ជីវប្រវត្តិរបស់ ខៀវ សំផន
ខៀវ សំផន កើតនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៣១ នៅខេត្តស្វាយរៀង។ ខៀវ សំផន គឺជាកូនច្បង ក្នុងត្រកូលអ្នកចេះដឹង ដែលមានឳពុកជាចៅក្រម។
នៅឆ្នាំ១៩៤២ ខៀវ សំផន ត្រូវបានជ្រើសរើសឲ្យទៅរៀននៅអនុវិទ្យាល័យមួយ ដែលបារាំងទើបបង្កើតថ្មី នៅខេត្តកំពង់ចាម ឈ្មោះ “វិទ្យាល័យព្រះសីហនុ”។ សាឡុត ស ហ៊ូ នឹម និង ហ៊ូ យន់ ក៏ត្រូវបានជ្រើសរើសទៅរៀននៅអនុវិទ្យាល័យនេះដែរ។ សិស្សដែលរៀននៅអនុ វិទ្យាល័យកំពង់ចាមនោះបានរៀបរាប់ថា ខៀវ សំផន គឺជាសិស្សដែលមានបញ្ញាវ័យឆ្លាត មានមហិច្ឆតាខ្ពស់ និងជាមនុស្សចូលចិត្តនៅដាច់ឆ្ងាយពីគេឯង។
ក្រោយពីបញ្ចប់ការសិក្សានៅអនុវិទ្យាល័យកំពង់ចាម ខៀវ សំផន បានចូលរៀននៅវិទ្យាល័យព្រះស៊ីសុវត្ថិ នៅទីក្រុងភ្នំពេញ។ នៅឆ្នាំ១៩៥៣ ខៀវ សំផន បានទទួលអាហារូបករណ៍ទៅរៀននៅប្រទេសបារាំង។ ខៀវ សំផន ទទួលបានបរិញ្ញាប័ត្រផ្នែកវិទ្យាសាស្រ្តសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ Montpelier បន្ទាប់មកបានបន្តការសិក្សាថ្នាក់បណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ Panthéon-Sorbonne នៅទីក្រុងប៉ារីស។ ខៀវ សំផន ទទួលសញ្ញាប័ត្របណ្ឌិតសេដ្ឋកិច្ច នៅឆ្នាំ១៩៥៨។ នៅក្នុងនិក្ខេបទបណ្ឌិត ដែលមានចំណងជើងថា “ការអភិវឌ្ឍសេដ្ឋកិច្ច និងឧស្សាហកម្មកម្ពុជា” ខៀវ សំផន បានប្រកាន់យកនូវទស្សនៈឯករាជ្យម្ចាស់ការនៅក្នុងការអភិវឌ្ឍប្រទេស។ គឺនៅទីក្រុងប៉ារីសនេះហើយ ដែល ខៀវ សំផន បានទទួលឥទ្ធិពលពីមនោគមន៍វិជ្ជាកុម្មុយនិស្ត។ ខៀវ សំផន បានចូលជាសមាជិកក្រុមនិស្សិតកុម្មុយនិស្ត គឺក្រុមម៉ាក់ស៊ីស ដែលមាន អៀង សារី និង រ័ត្ន សាមឿន ជាអ្នកផ្តើមគំនិតបង្កើត។ នៅឆ្នាំ១៩៥៦ ខៀវ សំផន បានក្លាយជាអគ្គលេខាធិការនៃសមាគមនិស្សិតខ្មែរនៅប្រទេសបារាំង។
ក្រោយពីបានវិលត្រឡប់ពីប្រទេសបារាំង មកប្រទេសកម្ពុជាវិញ នៅឆ្នាំ១៩៥៩ ខៀវ សំផន បានបង្កើតកាសែតមួយមាននិន្នាការនយោបាយឆ្វេងនិយម។ កាសែតនេះសរសេរជាភាសាបារាំង ហើយមានឈ្មោះថា “L’Observateur”។ ក្នុងពេលជាមួយគ្នានោះ ខៀវ សំផន បានធ្វើជាសាស្រ្តាចារ្យនៅមហាវិទ្យាល័យច្បាប់នៅទីក្រុងភ្នំពេញ។
ដោយកាសែត L’Observateur សរសេររិះគន់រដ្ឋាភិបាលសម្តេច នរោត្តម សីហនុ កាសែតនេះត្រូវបានបិទទៅវិញ នៅឆ្នាំ១៩៦០ ពោលគឺបង្កើតបានតែប្រមាណមួយឆ្នាំប៉ុណ្ណោះ។ លើសពីនោះទៅទៀត យោងតាមលោក Raoul Jennar នៅថ្ងៃទី១៣ កក្កដា ឆ្នាំ១៩៦០ ខៀវ សំផន ដែលជាចាងហ្វាងកាសែត L’Observateur ត្រូវបានប៉ូលិសចាប់វាយ សម្រាតខោអាវ នៅលើដងផ្លូវសាធារណៈ ក្នុងទីក្រុងភ្នំពេញ។ ខៀវ សំផន ត្រូវបានប៉ូលិសចាប់ដាក់គុករយៈពេលជាងមួយខែ ដោយគ្មានការជំនុំជម្រះអ្វីទាំងអស់។
ពីរឆ្នាំក្រោយមក ពោលគឺ នៅឆ្នាំ១៩៦២ ខៀវ សំផន បានជាប់ឆ្នោតជាតំណាងរាស្រ្តមណ្ឌលកណ្ដាល ហើយត្រូវបានតែងតាំងជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងរដ្ឋាភិបាលព្រះអង្គម្ចាស់ នរោត្តម កន្តុល។ ក៏ប៉ុន្តែខៀវ សំផន បានលាលែងចេញពីតំណែងជារដ្ឋលេខាធិការ នៅខែកក្កដា ឆ្នាំ១៩៦៣ ក្រោយពីមានព្រឹត្តិការណ៍បះបោររបស់សិស្សវិទ្យាល័យ នៅខេត្តសៀមរាប។ សម្តេច នរោត្តម សីហនុ បានចោទប្រកាន់ថា ពួកឆ្វេងនិយមគឺជាអ្នកនៅពីក្រោយចលនាបះបោរនេះ។ សម្តេច នរោត្តម សីហនុ បានចេញផ្សាយនូវបញ្ជីឈ្មោះអ្នកនយោបាយឆ្វេងនិយម៣៤រូប ដែលព្រះអង្គកោះហៅឲ្យមកបង្កើតរដ្ឋាភិបាល ក្នុងនោះ ក៏មានឈ្មោះ ខៀវ សំផន ផងដែរ រួមជាមួយនឹងឥស្សរជនខ្មែរកុម្មុយនិស្តមួយចំនួនទៀត។ ដោយភ័យខ្លាចប៉ូលិសរបស់សម្តេច នរោត្តម សីហនុ លបធ្វើឃាត ពួកខ្មែរកុម្មុយនិស្ត ដែលមានឈ្មោះក្នុងបញ្ជីនេះ ដូចជា សាឡុត ស និង អៀង សារី ជាដើម បានរត់គេចខ្លួនចេញពីទីក្រុងភ្នំពេញ ទៅលាក់ខ្លួននៅក្នុងព្រៃ។ ឯ ខៀវ សំផន វិញ ថ្វីដ្បិតតែបានលាលែងចេញពីតំណែងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តែបន្តនៅធ្វើជាសមាជិកសភាមណ្ឌលកណ្ដាលដដែល។ នៅខែកញ្ញា ឆ្នាំ១៩៦៦ ខៀវ សំផន បានជាប់ឆ្នោតជាតំណាងរាស្រ្តមួយអាណត្តិថ្មីទៀត។ អ្នកនយោបាយនិន្នាការឆ្វេងនិយមពីររូបផ្សេងទៀត គឺ ហ៊ូ នឹម និង ហ៊ូ យន់ ក៏បានជាប់ឆ្នោតជាតំណាងរាស្រ្តដែរ នៅពេលនោះ។
ក្រោយពីព្រឹត្តិការណ៍បះបោរនៅសំឡូត នៅខែមេសា ឆ្នាំ១៩៦៧ សម្តេច នរោត្តម សីហនុ បានធ្វើការចោទប្រកាន់ជាសាធារណៈលើ ខៀវ សំផន ហ៊ូ យន់ និង ហ៊ូ នឹម ថាជាអ្នកញុះញង់ឲ្យមានអំពើបះបោរនេះ ហើយថែមទាំងគំរាមថានឹងយកអ្នកទាំងបីនេះ ទៅកាត់ទោសនៅតុលាការសឹកទៀតផង។ ខៀវ សំផន រួមជាមួយ ហ៊ូ នឹម និង ហ៊ូ យន់ ក៏បានរត់គេចខ្លួនចូលក្នុងព្រៃ។
ក្រោយពេល ខៀវ សំផន ហ៊ូ នឹម និង ហ៊ូ យន់ បាត់ខ្លួនពីភ្នំពេញ លន់ នល់ ដែលពេលនោះជានាយករដ្ឋមន្រ្តី បានអះអាងថា អ្នកទាំងបីរូបនេះបានស្លាប់បាត់ទៅហើយ។
ហេតុដូចនេះហើយបានជាពេលដែល ខៀវ សំផន ហ៊ូ នឹម និងហ៊ូ យន់បានលេចមុខមកវិញ ក្នុងជួរថ្នាក់ដឹកនាំខ្មែរក្រហម គេបានហៅអ្នកទាំងបីនាក់នេះថា “ខ្មោចទាំងបី”។
នៅពេលរត់ចេញពីភ្នំពេញ ខៀវ សំផន បានរត់ទៅជាមួយ ហ៊ូ យន់។ ចំណែក ហ៊ូ នឹម ស្ថិតនៅភ្នំពេញនៅឡើយ។ នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី ខៀវ សំផន បានឲ្យដឹងថា គាត់បានរត់ចេញពីភ្នំពេញ តាមផ្លូវជាតិលេខ៣ ឆ្ពោះទៅស្រុកអង្គតាសោម ខេត្តតាកែវ។ រួចហើយ បន្តដំណើរទៅជួបតាម៉ុក នៅភូមិជាងទង ឃុំជាងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ខៀវ សំផន និង ហ៊ូ យន់ បានស្នាក់នៅភូមិជាងទង អស់រយៈពេល៤ខែ ទើបបន្តដំណើរចូលទៅក្នុងព្រៃ។ រហូតដល់ក្រោយព្រឹត្តិការណ៍រដ្ឋប្រហារ ឆ្នាំ១៩៧០ ទើបខៀវ សំផន បានជួបជាមួយ សាឡុត ស នៅក្នុងខេត្តកំពង់ធំ។ ខៀវ សំផន ធ្លាប់បានអះអាងថា ចាប់ពីពេលបែកពី សាឡុត ស ពីវិទ្យាល័យកំពង់ចាមមក គាត់មិនដែលជួប សាឡុត ស វិញទេ ហើយក៏មិនបានដឹងដែរថា សាឡុត ស គឺជាមេដឹកនាំខ្មែរក្រហម។
ក្រោយពេលរណសិរ្សរួបរួមជាតិកម្ពុជា ត្រូវបានបង្កើតឡើង ដែលមានសម្តេច នរោត្តម សីហនុ ជាប្រធាន ខៀវ សំផន ត្រូវបានតែងតាំងជាអនុប្រធានរណសិរ្សនេះ។ បន្ទាប់មក ក្រោយពេលដែលរាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជាត្រូវបានបង្កើតឡើងនៅប៉េកាំង នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ១៩៧០ ខៀវ សំផន ត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ។ ខៀវ សំផន បន្តកាន់តំណែងនេះ រហូតដល់ខែមេសា ឆ្នាំ១៩៧៥ ទើបផ្លាស់ទៅធ្វើជាអគ្គបញ្ជាការកងទ័ពជាតិវិញ ប៉ុន្តែ រក្សាតំណែងជាឧបនាយករដ្ឋមន្រ្តីដដែល។ ចំណែកឯតំណែងជារដ្ឋមន្រ្តីការពារជាតិ ត្រូវបានផ្ទេរទៅឲ្យ សុន សេន ជាអ្នកគ្រប់គ្រងវិញ។
នៅខែមេសា ឆ្នាំ១៩៧៦ មួយឆ្នាំក្រោយពីខ្មែរក្រហមបានឡើងកាន់អំណាច ខៀវ សំផន ត្រូវបានតែងតាំងឲ្យធ្វើជាប្រមុខរដ្ឋ នៃកម្ពុជាប្រជាធិបតេយ្យ ជំនួសសម្តេច នរោត្តម សីហនុ ដែលបានសុំលាឈប់ពីតំណែង។ ក្នុងពេលគ្នានោះ ខៀវ សំផន ក៏ត្រូវបានតែងតាំងឲ្យចូលជាសមាជិកពេញសិទ្ធិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តកម្ពុជាផងដែរ។
នៅក្រោយពេលដែលរបបកម្ពុជាប្រជាធិបតេយ្យត្រូវបានដួលរលំ នៅឆ្នាំ១៩៧៩ ខៀវ សំផន បានឡើងមកកាន់តំណែងជានាយករដ្ឋមន្រ្តីនៃកម្ពុជាប្រជាធិបតេយ្យជំនួស ប៉ុល ពត។ ខៀវ សំផន បានចេញមុខតំណាងភាគីខ្មែរក្រហម ក្នុងការចរចាជាមួយសម្តេច នរោត្តម សីហនុ និង សឺន សាន ដើម្បីបង្កើតជារដ្ឋាភិបាលចម្រុះត្រីភាគី ដែលមានខ្មែរក្រហម ហ្វ៊ុនស៊ីនប៉ិច និងរណសិរ្សរំដោះប្រជាជនខ្មែរ។ នៅក្នុងរដ្ឋាភិបាលចម្រុះនេះ សម្តេច នរោត្តម សីហនុ តំណាងហ្វ៊ុនស៊ីនប៉ិច គឺជាប្រមុខរដ្ឋ សឺន សាន តំណាងរណសិរ្សរំដោះប្រជាជនខ្មែរ ជានាយករដ្ឋមន្រ្តី ហើយ ខៀវ សំផន តំណាងកម្ពុជាប្រជាធិបតេយ្យ គឺជាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេស។
នៅក្នុងកិច្ចចរចាស្វែងរកសន្តិភាព ធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង ខៀវ សំផន បានចូលរួម ក្នុងឋានៈជាមេដឹកនាំភាគីកម្ពុជាប្រជាធិបតេយ្យ។ នៅក្នុងកិច្ចប្រជុំក្រៅផ្លូវការរវាងភាគីរដ្ឋកម្ពុជា និងរដ្ឋាភិបាលចម្រុះត្រីភាគី ដែលបានបើកធ្វើនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ កញ្ញា ឆ្នាំ១៩៩០ ក្រុមប្រឹក្សាជាតិជាន់ខ្ពស់ ត្រូវបានបង្កើតឡើង ដោយមានសមាជិក១២រូប។ ៦រូបមកពីភាគីរដ្ឋកម្ពុជា និង៦រូបទៀត មកពីភាគីរដ្ឋាភិបាលចម្រុះត្រីភាគី។ ភាគីនីមួយៗនៅក្នុងរដ្ឋាភិបាលចម្រុះត្រីភាគី បញ្ជូនតំណាង២រូបរបស់ខ្លួនឲ្យមកធ្វើជាសមាជិកក្រុមប្រឹក្សាជាតិជាន់ខ្ពស់នេះ។ ខៀវ សំផន និង សុន សេន គឺជាតំណាងរបស់ភាគីខ្មែរក្រហម។
ក្រោយពេលដែលកិច្ចព្រមព្រៀងសន្តិភាពត្រូវបានចុះ នៅទីក្រុងប៉ារីស ខៀវ សំផន រួមជាមួយ សុន សេន បានធ្វើដំណើរចូលមកទីក្រុងភ្នំពេញ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ១៩៩១ ដើម្បីបំពេញមុខងារជាសមាជិកក្រុមប្រឹក្សាជាតិជាន់ខ្ពស់។ ក៏ប៉ុន្តែ គ្រាន់តែមកដល់ភ្នំពេញភ្លាម បាតុកម្មដ៏ធំមួយបានផ្ទុះឡើង ប្រឆាំងនឹង ខៀវ សំផន និង សុន សេន។ បាតុកម្មនេះបានរាលដាលជាអំពើហិង្សា រហូតបានបណ្តាលឲ្យ ខៀវ សំផន ទទួលរងរបួសនៅត្រង់ក្បាល។ ដោយមានអន្តរាគមន៍ពីសំណាក់លោក ហ៊ុន សែន ដែលពេលនោះជានាយករដ្ឋមន្រ្តីនៃរដ្ឋកម្ពុជា ខៀវ សំផន និង សុន សេន ត្រូវបានជម្លៀសតាមរថពាសដែក ឆ្ពោះទៅកាន់ព្រលានយន្តហោះពោធិចិនតុង នៅរសៀលថ្ងៃដដែល ដើម្បីឡើងយន្តហោះ ចាកចេញពីភ្នំពេញ ទៅទីក្រុងបាងកក ប្រទេសថៃ។
ក្រោយពេលដែលក្រុមខ្មែរក្រហមដកខ្លួនចេញពីកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស និងធ្វើពហិការមិនចូលរួមក្នុងការបោះឆ្នោតជាតិ រៀបចំដោយអ៊ុនតាក់ នៅឆ្នាំ១៩៩៣ ខៀវ សំផន នៅតែបន្តកាន់តំណែងជានាយករដ្ឋមន្រ្តីកម្ពុជាប្រជាធិបតេយ្យដដែល។ ប៉ុន្តែ ពេលនោះ ក្រុមខ្មែរក្រហមបានក្លាយទៅជាក្រុមឧទ្ទាម ដែលនៅក្រៅច្បាប់។
នៅឆ្នាំ១៩៩៨ ខៀវ សំផន បានផ្តាច់ខ្លួនចុះចូលជាមួយរដ្ឋាភិបាល ហើយបានរស់នៅជាប្រជាជនសាមញ្ញមួយរូប នៅទីក្រុងប៉ៃលិន ដែលជាអតីតទីតាំងរបស់ខ្មែរក្រហម។ នៅ ក្រោយពេលដែលសភាកម្ពុជាអនុម័តច្បាប់បង្កើតតុលាការពិសេស ដើម្បីកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម ខៀវ សំផន បានចេញផ្សាយនូវលិខិតចំហចំនួនពីរច្បាប់ និងបានសរសេរសៀវភៅចំនួនពីរក្បាល ក្នុងគោលដៅ បញ្ជាក់ពីការមិនជាប់ពាក់ព័ន្ធទៅនឹងបទឧក្រិដ្ឋនានា ដែលត្រូវបានប្រព្រឹត្តនៅពេលដែលពួកខ្មែរក្រហមកាន់អំណាច ហើយព្យាយាមទម្លាក់ការទទួលខុសត្រូវទៅលើ ប៉ុល ពត តែម្នាក់ឯង។
នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិ ខៀវ សំផន បានអះអាងថា គាត់រត់ទៅចូលរួមតស៊ូជាមួយពួកខ្មែរក្រហម គឺធ្វើដោយបង្ខំចិត្តតែប៉ុណ្ណោះ ហើយនៅក្នុងជួរថ្នាក់ដឹកនាំរបស់ខ្មែរក្រហម គាត់គ្មានតួនាទីដឹកនាំអ្វីទាំងអស់។
ប៉ុន្តែ ទោះជាយ៉ាងណា ខៀវ សំផន ធ្លាប់បានអះអាងម្តងហើយ ម្តងទៀតថា គាត់មិនខ្លាចការកាត់ទោស ពីសំណាក់តុលាការខ្មែរក្រហមទេ។ ក៏ប៉ុន្តែ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០០៧ មួយថ្ងៃក្រោយពីអតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមពីររូប គឺ អៀង សារី និង អៀង ធីរិទ្ធិ ត្រូវបានអង្គជំនុំជម្រះវិសាមញ្ញចាប់ខ្លួន ខៀវ សំផន ត្រូវបានគេអះអាងថាបានតក់ស្លុត រហូតដល់ធ្លាក់ខ្លួនឈឺ ហើយត្រូវបានរដ្ឋាភិបាលដឹកតាមឧទ្ធម្ភាគចក្រយកមកព្យាបាល នៅទីក្រុងភ្នំពេញ។
មួយសប្តាហ៍ក្រោយមក ពោលគឺ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០០៧ ខៀវ សំផន ត្រូវបានប៉ូលិសចាប់ខ្លួនតាមដីការបស់តុលាការខ្មែរក្រហម ហើយត្រូវតុលាការឃុំខ្លួនបណ្តោះអាសន្ន ដោយចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្រ្គាម។ ខៀវ សំផន បានជ្រើសរើសមេធាវីពីររូបឲ្យការពារគាត់ គឺ បណ្ឌិត សាយ បូរី អតីតសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ និងជាអតីតប្រធានគណៈមេធាវីកម្ពុជា និងមួយរូបទៀត គឺលោក Jacques Vergès មេធាវីជនជាតិបារាំង ដែលល្បីល្បាញខាងការពារឧក្រិដ្ឋជនសង្រ្គាម និងភេរវជន។ មេធាវីទាំងពីររូបនេះ គឺ ខៀវ សំផន ខ្លួនឯងជាអ្នកសម្រិតសម្រាំងជ្រើសរើសដោយខ្លួនឯង តាំងពីមុនពេល ដែលតុលាការធ្វើការចោទប្រកាន់ទៅទៀត។
នៅក្នុងចំណោមមេដឹកនាំខ្មែរក្រហម ដែលត្រូវបានតុលាការពិសេស ធ្វើការចោទប្រកាន់ គេរំពឹងថា ការជំនុំជម្រះលើ ខៀវ សំផន នឹងជាដំណើរការស្វិតស្វាញជាងគេ ព្រោះតែគាត់មានមេធាវីជំនាញខាងការពារឧក្រិដ្ឋជនសង្រ្គាម។ ប៉ុន្តែ នៅទីបំផុត ខៀវ សំផន ជាមនុស្សមាន ឬគ្មានទោស គឺជាសេចក្តីសម្រេចរបស់ចៅក្រមនៃអង្គជំនុំជម្រះវិសាមញ្ញ៕