកម្មសិទ្ធិរបស់ខ្លួន
សូមស្តាប់លោក តាន់ ហ្សង់ -ហ្រ្វង់ស្វ័រ
|
ទំនាក់ទំនងរវាងចិននិងជប៉ុនសព្វថ្ងៃ បង្កប់ទៅដោយការមិនទុកចិត្តគ្នាទៅវិញទៅមក។
ចិនមិនទុកចិត្តជប៉ុន និងមិនអាចទុកចិត្តជប៉ុនបាន
ដោយហេតុតែអតីតកាលយោធានិយមនៃប្រទេសជប៉ុន ដោយហេតុតែអំពើសាហាវយង់ឃ្នងដែលកងទ័ពជប៉ុនបានប្រព្រឹត្តទៅលើប្រជាជនចិន ដូចយ៉ាងការកាប់សម្លាប់រង្គាលនៅណង់កាំង
(Nankin) ក្នុងឆ្នាំ១៩៣៧ជាដើម។ ចិនមិនទុកចិត្តជប៉ុន ដោយហេតុតែគំនិតសើរើនិយមរបស់ថ្នាក់ដឹកនាំជប៉ុនសព្វថ្ងៃដែលចង់លុបបំបាត់ទង្វើអមនុស្សធម៌ទាំងនេះឲ្យបាត់អស់រលីងពីសៀវភៅប្រវត្តិសាស្ត្រ។ ចិនមិនទុកចិត្តជប៉ុន
ដោយហេតុតែសម្ពន្ធភាពរវាងជប៉ុននិងសហរដ្ឋអាមេរិក ដោយហេតុតែវត្តមានមកទល់ឥឡូវនៃកងទ័ពអាមេរិកនៅលើទឹកដីជប៉ុន។
ទន្ទឹមនេះ ក៏មានច្រើនដែរមូលហេតុដែលធ្វើឲ្យជប៉ុនមិនទុកចិត្តចិន ដូចជាចំនួនដ៏ច្រើនសន្ធឹកសន្ធាប់នៃប្រជាជនចិន
របបកុម្មុយនិស្តផ្តាច់ការ នយោបាយសម្លុតកំញើញរបស់ថ្នាក់ដឹកនាំចិនទៅលើតៃវ៉ាន់ និងសេដ្ឋកិច្ចស្ទុះលឿនជ្រុលរបស់ប្រទេសចិន។ នៅក្រោយព្រឹត្តិការណ៍មហាភេរវកម្មថ្ងៃទី១១កញ្ញាឆ្នាំ២០០១ ចិនតាមដានមើលទាំងក្តីព្រួយបារម្ភការតស៊ូមតិនៅប្រទេសជប៉ុន។
កាលណោះ អ្នកនយោបាយជប៉ុនមានគំនិតចង់សើរើមើលឡើងវិញតួនាទីរបស់កងទ័ព ចង់ឲ្យកងកម្លាំងជប៉ុនដែលជាទ័ពស្វ័យការពារតាំងពីចប់សង្គ្រាមលោកលើកទីពីរមក ប្តូរលក្ខន្តិកៈក្លាយជាទ័ពចម្បាំង
ដូចប្រទេសដទៃផ្សេងៗក្នុងលោកដែរ។ ម្យ៉ាងវិញទៀត ចាប់ពីឆ្នាំ២០០២មក ក៏មានដែរការតស៊ូមតិយ៉ាងផុសផុលជុំវិញសំណួរដែលថា តើជប៉ុនគួរឬមិនគួរផលិតអាវុធនុយក្លេអ៊ែរ? ទាំងនេះ ពីព្រោះកូរ៉េខាងជើងចេះតែចចេសបន្តកម្មវិធីនុយក្លេអ៊ែរ ដែលថ្នាក់ដឹកនាំជប៉ុនយល់ឃើញថា
ជាគ្រោះថ្នាក់មួយធំសម្រាប់ប្រទេសគេ។ ចំពោះថ្នាក់ដឹកនាំចិន
ការតស៊ូមតិទាំងនេះ ស្តែងឲ្យឃើញថា ប្រទេសជប៉ុនមានមហិច្ឆតាចង់វិលទៅរកអតីតកាលយោធានិយមវិញរបស់ខ្លួន វិលទៅរកសម័យមួយ
ដែលកាលណោះ កងទ័ពជប៉ុនមានកម្លាំងខ្លាំងពូកែជាងគេបង្អស់នៅអាស៊ី។
ប្រទេសជប៉ុនវិញ ក៏តាមមើលសភាពការណ៍នៃប្រទេសចិនទាំងក្តីព្រួយបារម្ភដូចគ្នាដែរ។ សំណួរទាំងអម្បាលម៉ានដែលថ្នាក់ដឹកនាំជប៉ុនតែងលើកឡើង
រួមមានជាអាទិ៍ តើការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ចិន អាចនាំប្រទេសអាស៊ីដ៏ធំមួយនេះទៅរកសេរីកម្មនយោបាយ នៅទីបំផុតបានដែរឬទេ? តើមហិច្ឆតានៃថ្នាក់ដឹកនាំចិនមានព្រំដែនដែរឬទេ? តើចិនហ៊ានរហូតដល់ទៅប្រើកម្លាំងទ័ព ដើម្បីដោះស្រាយបញ្ហាតៃវ៉ាន់ដែរឬទេ?
ទោះជាយ៉ាងណាក៏ដោយ នៅក្នុងរយៈកាលខ្លីថ្នាក់ដឹកនាំចិន និងថ្នាក់ដឹកនាំជប៉ុនមិនជាបារម្ភខ្លាំងពេកទេ។
ក៏ប៉ុន្តែ ទាំងសងខាងមើលឃើញថា
គ្រោះថ្នាក់យោធានឹងអាចកើតឡើងនារយៈកាលវែង បើសិនជាពុំមានពីឥឡូវនេះទៅទេ កិច្ចសន្ទនាយុទ្ធសាស្ត្រស្តីពីបញ្ហាសន្តិសុខរវាងប្រទេសទាំងពីរ។ តែកិច្ចសន្ទនាបែបនេះ
ពិបាកនឹងប្រព្រឹត្តទៅបាន ព្រោះតែមូលហេតុពីរយ៉ាង។ ទីមួយ
គឺមកពីប្រទេសអាស៊ីទាំងពីរនេះគ្មានព្រំដែនដីគោកជាប់គ្នា ហើយសព្វថ្ងៃនេះ ថ្នាក់ដឹកនាំចិនឲ្យអាទិភាពទៅលើតែដំណោះស្រាយបញ្ហារវាងចិននិងប្រទេសជិតខាងរបងតែមួយ ដូចជាឥណ្ឌា
និងរុស្ស៊ីជាដើម។ ទីពីរ គឺមកពីថ្នាក់ដឹកនាំចិនហាមាត់និយាយផ្ទាល់អំពីបញ្ហាសន្តិសុខជាមួយថ្នាក់ដឹកនាំជប៉ុនមិនកើត ដោយហេតុតែ សម្ពន្ធភាពជាប្រវត្តិសាស្ត្រនិងស្អិតល្មួតខ្លាំងពេករវាងជប៉ុននិងសហរដ្ឋអាមេរិក។ បានន័យថា
ចំពោះថ្នាក់ដឹកនាំចិន អាមេរិកជាមេខ្លោងធំរបស់ជប៉ុន ម្ល៉ោះហើយចិនមិនព្រមអង្គុយទល់មុខជប៉ុនទេ តែចង់អង្គុយទល់មុខសហរដ្ឋអាមេរិកតែម្តង ដើម្បីជជែកអំពីរាល់បញ្ហាសន្តិសុខដែលទាក់ទងនឹងប្រទេសជប៉ុន។
ក្រៅពីមហិច្ឆតាយោធារៀងៗខ្លួនដែលធ្វើឲ្យចិននិងជប៉ុនមិនទុកចិត្តគ្នា និងសង្ស័យគ្នាទៅវិញទៅមក ក៏មានដែរសំណុំរឿងរសើបៗផ្សេងទៀតដែលបាននិងកំពុងបន្តបំពុលទំនាក់ទំនងរវាងប្រទេសទាំងពីរ។
សំណុំរឿងទីមួយ គឺសង្គ្រាមប៉ាកកាជុំវិញវិហារយ៉ាស៊ុយគុយនី
(Yasukuni) ។
វិហារយ៉ាស៊ុយគុយនី ជាទីកន្លែងតម្កល់ឈ្មោះទាហានជប៉ុនដែលបានពលីជីវិតដើម្បីមាតុភូមិ។
ប៉ុន្តែ នៅទីនោះក៏មានដាក់តម្កល់ដែរ
ឈ្មោះរបស់ក្រុមនាយទាហាន ដែលជាឧក្រិដ្ឋជនសង្គ្រាមលោកលើកទីពីរ
ដូចយ៉ាងឧត្តមសេនីយ៍ Tojo Hideki ដែលជានាយករដ្ឋមន្ត្រីជប៉ុនពីឆ្នាំ១៩៤១ដល់ឆ្នាំ១៩៤៤។ ថ្នាក់ដឹកនាំចិនទប់កំហឹងខ្លួនមិនជាប់ឡើយ ពេលដែលឃើញនាយករដ្ឋមន្រ្តីជប៉ុនសម័យទសវត្សរ៍ទី៨០ Nakasone និងនាយករដ្ឋមន្ត្រីជប៉ុន
Koizumi ដែលចប់អាណត្តិកាលពីឆ្នាំ២០០៦ ទៅវិហារយ៉ាស៊ុយគុយនីម្តងៗ។
ចំពោះថ្នាក់ដឹកនាំចិន ទង្វើបែបនេះ ជាការមាក់ងាយជេរប្រមាថព្រលឹងជនជាតិចិនរាប់សែននាក់ដែលត្រូវបានកងទ័ពជប៉ុនកាប់សម្លាប់។
សំណុំរឿងទីពីរ ដែលបង្កឲ្យមានជម្លោះរវាងចិននិងជប៉ុន
គឺទីប្រជុំកោះសេនកាគុយ (Senkaku) ដែលជប៉ុនបានឈ្លានពានយកពីចិននៅឆ្នាំ១៨៩៥។ ថ្នាក់ដឹកនាំចិនចេះតែទាមទារចង់បានសេនកាគុយមកវិញ។
ក៏ប៉ុន្តែ ជប៉ុនមិនព្រម ហើយគ្មានបំណងចង់ដោះស្រាយបញ្ហានេះទេ
ពីព្រោះទីប្រជុំកោះសេនកាគុយ អាចមានប្រេងកាតនិងឧស្ម័នធម្មជាតិ។
នៅក្នុងបរិបទបែបនេះ ក្រុមអ្នកជាតិនិយមចិនតែងតែជិះកប៉ាល់ចូលទៅបង្កសកម្មភាពនៅក្បែរទីប្រជុំកោះសេនកាគុយ មុននឹងត្រូវកងឆ្មាំជប៉ុនចាប់ខ្លួនហើយដោះលែងមកវិញនៅទីបំផុត។ នៅខែកញ្ញាឆ្នាំ២០១០
ឧប្បត្តិហេតុទូតយ៉ាងធ្ងន់ធ្ងរមួយ កើតឡើងរវាងប្រទេសទាំងពីរ ក្រោយពីទូកនេសាទមួយរបស់ចិនដែលមានដឹកមនុស្ស១៥នាក់បានប៉ះទង្គិចជាមួយនាវាល្បាតរបស់ជប៉ុន នៅក្បែរទីប្រជុំកោះសេនកាគុយ។
កាលណោះ កងល្បាតជប៉ុនបានស្ទាក់ចាប់នាវានេះ ជាហេតុបានធ្វើឲ្យថ្នាក់ដឹកនាំចិនខឹងសម្បាជាខ្លាំង។
សំណុំរឿងទីបី ដែលកំពុងបន្តធ្វើឲ្យល្អក់កករទំនាក់ទំនងរវាងចិននិងជប៉ុន គឺបញ្ហាតៃវ៉ាន់។
តាំងពីឆ្នាំ២០០១មក ឆ្នាំដែល George
Bushកូនឡើងធ្វើជាប្រធានាធិបតីអាមេរិក ជប៉ុនបានបណ្តោយខ្លួនឲ្យអាមេរិកទាញចូលបន្តិចម្តងៗក្នុងអធិករណ៍កោះតៃវ៉ាន់។ វិបត្តិនុយក្លេអ៊ែរកូរ៉េខាងជើង តាំងពីឆ្នាំ២០០២មកនិងក្រោយមកទៀតសង្គ្រាមអាមេរិកនៅអ៊ីរ៉ាក់នៅឆ្នាំ២០០៣ បានជម្រុញឲ្យប្រទេសជប៉ុនពង្រឹងសម្ពន្ធភាពជាមួយអាមេរិក។ ម្យ៉ាងវិញទៀត
George Bush បានចេញមុខការពារតៃវ៉ាន់ ក្នុងករណីណាដែលចិនហ៊ានប្រើកម្លាំងទ័ពវាយយកកោះនេះ។ ការពារតៃវ៉ាន់បើសិនជាមានការវាយប្រហារពីសំណាក់ចិន គឺនៅតែជានយោបាយរបស់សហរដ្ឋអាមេរិកមកទល់សព្វថ្ងៃ ពីព្រោះអាមេរិកចង់ឃើញចិនកុម្មុយនិស្តនិងចិនតៃវ៉ាន់បង្រួបបង្រួមគ្នាតាមផ្លូវចរចា ជាជាងតាមមធ្យោបាយសឹក។
ម៉្លោះហើយ ថ្នាក់ដឹកនាំចិនជឿជាក់ថា ក្នុងនាមជាសម្ពន្ធមិត្តចាក់ទឹកមិនលិចរបស់អាមេរិក ជប៉ុននឹងច្បាស់ជាចូលរួមក្នុងប្រតិបត្តិការយោធា
ដើម្បីការពារតៃវ៉ាន់ដែរ បើសិនជាសង្គ្រាមផ្ទុះឡើងនៅថ្ងៃណាមួយមែននោះ។
ត្រង់ចំណុចនេះ ថ្នាក់ដឹកនាំចិនប្រហែលជាមិនភាន់ច្រឡំទេ
ពីព្រោះនៅឆ្នាំ២០០៥ ជប៉ុននិងអាមេរិកបានប្រកាសរួមគ្នាជាសំឡេងតែមួយថា «ដៃសមុទ្រហ្វូ័រម៉ូស
(Formose) ជាតំបន់យុទ្ធសាស្ត្ររួមរបស់សហរដ្ឋអាមេរិកនិងរបស់ប្រទេសជប៉ុន»៕